ឆ្នាំ ២០១៩
ចំណុច​គន្លឹះ ៥ យ៉ាង​ដើម្បី​រីករាយ​ក្នុងពិធី​បុណ្យ​គ្រីស្ទម៉ាស់​ពេល​អ្នក​នៅ​ឆ្ងាយ​ពី​ផ្ទះ
ខែ ធ្នូ ឆ្នាំ ២០១៩


ចំណុច​គន្លឹះ ៥ យ៉ាង​ដើម្បី​រីករាយ​ក្នុងពិធី​បុណ្យ​គ្រីស្ទម៉ាស់​ពេល​អ្នក​នៅ​ឆ្ងាយ​ពី​ផ្ទះ

នេះ​គឺជា​របៀប​ប្រាំ​យ៉ាង​ដើម្បី​កុំ​ឲ្យ​ឯកោ នៅពេល​អ្នក​អបអរ​ពិធី​បុណ្យ​គ្រីស្ទម៉ាស់​តែ​ម្នាក់ឯង ។

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់​បែប​ប្រពៃណី​មួយ​របស់​អាមេរិក​គឺ បទ​របស់​អែលវីស​មាន​ចំណង​ជើង​ថា « Blue Christmas » ។ ខ្ញុំ​​ទ្រាំមិន​បាន​ទេ ។ ប៉ុន្ដែ ទំនុក​បទ​ដែល​ថា « បុណ្យ​គ្រីស្ទម៉ាស់​នេះ​នឹង​ឯកោ បើ​គ្មាន​អ្នក ។ ខ្ញុំ​ឯកោ​ខ្លាំងណាស់ ដោយ​គ្រាន់តែ​គិត​ដល់​អ្នក » អាច​ទាក់ទង​នឹង​ពួក​យុវមជ្ឈិមវ័យ​គ្រប់គ្នា​យ៉ាង​ខ្លាំង ។ មិន​ថា​ដោយសារ​បេសកកម្ម ការងារ សាលា ឬ​ដោយសារ​យើង ឬ​គ្រួសារ​យើង​រស់នៅ​ឯ​បរទេស​នោះ​ទេ ពួកយើង​ជាច្រើន​ត្រូវ​ចំណាយ​ពេល​ក្នុង​ពិធី​បុណ្យ​គ្រីស្ទម៉ាស់​នៅ​ឆ្ងាយ​ពី​គ្រួសារ និង​មិត្តភក្ដិ​របស់​យើង ។

ពិធី​បុណ្យ​គ្រីស្ទម៉ាស់​គឺជា​ថ្ងៃឈប់​សម្រាក​ដ៏​អស្ចារ្យ​មួយ ដើម្បី​ប្រារព្ធ​ដល់​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ប៉ុន្ដែ​ប្រពៃណី​ជាច្រើន​អំពី​ពិធី​បុណ្យ​គ្រីស្ទម៉ាស់​ផ្ដោត​ទៅលើ​ការចំណាយ​ពេលវេលា​ជាមួយ​មនុស្ស​ដទៃ ៖ យើង​ជួបជុំ​បរិភោគ​អាហារ​រួមគ្នា យើង​ជូន​អំណោយ​ទៅ​មនុស្ស​ដទៃ យើង​ច្រៀង​ចម្រៀង ឬ​អាន​រឿង​អំពី​ការប្រសូត​ជាមួយ​គ្នា ។

ដូច្នេះ តើ​អ្នក​អាច​ធ្វើ​ឲ្យ​ពិធី​បុណ្យ​គ្រីស្ទម៉ាស់​មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច​ទៅ ពេល​អ្នក​នៅ​តែ​ម្នាក់ឯ​នោះ ? ទាំងនេះ​គឺជា​យោបល់​ទាំង​ប្រាំយ៉ាង ។ ទោះបី​អ្នក​គឺជា​អ្នកផ្សព្វផ្សាយ​សាសនា​ក្ដី ក៏​អ្នក​អាច​ធ្វើ​សកម្មភាព​ទាំងនេះ​បាន​ដែរ ប៉ុន្ដែ​អ្នក​អាច​ត្រូវ​សម្រប​វា ឬ​ធ្វើ​វា​នៅថ្ងៃ​រៀបចំ​ផ្ទះ ។

