ឆ្នាំ ២០១៩
អំណោយ​បួន​យ៉ាង​មក​ពី​ព្រះអង្គសង្គ្រោះ
ខែ ធ្នូ ឆ្នាំ ២០១៩


អំណោយ​បួន​យ៉ាង មក​ពី​ព្រះអង្គសង្គ្រោះ

ដកស្រង់​ចេញ​ពី​ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធាន​ទី​មួយ​ឆ្នាំ ២០១៨ ។

Jesus teaching

រចនា​រូបភាពដោយ ខាធ្លីន ភីធើរសុន

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ នេះ​គឺជា​រដូវកាល​មួយ​ដ៏​សំខាន់​ខ្លាំង​ណាស់ ! ចូរ​យើង​ពិចារណា​ជាមួយ​គ្នា​អំពី​ពរជ័យ​ដែល​កើត​មាន​ចំពោះ​យើង ពេល​យើង​ផ្តោត​ចិត្ត​ទៅលើ​ព្រះជន្ម បេសកកម្ម គោលលទ្ធិ និង​ដង្វាយធួន​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។

នៅ​ក្នុង​រដូវ​កាល​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​ពី​បំណង​ប្រាថ្នា​របស់​បងប្អូន​ផ្ទាល់ ។ តើ​បងប្អូន​ពិត​ជា​ចង់​ក្លាយ​កាន់​តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​មែន​ទេ ? តើ​បងប្អូន​ពិត​ជា​ចង់​រស់​នៅ​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ និង​គ្រួសារ​របស់​បងប្អូន​ជា​រៀង​រហូត ហើយ​រស់នៅ​ដូចជា​ទ្រង់​ឬ​ទេ ? ប្រសិន​បើ​ដូច្នោះ​មែន បងប្អូន​នឹង​ចង់​ទទួល​យក​អំណោយ​ជាច្រើន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ដើម្បី​ជួយ​បងប្អូន​ក្នុង​គ្រា​សាកល្បង​ក្នុង​ជីវិត​រមែងស្លាប់​របស់​បងប្អូន ។ ចូរ​យើង​ផ្ដោត​លើ​អំណោយ​ចំនួន បួន ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​នឹង​យល់​ព្រម ទទួល វា ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៣៣ ) ។

ទីមួយ ទ្រង់​បាន​ប្រទាន​ដល់​បងប្អូន និង​ខ្ញុំ​នូវ​សមត្ថភាព​គ្មាន​កំណត់ ដើម្បី​ស្រឡាញ់ ។ វា​រួម​បញ្ចូល​ទាំង​សមត្ថភាព​ដើម្បី​ស្រឡាញ់​មនុស្ស​ដែល​មិន​គួរ​ឲ្យ​ស្រឡាញ់ និង​អស់​អ្នក​ដែល ពុំ ស្រឡាញ់​បងប្អូន​ព្រមទាំង​បាន​បៀតបៀន ហើយ​ចង​គំនុំ​ចំពោះ​បងប្អូន​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ ( សូមមើល ម៉ាថាយ ៥:៤៤–៤៥ ) ។

ដោយ​មាន​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ យើង​អាច​រៀន​ស្រឡាញ់​ដូចជា​ទ្រង់ ។ វា​ប្រហែល​ជា​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដួង​ចិត្ត​មួយ—ពិតណាស់​ជា​ការ​បន្ទន់​ចិត្ត​របស់​យើង—ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពី​របៀប​មើល​ថែ​គ្នា ដ៏​ពិត​ប្រាកដ ។ បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់ យើង​អាច​ផ្ដល់​ការងារ​បម្រើ​យ៉ាង​ពិត​ប្រាកដ​តាម​របៀប​ព្រះអម្ចាស់ នៅពេល​យើង​ទទួល​យក​អំណោយ​នៃ​សេចក្ដីស្រឡាញ់​របស់​ទ្រង់ ។

