ព្រះគម្ពីរ
ម៉ូសាយ 27


ជំពូក​ទី ២៧

ម៉ូសាយ​ហាម​មិន​ឲ្យ​មាន​ការ​បៀតបៀន ហើយ​ស្នើ​ឲ្យ​មាន​ភាព​ស្មើ​គ្នា — អាលម៉ា ជា​កូន និង​ពួក​បុត្រា​បួន​នាក់​នៃ​ម៉ូសាយ​ស្វែង​រក​បំផ្លាញ​សាសនាចក្រ — ទេវតា​លេច​មក ហើយ​បញ្ជា​គេ​ឲ្យ​ឈប់​ពី​ដំណើរ​អាក្រក់​របស់​គេ — អាលម៉ា​ក្លាយ​ទៅ​ជា​គ — មនុស្ស​លោក​ទាំង​អស់​ត្រូវ​កើត​ម្ដង​ទៀត ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ — អាលម៉ា និង​ពួក​បុត្រា​នៃ​ម៉ូសាយ​ប្រកាស​ប្រាប់​ពី​ដំណឹង​ដ៏​រីករាយ។ ប្រមាណ​ជា​ឆ្នាំ ១០០–៩២ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ការ​បៀតបៀន​ទាំង​ឡាយ​ដែល​បាន​ធ្វើ​ទុក្ខ​មក​លើ​សាសនាចក្រ​ដោយ​ពួក​ឥត​ជំនឿ នោះ​បាន​ក្លាយ​ទៅ​ជា​ធំ​ដ៏​ក្រៃលែង រហូត​ដល់​សាសនាចក្រ​បាន​ចាប់​ផ្ដើម​រអ៊ូរទាំ ហើយ​តវ៉ា​ដល់​ពួក​មេដឹកនាំ​របស់​គេ​អំពី​រឿង​នេះ ហើយ​ពួក​គេ​បាន​តវ៉ា​ដល់​អាលម៉ា។ ហើយ​អាលម៉ា​បាន​លាតត្រដាង​រឿង​នេះ​នៅ​ចំពោះ​ម៉ូសាយ ជា​ស្ដេច​របស់​គេ។ ហើយ​ម៉ូសាយ​បាន​ប្រឹក្សា​ជាមួយ​នឹង​ពួក​សង្ឃ​របស់​ទ្រង់។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​ម៉ូសាយ​បាន​ផ្ញើ​សេចក្ដី​ប្រកាស​មួយ​ទូ​ទៅ​ទាំង​ដែនដី​នៅ​ព័ទ្ធជុំវិញ​ថា ជន​ឥត​ជំនឿ​មិន​ត្រូវ​បៀតបៀន​អស់​អ្នក​ណា ដែល​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ​ឡើយ។

ហើយ​មាន​បញ្ជា​មួយ​យ៉ាង​តឹង​រឹង​ទូ​ទៅ​អស់​ទាំង​សាសនាចក្រ​ថា មិន​ត្រូវ​មាន​ការ​បៀតបៀន​ទាំង​ឡាយ​នៅ​ក្នុង​ចំណោម​ពួក​គេ​ឡើយ គឺ​ត្រូវ​មាន​ភាព​ស្មើ​គ្នា​នៅ​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​វិញ

គឺ​ពួក​គេ​មិន​ត្រូវ​ទុក​ឲ្យ​ការ​ឆ្មើងឆ្មៃ ឬ​ការ​ឡើង​ចាង​រំខាន​ដល់​សេចក្ដី​សុខសាន្ត​របស់​គេ​ឡើយ គឺ​មនុស្ស​គ្រប់​រូប​ត្រូវ​គោរព​អ្នក​ជិត​ខាង​ខ្លួន​ដូច​ខ្លួន​ឯង​ផ្ទាល់ ដោយ​ធ្វើ​ការ​ដោយ​ដៃ​របស់​ខ្លួន​ផ្ទាល់​ដើម្បី​ចិញ្ចឹម​ជីវិត។

