កណ្ឌទី ៨៣
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៨៣២ (History of the Church, ១:២៦៩–២៧០)។ វិវរណៈនេះត្រូវបានទទួលក្នុងកាលព្យាការីកំពុងអង្គុយប្រឹក្សាជាមួយពួកបងប្អូនប្រុសៗរបស់លោក ក្នុងសាសនា។
១–៤, ពួកស្ត្រី និងកូនក្មេងមានសិទ្ធិពឹងពាក់ទៅលើស្វាមី និងឪពុករបស់ពួកគេ សម្រាប់ការគាំទ្រជីវិតរបស់ពួកគេ; ៥–៦, ពួកស្រីមេម៉ាយ និងកូនកំព្រា មានសិទ្ធិពឹងពាក់ទៅលើសាសនាចក្រ សម្រាប់ការគាំទ្រជីវិតរបស់ពួកគេ។
១ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលបន្ថែមទៅនឹងក្រឹត្យវិន័យទាំងឡាយនៃសាសនាចក្រ អំពីពួកស្ត្រី និងកូនក្មេង ដែលជាសមាជិកចំពោះសាសនាចក្រ ដែលបានបាត់បង់ស្វាមី ឬឪពុករបស់ពួកគេដូច្នេះថា ៖
២ពួកស្ត្រីមានសិទ្ធិពឹងពាក់ទៅលើស្វាមីរបស់ខ្លួនសម្រាប់ការចិញ្ចឹមជីវិត រហូតដល់ស្វាមីរបស់ខ្លួនត្រូវបានយកទៅ ហើយបើសិនជាពួកគេពុំឃើញថាជាអ្នករំលងច្បាប់ទេ នោះពួកគេនឹងត្រូវបានទទួលការរាប់អាននៅក្នុងសាសនាចក្រ។
៣ហើយបើសិនជាពួកគេពុំស្មោះត្រង់ទេ នោះនឹងមិនត្រូវមានការរាប់អាន នៅក្នុងសាសនាចក្រឡើយ តែពួកគេអាចអាស្រ័យនៅលើទីនៃកេរមរតករបស់ពួកគេបាន តាមច្បាប់ទាំងឡាយនៃដែនដី។
៤គ្រប់កូនក្មេងទាំងអស់មានសិទ្ធិពឹងពាក់ទៅលើឪពុកម្ដាយរបស់ខ្លួន សម្រាប់ការចិញ្ចឹមជីវិតរហូតដល់ពួកគេមានអាយុគ្រប់។
៥ហើយបន្ទាប់ពីពេលនោះមក ពួកគេមានសិទ្ធិពឹងពាក់ទៅលើសាសនាចក្រ ឬម្យ៉ាងទៀត ទៅលើឃ្លាំងរបស់ព្រះអម្ចាស់ បើសិនជាឪពុកម្ដាយរបស់គេ គ្មានអ្វីនឹងឲ្យពួកគេទុកជាកេរមរតកឡើយនោះ។
៦ហើយឃ្លាំងត្រូវមានរបស់របរដោយនូវដង្វាយពីសាសនាចក្រ ហើយពួកស្រីមេម៉ាយ និងកូនកំព្រាត្រូវផ្គត់ផ្គង់ ព្រមទាំងមនុស្សទ័លក្រដែរ។ អាម៉ែន៕