កណ្ឌទី ៤៤
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី និងស៊ីឌនី រិកដុន នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ចុងខែកុម្ភៈ ឆ្នាំ១៨៣១ (History of the Church, ១:១៥៧)។ ដើម្បីគោរពតាមសេចក្ដីត្រូវការដែលបានថ្លែងប្រាប់នៅក្នុងវិវរណៈនេះ សាសនាចក្រកំណត់ឲ្យមានសន្និសីទមួយនៅដើមខែមិថុនាខាងមុខ។
១–៣, ពួកអែលឌើរត្រូវជួបជុំគ្នានៅឯសន្និសីទ; ៤–៦, ពួកគេត្រូវរៀបចំតាមច្បាប់នៃប្រទេស ហើយត្រូវថែរក្សាមនុស្សទាល់ក្រ។
១មើលចុះ ព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលដល់អ្នករាល់គ្នា ជាពួកអ្នកបម្រើរបស់យើង យ៉ាងដូច្នេះថា ជាការចាំបាច់ដល់យើង ដែលពួកអែលឌើរនៃសាសនាចក្ររបស់យើង គួរត្រូវបានហៅឲ្យមកជួបជុំគ្នាពីទិសខាងកើត និងពីទិសខាងលិច និងពីទិសខាងជើង និងពីទិស ខាងត្បូង ដោយសំបុត្រ ឬដោយពិធីផ្សេងណាមួយ។
២ហើយហេតុការណ៍នឹងកើតឡើងថា ដរាបណាពួកគេមានចិត្តស្មោះត្រង់ ហើយអនុវត្តសេចក្ដីជំនឿជឿដល់យើង នោះយើងនឹងចាក់ព្រះវិញ្ញាណរបស់យើងមកលើពួកគេនៅក្នុងថ្ងៃដែលពួកគេជួបជុំជាមួយគ្នា។
៣ហើយហេតុការណ៍នឹងកើតឡើងថា ពួកគេនឹងចេញទៅក្នុងភូមិភាគជុំវិញ ហើយផ្សាយប្រាប់ពីការប្រែចិត្តដល់ប្រជាជន។
៤ហើយមនុស្សជាច្រើននឹងបានប្រែចិត្តជឿ ដរាបដល់អ្នករាល់គ្នានឹងបានអំណាចដើម្បីរៀបចំខ្លួន តាមច្បាប់មនុស្ស
៥ប្រយោជន៍កុំឲ្យពួកខ្មាំងសត្រូវរបស់អ្នកមានអំណាចលើអ្នកបានឡើយ ប្រយោជន៍ឲ្យអ្នកអាចបានរក្សាទុកឲ្យគង់វង្សក្នុងគ្រប់ការណ៍ទាំងអស់ ដើម្បីឲ្យអ្នកអាចកាន់តាមក្រឹត្យវិន័យទាំងឡាយរបស់យើង ប្រយោជន៍ឲ្យដាច់គ្រប់ទាំងចំណង់ដែលខ្មាំងសត្រូវស្វែងរកដើម្បីបំផ្លាញរាស្ត្រយើងចោល។
៦មើលចុះ យើងប្រាប់អ្នកថា អ្នករាល់គ្នាត្រូវទៅសួរសុខទុក្ខដល់មនុស្សទាល់ក្រ និងមនុស្សកម្សត់ទុគ៌ត ហើយជួយឧបត្ថម្ភដល់ការរំដោះពួកគេផង ដើម្បីឲ្យពួកគេអាចបានថែទាំទុក រហូតដល់គ្រប់ការណ៍ទាំងអស់បានសម្រេច តាមក្រឹត្យវិន័យរបស់យើង ដែលអ្នករាល់ គ្នាបានទទួលមក។ អាម៉ែន៕