ព្រះគម្ពីរ
នីហ្វៃ ទី ៣ 6


ជំពូក​ទី ៦

ពួក​សាសន៍​នីហ្វៃ​ចម្រើន​ឡើង — ការ​ឆ្មើងឆ្មៃ ទ្រព្យ និង​ការ​ចែក​វណ្ណៈ​កើត​ឡើង — សាសនាចក្រ​ត្រូវ​បាក់បែក​ដោយ​ការ​បែក​ចេញ — អារក្ស​សាតាំង​ដឹកនាំ​ប្រជាជន​ទៅ​ក្នុង​ការ​បះបោរ​ចេញ​មុខ — ពួក​ព្យាការី​ជាច្រើន​ស្រែកហៅ​ឲ្យ​ធ្វើ​ការ​ប្រែចិត្ត ហើយ​ត្រូវ​សម្លាប់​ចោល — ឃាតករ​ទាំង​ឡាយ​របស់​គេ​ធ្វើ​ឧបាយកល ដើម្បី​ដណ្ដើម​យក​រដ្ឋាភិបាល។ ប្រមាណ​ជា​ឆ្នាំ ២៦–៣០ គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ប្រជាជន​នៃ​សាសន៍​នីហ្វៃ​ទាំង​អស់​គ្នា បាន​ត្រឡប់​ទៅ​កាន់​ដី​ផ្ទាល់​របស់​គេ​វិញ​នៅ​ក្នុង​ឆ្នាំ​ទី​ម្ភៃ​ប្រាំមួយ មនុស្ស​រាល់​រូប​ជាមួយ​នឹង​គ្រួសារ​គេ ហ្វូង​ចៀម និង​ហ្វូង​សត្វ​ទាំង​ឡាយ​របស់​គេ សេះ និង​គោក្របី​របស់​គេ និង​វត្ថុ​គ្រប់​យ៉ាង​ឲ្យ​តែ​ជា​របស់​គេ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​ពុំ​ទាន់​បរិភោគ​អស់​នូវ​ស្បៀង​របស់​គេ​នៅ​ឡើយ​ទេ ហេតុ​ដូច្នេះ​ហើយ ទើប​ពួក​គេ បាន​យក​មក​ជាមួយ​ពួក​គេ​នូវ​អស់​ទាំង​អ្វីៗ ដែល​គេ​ពុំ​ទាន់​បាន​បរិភោគ គឺ​មាន​ស្រូវ​គ្រប់មុខ​របស់​គេ និង​មាស​របស់​គេ និង​ប្រាក់​របស់​គេ និង​វត្ថុ​ដ៏​មាន​តម្លៃ​ទាំង​អស់​របស់​គេ ហើយ​ពួក​គេ​បាន​ត្រឡប់​មក​ដី​ផ្ទាល់​របស់​គេ និង​របស់​របរ​របស់​គេ​វិញ ទាំង​នៅ​ខាង​ជើង និង​នៅ​ខាង​ត្បូង ទាំង​នៅ​លើ​ដែនដី​ខាង​ជើង និង​លើ​ដែនដី​ខាង​ត្បូង។

ហើយ​ពួក​គេ​បាន​ផ្ដល់​ដី​ដល់​ពួក​ចោរ​ទាំង​ឡាយ ដែល​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ថា​នឹង​រក្សា​សន្តិ​ភាព​នៅ​ក្នុង​ដែនដី ជា​ពួក​អ្នក​ដែល​មាន​បំណង​ចង់​នៅ​ជា​សាសន៍​លេមិន​តាម​ចំនួន​របស់​ពួក​គេ ដើម្បី​ពួក​គេ​អាច​មាន​ទីកន្លែង​សម្រាប់​ចិញ្ចឹមជីវិត​ដោយ​ប្រកប​ពលកម្ម ម្ល៉ោះ​ហើយ ពួក​គេ​បាន​សាង​សន្តិ​ភាព​ឡើង​នៅ​លើ​អស់​ទាំង​ដែនដី។

ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​ចម្រើន​ឡើង និង​មាន​កម្លាំង​ដ៏​ខ្លាំង​ទៀត ហើយ​ឆ្នាំ​ទី​ម្ភៃ​ប្រាំមួយ និង​ម្ភៃ​ប្រាំពីរ​បាន​កន្លង​ផុត​ទៅ ហើយ​មាន​របៀបរៀបរយ​ដ៏​ខ្លាំង​នៅ​លើ​ដែនដី ហើយ​ពួក​គេ​បាន​បង្កើត​ច្បាប់​ទាំង​ឡាយ​របស់​គេ ស្រប​តាម​សម​ភាព និង​សេចក្ដី​យុត្តិធម៌។

