ក.យ.ស., ម៉ាកុស ៩:៣ (ចូរប្រៀបធៀបនឹងគម្ពីរម៉ាកុស ៩:៤)
(យ៉ូហាន-បាទីស្ទបាននៅលើភ្នំនៃការប្រែរូប)។
៣ហើយលោកអេលីយ៉ាស ព្រមទាំងលោកម៉ូសេ បានលេចមកឲ្យពួកគេឃើញ ឬម្យ៉ាងទៀត យ៉ូហាន-បាទីស្ទ និងលោកម៉ូសេ ហើយពួកគេកំពុងតែទូលនឹងព្រះយេស៊ូវ។
ក.យ.ស., ម៉ាកុស ៩:៤០–៤៨ (ចូរប្រៀបធៀបនឹងគម្ពីរម៉ាកុស ៩:៤៣–៤៨)
(ការកាត់ដៃ ឬជើងដែលធ្វើឲ្យអ្នកទាស់ចិត្ត គឺត្រូវបានប្រៀបធៀបនឹងការកម្ចាត់ចោលនូវទំនាក់ទំនងទាំងឡាយ ដែលអាចនាំឲ្យខ្លួនវង្វេងចេញ។
៤០ហេតុដូច្នេះហើយ បើដៃអ្នកធ្វើឲ្យអ្នកទាស់ចិត្ត នោះចូរកាត់វាចោលទៅ ឬក៏បើបងប្អូនអ្នកធ្វើឲ្យអ្នកទាស់ចិត្ត ហើយមិនសារភាព និងមិនបំភ្លេចចោលទេ អ្នកនោះនឹងត្រូវកាត់ចេញ។ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតដៃវិញ ជាជាងមានដៃទាំងពីរ ហើយធ្លាក់ទៅនរក។
៤១ត្បិតគ្រាន់បើហើយដែលអ្នកចូលទៅក្នុងជីវិតដោយគ្មានបងប្អូនវិញ ជាជាងមានអ្នក និងបងប្អូនអ្នកត្រូវបោះចោលទៅនរក ទៅក្នុងភ្លើងដែលពន្លត់មិនបាន ជាកន្លែងដែលមានដង្កូវមិនដែលស្លាប់ ហើយភ្លើងមិនដែលរលត់ឡើយ។
៤២ហើយមួយទៀត បើជើងអ្នកធ្វើឲ្យអ្នកទាស់ចិត្ត នោះចូរកាត់វាចោលទៅ ត្បិតអ្នកនោះជាគំរូដែលអ្នកដើរតាម បើសិនជាគេក្លាយទៅជាអ្នករំលង អ្នកនោះនឹងត្រូវកាត់ចេញ។
៤៣ស៊ូឲ្យអ្នកចូលទៅជីវិតកំបុតជើងវិញ ជាជាងមានជើងទាំងពីរ ហើយត្រូវបោះចោលទៅនរក ទៅក្នុងភ្លើងដែលពន្លត់មិនបាន។
៤៤ហេតុដូច្នេះហើយ ចូរឲ្យមនុស្សគ្រប់រូបឈរ ឬដួលដោយខ្លួនឯង ហើយមិនមែនដោយសារអ្នកដទៃឡើយ ឬមិនមែនដោយសារការទុកចិត្តដល់អ្នកដទៃទេ។
៤៥ចូរសូមដល់ព្រះវរបិតារបស់ខ្ញុំ ហើយវានឹងបានសម្រេចនៅរំពេចនោះដែលអ្នករាល់គ្នាសូម បើសិនជាអ្នករាល់គ្នាសូមដោយនូវសេចក្ដីជំនឿជឿថាអ្នករាល់គ្នានឹងបានទទួល។
៤៦ហើយបើភ្នែកអ្នក ដែលមើលឲ្យអ្នក ជាអ្នកដែលត្រូវបានតាំងឲ្យមើលគន់លើអ្នក ដើម្បីបង្ហាញពន្លឺដល់អ្នក បើគេក្លាយទៅជាអ្នករំលង ហើយធ្វើឲ្យអ្នកទាស់ចិត្ត នោះចូរខ្វេះវានោះចោលទៅ។
៤៧ស៊ូឲ្យអ្នកចូលក្នុងនគរព្រះមានភ្នែកតែមួយ ជាជាងមានភ្នែកទាំងពីរ ហើយត្រូវបោះចោលទៅក្នុងភ្លើងនរកវិញ។
៤៨ត្បិតគ្រាន់បើហើយដែលខ្លួនអ្នកត្រូវបានសង្គ្រោះ ជាជាងត្រូវបោះចោលទៅនរកជាមួយនឹងបងប្អូនអ្នក ជាកន្លែងដែលមានដង្កូវមិនដែលស្លាប់ ហើយជាកន្លែងដែលមានភ្លើងមិនដែលរលត់ឡើយ។