មែន​ហើយ ហើយ​ពួក​សង្ឃ និង​ពួក​គ្រូបង្រៀន​ទាំង​អស់ ត្រូវ​ធ្វើ​ការ​ដោយ​ដៃ​របស់​គេ​ផ្ទាល់ ដើម្បី​ចិញ្ចឹម​ជីវិត​នៅ​ក្នុង​គ្រប់​ករណី​ទាំង​អស់ លើក​លែងតែ​នៅ​ក្នុង​ករណី​ឈឺ ឬ​ទាល់​ក្រ​ខ្លាំង ហើយ​ដោយ​ធ្វើ​នូវ​ការណ៍​ទាំង​នេះ នោះ​ពួក​គេ​បាន​បរិបូរ​ទៅ​ដោយ​ព្រះ​គុណ​នៃ​ព្រះ។

ហើយ​ក៏​ចាប់​ផ្ដើម​មាន​សេចក្ដី​សុខសាន្ត​ជា​ច្រើន​ទៀត​នៅ​លើ​ដែនដី ហើយ​ប្រជាជន​បាន​ចាប់​ផ្ដើម​កើន​ឡើង​ជា​ខ្លាំង ហើយ​បាន​ចាប់​ផ្ដើម​បែក​ចេញ​ទៅ​ពាស​ពេញ​លើ​ផ្ទៃ​ផែនដី មែន​ហើយ ទៅ​ទិស​ខាង​ជើង និង​ទិស​ទាង​ត្បូង ទៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិច ដោយ​សង់​ទី​ក្រុង​ធំៗ និង​ភូមិ​ទាំង​ឡាយ​នៅ​គ្រប់​ទិស​ទាំង​បួន​នៃ​ដែនដី។

ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​យាង​មក​រក​ពួក​គេ ហើយ​បាន​ធ្វើ​ឲ្យ​គេ​ចម្រើន​ឡើង ហើយ​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ប្រជាជន​មួយ​ដ៏​ធំ ហើយ​មាន​ទ្រព្យ​សម្បត្តិ​បរិបូរណ៍។

ឥឡូវ​នេះ ពួក​បុត្រា​នៃ​ម៉ូសាយ​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ពួក​ឥត​ជំនឿ ហើយ​កូន​ប្រុស​ម្នាក់​របស់​អា​ល​ម៉ា ក៏​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ពួក​នោះ​ដែរ គឺ​គាត់​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ឪពុក​គាត់​ថា អាលម៉ា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​គាត់​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ដ៏​សែន​អាក្រក់ ហើយ​ថ្វាយ​បង្គំ​រូប​ព្រះ។ ហើយ​គាត់​ជា​មនុស្ស​ពោល​ពាក្យ​ច្រើន ហើយ​បាន​និយាយ​បញ្ជោរ​ជា​ច្រើន​ដល់​ប្រជាជន ហេតុ​ដូច្នេះ​ហើយ គាត់​បាន​ដឹកនាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ធ្វើ​តាម​អំពើ​ទុច្ចរិត​ទាំង​ឡាយ​ដែល​គាត់​ធ្វើ។

ហើយ​គាត់​បាន​ក្លាយ​ទៅ​ជា​ការ​ឧបសគ្គ​មួយ​ដ៏​ធំ ជំទាស់​ការ​ចម្រើន​ឡើង​នៃ​សាសនាចក្រ​នៃ​ព្រះ ដោយ​បាន​បង្វែរ​ចិត្ត​មនុស្ស ដោយ​បាន​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​គ្នា​ជា​ច្រើន​នៅ​ក្នុង​ចំណោម​ប្រជាជន ដោយ​បាន​បើកឱកាស​ឲ្យ​ខ្មាំងសត្រូវ​របស់​ព្រះ អនុវត្ត​អំណាច​របស់​វា​ទៅ​លើ​ពួក​គេ។

១០ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​គាត់​កំពុងតែ​ចេញ​ទៅ​កម្ទេច​សាសនាចក្រ​នៃ​ព្រះ ត្បិត​គាត់​បាន​ទៅ​ដោយ​សម្ងាត់​ជាមួយ​នឹង​ពួក​បុត្រា​នៃ​ម៉ូសាយ ស្វែងរក​កម្ទេច​សាសនាចក្រ​ចោល ហើយ​ដឹកនាំ​ប្រជាជន​នៃ​ព្រះ​អម្ចាស់​ឲ្យ​វង្វេង​ចេញ ផ្ទុយ​ពី​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ឬ​នៃ​ស្ដេច —