ហើយ​ឥឡូវ​នេះ គ្មាន​អ្វី​នៅ​លើ​អស់​ទាំង​ដែនដី ដែល​រារាំង​ប្រជាជន​ក្នុង​ការ​ចម្រុង​ចម្រើន​យ៉ាង​ខ្ជាប់ខ្ជួន​សោះឡើយ លើក​លែង​តែ​ពួក​គេ​ត្រូវ​ធ្លាក់​ក្នុង​អំពើ​រំលង​ប៉ុណ្ណោះ។

ហើយ​ឥឡូវ​នេះ គីឌគីឌដូណៃ និង​ចៅក្រម​ឡាកូនីអូស និង​ពួក​អ្នក​ដែល​ត្រូវ​បាន​តែងតាំង​ឡើង​ជា​មេដឹកនាំ ជា​អ្នក​ដែល បាន​សាង​សន្តិ​ភាព​ដ៏​ធំ​នេះ​នៅ​លើ​ដែនដី​ឡើង។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​ទី​ក្រុង​ជាច្រើន​ត្រូវ​បាន​សង់​ថ្មី ហើយ​មាន​ទី​ក្រុង​ចាស់ៗ​ជាច្រើន​ត្រូវ​បាន​ជួសជុល​ឡើង​វិញ។

ហើយ​មាន​ផ្លូវ​ថ្នល់​ទាំង​ឡាយ ត្រូវ​បាន​លើក​ឡើង ហើយ​ផ្លូវ​ជាច្រើន​ត្រូវ​បាន​ធ្វើ ដែល​នាំ​ពី​ទី​ក្រុង​មួយ​ទៅ​ទី​ក្រុង​មួយ ហើយ​ពី​ដែន​ដី​មួយ​ទៅ​ដែនដី​មួយ ហើយ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។

ម្ល៉ោះ​ហើយ ឆ្នាំ​ទី​ម្ភៃ​ប្រាំបី​បាន​កន្លង​ផុត​ទៅ ហើយ​ប្រជាជន​ក៏​មាន​សេចក្ដី​សុខសាន្ត​ត​រៀង​មក។

១០ប៉ុន្តែ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ទី​ម្ភៃ​ប្រាំបួន ក៏​ចាប់​ផ្ដើម​មាន​ការ​ទាស់ទែង​គ្នា​ខ្លះ នៅ​ក្នុង​ចំណោម​ប្រជាជន ហើយ​អ្នក​ខ្លះ​ត្រូវ​បាន​លើក​ខ្លួន​ឡើង​ក្នុង​ការ​ឆ្មើងឆ្មៃ និង​ការ​អួតអាង ដោយ​មក​ពី​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​លើសលប់​របស់​គេ មែន​ហើយ គឺ​រហូត​ដល់​មាន​ការ​បៀតបៀន​ដ៏​ធំ

១១ព្រោះ​មាន​អ្នក​ជំនួញ​ជាច្រើន​នៅ​លើ​ដែនដី ហើយ​មាន​មេធាវី​ជាច្រើន និង​ពួក​ភ្នាក់ងារ​ជាច្រើន​ផង។

១២ហើយ​ប្រជាជន​បាន​ចាប់​ផ្ដើម​ញែក​ចេញ​តាម​ឋានៈ គឺ​ស្រប​តាម​ទ្រព្យសម្បត្តិ​របស់​គេ និង​ឱកាស​ក្នុង​ការ​រៀន​សូត្រ​របស់​គេ មែន​ហើយ អ្នក​ខ្លះល្ងឹត​ល្ងង់ ដោយ​សារ​ការ​ក្រខ្សត់​របស់​គេ ហើយ​អ្នក​ខ្លះ​ទៀត បាន​ទទួល​ការ​រៀន​សូត្រ​ដ៏​ច្រើន ដោយ​សារ​ទ្រព្យ​សម្បត្តិ​របស់​គេ។

១៣អ្នក​ខ្លះ​ក៏​លើក​ខ្លួន​ឡើង​ក្នុង​ការ​ឆ្មើងឆ្មៃ ឯ​អ្នក​ខ្លះ​ទៀត​ក៏​រាបសា​ក្រៃលែង អ្នក​ខ្លះ​បាន​បណ្ដុះ​បង្អាប់​សង​នឹង​បណ្ដុះ​បង្អាប់ នៅ​ពេល​អ្នក​ខ្លះ​ទៀត បាន​ទទួល​ការ​បណ្ដុះ​បង្អាប់ និង​ការ​បៀតបៀន និង​សេចក្ដី​ទុក្ខ​វេទនា​គ្រប់បែប​យ៉ាង ហើយ​មិន​តប​ត ហើយ​មើល​ងាយ​វិញ​សោះ តែ​មាន​ចិត្ត​រាបសា ហើយ​សារ​ភាព​នៅ​ចំពោះ​ព្រះ។

