ក.យ.ស., ម៉ាកុស ១៤:២០–២៥ (ចូរប្រៀបធៀបនឹងគម្ពីរម៉ាកុស ១៤:២២–២៥; ក.យ.ស., ម៉ាថាយ ២៦:២២, ២៤–២៥)
(ព្រះយេស៊ូវទ្រង់បានតាំងបុណ្យរំឭកឡើង)។
២០ហើយកាលគេកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំប៉័ង ហើយប្រទានពរដល់នំប៉័ងនោះ រួចកាច់ ហើយប្រទានទៅពួកគេ ហើយមានព្រះបន្ទូលថា ចូរយកបរិភោគចុះ។
២១មើលចុះ នេះគឺសម្រាប់ឲ្យអ្នកធ្វើក្នុងការនឹកចាំដល់រូបកាយខ្ញុំ ត្បិតដរាបណាអ្នករាល់គ្នាធ្វើការនេះដោយញឹកញាប់ នោះអ្នករាល់គ្នានឹងនឹកចាំដល់ពេលនេះ ដែលខ្ញុំកំពុងតែនៅជាមួយនឹងអ្នក។
២២ហើយទ្រង់ក៏យកពែង ហើយកាលទ្រង់បានអរព្រះគុណរួចហើយ នោះទ្រង់ប្រទានដល់ពួកគេ ហើយពួកគេបានផឹកពីពែងនោះទាំងអស់គ្នា។
២៣ហើយទ្រង់បានមានព្រះបន្ទូលទៅពួកគេថា នេះហើយជាការនឹកចាំដល់ឈាមខ្ញុំ ដែលបានច្រួចចេញសម្រាប់មនុស្សជាច្រើន ហើយជាសេចក្ដីសញ្ញាថ្មីដែលខ្ញុំឲ្យដល់អ្នក ត្បិតអ្នករាល់គ្នាត្រូវធ្វើទីបន្ទាល់អំពីខ្ញុំប្រាប់ដល់មនុស្សលោកទាំងអស់។
២៤ហើយដរាបណាអ្នករាល់គ្នាធ្វើពិធីនេះដោយញឹកញាប់ នោះអ្នករាល់គ្នានឹងនឹកចាំដល់ខ្ញុំ នៅពេលនេះដែលខ្ញុំនៅជាមួយនឹងអ្នក ហើយបានផឹកពីពែងនេះជាមួយនឹងអ្នក គឺជាពេលចុងក្រោយបង្អស់នៃការងារបម្រើរបស់ខ្ញុំ។
២៥ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នាត្រូវធ្វើទីបន្ទាល់អំពីការណ៍នេះ ត្បិតខ្ញុំនឹងមិនផឹងពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃនោះដែលខ្ញុំនឹងផឹកជាថ្មីនៅក្នុងនគរព្រះ។
ក.យ.ស., ម៉ាកុស ១៤:៣៦–៣៨ (ចូរប្រៀបធៀបនឹងគម្ពីរម៉ាកុស ១៤:៣២–៣៤)
(សូម្បីតែនៅឯសួនច្បារគែតសេម៉ានី ក៏មានពួក១២នាក់ខ្លះដែលមិនទាន់យល់ដោយច្បាស់លាស់ពីតួនាទីរបស់ព្រះយេស៊ូវ ថាជាព្រះមែស៊ីដែរ)។
៣៦ហើយពួកគេបានមកដល់កន្លែងមួយ ដែលហៅថា គែតសេម៉ានី ដែលជាសួនច្បារ ហើយពួកសិស្សបានចាប់ផ្ដើមមានចិត្តភាំងជាខ្លាំង ហើយតប់ប្រមល់ណាស់ ហើយចាប់ផ្ដើមវែកញែកក្នុងចិត្តគេ ដោយគិតថា តើនេះជាព្រះមែស៊ីឬអី។
៣៧ហើយព្រះយេស៊ូវ ទ្រង់ជ្រាបចិត្តគេ ក៏មានព្រះបន្ទូលទៅពួកសិស្សទ្រង់ថា ចូរអ្នករាល់គ្នាអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិស្ឋាន។
៣៨ហើយទ្រង់ក៏យកពេត្រុស និងយ៉ាកុប និងយ៉ូហាន ហើយបន្ទោសពួកគេ ហើយមានព្រះបន្ទូលទៅពួកគេថា ព្រលឹងខ្ញុំព្រួយជាខ្លាំង គឺសឹងតែនឹងស្លាប់ ចូរអ្នករាល់គ្នានៅទីនេះ ហើយចាំយាមចុះ។