១១ហើយ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​អ្នក​មក​ហើយ​ថា នៅ​ពេល​ដែល​ពួក​គេ​កំពុងតែ​ចេញ​ទៅ​បះបោរ​ទាស់​នឹង​ព្រះ មើល​ចុះ ទេវតា​នៃ​ព្រះ​អម្ចាស់​បាន​លេច​ខ្លួន​ដល់​គេ ហើយ​ទេវតា​នោះ​ហាក់​បី​ដូច​ជា​ចុះ​មក​ពីលើ​ពពក ហើយ​លោក​បាន​និយាយ ហាក់​បី​ដូច​ជា​សូរផ្គរ​លាន់ ដែល​ធ្វើ​ឲ្យ​ផែនដី​កក្រើក​នៅ​ត្រង់​កន្លែង​ដែល​ពួក​គេ​ឈរ

១២ហើយ​ពួក​គេ​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង រហូត​ដល់​គេ​ដួល​ចុះ​ទៅ​លើ​ដី ហើយ​ពុំ​យល់​ពាក្យ​ពេចន៍ ដែល​លោក​និយាយ​មក​កាន់​គេ​សោះ។

១៣ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​លោក​បាន​ស្រែក​ទៀត​ថា ៖ អាលម៉ា​អើយ ចូរ​ក្រោក​ឈរ​ឡើង ត្បិត​តើ​ហេតុ​អ្វី​បាន​ជា​អ្នក​បៀតបៀន​ដល់​សាសនាចក្រ​នៃ​ព្រះ? ត្បិត​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ នេះ​គឺជា​សាសនាចក្រ​របស់​យើង ហើយ​យើង​នឹង​តាំង​វា​ឡើង ហើយ​គ្មាន​អ្វី​នឹង​មក​រំលំ​សាសនាចក្រ​នេះ​បាន​ទេ លើក​លែងតែ​អំពើ​រំលង​នៃ​រាស្ត្រ​យើង​ប៉ុណ្ណោះ។

១៤ហើយ​ម្ដង​ទៀត ទេវតា​និយាយ​ថា ៖ មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​បាន​ឮ​ពាក្យ​អធិស្ឋាន​ទាំង​ឡាយ​របស់​រាស្ត្រ​ទ្រង់ និង​ព្រម​ទាំង​ពាក្យ​អធិស្ឋាន​ទាំង​ឡាយ​របស់​អ្នក​បម្រើ​ទ្រង់​ផង គឺ​អាលម៉ា ជា​ឪពុក​អ្នក ត្បិត​លោក​បាន​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​ដ៏​ជោកជាំ​អំពី​អ្នក សូម​ឲ្យ​អ្នក​អាច​បាន​នាំ​មក​ឲ្យ​ស្គាល់​នូវ​សេចក្ដី​ពិត ហេតុ​ដូច្នេះ​ហើយ ដោយ​គោលបំណង​នេះ​ហើយ​ដែល​ខ្ញុំ​បាន​មក​បរិវត្ត​អ្នក​អំពី​ព្រះ​ចេស្ដា និង​សិទ្ធិ​អំណាច​នៃ​ព្រះ ដើម្បី​ឲ្យ​ពាក្យ​អធិស្ឋាន​ទាំង​ឡាយ​របស់​ពួក​អ្នក​បម្រើ​របស់​ទ្រង់ អាច​បាន​ឆ្លើយតប​ស្រប​តាម​សេចក្ដី​ជំនឿ​របស់​គេ។

១៥ហើយ​ឥឡូវ​នេះ មើល​ចុះ តើ​អ្នក​អាច​ប្រកែក​នឹង​ព្រះ​ចេស្ដា​នៃ​ព្រះ​បាន​ទេ? ត្បិត​មើល​ចុះ តើ​សំឡេង​របស់​ខ្ញុំ​មិន​បាន​ធ្វើ​ឲ្យ​ផែនដី​កក្រើក​ទេ​ឬ​អី? ហើយ​តើ​អ្នក​មិន​ឃើញ​ខ្ញុំ​នៅ​ខាង​មុខ​អ្នក​ទេ​ឬ? ហើយ​ខ្ញុំ​ត្រូវ​បាន​ចាត់​មក​ពី​ព្រះ។