១៤ម្ល៉ោះ​ហើយ ទើប​បាន​ក្លាយ​ទៅ​ជា​មាន​ភាព​មិន​ស្មើ​គ្នា​ដ៏​ខ្លាំង​នៅ​លើ​អស់​ទាំង​ដែនដី ដរាប​ដល់​សាសនាចក្រ​បាន​ចាប់​ផ្ដើម​បែកបាក់ មែន​ហើយ ដរាប​ដល់​នៅ​ក្នុង​ឆ្នាំ​ទី​សាមសិប នោះ​សាសនាចក្រ​ត្រូវ​បែកបាក់​នៅ​លើ​អស់​ទាំង​ដែនដី លើក​លែង​តែ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​លេមិន​មួយ​ចំនួន​តូច ដែល​បាន​ប្រែចិត្ត​ជឿ​ចំពោះ​សេចក្ដី​ជំនឿ​ពិត​ប៉ុណ្ណោះ ហើយ​ពួក​គេ​ពុំ​ចាក​ចេញ​ពី​សេចក្ដី​ជំនឿ​ពិត​ឡើយ ព្រោះ​ពួក​គេ​រឹងប៉ឹង និង​ខ្ជាប់ខ្ជួន និង​មុតមាំ ដោយ​សុខចិត្ត​ធ្វើ​ការ​ព្យាយាម​គ្រប់​យ៉ាង ដើម្បី​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់។

១៥ឥឡូវ​នេះ ហេតុ​នៃ​ការ​ខ្វះ​សម​ភាព​នៃ​ប្រជាជន​នេះ​គឺ​ថា — អារក្ស​សាតាំង​មាន​អំណាច​ដ៏​ធំ​ក្នុង​ការ​ចាក់រុក​ឲ្យ​ប្រជាជន​ធ្វើ​អំពើ​ទុច្ចរិត​គ្រប់បែប​យ៉ាង ហើយ​នៅ​ក្នុង​ការ​បំប៉ោង​ពួក​គេ​ដោយ​ការ​ឆ្មើងឆ្មៃ ល្បួង​ពួក​គេ​ឲ្យ​ស្វែងរក​អានុភាព និង​សិទ្ធិ​អំណាច និង​ទ្រព្យ​សម្បត្តិ និង​វត្ថុ​ទាំង​ឡាយ​ដែល​ឥតប្រយោជន៍​នៃ​លោកិយ។

១៦ហើយ​អារក្ស​សាតាំង​ក៏​បាន​បង្វែរ​ចិត្ត​ប្រជាជន​ឲ្យ​ធ្វើ​អំពើ​ទុច្ចរិត​គ្រប់បែប​យ៉ាង ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​ត្រេកអរ​នឹង​សន្តិ​ភាព​តែ​តិច​ឆ្នាំ​ប៉ុណ្ណោះ។

១៧ម្ល៉ោះ​ហើយ នៅ​ដើម​ឆ្នាំ​ទី​សាមសិប — ប្រជាជន​បាន​ប្រគល់​ខ្លួន​អស់​រយៈ​ពេល​ដ៏​យូរលង់ ឲ្យ​ដឹកនាំ​ដោយ​ការ​ល្បួង​ទាំង​ឡាយ​របស់​អារក្ស ទោះ​ជា​វា​មាន​សេចក្ដី​ប៉ងប្រាថ្នា​ចង់​នាំ​ពួក​គេ​ទៅ​ទីណា ឬ​ឲ្យ​ធ្វើ​អំពើ​ទុច្ចរិត​ណា​ក៏​ដោយ ដែល​វា​មាន​សេចក្ដី​ប៉ងប្រាថ្នា​ចង់​ឲ្យ​ពួក​គេ​ធ្វើ — ហើយ​នៅ​ដើម​ឆ្នាំ​នេះ គឺ​ឆ្នាំ​ទី​សាមសិប ពួក​គេ​នៅ​ក្នុង​ស្ថានភាព​ទុច្ចរិត​មួយ​ដ៏​គួរ​ស្ញែង​ខ្លាច។

