សមាជិកចែកចាយពរជ័យមកពីសៀវភៅចូរមកតាមខ្ញុំ
សេចក្ដីពិតដែលអ្នកអាចរៀនមកពីការប្រើសៀវភៅចូរមកតាមខ្ញុំ ទុកជាធនធានសិក្សាព្រះគម្ពីរមួយ ជាប់ទាក់ទងគ្នានឹងអ្វីទាំងអស់ ។
មានការផ្លាស់ប្ដូរជាច្រើននៅក្នុងសាសនាចក្រនាពេលថ្មីៗនេះ ហើយវាអស្ចារ្យណាស់ដើម្បីឃើញពីរបៀបដែលព្រះអម្ចាស់បានពន្លឿនកិច្ចការរបស់ទ្រង់ ហើយជួយឲ្យដំណឹងល្អផ្សាយពេញទាំងពិភពលោក ! ការផ្លាស់ប្ដូរដ៏ចម្បងមួយជាពិសេស សេចក្ដីផ្ដើមនៃធនធានចូរមកតាមខ្ញុំ ក្នុងឆ្នាំនេះ បានផ្ដល់ពរជ័យដល់ជីវិតរបស់សមាជិកជាច្រើននាក់ដែលរស់នៅក្នុងស្ថានភាពផ្សេងៗគ្នា ។ ចាប់តាំងពីមានគ្រួសាររហូតដល់ស្ដ្រីមេម៉ាយ ពីយុវមជ្ឈិមវ័យរហូតដល់អ្នកគ្មានគ្រួសារ បទពិសោធន៍របស់ពួកគេជាមួយនឹងសៀវភៅចូរមកតាមខ្ញុំ បង្ហាញថា មិនថាអ្នករស់នៅកន្លែងណាក្នុងជីវិតនេះឡើយ សេចក្ដីពិតដែលអ្នកអាចរៀនមកពីការសិក្សាបទគម្ពីរជាប់ទាក់ទងនឹងអ្វីទាំងអស់ ហើយវាអាចផ្ដល់ឲ្យអ្នកនូវពរជ័យដូចជា ការពង្រឹងគ្រួសាររបស់អ្នក ការមកកាន់តែជិតនឹងព្រះវរបិតាសួគ៌ ព្រមទាំងការស្គាល់ក៏ដូចជាការទទួលបានវិវរណៈផា្ទល់ខ្លួនផងដែរ ។ នេះជាដំណើររឿងមួយចំនួនមកពីសមាជិកជុំវិញពិភពលោក ដែលត្រូវបានសួរពីរបៀបដែលការប្រើសៀវភៅចូរមកតាមខ្ញុំ ទុកជាធនធានការសិក្សាព្រះគម្ពីរ បានផ្ដល់ពរជ័យដល់ជីវិតរបស់ពួកគេ ៖
« ខ្ញុំពិតជាបានអានព្រះគម្ពីរពេលនេះ ច្រើនជាងពេលមុនៗ ។ … វាបានផ្ដល់ពរដល់គ្រួសារយើង ហើយវាផ្ដល់ពរដល់ខ្ញុំ ឲ្យអាចគិតអំពីវាច្រើនជាងមុនក្នុងជីវភាពប្រចាំថ្ងៃ ។ វាមានគម្រោងល្អត្រឹមត្រូវសម្រាប់ពេញមួយសប្ដាហ៍ជាងពីមុន » ។—ធីម ផេបភើរ រដ្ឋយូថាហ៍ ស.រ.អ
« [ គ្រប់គ្នាក្នុងគ្រួសារយើង ] មើលទៅសកម្ម និងចាប់អារម្មណ៍ជាងមុន [ លើការសិក្សាព្រះគម្ពីររបស់យើង ] ។ យើងមានអារម្មណ៍ពីព្រះវិញ្ញាណខ្លាំងជាងមុនបន្ដិច ។ … កម្មវិធីនេះបានបង្រួបបង្រួមយើង ហើយវាបានធ្វើឲ្យយើងចុះសម្រុងនឹងគ្នាកាន់តែខ្លាំង និងរីករាយជាមួយគ្នា ព្រមទាំងគោរពដល់យោបល់គ្នាទៅវិញទៅមក » ។—នីកគី គ្រីស្ទានសិន រដ្ឋខិនធើឃី ស.រ.អ
« បទពិសោធន៍ខ្ញុំជាមួយសៀវភៅ ចូរមកតាមខ្ញុំ គឺពិសេសណាស់ ដោយសារវាធ្វើឲ្យខ្ញុំមានអារម្មណ៍ខិតជិតទៅព្រះវរបិតាសួគ៌ខ្ញុំកាន់តែខ្លាំងឡើង ។ គេនិយាយថា អ្នកមិនអាចស្រឡាញ់នរណាម្នាក់ដែលអ្នកមិនស្គាល់បានឡើយ ។ ហើយការសិក្សាពីជីវិតរបស់ពួកព្យាការី និងព្រះយេស៊ូវគ្រីស្ទអនុញ្ញាតឲ្យខ្ញុំស្គាល់ពួកគាត់ ហើយស្រឡាញ់ពួកគាត់ ។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌នៅក្នុងអ្វីៗទាំងអស់ ។ … វាធ្វើឲ្យខ្ញុំកាន់តែចេះឃើញរឿងតូចតាច ដែលទ្រង់ធ្វើសម្រាប់ខ្ញុំរាល់ថ្ងៃ ដែលខ្ញុំមិនបានកត់សម្គាល់ពីមុនមក » ។—ខាឡា អ៊ីមេលដា ហ្គូធៀរេស ទីក្រុងម៉ិកស៊ិក ប្រទសម៉ិកស៊ិក