១៦ឥឡូវ​នេះ ខ្ញុំ​ប្រាប់​អ្នក​ថា ៖ ទៅ​ចុះ ហើយ​ចូរ​នឹក​ចាំ​ពី​ការ​ជាប់​ឃុំឃាំង​របស់​ពួក​អយ្យកោ​អ្នក​នៅ​លើ​ដែនដី​ហេឡាម ហើយ​នៅ​លើ​ដែនដី​នីហ្វៃ ហើយ​ចូរ​នឹក​ចាំ​ពី​ការណ៍​ដ៏​មហិមា​ទាំង​ឡាយ ដែល​ទ្រង់​បាន​ធ្វើ​ដល់​ពួក​គេ ត្បិត​ពួក​គេ​បាន​នៅ​ក្នុង​សេវក​ភាព ហើយ​ទ្រង់​បាន​ដោះ​ពួក​គេ​ឲ្យ​រួច​ផុត។ ហើយ​ឥឡូវ​នេះ អាលម៉ា​អើយ ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​អ្នក​ទៅ​តាម​ផ្លូវ​របស់​អ្នក​ចុះ ហើយ​ចូរ​កុំ​រក​បំផ្លាញ​សាសនាចក្រ​ទៀត​ឡើយ ដើម្បី​ឲ្យ​ពាក្យ​អធិស្ឋាន​ទាំង​ឡាយ​របស់​គេ អាច​បាន​ឆ្លើយតប ហើយ​នេះ​ទោះ​ជា​ខ្លួន​អ្នក​ត្រូវ​បោះបង់​ចោល​ក៏​ដោយ។

១៧ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា នេះ​ហើយ​ជា​ពាក្យ​ចុង​ក្រោយ​បង្អស់ ដែល​ទេវតា​បាន​និយាយ​ទៅ​កាន់​អាលម៉ា ហើយ​ទេវតា​នោះ​ក៏​ចាក​ចេញ​ទៅ។

១៨ហើយ​ឥឡូវ​នេះ អាលម៉ា និង​ពួក​អ្នក​ដែល​នៅ​ទី​នោះ​ជាមួយ​គាត់ ក៏​ដួល​ទៅ​លើ​ដី​ទៀត ព្រោះ​សេចក្ដី​អស្ចារ្យ​របស់​គេ​មាន​បន្ទូល​ទំហំ​ធំ​ដ៏​ក្រៃលែង ព្រោះ​គេ​បាន​ឃើញ​ទេវតា​នៃ​ព្រះ​អម្ចាស់​ដោយ​ភ្នែក​គេ​ផ្ទាល់ ហើយ​សំឡេង​របស់​ទេវតា​នោះ ប្រៀប​ដូច​ជា​ផ្គរលាន់ ដែល​ធ្វើ​ឲ្យ​ផែនដី​កក្រើក ហើយ​ពួក​គេ​ដឹង​ថា គ្មាន​អ្វី​ក្រៅ​ពី​ព្រះ​ចេស្ដា​នៃ​ព្រះ​ឡើយ ដែល​អាច​អង្រួន​ផែនដី ហើយ​ធ្វើ​ឲ្យ​ផែនដី​ញ័រ ហាក់​បីដូច​ចង់​បែក​ចេញ​ដូច្នោះ។

១៩ហើយ​ឥឡូវ​នេះ សេចក្ដី​អស្ចារ្យ​របស់​អាលម៉ា​មាន​ទំហំ​ធំ​ដ៏​ក្រៃលែង រហូត​ដល់​គាត់​បាន​ក្លាយ​ទៅ​ជា​គ ហើយ​គាត់​មិន​អាច​ហើប​មាត់​គាត់​បាន​ឡើយ មែន​ហើយ គាត់​បាន​ក្លាយ​ទៅ​ជា​អស់​កម្លាំង គឺ​គាត់​មិន​អាច​កម្រើក​ដៃ​របស់​គាត់​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ គាត់​ត្រូវ​ពួក​ជន​ដែល​នៅ​ជាមួយ​នឹង​គាត់​នោះ សែង​គាត់​ទៅ​ដោយ​ឥត​កម្រើក រហូត​ដល់​គេ​ដាក់​គាត់​ចុះ នៅ​ខាង​មុខ​ឪពុក​គាត់។

២០ហើយ​ពួក​គេ​បាន​រៀប​រាប់​ប្រាប់​ឪពុក​គាត់​អំពី​អ្វីៗ​ទាំង​អស់​ដែល​បាន​កើត​ឡើង​ដល់​ពួក​គេ ហើយ​ឪពុក​គាត់​បាន​អរ​រីករាយ ព្រោះ​លោក​ដឹង​ថា នោះ​គឺជា​ព្រះ​ចេស្ដា​នៃ​ព្រះ។

