កណ្ឌទី ៦២
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅច្រាំងទន្លេមិសសួរី ភូមិឆារីតុន រដ្ឋមិសសួរី ថ្ងៃទី១៣ ខែសីហា ឆ្នាំ១៨៣១ (History of the Church, ១:២០៥–២០៦)។ នៅថ្ងៃនេះ ព្យាការី និងក្រុមលោក ជាពួកអ្នកដែលធ្វើដំណើរពីក្រុងអ៊ិនឌីប៉ែនដែនស៍ ទៅក្រុងខឺតឡង់ បានជួបនឹងពួកអែលឌើរមួយចំនួន ដែលធ្វើដំណើរទៅដែនដីស៊ីយ៉ូន ហើយបន្ទាប់ពីបានជម្រាបសួរគ្នាដោយសេចក្ដីអំណររួចហើយ ទើបបានទទួលវិវរណៈនេះ។
១–៣, ទីបន្ទាល់ទាំងឡាយត្រូវបានកត់ទុកនៅលើស្ថានសួគ៌; ៤–៩, ពួកអែលឌើរត្រូវធ្វើដំណើរ ហើយផ្សាយតាមការវិនិច្ឆ័យ និងដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ។
១មើលចុះ ហើយចូរប្រុងស្ដាប់ ឱអ្នករាល់គ្នាជាពួកអែលឌើរនៃសាសនាចក្ររបស់យើងអើយ ព្រះអម្ចាស់ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ គឺជាព្រះគ្រីស្ទ ជាព្រះគាំទ្ររបស់អ្នក ដែលជ្រាបនូវសេចក្ដីកម្សោយនៃមនុស្ស និងចេះជួយពួកគេដែលត្រូវល្បួង។
២ហើយប្រាកដមែន ព្រះនេត្ររបស់យើងទតមកលើពួកអ្នក ដែលពុំទាន់បានឡើងទៅឯដែនដីស៊ីយ៉ូននៅឡើយ ហេតុដូច្នោះហើយ បេសកកម្មរបស់អ្នកពុំទាន់បានសម្រេចនៅឡើយទេ។
៣ទោះជាយ៉ាងណាក៏ដោយ អ្នករាល់គ្នាត្រូវបានពរ ត្បិតទីបន្ទាល់ដែលអ្នករាល់គ្នាបានថ្លែង នោះត្រូវបានកត់ទុកនៅលើស្ថានសួគ៌សម្រាប់ទុកឲ្យពួកទេវតាមើល ហើយពួកគេមានចិត្តត្រេកអរមកលើអ្នក ហើយអំពើបាបទាំងឡាយរបស់អ្នក ត្រូវបានអត់ទោសឲ្យហើយ។
៤ហើយឥឡូវនេះ ចូរធ្វើដំណើររបស់អ្នកតទៅទៀត។ ចូរប្រមូលគ្នីគ្នាមកលើដែនដីស៊ីយ៉ូន ហើយចូរមានការប្រជុំ និងមានចិត្តត្រេកអរជុំគ្នា ហើយចូរថ្វាយសាក្រាម៉ង់ដល់ព្រះដ៏ខ្ពស់បំផុតចុះ។
៥ហើយខណៈនោះ អ្នកអាចវិលទៅថ្លែងទីបន្ទាល់ មែនហើយ គឺជុំព្រមគ្នា ឬពីរៗនាក់ ដូចដែលឃើញថាល្អដល់អ្នកចុះ វាមិនសំខាន់ដល់យើងឡើយ គ្រាន់តែមានចិត្តស្មោះត្រង់ ហើយប្រកាសពីដំណឹងដ៏រីករាយប្រាប់ដល់បណ្ដាជននៅលើផែនដី ឬនៅក្នុងចំណោមក្រុមជំនុំទាំងឡាយនៃពួកទុច្ចរិតប៉ុណ្ណោះ។
៦មើលចុះ យើងជាព្រះអម្ចាស់ បាននាំអ្នកមកជួបជុំគ្នា ប្រយោជន៍ឲ្យសេចក្ដីសន្យាអាចបានសម្រេច ដើម្បីឲ្យពួកស្មោះត្រង់នៅក្នុងចំណោមអ្នកអាចបានរក្សាទុកឲ្យគង់វង់ ហើយមានចិត្តត្រេកអរជុំគ្នា នៅឯដែនដីមិសសួរី។ យើងជាព្រះអម្ចាស់សន្យាដល់ពួកស្មោះត្រង់ ហើយមិនអាចកុហកបានឡើយ។
៧យើងជាព្រះអម្ចាស់យល់ព្រម បើសិនជាមាននរណាមួយនៅក្នុងចំណោមអ្នក មានប្រាថ្នាចង់ជិះលើសេះ ឬលើលា ឬលើរទេះទាំងឡាយ អ្នកនោះនឹងបានទទួលព្រះពរនេះហើយ បើសិនជាអ្នកនោះទទួលពរពីព្រះហស្តនៃព្រះអម្ចាស់ដោយមានចិត្តអរគុណក្នុងគ្រប់ការណ៍ទាំងអស់។
៨ការណ៍ទាំងនេះនៅជាមួយអ្នកដើម្បីប្រព្រឹត្តតាមការវិនិច្ឆ័យ និងតាមការដឹកនាំពីព្រះវិញ្ញាណ។
៩មើលចុះ នគរជារបស់ផងអ្នកហើយ។ ហើយមើលចុះ និងមើលន៏ យើងគង់នៅជាមួយពួកស្មោះត្រង់ជានិច្ច។ គឺដូច្នោះមែន។ អាម៉ែន៕