  1. បន្ដ​ប្រពៃណី​របស់​អ្នក ។

ដោយសារ​អ្នក​មិន​បាន​នៅ​ជាមួយ​គ្រួសារ​របស់​អ្នក នោះ​មិនមែន​មាន​ន័យ​ថា អ្នក​មិន​អាច​បន្ដ​ប្រពៃណី​គ្រួសារ​របស់​អ្នក​បាន​នោះ​ទេ ។ សូម​ធ្វើ​នំ​ដ៏​ឆ្ងាញ់ និង​ល្បី​ទាំងនោះ​ដូចជា នំប៉័ង​ ឬ​នំ​ថាម៉ាឡេ​ជាដើម ។ ឬ ធ្វើ​អ្វី​ដែល​ជា​ប្រពៃណី​ផ្ទាល់​របស់​អ្នក ។ នៅពេល​អ្នក​ជ្រើសរើស​ធ្វើ​ប្រពៃណី​ណាមួយ​ហើយ សូម​ផ្ដោតលើ​សកម្មភាព​ដែល​រំឭក​អ្នក​អំពី​ព្រះគ្រីស្ទ ៖ នៅពេល​អ្នក​ផ្ដោតលើ​ព្រះអង្គ​សង្គ្រោះ អ្នក​នឹង​មិន​ត្រឹមតែ​ទទួល​អារម្មណ៍​នៃ​បុណ្យ​គ្រីស្ទម៉ាស់​ប៉ុណ្ណោះ​ទេ អ្នក​ថែម​ទាំង​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​អាច​មាន​ឥទ្ធិពល​នាំ​មក​នូវ​សេចក្ដី​សុខសាន្ដ និង​ការលួងលោម​បន្ថែម​ដល់​អ្នក​ទៀត​ផង ។

  1. ផ្ដោតលើ​ពូជពង្ស​របស់​អ្នក ។

បព្វបុរស​របស់​ខ្ញុំ​ភាគច្រើន​បាន​មកពី​ប្រទេស​ណ័រវេ ហើយ​អនុស្សាវរីយ៍​នៃ​ពិធី​បុណ្យ​គ្រីស្ទម៉ាស​របស់​ខ្ញុំ​ជាច្រើន​ផ្ដោតលើ​ប្រពៃណី និង​អាហារ​ណ័រវេ ។ ពេល​គ្មាន​គ្រួសារ​របស់ខ្ញុំ ខ្ញុំ​មិន​អាច​ធ្វើ​តាម​ប្រពៃណី​ជាច្រើន​ទាំងនេះ​អស់​ទេ ប៉ុន្ដែ​ខ្ញុំ​នៅតែ​អាច​គិត​ដល់​ពូជពង្ស​របស់​ខ្ញុំ​បាន ។ ពិធី​បុណ្យ​គ្រីស្ទម៉ាស់​គឺជា​ពេលវេលា​ដ៏​ឥតខ្ចោះ​ដើម្បី​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ មិន​ថា​ការស្វែងរក​ឈ្មោះ​ដើម្បី​យក​ទៅ​ព្រះវិហារ​បរិសុទ្ធ ការស្រាវជ្រាវ​ពី​របៀប​ដែល​បុព្វបុរស​របស់​អ្នក​ចំណាយ​ពេល​វិស្សមកាល​របស់​ពួកគាត់ ឬ​ការសរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នកឡើយ ។ មិន​ថា​អ្នក​ជ្រើសរើស​ធ្វើ​អ្វី​នោះ​ទេ ការគិត​ដល់​ពូជពង្ស​របស់​អ្នក​នឹង​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ជិតដិត​នឹង​គ្រួសារ​របស់​អ្នក—ទាំង​បុគ្គល​នៅរស់ និង​បុគ្គល​ដែល​បាន​ចែកឋាន​ទៅ—ហើយ​វា​នាំ​ឲ្យ​អ្នក​មាន​គោលបំណង​កាន់តែ​ច្បាស់លាស់ ។

  1. ជួបជុំ​គ្នា​ជាមួយ​មនុស្ស​ដទៃ ។

ការណ៍នេះ​អាច​ត្រូវការ​ភាពក្លាហាន​បន្ដិច ជាពិសេស​ប្រសិនបើ​អ្នក​ជា​មនុស្ស​ស្ងប់ស្ងាត់ ប៉ុន្ដែ​អ្នក​នឹង​មិន​ចំណាយ​ពេល​ក្នុងពិធី​បុណ្យ​គ្រីស្ទម៉ាស់​តែ​ម្នាក់ឯង​នោះ​ឡើយ ។ ហើយ​អ្នក​មិន​ចាំបាច់​ធ្វើ​វាឲ្យ​ហួស​ពី​ចំណង់ចំណូល​ចិត្ត​របស់​អ្នក​នោះទេ ៖ ជួបជុំ​គ្នា​បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ​នឹង​ពួក​យុវមជ្ឈិមវ័យ​ដទៃ​ទៀត ច្រៀង​ជាមួយ​គ្នា ឬ​គ្រាន់តែ​ដើរលេង​ក៏​បានដែរ ។ ប្រហែលជា​មាន​មនុស្ស​ផ្សេងទៀត​ដូចជា​អ្នក​ដែល​ចំណាយ​ពេល​ក្នុង​ពិធី​បុណ្យ​គ្រីស្ទម៉ាស់​នៅ​ឆ្ងាយ​ពី​ផ្ទះ ដូច្នេះ​សូម​រកមើល​មនុស្ស​ទាំងនោះ​ជាពិសេស អ្នក​អាច​អញ្ជើញ​ពួកគេ​មក​ដោយ​រួសរាយ ។