២១ហើយ​លោក​បាន​ចាត់​ឲ្យ​ពួក​បណ្ដាជន​ប្រមូល​គ្នា​មក ដើម្បី​គេ​អាច​ធ្វើ​ជា​សាក្សី​ចំពោះ​អ្វីៗ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ​ដល់​កូន​ប្រុស​លោក ហើយ​ព្រម​ទាំង​ធ្វើ​ដល់​ពួក​ជន ដែល​នៅ​ជាមួយ​នឹង​កូន​លោក​ផង។

២២ហើយ​លោក​បាន​ចាត់​ឲ្យ​ពួក​សង្ឃ​ប្រជុំ​គ្នា ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​តម​អាហារ ហើយ​អធិស្ឋាន​ទៅ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ សូម​ឲ្យ​ទ្រង់​បើក​មាត់​អាលម៉ា ដើម្បី​ឲ្យ​គាត់​អាច​និយាយ​បាន​វិញ ហើយ​ក៏​សូម​ឲ្យ​ដៃ​ជើង​របស់​គាត់ អាច​បាន​កម្លាំង​ឡើង​វិញ​ផង — ដើម្បី​ឲ្យ​ភ្នែក​របស់​មនុស្ស​អាច​បាន​បើក​ឃើញ ហើយ​ដឹង​នូវ​សេចក្ដី​ល្អ​សប្បុរស និង​សិរី​ល្អ​នៃ​ព្រះ។

២៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ពួក​គេ​បាន​តម​អាហារ ហើយ​បាន​អធិស្ឋាន​អស់​រយៈ​ពេល​ពីរ​ថ្ងៃ និង​ពីរ​យប់​មក​ហើយ នោះ​ស្រាប់​តែ​ដៃ​ជើង​របស់​អាលម៉ា ក៏​មាន​កម្លាំង​ឡើង​វិញ ហើយ​គាត់​បាន​ក្រោក​ឈរ​ឡើង ហើយ​បាន​ចាប់​ផ្ដើម​និយាយ​ទៅ​កាន់​ពួក​គេ សូម​ឲ្យ​ពួក​គេ​បាន​ក្សាន្ត​ចិត្ត​ទៅ ៖

២៤ត្បិត​គាត់​បាន​និយាយ​ថា ខ្ញុំ​បាន​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្ញុំ​ហើយ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រោស​លោះ​ខ្ញុំ​ហើយ មើល​ចុះ ខ្ញុំ​បាន​កើត​មក​ពី​ព្រះ​វិញ្ញាណ។

២៥ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ ចូរ​កុំ​ស្ញប់​ស្ញែង​ថា មនុស្ស​លោក​ទាំង​អស់ មែន​ហើយ ទាំង​ប្រុស​ទាំង​ស្រី គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន ត្រូវ​តែ​កើត​ម្ដង​ទៀត​ឡើយ មែន​ហើយ គឺ​កើត​មក​ពី​ព្រះ ផ្លាស់​ប្រែ​ពី​ស្ថានភាព​ខាង​រូប​កាយ និង​ខាង​ការ​ធ្លាក់​ទៅ​កាន់​ស្ថានភាព​នៃ​សេចក្ដី​សុចរិត​វិញ ដោយ​បាន​ព្រះ​ទ្រង់​ប្រោស​លោះ នោះ​នឹង​ក្លាយ​ទៅ​ជា​បុត្រា​បុត្រី​របស់​ទ្រង់

២៦ម្ល៉ោះ​ហើយ ពួក​គេ​ក្លាយ​ទៅ​ជា​សត្វ​លោក​ថ្មី ហើយ​លើក​លែងតែ​ពួក​គេ​ធ្វើ​យ៉ាង​នេះ នោះ​ពួក​គេ​ពុំ​អាច​គ្រង​នគរ​ព្រះ​ទុកជា​មរតក​បាន​ឡើយ។

២៧ខ្ញុំ​សូម​ប្រាប់​អ្នក​ថា លើក​លែងតែ​ដោយ​ករណី​យ​នេះ​ហើយ បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ត្រូវ​បោះបង់​ចោល ហើយ​ការណ៍​នេះ​ខ្ញុំ​ដឹង ពី​ព្រោះ​ខ្ញុំ​ហៀប​នឹង​ត្រូវ​បោះបង់​ចោល។

