ជំនួយ​ការសិក្សា
ក.យ.ស., ម៉ាថាយ 3


ក.យ.ស., ម៉ាថាយ ៣:២៤–២៦ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាថាយ ២:២៣)

(យុវវ័យ និង​កុមារភាព​របស់​ព្រះ​យេស៊ូវ​ត្រូវ​បាន​អធិប្បាយ​ប្រាប់)

២៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​យេស៊ូវ​ទ្រង់​បាន​ធំ​ពេញ​វ័យ​ឡើង​ជាមួយ​នឹង​ប្អូនៗ​របស់​ទ្រង់ ហើយ​បាន​ចម្រើន​កម្លាំង​ជា​ខ្លាំង​ឡើង ហើយ​បាន​ទន្ទឹង​ដល់​ព្រះ​អម្ចាស់ ចាំ​ពេល​នៃ​ការងារ​បម្រើ​របស់​ទ្រង់​មក​ដល់។

២៥ហើយ​ទ្រង់​បាន​បម្រើ នៅ​ក្រោម​ព្រះ​វរបិតា​របស់​ទ្រង់ ហើយ​ទ្រង់​ពុំ​មាន​ព្រះ​បន្ទូល​ដូច​មនុស្ស​ដទៃ​ឡើយ ហើយ​ទ្រង់​ក៏​ពុំ​ត្រូវ​បង្រៀន​ឡើយ ត្បិត​ទ្រង់​មិន​ត្រូវ​ការ​ឲ្យ​មនុស្ស​ណា​ម្នាក់​បង្រៀន​ទ្រង់​ឡើយ។

២៦ហើយ​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក វេលា​នៃ​ការងារ​បម្រើ​របស់​ទ្រង់​ក៏​មក​ដល់។

ក.យ.ស., ម៉ាថាយ ៣:៤៣–៤៦ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាថាយ ៣:១៥–១៧)

(ព្រះ​យេស៊ូវ​ទ្រង់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ពី​យ៉ូហាន​ដោយ​ការ​ពន្លិច)។

៤៣ហើយ​ព្រះ​យេស៊ូវ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​តប​ទៅ​គាត់​ថា ចូរ​ឲ្យ​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ពី​អ្នក​ចុះ ត្បិត​គួរ​ឲ្យ​យើង​បំពេញ​នូវ​គ្រប់​សេចក្ដី​សុចរិត។ រួច​គាត់​ក៏​ព្រម​ធ្វើ​ថ្វាយ​ទ្រង់។

៤៤ហើយ​យ៉ូហាន​បាន​ចុះ​ទៅ​ក្នុង​ទឹក ហើយ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ថ្វាយ​ទ្រង់។

៤៥ហើយ​កាល​ព្រះ​យេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ហើយ​យ៉ូហាន​បាន​ឃើញ ហើយ​មើល​ន៏ ផ្ទៃ​មេឃ​ក៏​បើកចំហ​ដល់​គាត់ ហើយ​គាត់​បាន​ឃើញ​ព្រះ​វិញ្ញាណ​នៃ​ព្រះ យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាបស ហើយ​សណ្ឋិត​លើ​ព្រះ​យេស៊ូវ។

៤៦ហើយ​មើល​ន៏ គាត់​បាន​ឮ​សំឡេង​ចេញ​ពី​ស្ថាន​សួគ៌​ថា នេះ​ជា​កូន​ស្ងួនភ្ងា​របស់​យើង ជាទី​ពេញ​ចិត្ត​យើង​ណាស់។ ចូរ​ស្ដាប់​តាម​ទ្រង់​ចុះ។