ជំពូកទី ៦
ពួកសាសន៍នីហ្វៃចម្រើនឡើង — ការឆ្មើងឆ្មៃ ទ្រព្យ និងការចែកវណ្ណៈកើតឡើង — សាសនាចក្រត្រូវបាក់បែកដោយការបែកចេញ — អារក្សសាតាំងដឹកនាំប្រជាជនទៅក្នុងការបះបោរចេញមុខ — ពួកព្យាការីជាច្រើនស្រែកហៅឲ្យធ្វើការប្រែចិត្ត ហើយត្រូវសម្លាប់ចោល — ឃាតករទាំងឡាយរបស់គេធ្វើឧបាយកល ដើម្បីដណ្ដើមយករដ្ឋាភិបាល។ ប្រមាណជាឆ្នាំ ២៦–៣០ គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ប្រជាជននៃសាសន៍នីហ្វៃទាំងអស់គ្នា បានត្រឡប់ទៅកាន់ដីផ្ទាល់របស់គេវិញនៅក្នុងឆ្នាំទីម្ភៃប្រាំមួយ មនុស្សរាល់រូបជាមួយនឹងគ្រួសារគេ ហ្វូងចៀម និងហ្វូងសត្វទាំងឡាយរបស់គេ សេះ និងគោក្របីរបស់គេ និងវត្ថុគ្រប់យ៉ាងឲ្យតែជារបស់គេ។
២ហើយហេតុការណ៍បានកើតឡើងថា ពួកគេពុំទាន់បរិភោគអស់នូវស្បៀងរបស់គេនៅឡើយទេ ហេតុដូច្នេះហើយ ទើបពួកគេ បានយកមកជាមួយពួកគេនូវអស់ទាំងអ្វីៗ ដែលគេពុំទាន់បានបរិភោគ គឺមានស្រូវគ្រប់មុខរបស់គេ និងមាសរបស់គេ និងប្រាក់របស់គេ និងវត្ថុដ៏មានតម្លៃទាំងអស់របស់គេ ហើយពួកគេបានត្រឡប់មកដីផ្ទាល់របស់គេ និងរបស់របររបស់គេវិញ ទាំងនៅខាងជើង និងនៅខាងត្បូង ទាំងនៅលើដែនដីខាងជើង និងលើដែនដីខាងត្បូង។
៣ហើយពួកគេបានផ្ដល់ដីដល់ពួកចោរទាំងឡាយ ដែលបានចូលក្នុងសេចក្ដីសញ្ញាថានឹងរក្សាសន្តិភាពនៅក្នុងដែនដី ជាពួកអ្នកដែលមានបំណងចង់នៅជាសាសន៍លេមិនតាមចំនួនរបស់ពួកគេ ដើម្បីពួកគេអាចមានទីកន្លែងសម្រាប់ចិញ្ចឹមជីវិតដោយប្រកបពលកម្ម ម្ល៉ោះហើយ ពួកគេបានសាងសន្តិភាពឡើងនៅលើអស់ទាំងដែនដី។
៤ហើយពួកគេបានចាប់ផ្ដើមចម្រើនឡើង និងមានកម្លាំងដ៏ខ្លាំងទៀត ហើយឆ្នាំទីម្ភៃប្រាំមួយ និងម្ភៃប្រាំពីរបានកន្លងផុតទៅ ហើយមានរបៀបរៀបរយដ៏ខ្លាំងនៅលើដែនដី ហើយពួកគេបានបង្កើតច្បាប់ទាំងឡាយរបស់គេ ស្របតាមសមភាព និងសេចក្ដីយុត្តិធម៌។
៥ហើយឥឡូវនេះ គ្មានអ្វីនៅលើអស់ទាំងដែនដី ដែលរារាំងប្រជាជនក្នុងការចម្រុងចម្រើនយ៉ាងខ្ជាប់ខ្ជួនសោះឡើយ លើកលែងតែពួកគេត្រូវធ្លាក់ក្នុងអំពើរំលងប៉ុណ្ណោះ។
៦ហើយឥឡូវនេះ គីឌគីឌដូណៃ និងចៅក្រមឡាកូនីអូស និងពួកអ្នកដែលត្រូវបានតែងតាំងឡើងជាមេដឹកនាំ ជាអ្នកដែល បានសាងសន្តិភាពដ៏ធំនេះនៅលើដែនដីឡើង។
