កណ្ឌទី ១២២
ព្រះបន្ទូលនៃព្រះអម្ចាស់ទៅកាន់ យ៉ូសែប ស៊្មីធ ជាព្យាការី កាលលោកជាប់នៅក្នុងគុក នៅក្រុងលិបើទី រដ្ឋមិសសួរី ខែមីនា ឆ្នាំ១៨៣៩ (History of the Church, ៣:៣០០–៣០១)។
១–៤, នៅគ្រប់ចុងផែនដីនឹងសាកសួរអំពីឈ្មោះនៃយ៉ូសែប ស៊្មីធ; ៥–៧, អស់ទាំងគ្រោះ និងការលំបាកទាំងឡាយរបស់លោក នោះនឹងផ្ដល់ការពិសោធន៍ដល់លោក ហើយទៅជាសេចក្ដីល្អដល់លោកទៅវិញ; ៨–៩, កូនមនុស្សបានចុះទាបជាងការណ៍ទាំងនោះ។
១នៅគ្រប់ចុងផែនដីនឹងសាកសួរអំពីឈ្មោះរបស់អ្នក ហើយពួកល្ងង់ខ្លៅនឹងសើចចំអកអ្នក ហើយស្ថាននរកខ្ញាល់ទាស់នឹងអ្នក
២ក្នុងកាលអ្នកមានចិត្តបរិសុទ្ធ និងអ្នកមានប្រាជ្ញា និងអ្នកដែលមានត្រកូលខ្ពស់ និងអ្នកដែលមានគុណធម៌ នោះនឹងស្វែងរកដំបូន្មាន និងសិទ្ធិអំណាច និងព្រះពរទាំងឡាយជារៀងរហូតពីក្រោមដៃអ្នក។
៣ហើយប្រជាជនរបស់អ្នកនឹងមិនដែលបែរទៅជាទាស់នឹងអ្នក ដោយសារទីបន្ទាល់នៃពួកក្បត់ឡើយ។
៤ហើយទោះបីឥទ្ធិពលរបស់ពួកគេនឹងបោះបង់អ្នកទៅក្នុងចលាចល និងទៅក្នុងរបង និងកំផែងគុកក៏ដោយ គង់តែអ្នកនឹងបានកិត្តិយសដែរ ហើយគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ ហើយសំឡេងអ្នកនឹងទៅជាស្ញែងខ្លាចជាងសិង្ហសាហាវទៅទៀត នៅកណ្ដាលពួកខ្មាំងសត្រូវនៃអ្នក ពីព្រោះតែសេចក្ដីសុចរិតរបស់អ្នក ហើយព្រះរបស់អ្នកនឹងឈរនៅក្បែរអ្នកជារៀងដរាបតទៅ។
៥បើសិនជាអ្នកត្រូវបានហៅឲ្យឆ្លងកាត់សេចក្ដីវេទនា បើសិនជាអ្នកមានគ្រោះ នៅក្នុងចំណោមពួកបងប្អូនអ្នកក្នុងសាសនា បើសិនជាអ្នកមានគ្រោះនៅក្នុងចំណោមពួកចោរប្លន់ បើសិនជាអ្នកមានគ្រោះ ដោយដី ឬដោយទឹក
៦បើសិនជាអ្នកត្រូវគេចោទដោយការចោទក្លែងក្លាយគ្រប់បែបយ៉ាង បើសិនជាពួកខ្មាំងសត្រូវរបស់អ្នកសង្កត់មកលើអ្នក បើសិនជា ពួកគេបំបាក់បំបែកអ្នកចេញពីសមាគមនៃឪពុក និងម្ដាយ និងបងប្អូនប្រុសស្រីរបស់អ្នក ហើយបើសិនជាពួកខ្មាំងសត្រូវរបស់អ្នកបំបាក់ បំបែកអ្នកដោយដាវចេញពីឱរានៃប្រពន្ធអ្នក និងពីកូនចៅអ្នក ហើយពីកូនច្បងបង្អស់របស់អ្នក ទោះជាមានអាយុតែប្រាំមួយឆ្នាំគត់ក្ដី គឺវានឹងតោងខោអាវអ្នកជាប់ ហើយនឹងវាចាថា ៖ លោកឪពុក លោកឪពុក ម៉េចក៏ពុកមិននៅជាមួយយើង? ឱលោកឪពុកអើយ តើមនុស្សទាំងឡាយ គេនឹងធ្វើអ្វីដល់ពុក? ហើយបើសិនជាវាត្រូវគេគ្រវែងចេញពីអ្នកដោយដាវ ហើយអ្នកត្រូវគេអូសទៅដាក់គុក ហើយពួកខ្មាំងសត្រូវរបស់អ្នកដើរក្រវែលជុំវិញអ្នក ដូចជាចចកធុំឈាមនៃកូនចៀមក្ដី
៧ហើយបើសិនជាអ្នកត្រូវបានបោះទៅក្នុងរណ្ដៅ ឬទៅក្នុងកណ្ដាប់ដៃនៃពួកឃាតករ ហើយអ្នកត្រូវគេកាត់ទោសដល់ស្លាប់ បើសិនជាអ្នកបោះទៅក្នុងជម្រៅ បើសិនជាទឹករលកបោកបាចទាស់នឹងអ្នក បើសិនជាខ្យល់កួចត្រឡប់ជាខ្មាំងសត្រូវដល់អ្នក បើសិនជាផ្ទៃមេឃទៅជាងងឹតឈឹង ហើយអស់ទាំងធនធាតុប្រមូលគ្នារារាំងផ្លូវ ហើយទោះបីលើសជាងអ្វីៗទាំងអស់ បើសិនជាចង្ការមាត់នៃស្ថាននរកនឹងហារត្របាក់អ្នកក្ដី បុត្រយើងអើយ ចូរអ្នកដឹងថា គ្រប់ការណ៍ទាំងនេះ នឹងផ្ដល់ការពិសោធន៍ដល់អ្នក ហើយនឹងទៅជាការល្អដល់អ្នកទៅវិញ។
៨កូនមនុស្សបានចុះទាបជាងការណ៍ទាំងនោះទៅទៀត។ តើអ្នកធំជាងទ្រង់ឬអី?
៩ហេតុដូច្នេះហើយ កូនកាន់ផ្លូវឲ្យខ្ជាប់ ហើយបព្វជិតភាពនឹងនៅជាមួយអ្នក ត្បិតកម្រិតទាំងឡាយរបស់ពួកគេត្រូវបានចាត់ទុក ពួកគេពុំអាចបង្ហួសបានឡើយ។ ថ្ងៃរបស់អ្នកត្រូវបានរាប់ទុក ហើយឆ្នាំរបស់អ្នកមិនត្រូវបានរាប់ទុកជាតិចឡើយ ហេតុដូច្នេះហើយ ចូរកុំខ្លាចនូវអ្វី ដែលមនុស្សអាចប្រព្រឹត្តនោះឡើយ ត្បិតព្រះទ្រង់នឹងគង់នៅជាមួយអ្នក ជារៀងដរាបតទៅ៕