កណ្ឌទី ៨១
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅភូមិហៃរាំ រដ្ឋអូហៃអូ ខែមីនា ឆ្នាំ១៨៣២ (History of the Church, ១:២៥៧–២៥៨)។ ហ្វ្រែឌើរិក ជី វិលលាម្ស ត្រូវបានហៅឲ្យធ្វើជាសង្ឃជាន់ខ្ពស់ ហើយជាទីប្រឹក្សានៅក្នុងគណៈប្រធាន នៃបព្វជិតភាពជាន់ខ្ពស់។ បញ្ជីខាងប្រវត្តិបង្ហាញថា កាលបានទទួលវិវរណៈនេះ នៅខែមីនា ឆ្នាំ១៨៣២ នោះ អ៊ីសាយ កស ត្រូវបានហៅឲ្យកាន់តំណែងជាទីប្រឹក្សាដល់ យ៉ូសែប ស៊្មីធ នៅក្នុងគណៈប្រធាន។ ប៉ុន្តែកាលគាត់មិនអាចធ្វើតទៅទៀតនៅក្នុងរបៀបដែលសមរម្យទៅនឹងការតែងតាំងនេះ ម្ល៉ោះហើយ ទើបការហៅនេះត្រូវបានប្ដូរទៅឲ្យ ហ្វ្រែឌើរិក ជី វិលលាម្ស។ វិវរណៈ (ចុះនៅខែ មីនា ឆ្នាំ១៨៣២) ត្រូវបានរាប់ថាជាជំហានឆ្ពោះទៅរកការរៀបចំតាមផ្លូវការ នៃគណៈប្រធានទីមួយ ជាពិសេស ការហៅនូវតំណែងនៃទីប្រឹក្សានៅក្នុងគណៈនោះ និងការពន្យល់នូវការថ្លៃថ្នូរអំពីការតែងតាំង។ បងប្រុស កស បានបម្រើមួយរយៈ ប៉ុន្តែបានកាត់ចេញពីសាសនា នៅខែធ្នូ ឆ្នាំ១៨៣២។ បងប្រុស វិលលាម្ស ត្រូវបានតែងតាំងចំពោះតំណែងនេះ នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ១៨៣៣។
១–២, កូនសោទាំងឡាយនៃនគរត្រូវកាន់ដោយគណៈប្រធានទីមួយរហូត; ៣–៧, បើសិនជា ហ្វ្រែឌើរិក ជី វិលលាម្ស មានចិត្តស្មោះត្រង់ នោះគាត់នឹងបានជីវិតដ៏នៅអស់កល្បជានិច្ច។
១ប្រាកដមែន យើងប្រាប់ដល់អ្នក គឺហ្វ្រែឌើរិក ជី វិលលាម្ស ជាអ្នកបម្រើរបស់យើងជាប្រាកដថា ៖ ចូរស្ដាប់តាមសំឡេងនៃអ្នកដែលមានព្រះបន្ទូល គឺតាមព្រះបន្ទូលនៃព្រះអម្ចាស់ ជាព្រះរបស់អ្នកចុះ ហើយចូរប្រុងស្ដាប់តាមការហៅ ដែលអ្នកត្រូវបានហៅឲ្យកាន់ គឺឲ្យធ្វើជាសង្ឃជាន់ខ្ពស់នៅក្នុងសាសនាចក្ររបស់យើង ហើយជាទីប្រឹក្សាដល់ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើងចុះ
២ជាអ្នកដែលយើងបានប្រទានឲ្យកូនសោទាំងឡាយនៃនគរ ដែលត្រូវជារបស់ផងគណៈប្រធាននៃបព្វជិតភាពជាន់ខ្ពស់រហូត ៖
៣ហេតុដូច្នោះហើយ យើងទទួលស្គាល់គាត់ជាប្រាកដ ហើយនឹងប្រទានពរដល់គាត់ និងដល់អ្នកដែរ ដរាបណាអ្នកមានចិត្តស្មោះត្រង់នៅក្នុងការទូន្មាននៅក្នុងតំណែងដែលយើងបានតែងតាំងដល់អ្នក នៅក្នុងការអធិស្ឋានរហូត ដោយចេញសំឡេង និងទាំងនៅក្នុងចិត្តអ្នក នៅទីសាធារណៈ និងទាំងនៅទីសម្ងាត់ ហើយព្រមទាំងនៅក្នុងការងារបម្រើរបស់អ្នកខាងការប្រកាសប្រាប់ពីដំណឹងល្អនៅក្នុងដែនដីនៃមនុស្សរស់ និងនៅក្នុងចំណោមបងប្អូនទាំងឡាយរបស់អ្នកដែរ។
៤ហើយនៅក្នុងការប្រព្រឹត្តអ្វីៗទាំងនេះ នោះអ្នកនឹងប្រព្រឹត្តល្អបំផុតចំពោះមនុស្សទូទៅ ហើយនឹងតម្កើងសិរីល្អដល់ព្រះអង្គ ដែលជាព្រះអម្ចាស់របស់អ្នក។
៥ហេតុដូច្នោះហើយ ចូរមានចិត្តស្មោះត្រង់ចុះ ចូរឈរនៅក្នុងតំណែងដែលយើងបានតែងតាំងដល់អ្នក ចូរជួយអ្នកទន់ខ្សោយ ចូរលើកដៃដែលរោយ ហើយចូរចម្រើនកម្លាំងដល់ក្បាលជង្គង់ដែលញ័រផង។
៦ហើយបើសិនជាអ្នកមានចិត្តស្មោះត្រង់ដល់ចុងបំផុត នោះអ្នកនឹងបានមកុដនៃអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុងវិមានទាំងឡាយ ដែលយើងបានរៀបចំទុកនៅក្នុងដំណាក់នៃព្រះវរបិតារបស់យើង។
៧មើលចុះ និងមើលន៏ នេះហើយជាព្រះបន្ទូលទាំងឡាយនៃអាលផា និងអូមេកា គឺជាព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន៕