៧ហើយហេតុការណ៍បានកើតឡើងថា មានទីក្រុងជាច្រើនត្រូវបានសង់ថ្មី ហើយមានទីក្រុងចាស់ៗជាច្រើនត្រូវបានជួសជុលឡើងវិញ។
៨ហើយមានផ្លូវថ្នល់ទាំងឡាយ ត្រូវបានលើកឡើង ហើយផ្លូវជាច្រើនត្រូវបានធ្វើ ដែលនាំពីទីក្រុងមួយទៅទីក្រុងមួយ ហើយពីដែនដីមួយទៅដែនដីមួយ ហើយពីកន្លែងមួយទៅកន្លែងមួយ។
៩ម្ល៉ោះហើយ ឆ្នាំទីម្ភៃប្រាំបីបានកន្លងផុតទៅ ហើយប្រជាជនក៏មានសេចក្ដីសុខសាន្តតរៀងមក។
១០ប៉ុន្តែហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំទីម្ភៃប្រាំបួន ក៏ចាប់ផ្ដើមមានការទាស់ទែងគ្នាខ្លះ នៅក្នុងចំណោមប្រជាជន ហើយអ្នកខ្លះត្រូវបានលើកខ្លួនឡើងក្នុងការឆ្មើងឆ្មៃ និងការអួតអាង ដោយមកពីទ្រព្យសម្បត្តិដ៏ច្រើនលើសលប់របស់គេ មែនហើយ គឺរហូតដល់មានការបៀតបៀនដ៏ធំ
១១ព្រោះមានអ្នកជំនួញជាច្រើននៅលើដែនដី ហើយមានមេធាវីជាច្រើន និងពួកភ្នាក់ងារជាច្រើនផង។
១២ហើយប្រជាជនបានចាប់ផ្ដើមញែកចេញតាមឋានៈ គឺស្របតាមទ្រព្យសម្បត្តិរបស់គេ និងឱកាសក្នុងការរៀនសូត្ររបស់គេ មែនហើយ អ្នកខ្លះល្ងឹតល្ងង់ ដោយសារការក្រខ្សត់របស់គេ ហើយអ្នកខ្លះទៀត បានទទួលការរៀនសូត្រដ៏ច្រើន ដោយសារទ្រព្យសម្បត្តិរបស់គេ។
១៣អ្នកខ្លះក៏លើកខ្លួនឡើងក្នុងការឆ្មើងឆ្មៃ ឯអ្នកខ្លះទៀតក៏រាបសាក្រៃលែង អ្នកខ្លះបានបណ្ដុះបង្អាប់សងនឹងបណ្ដុះបង្អាប់ នៅពេលអ្នកខ្លះទៀត បានទទួលការបណ្ដុះបង្អាប់ និងការបៀតបៀន និងសេចក្ដីទុក្ខវេទនាគ្រប់បែបយ៉ាង ហើយមិនតបត ហើយមើលងាយវិញសោះ តែមានចិត្តរាបសា ហើយសារភាពនៅចំពោះព្រះ។
១៤ម្ល៉ោះហើយ ទើបបានក្លាយទៅជាមានភាពមិនស្មើគ្នាដ៏ខ្លាំងនៅលើអស់ទាំងដែនដី ដរាបដល់សាសនាចក្របានចាប់ផ្ដើមបែកបាក់ មែនហើយ ដរាបដល់នៅក្នុងឆ្នាំទីសាមសិប នោះសាសនាចក្រត្រូវបែកបាក់នៅលើអស់ទាំងដែនដី លើកលែងតែនៅក្នុងចំណោមពួកសាសន៍លេមិនមួយចំនួនតូច ដែលបានប្រែចិត្តជឿចំពោះសេចក្ដីជំនឿពិតប៉ុណ្ណោះ ហើយពួកគេពុំចាកចេញពីសេចក្ដីជំនឿពិតឡើយ ព្រោះពួកគេរឹងប៉ឹង និងខ្ជាប់ខ្ជួន និងមុតមាំ ដោយសុខចិត្តធ្វើការព្យាយាមគ្រប់យ៉ាង ដើម្បីកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់។