អំណោយ​ទី​ពីរ ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ដល់​បងប្អូន​គឺ​លទ្ធភាព ដើម្បី​អភ័យទោស ។ តាមរយៈ​ដង្វាយធួន​ដ៏​និរន្តរ​របស់​ទ្រង់ បងប្អូន​អាច​អភ័យទោស​ដល់​មនុស្ស​ដែល​ធ្វើ​ឲ្យ​បាន​បងប្អូន​ឈឺចាប់ និង​មនុស្ស​ដែល​ប្រហែល​ជា​នឹង​ពុំ​ព្រម​ទទួល​យក​ការ​ទទួល​ខុសត្រូវ​ចំពោះ​ភាពឃោរឃៅ​ដែល​គេ​ធ្វើ​មក​លើ​បងប្អូន ។ ព្រះអង្គ​សង្គ្រោះ​នឹង​ប្រទាន​ដល់​បងប្អូន​នូវ​លទ្ធភាព​ដើម្បី​អភ័យទោស​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​ធ្វើ​ខុស​ចំពោះ​បងប្អូន​តាម​គ្រប់​រូប​ភាព ។

អំណោយ​ទី​បី មក​ពី​ព្រះអង្គ​សង្គ្រោះ​គឺ ការ​ប្រែចិត្ត ។ ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​ផ្លាស់​ប្ដូរ​គំនិត ចំណេះដឹង វិញ្ញាណ​របស់​យើង សូម្បី​តែ​ដង្ហើម​របស់​យើង​ទៀត​ផង ។ ឧទាហរណ៍ នៅពេល​យើង​ប្រែចិត្ត យើង​ដក​ដង្ហើម​ជាមួយ​នឹង​អំណរគុណ​ចំពោះ​ព្រះ ជា​អង្គ​ដែល​ផ្ដល់​ដង្ហើម​ឲ្យ​យើង​ជា​រៀង​រាល់​ថ្ងៃ ( សូមមើល ម៉ូសាយ ២:២១ ) ។ ហើយ​យើង​ប្រាថ្នា​ចង់​ប្រើ​ដង្ហើម​នោះ​ដើម្បី​បម្រើ​ទ្រង់ និង​បុត្រា​បុត្រី​របស់​ទ្រង់ ។ ការប្រែចិត្ត​គឺជា​អំណោយ​មួយ​ដ៏​ត្រចះ​ត្រចង់ ។ វា​គឺជា​ដំណើរ​ការ​មួយ​ដែល​ពុំ​គួរ​មាន​ការ​ភ័យ​ខ្លាច​ឡើយ ។ វា​គឺជា​អំណោយ​មួយ​សម្រាប់​យើង ដើម្បី​ទទួល​ដោយ​អំណរ ហើយ​ប្រើ—ថែម​ទាំង​ឱប​ក្រសោប​យក—ជារៀង​រាល់ថ្ងៃ នៅពេល​យើង​ខិតខំ​ដើម្បី​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង ។

អំណោយ​ទី​បួន មក​ពី​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​គឺ​ជា​កា​រ​សន្យា​មួយ—ជា​ការ​សន្យា​នៃ ជីវិត​ជា​និរន្ដរ ។ មនុស្ស​គ្រប់​គ្នា​នឹង​បាន​រស់​ឡើង​វិញ ហើយ​ដក​ពិសោធន៍​នូវ អមតភាព ។ ប៉ុន្តែ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​គឺ​លើស​ពីការ​កំណត់​ពេលវេលា​មួយ​ទៅ​ទៀត ។ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺជា​ជីវិត​មួយ​ដែល​ព្រះវរបិតា​សួគ៌ និង​បុត្រា​ស្ងួន​ភ្ញា​របស់​ទ្រង់​រស់​នៅ ។ នៅពេល​ព្រះវរបិតា​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​យើង ទ្រង់​កំពុង​មាន​បន្ទូល​ថា « ប្រសិន​បើ​អ្នក​ជ្រើស​ធ្វើ​តាម​ព្រះរាជបុត្រា​របស់​យើង—ប្រសិន​បើ បំណង​ប្រាថ្នា របស់​អ្នក ពិត ជា​ដើម្បី​ក្លាយ​ឲ្យ​កាន់​តែ​ដូចជា​ទ្រង់​មែន—នោះអ្នក​ត្រូវ​រស់​នៅ​ដូចជា​យើង ហើយ​គ្រប់​គ្រង​ពិភព និង​នគរ​នានា​ដូចជា​យើង » ។

