ជំនួយ​ការសិក្សា
ក.យ.ស., ម៉ាកុស 14


ក.យ.ស., ម៉ាកុស ១៤:២០–២៥ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាកុស ១៤:២២–២៥; ក.យ.ស., ម៉ាថាយ ២៦:២២, ២៤–២៥)

(ព្រះ​យេស៊ូវ​ទ្រង់​បាន​តាំង​បុណ្យ​រំឭក​ឡើង)។

២០ហើយ​កាល​គេ​កំពុងតែ​បរិភោគ នោះ​ព្រះ​យេស៊ូវ​ទ្រង់​យក​នំប៉័ង ហើយ​ប្រទាន​ពរ​ដល់​នំប៉័ង​នោះ រួច​កាច់ ហើយ​ប្រទាន​ទៅ​ពួក​គេ ហើយ​មាន​ព្រះ​បន្ទូល​ថា ចូរ​យក​បរិភោគ​ចុះ។

២១មើល​ចុះ នេះ​គឺ​សម្រាប់​ឲ្យ​អ្នក​ធ្វើ​ក្នុង​ការ​នឹក​ចាំ​ដល់​រូប​កាយ​ខ្ញុំ ត្បិត​ដរាបណា​អ្នក​រាល់​គ្នា​ធ្វើ​ការ​នេះ​ដោយ​ញឹកញាប់ នោះ​អ្នក​រាល់​គ្នា​នឹង​នឹក​ចាំ​ដល់​ពេល​នេះ ដែល​ខ្ញុំ​កំពុងតែ​នៅ​ជាមួយ​នឹង​អ្នក។

២២ហើយ​ទ្រង់​ក៏​យក​ពែង ហើយ​កាល​ទ្រង់​បាន​អរ​ព្រះ​គុណ​រួច​ហើយ នោះ​ទ្រង់​ប្រទាន​ដល់​ពួក​គេ ហើយ​ពួក​គេ​បាន​ផឹក​ពី​ពែង​នោះ​ទាំង​អស់​គ្នា។

២៣ហើយ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា នេះ​ហើយ​ជា​ការ​នឹក​ចាំ​ដល់​ឈាម​ខ្ញុំ ដែល​បាន​ច្រួច​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន ហើយ​ជា​សេចក្ដី​សញ្ញា​ថ្មី​ដែល​ខ្ញុំ​ឲ្យ​ដល់​អ្នក ត្បិត​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ទី​បន្ទាល់​អំពី​ខ្ញុំ​ប្រាប់​ដល់​មនុស្ស​លោក​ទាំង​អស់។

២៤ហើយ​ដរាបណា​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​នេះ​ដោយ​ញឹកញាប់ នោះ​អ្នក​រាល់​គ្នា​នឹង​នឹក​ចាំ​ដល់​ខ្ញុំ នៅ​ពេល​នេះ​ដែល​ខ្ញុំ​នៅ​ជាមួយ​នឹង​អ្នក ហើយ​បាន​ផឹក​ពី​ពែង​នេះ​ជាមួយ​នឹង​អ្នក គឺជា​ពេល​ចុង​ក្រោយ​បង្អស់​នៃ​ការងារ​បម្រើ​របស់​ខ្ញុំ។

២៥ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ទី​បន្ទាល់​អំពី​ការណ៍​នេះ ត្បិត​ខ្ញុំ​នឹង​មិន​ផឹង​ពី​ផល​ផ្លែ​ទំពាំងបាយជូរ​ទៀត​ទេ ដរាប​ដល់​ថ្ងៃ​នោះ​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មីនៅ​ក្នុង​នគរ​ព្រះ។

ក.យ.ស., ម៉ាកុស ១៤:៣៦–៣៨ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាកុស ១៤:៣២–៣៤)

(សូម្បីតែ​នៅ​ឯ​សួនច្បារ​គែតសេម៉ានី ក៏​មាន​ពួក​១២​នាក់​ខ្លះ​ដែល​មិនទាន់​យល់​ដោយ​ច្បាស់លាស់​ពី​តួនាទី​របស់​ព្រះ​យេស៊ូវ ថា​ជា​ព្រះ​មែស៊ីដែរ)។

៣៦ហើយ​ពួក​គេ​បាន​មក​ដល់​កន្លែង​មួយ ដែល​ហៅថា គែតសេម៉ានី ដែល​ជា​សួនច្បារ ហើយ​ពួក​សិស្ស​បាន​ចាប់​ផ្ដើម​មាន​ចិត្ត​ភាំង​ជា​ខ្លាំង ហើយ​តប់​ប្រមល់​ណាស់ ហើយ​ចាប់​ផ្ដើម​វែកញែក​ក្នុង​ចិត្ត​គេ ដោយ​គិត​ថា តើ​នេះ​ជា​ព្រះ​មែស៊ី​ឬ​អី។

៣៧ហើយ​ព្រះ​យេស៊ូវ ទ្រង់​ជ្រាប​ចិត្ត​គេ ក៏​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សិស្ស​ទ្រង់​ថា ចូរ​អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​អធិស្ឋាន។

៣៨ហើយ​ទ្រង់​ក៏​យក​ពេត្រុស និង​យ៉ាកុប និង​យ៉ូហាន ហើយ​បន្ទោស​ពួក​គេ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ព្រលឹង​ខ្ញុំ​ព្រួយ​ជា​ខ្លាំង គឺ​សឹង​តែ​នឹង​ស្លាប់ ចូរ​អ្នក​រាល់​គ្នា​នៅ​ទី​នេះ ហើយ​ចាំ​យាម​ចុះ។