២៨ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គឺ​បន្ទាប់​ពី​បាន​ឆ្លងកាត់​ការ​វេទនា​ជា​ច្រើន បាន​ប្រែ​ចិត្ត​នៅ​ពេល​ជិត​ស្លាប់ នោះ​នៅ​ក្នុង​សេចក្ដី​មេត្តា​ករុណា ព្រះ​អម្ចាស់​ទ្រង់​បាន​ទត​ឃើញ​ថា ល្មម​ទាញ​យក​ខ្ញុំ​ចេញ​ពី​ការ​ឆេះ​ដ៏​អស់​កល្ប​ជានិច្ច ហើយ​ខ្ញុំ​បាន​កើត​មក​ពី​ព្រះ។

២៩ព្រលឹង​ខ្ញុំ​ត្រូវ​បាន​ប្រោស​លោះ​ចេញ​ពី​ប្រ​ម៉ាត់​ល្វីង​ជូរចត់ និង​ចំណង​ទាំង​ឡាយ​នៃ​អំពើ​ទុច្ចរិត។ ខ្ញុំ​បាន​នៅ​ក្នុង​ជ្រោះ​ជ្រៅ​ងងឹត ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​ឃើញ​ពន្លឺ​ដ៏​អស្ចារ្យ​នៃ​ព្រះ​ហើយ។ ព្រលឹង​ខ្ញុំ​ត្រូវ​បាន​ញាំញី​ដោយ​សេចក្ដី​ទុក្ខ​វេទនា​ដ៏​អស់​កល្ប​ជានិច្ច ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​ត្រូវ​បាន​ទាញ​ចេញ​មក​ហើយ ហើយ​ព្រលឹង​ខ្ញុំ​ពុំ​ឈឺ​ចាប់​ទៀត​ទេ។

៣០ខ្ញុំ​មិន​បាន​ទទួល​ស្គាល់​ព្រះ​ប្រោស​លោះ​របស់​ខ្ញុំ​ទេ ហើយ​បាន​បដិសេធ​នូវ​អ្វីៗ ដែល​ពួក​អយ្យកោ​ខ្ញុំ​បាន​និយាយ ប៉ុន្តែ​ឥឡូវ​នេះ ដើម្បី​ឲ្យ​ពួក​គេ​អាច​ឃើញ​ជាមុន​ថា ទ្រង់​នឹង​យាង​មក ហើយ​ថា ទ្រង់​នៅ​នឹក​ចាំ​ដល់​គ្រប់​សត្វ​លោក ដែល​ទ្រង់​បាន​បង្កើត​មក នោះ​ទ្រង់​នឹង​សម្ដែង​រូបអង្គ​ទ្រង់​ដល់​មនុស្ស​ទាំង​អស់។

៣១មែន​ហើយ គ្រប់​ជង្គង់​នឹង​លុត​ចុះ ហើយ​គ្រប់​អណ្ដាត​នឹង​ទទួល​ថ្លែង​ប្រាប់​នៅ​ចំពោះ​ទ្រង់។ មែន​ហើយ គឺ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ក្នុង​កាល​មនុស្ស​ទាំង​អស់​នឹង​ឈរ​ដើម្បី​ទទួល​ការ​ជំនុំ​ជំរះ​ពី​ទ្រង់ ពេល​នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ទ្រង់​គឺជា​ព្រះ ពេល​នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់ គឺ​ពួក​អ្នក​ដែល​រស់​ដោយ​គ្មាន​ព្រះ​ក្នុង​លោកិយ​នេះ​ថា ការ​ជំនុំ​ជំរះ​នៃ​ទោស​ដ៏​អស់​កល្ប​ជានិច្ច គឺ​ត្រឹម​ត្រូវ​ចំពោះ​គេ​ហើយ ហើយ​ពួក​គេ​នឹង​ញាក់ ហើយ​ញ័រ ហើយ​រួញ​នៅ​ក្រោម​ព្រះ​នេត្រ​របស់​ទ្រង់ ដែល​ទត​ឃើញ​របស់​សព្វ​សារពើ។