អំណោយ​ដ៏​វិសេស​វិសាល​ទាំង​បួន​នេះ​នឹង​នាំ​យក​អំណរ​ដ៏​ច្រើន​មក​ឲ្យ​យើង នៅពេល​យើង​ទទួល​យក​វា ។ វា​អាច​កើត​ឡើង​បាន ដោយសារ​ព្រះយេហូវ៉ា​បាន​យាង​ចុះ​មក​ផែនដីក្នុង​នាម​ជា​ព្រះឱរស​យេស៊ូវ ។ ទ្រង់​បាន​ប្រសូត​មក​ពី​ព្រះវរបិតា​ដែល​មាន​ជីវិត​អមតៈ និង​មាតា​ដែល​មាន​ជីវិត​រមែង​ស្លាប់ ។ ទ្រង់​បាន​ប្រសូត​នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្ថានភាព​ដ៏​រាបសា​បំផុត ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អំណោយ​ដ៏​ធំ​ធេង​របស់​ព្រះ—ជា​អំណោយ​ពី​ព្រះវរបិតា​ទៅ​កាន់​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់ ( សូមមើល យ៉ូហាន ៣:១៦ ) ។

ដោយ​គំនិត និង​អារម្មណ៍​របស់​យើង​ផ្ដោត​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក តើ យើង ចាំបាច់​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​អំណោយទាំង​នេះដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ដោយ​ស្មោះ​ដល់​យើង ? តើ​អ្វី​ទៅ​គឺជា​គន្លឹះ​ដើម្បី​ស្រឡាញ់​ដូចជា​ទ្រង់ អភ័យទោស​ដូចជា​ទ្រង់ ប្រែចិត្ត​ដូចជា​ទ្រង់ ប្រែក្លាយ​កាន់​តែ​ដូចជា​ទ្រង់ ហើយ​នៅ​ទីបំផុត​រស់​នៅ​ជាមួយ​នឹង​ទ្រង់ និង​ព្រះវរបិតា​សួគ៌​នៃ​យើង ?

គន្លឹះ​នោះ​គឺជា​ការ​ចុះ ហើយ​គោរព​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​ទាំង​ឡាយ ។ យើង ជ្រើស​រើស រស់​នៅតាម និង​រីក​ចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់ ហើយ​បន្ត​នៅ​លើ​ផ្លូវ​នោះ ។ វា​ពុំ​មែន​ជា​ផ្លូវ​លំបាក​ទេ ។ វា​គឺជា ផ្លូវ ទៅ​រក​អំណរ​ពិត​នៅ​ក្នុង​ជីវិត​នេះ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ចបន្ទាប់​ពី​ជីវិត​នេះ ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​ខ្ញុំ​គឺ​ចង់​ឲ្យ​បុត្រា​បុត្រី​គ្រប់​រូប​របស់​ព្រះវរបិតា​សួគ៌​មាន​ឱកាស​ស្ដាប់​ឮ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ស្ដាប់​តាម​ការ​បង្រៀន​របស់​ទ្រង់ ។ ហើយ​ខ្ញុំ​ប្រាថ្នា​ថា យើង​នឹង​ជឿ ហើយ​ទទួល​យក​សេចក្ដី​ស្រឡាញ់​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​សម្រាប់​យើង​ម្នាក់ៗ ។ សេចក្ដីស្រឡាញ់​ដ៏​ល្អ​ឥតខ្ចោះ ហើយ​គ្មាន​ទីបញ្ចប់​របស់​ទ្រង់​បាន​នាំ​ទ្រង់​ឲ្យ​ធ្វើ​ដង្វាយ​ធួន​សម្រាប់​បងប្អូន និង​ខ្ញុំ ។ អំណោយ​នោះ—ដែល​ជា​ដង្វាយធួន​របស់​ទ្រង់—អនុញ្ញាត​ឲ្យ​រាល់​អំណោយ​ផ្សេង​ទៀត​របស់​ទ្រង់​ក្លាយ​ជា​របស់​ផង​យើង ។