គំរូរបស់ព្រះអង្គសង្គ្រោះអំពី ការរាប់អានមិត្តភក្តិ
យើងទាំងអស់ធ្លាប់ឆ្លងកាត់គ្រានៃភាពឯកោ ប៉ុន្តែគំរូរបស់ព្រះអង្គសង្គ្រោះបង្រៀនយើងនូវចំណុចមួយចំនួនអំពីការរាប់អានមិត្តភក្តិ ។
ក្នុងនាមជាយុវមជ្ឈិមវ័យ យើងទាំងអស់គ្នាឆ្លងកាត់គ្រានៃភាពឯកោ—ការប្តូរចេញពីសាលា ការត្រឡប់មកពីបេសកកម្មវិញ ឆ្លងកាត់ការលះលែងគ្នា ការធ្វើជាសមាជិកតែម្នាក់ឯងក្នុងតំបន់របស់អ្នក ការធ្វើជាអ្នកចំណូលថ្មីនៅក្នុងវួដ ការនៅលីវ ការរៀបការជាមួយនរណាម្នាក់ដែលពុំសូវនៅផ្ទះ ការមានឪពុកម្តាយថ្មី និងអ្វីជាច្រើនទៀត ។ ដំណាក់កាលខ្លះក្នុងជីវិតគឺពុំងាយស្រួលដើម្បីអាប់អានមិត្តភក្តិទេ ។
ប៉ុន្តែរឿងនោះពុំមែនមានន័យថា វាមិនអាចធ្វើបានទេ ។ ដូចជារឿងគ្រប់យ៉ាង ចម្លើយនោះមាននៅក្នុងការធ្វើតាមព្រះអង្គសង្គ្រោះ ។ អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងថា « ទាក់ទងនឹងរឿងមិត្តភាព ព្រះយេស៊ូវគ្រីស្ទគឺជាគំរូរបស់យើង ដូចគ្នាទៅនឹងគោលការណ៍ផ្សេងទៀតនៃដំណឹងល្អដែរ » ។១ នេះជារឿងមួយចំនួនដែលយើងអាចរៀនពីគំរូរបស់ព្រះអង្គសង្គ្រោះអំពីការរាប់អានមិត្តភក្តិ ។
ស្វែងរកពួកគេ
ព្រះយេស៊ូវបានផ្តល់តម្លៃដល់មិត្តភក្តិ ។ ទ្រង់ត្រូវការជំនួយ និងការគាំទ្រពីមនុស្សដទៃ ( ដូចយើងដែរ ! ) ដើម្បីបំពេញការងារបម្រើនៅលើផែនដីរបស់ទ្រង់ ប៉ុន្តែជំនួសឲ្យការរង់ចាំមនុស្សត្រូវបង្ហាញខ្លួននៅចំពោះទ្វាររបស់ទ្រង់ នោះទ្រង់បានចេញទៅ ហើយស្វែងរកពួកគេ ! ទ្រង់បានយាងទៅកន្លែងដែលទ្រង់ពុំដែលធ្លាប់ទៅ ( សូមមើល លូកា ៥:៣–១០ ) ទ្រង់យាងចុះឡើង ( សូមមើល ម៉ាកុស ១:១៦; យ៉ូហាន ១:៣៦ ) ហើយទ្រង់ថែមទាំងបានអញ្ជើញមនុស្សឲ្យមកមើលពីកន្លែងដែលទ្រង់បានរស់នៅ ( សូមមើល យ៉ូហាន ១:៣៩ ) ។
យើងប្រហែលជាពុំត្រូវការមិត្តដោយសារហេតុផលដូចព្រះអង្គសង្គ្រោះទេ ប៉ុន្តែវានៅតែសំខាន់ថា យើងត្រូវនៅជិតនឹងមនុស្សល្អៗ ។ ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយក្នុងជីវិតដែលអ្នកឃើញថា អ្នកត្រូវការមិត្តភក្តិ សូមស្វែងរកពួកគេ ។ ចូលរួមក្នុងសកម្មភាពព្រះវិហារ និងសកម្មភាពផ្សេងទៀត ណែនាំខ្លួនអ្នកឲ្យគេស្គាល់ ព្យាយាមរៀនអ្វីមួយថ្មី ធ្វើជាអ្នកដឹកនាំឲ្យមានការជួបជុំគ្នា ផ្តល់ការងារបម្រើដោយស្មោះសរ ( បុគ្គលដែលអ្នកផ្តល់ការងារបម្រើអាចត្រូវការមិត្តភក្តិផងដែរ ! ) ហើយអ្នកនឹងឃើញថា អ្នកនៅជិត និងមានអ្នកដែលអាចក្លាយជាមិត្តកាន់តែច្រើន ។
លើកបង្ហាញនូវចំណុចល្អនៅក្នុងមនុស្សដទៃ