  1. រីករាយ​នឹង​អាកាសធាតុ ឬ​តុបតែង​ក្នុង​ផ្ទះ ។

អាស្រ័យ​លើ​កន្លែង​ដែល​អ្នក​រស់នៅ ពិធី​បុណ្យ​គ្រីស្ទម៉ាស់​អាច​នៅ​ចំ​រដូវ​ដ៏​ត្រជាក់ ឬ​ក្ដៅ​បំផុត ដូច្នេះ​សូម​ទាញ​យក​ប្រយោជន៍​ពី​វា ! ទៅ​ជិះ​ស្គី​ទឹកកក ឬ​ដើរ​ឡើង​ភ្នំ ឬ​ជិះ​កង់​លេង ។ ឬ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​កម្សាន្ដ​ក្រៅ​ផ្ទះ​ទេ សូម​នៅ​ក្នុង​ផ្ទះ ហើយ​តុបតែង​ផ្ទះ ។ មាន​សម្ភារ​តុបតែង​បុណ្យ​គ្រីស្ទម៉ាស់​សាមញ្ញៗ​ជាច្រើន ដែល​អ្នក​អាច​ធ្វើ​បាន ដែល​នឹង​តែង​ផ្ទះ​របស់​អ្នក​បាន​យ៉ាង​ស្អាត ។

  1. បម្រើ​មនុស្សដទៃ ។

មាន​រឿង​ពីរ​បី​ដែល​នឹង​ធ្វើឲ្យ​អ្នក​មាន​ស្មារតី​នៃពិធី​បុណ្យ​គ្រីស្ទម៉ាស់​ងាយស្រួល​ជាង​ការបម្រើ ។ សាសនាចក្រ​បាន​ផ្ដល់​ធនធាន​ជាច្រើន​ដើម្បី​ជួយ​អ្នក​ឲ្យ​អាច​បម្រើ​ដល់​មនុស្ស​ដទៃ មិន​ថា​តាមរយៈ​ការផ្សព្វផ្សាយ #បំភ្លឺពិភពលោក ឬ​តាមរយៈ​គេហទំព័រ JustServe.org នោះ​ទេ ។ ស៊ិស្ទើរ ជីន ប៊ី ប៊ីងហាំ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​រំឭក​យើង​ថា « ទង្វើ​សាមញ្ញៗ​នៃ​ការបម្រើ​អាច​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ទៅលើ​អ្នកដទៃ—ក៏​ដូចជា​ខ្លួន​យើង​ផងដែរ ។ តើ​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​អ្វី​ខ្លះ ? តាមរយៈ​អំណោយ​ទាន​នៃ​ដង្វាយធួន និង​ការរស់​ឡើងវិញ​ដ៏​អស្ចារ្យ​របស់​ទ្រង់​… ‹ សូម្បី​តែ​មួយ​ក៏​គ្មាន​សោះ​ដែល​ឥទ្ធិពល​ដ៏​ជ្រាលជ្រៅ​ទៅ [ លើ ] អស់​ទាំង​មនុស្ស​ដែល​បាន​រស់នៅ ហើយ​ដែល​នឹង​រស់នៅ​លើ​ផែនដី​នៅ​អនាគត​កាល › ។ ប៉ុន្តែ​ទ្រង់​បាន​ញញឹម មាន​បន្ទូល យាង​ជាមួយ ស្ដាប់ ចំណាយ​ពេល លើក​ទឹក​ចិត្ត បង្រៀន ប្រទាន​អាហារ និង​អភ័យទោស ។ ទ្រង់​បាន​បម្រើ​ដល់​គ្រួសារ និង​មិត្តភក្ដិ អ្នក​ជិតខាង និង​មនុស្ស​ប្លែក​មុខ ហើយ​ទ្រង់​បាន​អញ្ជើញ​អ្នក​ដែល​ស្គាល់ និង​មនុស្ស​ជាទី​ស្រឡាញ់​ឲ្យ​រីករាយ​នឹង​ពរជ័យ​ដ៏​បរិបូរ​នៃ​ដំណឹងល្អ​របស់​ទ្រង់ » ។

អ្នក​អាច​មិន​នៅ​ផ្ទះ​ពេល​បុណ្យ​គ្រីស្ទម៉ាស់ ប៉ុន្ដែ​អ្នក​នៅតែ​អាច​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់​សម្រាក​របស់​អ្នក​ពិសេស​ដដែល ។ ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) បាន​មាន​ប្រសាសន៍​ថា « នៅពេល​យើង​មាន​ស្មារតី​នៃ​បុណ្យ​គ្រីស្ទម៉ាស់ យើង​ចងចាំ​ដល់ ទ្រង់ ដែល​យើង​ប្រារព្ធ​ធ្វើ​ពិធី​ប្រសូត​របស់​ទ្រង់​នៅ​រដូវកាល​ក្នុង​ឆ្នាំ​នេះ ៖ ‹ ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ › ( លូកា ២:១១ ) » ។

កំណត់​ចំណាំ

  1. ជីន ប៊ី ប៊ីងហាំ « ការងារ​បម្រើ​ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ » EnsignLiahonaខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៤ ។

  2. ថូម៉ាស អេស ម៉នសុន « Rediscovering the Christmas Spirit » EnsignLiahona ខែ ធ្នូ ឆ្នាំ ២០១២ ទំព័រ ៤ ។