១៨ឥឡូវ​នេះ ពួក​គេ​មិន​បាន​ធ្វើ​អំពើ​បាប​ដោយ​ល្ងឹតល្ងង់​នោះ​ទេ ព្រោះ​ពួក​គេ​ដឹង​នូវ​ព្រះ​ហឫទ័យ​នៃ​ព្រះ​ចំពោះ​ពួក​គេ ព្រោះ​ត្រូវ​បាន​បង្រៀន​ដល់​ពួក​គេ​ហើយ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​បះបោរ​ដោយ​ចេតនា​ទាស់​នឹង​ព្រះ។

១៩ហើយ​ឥឡូវ​នេះ គឺ​នៅ​ក្នុង​សម័យ​ឡាកូនីអូស ជា​កូន​របស់​ឡាកូនីអូស ព្រោះ​ឡាកូនីអូស​បាន​បំពេញ​តំណែង​របស់​ឪពុក​លោក ហើយ​បាន​គ្រប់គ្រង​លើ​ប្រជាជន​នៅ​ឆ្នាំ​នោះ។

២០ហើយ​ក៏​ចាប់​ផ្ដើម​មាន​ពួក​មនុស្ស​ដែល​ត្រូវ​បាន​បំផុស​គំនិត​ពី​សួគ៌ា ហើយ​បាន​បញ្ជូន​មក​ឲ្យ​ឈរ​នៅ​ក្នុង​ចំណោម​ប្រជាជន​នៅ​លើ​អស់​ទាំង​ដែនដី​ដើម្បី​ផ្សាយ និង​ធ្វើ​បន្ទាល់​យ៉ាង​ក្លាហាន​ពី​អំពើ​បាប និង​អំពើ​ទុច្ចរិត​ទាំង​ឡាយ​នៃ​ប្រជាជន ហើយ​ធ្វើ​បន្ទាល់​ទៅ​គេ​ពី​សេចក្ដី​ប្រោស​លោះ ដែល​ព្រះ​អម្ចាស់​នឹង​ធ្វើ​សម្រាប់​រាស្ត្រ​ទ្រង់ ឬ​និយាយ​ម្យ៉ាង​ទៀត គឺ​ដំណើរ​រស់​ឡើង​វិញ​នៃ​ព្រះ​គ្រីស្ទ ហើយ​ពួក​គេ​បាន​ធ្វើ​បន្ទាល់​យ៉ាង​ក្លាហាន​ពី​ការ​សុគត និង​ការ​រង​ទុក្ខ​ទាំង​ឡាយ​របស់​ទ្រង់។

២១ឥឡូវ​នេះ មាន​មនុស្ស​ជាច្រើន​ខឹង​ជា​ខ្លាំង ពី​ព្រោះ​តែ​ពួក​អ្នក​ដែល​បាន​ធ្វើ​បន្ទាល់​ពី​ការណ៍​ទាំង​នេះ ហើយ​ពួក​អ្នក​ដែល​ខឹង​ទាំង​នោះ ភាគច្រើន​គឺ​ពួក​មេ​ចៅក្រម និង​ពួក​អ្នក​ដែល​ធ្លាប់​ធ្វើ​ជា​ពួក​សង្ឃ​ជាន់​ខ្ពស់ និង​ពួក​មេធាវី មែន​ហើយ អស់​ពួក​ដែល​ធ្លាប់​ជា​មេធាវី​ខឹង​នឹង​ពួក​អ្នក​ដែល​ធ្វើ​បន្ទាល់​ពី​ការណ៍​ទាំង​នេះ។

២២ឥឡូវ​នេះ គ្មាន​មេធាវី ឬ​ចៅក្រម ឬ​សង្ឃ​ជាន់​ខ្ពស់​ណា ដែល​អាច​មាន​អំណាច​កាត់​ទោស ជន​ណា​ម្នាក់​ឲ្យ​ស្លាប់​សោះឡើយ លើក​លែង​តែ​ការ​កាត់ទោស​របស់​ពួក​គេ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​អភិបាល​ដែនដី​ប៉ុណ្ណោះ។

២៣ឥឡូវ​នេះ មាន​ពួក​គេ​ជាច្រើន បាន​ធ្វើ​បន្ទាល់​ពី​ការណ៍​ទាំង​ឡាយ ដែល​ទាក់ទង​ទៅ​នឹង​ព្រះ​គ្រីស្ទ ដែល​បាន​ធ្វើ​បន្ទាល់​យ៉ាង​ក្លាហាន ហើយ​ត្រូវ​ចាប់ ហើយ​សម្លាប់​ចោល​ដោយ​សម្ងាត់​ដោយ​ពួក​ចៅក្រម ដែល​ដំណឹង​អំពី​ការ​ស្លាប់​របស់​គេ​នោះ​មិន​បាន​ឮ​ដល់​លោក​អភិបាល​នៃ​ដែនដី​ឡើយ រហូត​ដល់​ពួក​គេ​បាន​ស្លាប់​ទៅ​ហើយ។

