ក.យ.ស., ម៉ាថាយ ២១:៣៣ (ចូរប្រៀបធៀបនឹងគម្ពីរម៉ាថាយ ២១:៣២–៣៣)
(មនុស្សត្រូវតែប្រែចិត្តមុនគេអាចជឿដល់ព្រះគ្រីស្ទ)។
៣៣ត្បិតអ្នកណាដែលមិនជឿតាមយ៉ូហានដែលស្ដីអំពីខ្ញុំទេ នោះពុំអាចជឿដល់ខ្ញុំដែរ លើកលែងតែអ្នកនោះប្រែចិត្តជាមុនសិន។
ក.យ.ស., ម៉ាថាយ ២១:៤៧–៥៦ (ចូរប្រៀបធៀបនឹងគម្ពីរម៉ាថាយ ២១:៤៥–៤៦)
(ព្រះយេស៊ូវទ្រង់បានប្រកាសប្រាប់ថា ទ្រង់ជាថ្មជ្រុងយ៉ាងឯក។ ដំណឹងល្អត្រូវបានប្រទានដល់ពួកសាសន៍យូដា រួចទើបទៅដល់ពួកសាសន៍ដទៃ។ ពួកទុច្ចរិតនឹងត្រូវបំផ្លាញចោល កាលព្រះយេស៊ូវទ្រង់យាងមកវិញ)។
៤៧ហើយកាលពួកសង្គ្រាជ និងពួកផារីស៊ីបានឮពាក្យប្រៀបប្រដូចទាំងឡាយរបស់ទ្រង់ហើយ នោះពួកគេដឹងថា ទ្រង់មានព្រះបន្ទូលអំពីពួកគេ។
៤៨ហើយពួកគេនិយាយគ្នាថា តើមនុស្សនេះគិតថា មានតែខ្លួនគាត់ម្នាក់ឬដែលអាចបំផ្លាញនគរដ៏ធំនេះបាន? ហើយពួកគេក៏ខឹងនឹងទ្រង់។
៤៩ប៉ុន្តែកាលពួកគេរកហេតុដើម្បីចាប់ទ្រង់ ពួកគេខ្លាចហ្វូងមនុស្ស ពីព្រោះពួកគេបានដឹងថា បណ្ដាជនរាប់ទ្រង់ទុកជាព្យាការីម្នាក់។
៥០ហើយឥឡូវនេះ ពួកសិស្សរបស់ទ្រង់បានមករកទ្រង់ ហើយទ្រង់មានព្រះបន្ទូលនឹងពួកគេថា តើអ្នករាល់គ្នាឆ្ងល់អំពីពាក្យប្រៀបប្រដូចដែលខ្ញុំបាននិយាយអំពីពួកគេឬអី?
៥១ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំជាថ្ម ហើយពួកទុច្ចរិតទាំងនោះបានចោលខ្ញុំចេញ។
៥២ខ្ញុំជាថ្មជ្រុងយ៉ាងឯក។ ពួកសាសន៍យូដាទាំងនេះនឹងធ្លាក់លើខ្ញុំ ហើយនឹងត្រូវបាក់បែក។
៥៣ហើយនគរព្រះនឹងត្រូវបានហូតចេញពីពួកគេ ហើយនឹងត្រូវបានប្រគល់ទៅឲ្យសាសន៍មួយ ដែលនឹងបង្កើតផលចេញពីនគរនោះ (មានន័យដល់ពួកសាសន៍ដទៃ)។
៥៤ហេតុដូច្នោះហើយ អ្នកណាដែលធ្លាក់លើថ្មនេះ វានឹងកិនអ្នកនោះទៅជាម្សៅ។
៥៥ហើយដូច្នេះ កាលណាព្រះអម្ចាស់នៃចំការយាងមក នោះទ្រង់នឹងបំផ្លាញពួកមនុស្សទុច្ចរិត និងអាក្រក់ទាំងនោះចោល ហើយនឹងប្រគល់ចម្ការរបស់ទ្រង់ដល់អ្នកធ្វើការផ្សេងទៀត នៅជាន់ក្រោយបង្អស់ គឺដល់អ្នកណាដែលនឹងផ្ដល់ផលទាំងឡាយដល់ទ្រង់ តាមរដូវ ផ្លែទាំងឡាយ។
៥៦ហើយនៅគ្រានោះ ទើបពួកគេយល់អំពីពាក្យប្រៀបប្រដូច ដែលទ្រង់បានមានព្រះបន្ទូលដល់ពួកគេថា ពួកសាសន៍ដទៃក៏នឹងត្រូវ បំផ្លាញចោលដែរ កាលព្រះអម្ចាស់ទ្រង់នឹងយាងចុះមកពីលើស្ថានសួគ៌ ដើម្បីមកសោយរាជ្យនៅក្នុងចម្ការរបស់ទ្រង់ដែលជាផែនដី ព្រមទាំងបណ្ដាជននៅលើផែនដី។