កណ្ឌទី ១៥
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈយ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះយ៉ូហាន វិតមើរ នៅភូមិហ្វាយែត រដ្ឋញូវយ៉ក ខែមិថុនា ឆ្នាំ១៨២៩ (History of the Church, ១:៥០)។ (សូមមើលផងដែរចំណងជើងនៃកណ្ឌទី ១៤)។ សារនេះមានភាពស្និទ្ធស្នាល ជិតដិតយ៉ាងសម្បើម ពីព្រោះព្រះអម្ចាស់ ទ្រង់ប្រាប់អំពីអ្វីៗដែលមានតែយ៉ូហាន និងព្រះអង្គប៉ុណ្ណោះដែលដឹង។ ក្រោយមក យ៉ូហាន វិតមើរ បានក្លាយទៅជាសាក្សីម្នាក់ក្នុងចំណោមសាក្សីប្រាំបីនាក់អំពីព្រះគម្ពីរមរមន។
១–២, ព្រះពាហុរបស់ព្រះអម្ចាស់នៅលើអស់ទាំងផែនដី; ៣–៦, ដើម្បីផ្សាយដំណឹងល្អ និងសង្គ្រោះព្រលឹងទាំងឡាយ គឺជាការណ៍ដ៏មានតម្លៃបំផុត។
១ចូរស្ដាប់ យ៉ូហាន ជាអ្នកបម្រើរបស់យើងអើយ ហើយស្ដាប់តាមព្រះបន្ទូលទាំងឡាយនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់អ្នក និងព្រះដ៏ប្រោសលោះរបស់អ្នកចុះ។
២ត្បិតមើលចុះ យើងមានបន្ទូលមកកាន់អ្នក ដោយមុតមាំ និងដោយអំណាច ត្បិតពាហុរបស់យើងនៅលើអស់ទាំងផែនដី។
៣ហើយយើងនឹងប្រាប់អ្នកថា គ្មានមនុស្សណាដឹងឡើយ លើកលែងតែយើង និងអ្នកប៉ុណ្ណោះ —
៤ត្បិតមានគ្រាជាច្រើន ដែលអ្នកបានប្រាថ្នាពីយើង សូមចង់ដឹងនូវអ្វីដែលមានតម្លៃបំផុតចំពោះអ្នក។
៥មើលចុះ អ្នកមានពរហើយ ចំពោះការណ៍នេះ ហើយចំពោះការនិយាយប្រាប់ព្រះបន្ទូលរបស់យើង ដែលយើងបានប្រទានដល់អ្នក ស្របតាមព្រះបញ្ញត្តិទាំងឡាយរបស់យើង។
៦ហើយឥឡូវនេះ មើលចុះ យើងមានបន្ទូលមកកាន់អ្នកថា ការណ៍ដែលនឹងមានតម្លៃបំផុតចំពោះអ្នក គឺដើម្បីផ្សាយប្រាប់ពីការប្រែចិត្តដល់ប្រជាជននេះ ដើម្បីឲ្យអ្នកអាចនាំព្រលឹងទាំងឡាយមករកយើង ដើម្បីឲ្យអ្នកអាចសម្រាកជាមួយពួកគេនៅក្នុងនគរនៃព្រះវរបិតា របស់យើង។ អាម៉ែន៕