៣២ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា អាលម៉ា​បាន​ចាប់​ផ្ដើម​បង្រៀន​ប្រជាជន ចាប់​ពី​ពេល​នេះ​ត​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​ជាមួយ​នឹង​អាលម៉ា កាល​ទេវតា​បាន​លេច​ខ្លួន​ឲ្យ​គេ​ឃើញ​នោះ​ផង បាន​ធ្វើ​ដំណើរ​ពាស​ពេញ​ដែនដី បាន​ប្រកាស​ប្រាប់​ដល់​ប្រជា​ជន​ទាំង​អស់​នូវ​រឿង​ទាំង​ឡាយ ដែល​គេ​បាន​ឮ ហើយ​បាន​ឃើញ​មក ហើយ​បាន​ផ្សាយ​អំពី​ព្រះ​បន្ទូល​នៃ​ព្រះ ដោយ​សេចក្ដី​វេទនា​ជា​ធ្ងន់ ត្រូវ​បាន​បៀតបៀន​យ៉ាង​ខ្លាំង​ពី​ពួក​អ្នក​ដែល​មិន​ជឿ គឺ​ត្រូវ​បាន​វាយ​ដំ​ដោយ​ពួក​នោះ​ជា​ច្រើន​នាក់។

៣៣ប៉ុន្តែ​ទោះ​ជា​មាន​ការណ៍​អស់​ទាំង​នេះ​ក្ដី គង់តែ​ពួក​គេ​បាន​នាំ​មក​នូវ​ការ​លួងលោម​ចិត្ត​យ៉ាង​ច្រើន​ដល់​សាសនាចក្រ​ដែរ ដោយ​បាន​បញ្ជាក់​នូវ​សេចក្ដី​ជំនឿ​របស់​គេ ហើយ​បាន​ទូន្មាន​ពួក​គេ​ដោយ​ការ​អត់ធ្មត់ និង​ការ​ឈឺ​ចាប់​ដ៏​ច្រើន​ឲ្យ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ។

៣៤ហើយ​ពួក​គេ​បួន​នាក់ គឺជា​ពួក​បុត្រា​នៃ​ម៉ូសាយ ហើយ​គេ​មាន​នាម​ថា អាំម៉ូន និង​អើរ៉ុន និង​អោមណើរ និង​ហិមណៃ នេះ​ហើយ​គឺ​ជា​នាម​របស់​ពួក​បុត្រា​នៃ​ម៉ូសាយ។

៣៥ហើយ​ពួក​គេ​បាន​ធ្វើ​ដំណើរ​ទូ​ទៅ​អស់​ទាំង​ដែនដី​សារ៉ាហិមឡា និង​នៅ​ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់ ដែល​នៅ​ក្រោម​រាជ្យ​នៃ​ស្ដេច​ម៉ូសាយ បាន​ខំ​ប្រឹង​យ៉ាង​អស់​ពី​ចិត្ត ដើម្បី​ជួសជុល​នូវ​ការ​ខូចខាត​ទាំង​អស់ ដែល​ពួក​គេ​បាន​ធ្វើ​ដល់​សាសនាចក្រ បាន​សារ​ភាព​នូវ​អំពើ​បាប​ទាំង​អស់​របស់​គេ ហើយ​បាន​ផ្សាយ​ប្រាប់​អំពី​រឿង​ទាំង​អស់​ដែល​គេ​បាន​ឃើញ ហើយ​បាន​ពន្យល់​ពាក្យ​ព្យាករណ៍ និង​បទគម្ពីរ​ទាំង​ឡាយ​ដល់​អស់​អ្នក​ណា​ដែល​មាន​បំណង​ចង់​ស្ដាប់​តាម​គេ។

៣៦ម្ល៉ោះ​ហើយ ពួក​គេ​បាន​ទៅ​ជា​គ្រឿង​ឧបករណ៍​ទាំង​ឡាយ​នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ​ក្នុង​ការ​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ស្គាល់​សេចក្ដី​ពិត មែន​ហើយ ឲ្យ​ស្គាល់​ព្រះ​ដ៏​ប្រោស​លោះ​របស់​គេ។

៣៧ហើយ​ពួក​គេ​ពិតជា​បាន​ពរ​ណាស់​ហ្ន៎! ព្រោះ​ពួក​គេ​បាន​ផ្សាយ​សេចក្ដី​សុខសាន្ត ពួក​គេ​បាន​ផ្សាយដំណឹង​ល្អ​នៃ​សេចក្ដី​ល្អ ហើយ​ពួក​គេ​បាន​ប្រកាស​ប្រាប់​ប្រជាជន​ថា ព្រះ​អម្ចាស់​ទ្រង់​សោយរាជ្យ៕