១៥ឥឡូវនេះ ហេតុនៃការខ្វះសមភាពនៃប្រជាជននេះគឺថា — អារក្សសាតាំងមានអំណាចដ៏ធំក្នុងការចាក់រុកឲ្យប្រជាជនធ្វើអំពើទុច្ចរិតគ្រប់បែបយ៉ាង ហើយនៅក្នុងការបំប៉ោងពួកគេដោយការឆ្មើងឆ្មៃ ល្បួងពួកគេឲ្យស្វែងរកអានុភាព និងសិទ្ធិអំណាច និងទ្រព្យសម្បត្តិ និងវត្ថុទាំងឡាយដែលឥតប្រយោជន៍នៃលោកិយ។
១៦ហើយអារក្សសាតាំងក៏បានបង្វែរចិត្តប្រជាជនឲ្យធ្វើអំពើទុច្ចរិតគ្រប់បែបយ៉ាង ហេតុដូច្នេះហើយ ពួកគេបានត្រេកអរនឹងសន្តិភាពតែតិចឆ្នាំប៉ុណ្ណោះ។
១៧ម្ល៉ោះហើយ នៅដើមឆ្នាំទីសាមសិប — ប្រជាជនបានប្រគល់ខ្លួនអស់រយៈពេលដ៏យូរលង់ ឲ្យដឹកនាំដោយការល្បួងទាំងឡាយរបស់អារក្ស ទោះជាវាមានសេចក្ដីប៉ងប្រាថ្នាចង់នាំពួកគេទៅទីណា ឬឲ្យធ្វើអំពើទុច្ចរិតណាក៏ដោយ ដែលវាមានសេចក្ដីប៉ងប្រាថ្នាចង់ឲ្យពួកគេធ្វើ — ហើយនៅដើមឆ្នាំនេះ គឺឆ្នាំទីសាមសិប ពួកគេនៅក្នុងស្ថានភាពទុច្ចរិតមួយដ៏គួរស្ញែងខ្លាច។
១៨ឥឡូវនេះ ពួកគេមិនបានធ្វើអំពើបាបដោយល្ងឹតល្ងង់នោះទេ ព្រោះពួកគេដឹងនូវព្រះហឫទ័យនៃព្រះចំពោះពួកគេ ព្រោះត្រូវបានបង្រៀនដល់ពួកគេហើយ ហេតុដូច្នេះហើយ ពួកគេបានបះបោរដោយចេតនាទាស់នឹងព្រះ។
១៩ហើយឥឡូវនេះ គឺនៅក្នុងសម័យឡាកូនីអូស ជាកូនរបស់ឡាកូនីអូស ព្រោះឡាកូនីអូសបានបំពេញតំណែងរបស់ឪពុកលោក ហើយបានគ្រប់គ្រងលើប្រជាជននៅឆ្នាំនោះ។
២០ហើយក៏ចាប់ផ្ដើមមានពួកមនុស្សដែលត្រូវបានបំផុសគំនិតពីសួគ៌ា ហើយបានបញ្ជូនមកឲ្យឈរនៅក្នុងចំណោមប្រជាជននៅលើអស់ទាំងដែនដីដើម្បីផ្សាយ និងធ្វើបន្ទាល់យ៉ាងក្លាហានពីអំពើបាប និងអំពើទុច្ចរិតទាំងឡាយនៃប្រជាជន ហើយធ្វើបន្ទាល់ទៅគេពីសេចក្ដីប្រោសលោះ ដែលព្រះអម្ចាស់នឹងធ្វើសម្រាប់រាស្ត្រទ្រង់ ឬនិយាយម្យ៉ាងទៀត គឺដំណើររស់ឡើងវិញនៃព្រះគ្រីស្ទ ហើយពួកគេបានធ្វើបន្ទាល់យ៉ាងក្លាហានពីការសុគត និងការរងទុក្ខទាំងឡាយរបស់ទ្រង់។
២១ឥឡូវនេះ មានមនុស្សជាច្រើនខឹងជាខ្លាំង ពីព្រោះតែពួកអ្នកដែលបានធ្វើបន្ទាល់ពីការណ៍ទាំងនេះ ហើយពួកអ្នកដែលខឹងទាំងនោះ ភាគច្រើនគឺពួកមេចៅក្រម និងពួកអ្នកដែលធ្លាប់ធ្វើជាពួកសង្ឃជាន់ខ្ពស់ និងពួកមេធាវី មែនហើយ អស់ពួកដែលធ្លាប់ជាមេធាវីខឹងនឹងពួកអ្នកដែលធ្វើបន្ទាល់ពីការណ៍ទាំងនេះ។
២២ឥឡូវនេះ គ្មានមេធាវី ឬចៅក្រម ឬសង្ឃជាន់ខ្ពស់ណា ដែលអាចមានអំណាចកាត់ទោស ជនណាម្នាក់ឲ្យស្លាប់សោះឡើយ លើកលែងតែការកាត់ទោសរបស់ពួកគេ ត្រូវបានចុះហត្ថលេខាដោយលោកអភិបាលដែនដីប៉ុណ្ណោះ។