២៤ឥឡូវ​នេះ មើល​ចុះ ការ​នេះ​គឺ​ផ្ទុយ​នឹង​ច្បាប់​ទាំង​ឡាយ​របស់​ដែនដី​ដែល​ថា មនុស្ស​ម្នាក់​ត្រូវ​យក​ទៅ​សម្លាប់​បាន លើក​លែង​តែ​មាន​អំណាច​ពី​លោក​អភិបាល​នៃ​ដែនដី —

២៥ហេតុ​ដូច្នោះ​ហើយ ការ​ប្ដឹង​មួយ​បាន​បញ្ជូន​ឡើង​មក​ដែនដី​សារ៉ាហិមឡា ជូន​ចំពោះ​លោក​អភិបាល​នៃ​ដែនដី ទាស់​នឹង​ពួក​ចៅ​ក្រម​ទាំង​នោះ ដែល​បាន​កាត់ទោស​ពួក​ព្យាការី​នៃ​ព្រះ​អម្ចាស់​ដល់​ស្លាប់ ដែល​ពុំ​ស្រប​តាម​ច្បាប់។

២៦ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​ត្រូវ​បាន​ចាប់ ហើយ​នាំ​យក​មក​ខាង​មុខ​លោក​ចៅក្រម ដើម្បី​ជំនុំ​ជំរះ​នូវ​បទ​ឧក្រិដ្ឋ​ដែល​ពួក​គេ​បាន​ធ្វើ​ឡើង ស្រប​តាម​ច្បាប់​ដែល​បាន​ចែង​ដោយ​ប្រជាជន។

២៧ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​ចៅក្រម​ទាំង​នោះ មាន​មិត្តភក្តិ និង​ញាតិ​សន្តាន​ជាច្រើន រីឯ​ពួក​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន មែន​ហើយ ពួក​មេធាវី និង​ពួក​សង្ឃ​ជាន់​ខ្ពស់ សឹង​តែ​ទាំង​អស់​បាន​ប្រមូល​គ្នា​មក ហើយ​រួបរួម​នឹង​ញាតិ​សន្តាន​នៃ​ពួក​ចៅក្រម ដែល​ត្រូវ​គេ​យក​ទៅ​ជំនុំ​តាម​ច្បាប់​ទាំង​នោះ។

២៨ហើយ​ពួក​គេ​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​មួយ​ជាមួយ​នឹង​គ្នា មែន​ហើយ ដូច​គ្នា​នឹង​សេចក្ដី​សញ្ញា​ដែល​ធ្វើ​ដោយ​ពួក​គេ​ជំនាន់​ដើម គឺជា​សេចក្ដី​សញ្ញា​ដែល​ធ្វើ​ឡើង ហើយ​ត្រួតត្រា​ដោយ​អារក្ស ដើម្បី​រួម​គ្នា​ទាស់​នឹង​សេចក្ដី​សុចរិត​ទាំង​អស់។

២៩ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​រួម​គ្នា​ទាស់​នឹង​រាស្ត្រ​នៃ​ព្រះ​អម្ចាស់ ហើយ​ចូល​ក្នុង​សេចក្ដី​សញ្ញា​មួយ​ដើម្បី​បំផ្លាញ​ពួក​គេ​បង់ ហើយ​ដោះលែង​ពួក​ជន​ដែល​ជាប់​ទោស​សម្លាប់​មនុស្ស ឲ្យ​រួច​ផុត​ពី​ក្រញាំ​នៃ​សេចក្ដី​យុត្តិធម៌ ដែល​បម្រុង​នឹង​អនុវត្ត​តាម​ច្បាប់។

៣០ហើយ​ពួក​គេ​រឹងទទឹង​នឹង​ច្បាប់ និង​សិទ្ធិ​ទាំង​ឡាយ​របស់​ប្រទេស​គេ ហើយ​ពួក​គេ​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​គ្នា​ដើម្បី​បំផ្លាញ​លោក​អភិបាល ហើយ​ដើម្បី​បង្កើត​ឲ្យ​មាន​ស្ដេច​នៅ​លើ​ដែនដី ដើម្បី​កុំ​ឲ្យ​ដែនដី​មាន​ឥស្សរភាព​ត​ទៅ​ទៀត តែ​ត្រូវ​នៅ​ក្រោម​អំណាច​របស់​ស្ដេច​ទាំង​ឡាយ​វិញ៕