« សៀវភៅ ចូរមកតាមខ្ញុំ ពិតជាអាចប្រទានពរដល់យុវមជ្ឈិមវ័យនៅលីវទាំងឡាយ ដោយសារវានឹងតាំងចិត្តពួកគេឲ្យយកព្រះគម្ពីរចេញមកក្រៅរៀងរាល់ថ្ងៃ… ហើយមានអារម្មណ៍ពីសេចក្ដីស្រឡាញ់នៃព្រះ និងឃើញអ្វីដែលទ្រង់សព្វព្រះទ័យឲ្យពួកគេរៀន និងអ្វីដែលទ្រង់មានសម្រាប់ពួកគេ » ។—អេនជេឡា រីវើរ៉ា រដ្ឋខិនធើឃី ស.រ.អ
« វាបានផ្លាស់ប្ដូររបៀបដែលខ្ញុំមើលទៅបទពិសោធន៍ថ្ងៃអាទិត្យរបស់ខ្ញុំ ប៉ុន្ដែប្រហែលអ្វីដែលសំខាន់ជាងនេះនោះគឺ វាបានផ្លាស់ប្ដូររបៀបដែលខ្ញុំមើលទៅបទពិសោធន៍គ្រួសាររបស់ខ្ញុំ ។ យើងពង្រឹងគ្នាទៅវិញទៅមក ហើយរីកចម្រើនរួមគ្នាពេញមួយសប្ដាហ៍ » ។ —ឃីម ភីធើរសិន រដ្ឋយូថាហ៍ ស.រ.អ
« វាបានផ្លាស់ប្ដូររបៀបដែលខ្ញុំសិក្សាព្រះគម្ពីរ ។ … ខ្ញុំមានទឹកចិត្តអានគម្ពីររាល់ថ្ងៃ ។ ហើយវាល្អណាស់ ។ [ ខ្ញុំមានអារម្មណ៍ថា ] មេរៀនទាំងនេះធ្វើឡើងសម្រាប់ខ្ញុំ » ។—ម៉ារី អ៊យជីនៀ សើរវិន ទីក្រុងម៉ិកស៊ិក ប្រទសម៉ិកស៊ិក
« កម្មវិធីនេះបានធ្វើឲ្យខ្ញុំគិតដល់ជំនឿផ្ទាល់របស់ខ្ញុំ ហើយបានជួយខ្ញុំឲ្យខិតជិតទៅព្រះវរបិតាសួគ៌ខ្ញុំកាន់តែខ្លាំងឡើង ។ ខ្ញុំមានអារម្មណ៍កាន់តែសុខសាន្ដនៅក្នុងជីវិតខ្ញុំ ។ ខ្ញុំរកឃើញអំណរបន្ថែមទៀតនៅក្នុងការរៀបចំមេរៀននាពេលនេះ ។ ក្នុងនាមជាគ្រូបង្រៀនម្នាក់ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ការណ៍នេះធ្វើឲ្យមានភាពខុសគ្នានៅក្នុងជីវិត [ របស់សិស្សខ្ញុំ ] » ។—ជេក ឡង រដ្ឋខិនធើឃី ស.រ.អ
« [ ក្រោយពី ] ខ្ញុំបានមកដល់ផ្ទះពីបេសកកម្មរបស់ខ្ញុំ វាបានជួយខ្ញុំយ៉ាងច្រើនក្នុងការប្ដូរទៅសិក្សាជាមួយឪពុកម្ដាយខ្ញុំរាល់ថ្ងៃ ។ [ កាលពីអតីតកាល ] យើងបានសិក្សារៀងៗខ្លួន ហើយយើងមិនមានទំនាក់ទំនងនោះឡើយ—គ្មានការពង្រឹងដល់គ្នាឡើយ ។ ប៉ុន្ដែតាំងពីយើងបានចាប់ផ្ដើមសិក្សាជាក្រុមគ្រួសារមក ខ្ញុំអាចឃើញពីរបៀបដែលគ្រួសារខ្ញុំត្រូវបានពង្រឹងយ៉ាងខ្លាំង ។ … រាល់ពេលដែលយើងសិក្សា យើងអាចមានអារម្មណ៍ពីព្រះវិញ្ញាណ » ។—អាឡាន វេឡា ទីក្រុងម៉ិកស៊ិក ប្រទសម៉ិកស៊ិក
« នៅពេលព្រះវិញ្ញាណយាងមកក្នុងជីវិតខ្ញុំរាល់ថ្ងៃ ហើយទៅក្នុងគ្រប់ផ្នែកនៃជីវិតនេះ ខ្ញុំកាន់តែមានចិត្តរីករាយ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំធ្វើកិច្ចការកាន់តែប្រសើរឡើងខ្លាំងណាស់ ។ សម្រាប់ខ្ញុំ ការពិតជាដឹង និងមានអារម្មណ៍ថា ព្រះអម្ចាស់គង់នៅខាងខ្ញុំ គឺជារបៀបដ៏ល្អបំផុតមួយដែលខ្ញុំរកឃើញដើម្បីដោះស្រាយនឹងជីវិតខ្ញុំ ដែលពោរពេញដោយភាពមិនប្រាកដប្រជា និងមិនច្បាស់លាស់ » ។—ចេនណា ភីធើរសិន រដ្ឋខិនធើឃី ស.រ.អ