ខ្ញុំចូលចិត្តពេលព្រះយេស៊ូវបានជួបណាថាណែល « នុ៎ះន៍ ជាសាសន៍អ៊ីស្រាអែលពិតមែន ដែលឥតមានចិត្តឧបាយ ! » ( យ៉ូហាន ១:៤៧ ) ។ ពេលណាខ្ញុំគិតពីខគម្ពីរនេះ វារំឭកខ្ញុំថា ខ្ញុំគួរតែរកមើល ហើយធ្វើឲ្យមនុស្សដទៃដឹងថា ខ្ញុំឃើញសេចក្តីល្អរបស់ពួកគេ ។
« លោក » ហ្វ្រីដ រ៉ូហ្គើ ប្រហែលជាអ្នកជំនាញផ្នែកខាងការរាប់អានមិត្តភក្តិ ក៏បានចង្អុលប្រាប់ផងដែរពីរបៀបស្វែងរកគុណភាពល្អបំផុតដែលមាននៅក្នុងមនុស្សដទៃថាជា បុគ្គលិកលក្ខណៈដូចព្រះគ្រីស្ទ ។ គាត់បាននិយាយថា « ខ្ញុំជឿថា ការដឹងគុណគឺជារឿងមួយពិសិដ្ឋ ។ ពេលយើងរកមើលអ្វីដែលល្អបំផុតនៅក្នុងបុគ្គលម្នាក់ ដែលយើងជួបនៅគ្រាណាមួយ នោះយើងកំពុងធ្វើអ្វីដែលព្រះធ្វើ ។ ដូច្នេះក្នុងការស្រឡាញ់ និងការអរគុណអ្នកជិតខាងយើង នោះយើងកំពុងចូលរួមក្នុងអ្វីមួយដែលពិតជាពិសិដ្ឋហើយ » ។២
អធិស្ឋានឲ្យមិត្តភក្តិ
បទពិសោធន៍នៅលើផែនដីមួយចំនួនដ៏គួរឲ្យចងចាំបំផុតជាមួយព្រះអង្គសង្គ្រោះ គឺនៅពេលទ្រង់បានអធិស្ឋានសម្រាប់មនុស្សដទៃ ។ ពួកសាសន៍នីហ្វៃបានកត់ត្រាថា « ហើយគ្មានអ្នកណាមួយ [ អាច ] យល់នូវសេចក្ដីអំណរដែលពោរពេញនៅក្នុងព្រលឹងនៃ [ ពួកគេ ] នៅពេល [ ពួកគេ ] បានឮទ្រង់អធិស្ឋានដល់ព្រះវរបិតាសម្រាប់ [ ពួកគេ ] នោះទេ » ( នីហ្វៃទី៣ ១៧:១៧ ) ។ ការអធិស្ឋានរបស់យើងប្រហែលជាពុំអាចធ្វើឲ្យរំជួលចិត្តដូចការអធិស្ឋានទ្រង់ទេ ប៉ុន្តែយើងនៅតែឆ្លៀតពេលដើម្បីអធិស្ឋានសម្រាប់អ្នកដែលយើងខ្វាយខ្វល់ ។
ក្រៅពីអធិស្ឋានឲ្យមិត្តរបស់អ្នក អ្នកក៏អាចអធិស្ឋានដើម្បីឲ្យមានមិត្តភក្តិផងដែរ ។ ពេលអ្នក « ប្រឹក្សាជាមួយនឹងព្រះអម្ចាស់នូវគ្រប់កិច្ចការរបស់អ្នក » ( អាលម៉ា ៣៧:៣៧ )—រួមទាំងកង្វល់របស់អ្នកអំពីភាពឯកោ និងការត្រូវការមិត្តភក្តិ—នោះទ្រង់ពុំគ្រាន់តែ « ហើយទ្រង់នឹងដឹកនាំ [ អ្នក ] ទៅរកការល្អ » ប៉ុណ្ណោះទេ ទ្រង់ក៏នឹងដឹកនាំអ្នក ទៅរក សេចក្តីល្អ—មនុស្សល្អដែលអាចក្លាយជាមិត្តល្អ ។
ចូរមើលទៅព្រះអង្គសង្គ្រោះ
ព្រះយេស៊ូវដឹងពីអារម្មណ៍យើងមាន ពេលយើងមានអារម្មណ៍ឯកោ ដោយសារទ្រង់ក៏ « ទូទុក្ខ » និងឯកោផងដែរ ( ម៉ូសាយ ១៤:៣ ) ។ ដូច្នេះទោះបីយើងពូកែខាងការធ្វើជាមិត្តក្តី យើងនៅតែមានរយៈពេល ឬគ្រានៃភាពឯកោដែរ ។ ប៉ុន្តែភាពឯកោក៏អាចជាការរំឭកដល់យើងអំពីការត្រាស់បង្គាប់របស់ព្រះឲ្យស្រឡាញ់គ្នាទៅវិញទៅមកផងដែរ ( សូមមើល យ៉ូហាន ១៣:៣៤ ) ។
ប្រសិនបើអ្នកមានការលំបាកឆ្លងកាត់គ្រានៃភាពឯកោក្នុងពេលនេះ សូមសម្លឹងមើលទៅគំរូរបស់ព្រះអង្គសង្គ្រោះ ។ លើសពីមនុស្សណាផ្សេងទៀត សូមរាប់អានទ្រង់ជាមិត្តរបស់អ្នក ។ ទ្រង់—និងព្រះវរបិតាសួគ៌យើង—នឹងពុំចាកចោលអ្នកឲ្យនៅឯកោទេ ។