២៣ឥឡូវនេះ មានពួកគេជាច្រើន បានធ្វើបន្ទាល់ពីការណ៍ទាំងឡាយ ដែលទាក់ទងទៅនឹងព្រះគ្រីស្ទ ដែលបានធ្វើបន្ទាល់យ៉ាងក្លាហាន ហើយត្រូវចាប់ ហើយសម្លាប់ចោលដោយសម្ងាត់ដោយពួកចៅក្រម ដែលដំណឹងអំពីការស្លាប់របស់គេនោះមិនបានឮដល់លោកអភិបាលនៃដែនដីឡើយ រហូតដល់ពួកគេបានស្លាប់ទៅហើយ។
២៤ឥឡូវនេះ មើលចុះ ការនេះគឺផ្ទុយនឹងច្បាប់ទាំងឡាយរបស់ដែនដីដែលថា មនុស្សម្នាក់ត្រូវយកទៅសម្លាប់បាន លើកលែងតែមានអំណាចពីលោកអភិបាលនៃដែនដី —
២៥ហេតុដូច្នោះហើយ ការប្ដឹងមួយបានបញ្ជូនឡើងមកដែនដីសារ៉ាហិមឡា ជូនចំពោះលោកអភិបាលនៃដែនដី ទាស់នឹងពួកចៅក្រមទាំងនោះ ដែលបានកាត់ទោសពួកព្យាការីនៃព្រះអម្ចាស់ដល់ស្លាប់ ដែលពុំស្របតាមច្បាប់។
២៦ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ពួកគេត្រូវបានចាប់ ហើយនាំយកមកខាងមុខលោកចៅក្រម ដើម្បីជំនុំជំរះនូវបទឧក្រិដ្ឋដែលពួកគេបានធ្វើឡើង ស្របតាមច្បាប់ដែលបានចែងដោយប្រជាជន។
២៧ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ពួកចៅក្រមទាំងនោះ មានមិត្តភក្តិ និងញាតិសន្តានជាច្រើន រីឯពួកអ្នកដែលនៅសល់ទាំងប៉ុន្មាន មែនហើយ ពួកមេធាវី និងពួកសង្ឃជាន់ខ្ពស់ សឹងតែទាំងអស់បានប្រមូលគ្នាមក ហើយរួបរួមនឹងញាតិសន្តាននៃពួកចៅក្រម ដែលត្រូវគេយកទៅជំនុំតាមច្បាប់ទាំងនោះ។
២៨ហើយពួកគេបានចូលក្នុងសេចក្ដីសញ្ញាមួយជាមួយនឹងគ្នា មែនហើយ ដូចគ្នានឹងសេចក្ដីសញ្ញាដែលធ្វើដោយពួកគេជំនាន់ដើម គឺជាសេចក្ដីសញ្ញាដែលធ្វើឡើង ហើយត្រួតត្រាដោយអារក្ស ដើម្បីរួមគ្នាទាស់នឹងសេចក្ដីសុចរិតទាំងអស់។
២៩ហេតុដូច្នេះហើយ ពួកគេបានរួមគ្នាទាស់នឹងរាស្ត្រនៃព្រះអម្ចាស់ ហើយចូលក្នុងសេចក្ដីសញ្ញាមួយដើម្បីបំផ្លាញពួកគេបង់ ហើយដោះលែងពួកជនដែលជាប់ទោសសម្លាប់មនុស្ស ឲ្យរួចផុតពីក្រញាំនៃសេចក្ដីយុត្តិធម៌ ដែលបម្រុងនឹងអនុវត្តតាមច្បាប់។
៣០ហើយពួកគេរឹងទទឹងនឹងច្បាប់ និងសិទ្ធិទាំងឡាយរបស់ប្រទេសគេ ហើយពួកគេបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងគ្នាដើម្បីបំផ្លាញលោកអភិបាល ហើយដើម្បីបង្កើតឲ្យមានស្ដេចនៅលើដែនដី ដើម្បីកុំឲ្យដែនដីមានឥស្សរភាពតទៅទៀត តែត្រូវនៅក្រោមអំណាចរបស់ស្ដេចទាំងឡាយវិញ៕