ឆ្នាំ ២០១៩
ការខ្វះ​អុកស៊ីសែន​ខាង​វិញ្ញាណ និង​សារៈសំខាន់​នៃ​មិត្ត​ល្អ
ខែ ធ្នូ ឆ្នាំ ២០១៩


ការខ្វះ​អុកស៊ីសែន​ខាង​វិញ្ញាណ និង​សារៈសំខាន់​នៃ​មិត្ត​ល្អ

អ្នក​និពន្ធ​រស់​នៅ​អូស្ត្រាលី​ភាគ​ខាង​លិច ប្រទេស​អូស្ត្រាលី ។

ពេញ​មួយ​យុវវ័យ​របស់​ខ្ញុំ ខ្ញុំ​បាន​ចូលរួម​ក្នុង​កម្មវិធី​ពិសេស​ជាច្រើន ។ ខ្ញុំ​សារភាព​ថា ខ្ញុំ​មិន​ចាំ​អ្វី​ឡើយ លើកលែង​តែ​សុន្ទរកថា​មួយ​ដែល​បាន​ដិត​ជាប់​ក្នុង​អារម្មណ៍​ខ្ញុំ​ជានិច្ច ។ ថ្នាក់ដឹកនាំ​របស់​ខ្ញុំ​ម្នាក់ ដែល​ជា​អតីត​អ្នកបើក​យន្ដហោះ​កងទ័ព​អាកាស​ម្នាក់ បាន​ចែកចាយ​បទពិសោធន៍​របស់​គាត់​អំពី​ការខ្វះ​អុកស៊ីសែន—ការខ្វះ​អុកស៊ីសែន​ក្នុង​រាងកាយ​របស់​មនុស្ស ដែល​ប៉ះពាល់​ខួរក្បាល​របស់​គេ ។

អ្នកដឹកនាំ​នោះ​បាន​ពន្យល់​ថា អ្នកបើក​យន្ដហោះ​ទ័ព​អាកាស​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការខ្វះ​អុកស៊ីសែន ដូច្នេះ​ពួកគេ​ត្រូវ​ហ្វឹកហាត់​នៅ​ទីតាំង​ដែល​រឿង​នេះ​អាច​កើតឡើង​បាន ។ នៅក្នុង​វគ្គ​ហ្វឹកហាត់​មួយ គាត់​ត្រូវបាន​ណែនាំ​ឲ្យ​ដក​ម៉ាស​អុកស៊ីសែន​គាត់​ចេញ រួច​ហើយ​ពាក់​វា​វិញ នៅពេល​គាត់​មាន​អារម្មណ៍​ថា គាត់​ខ្វះ​អុកស៊ីសែន ។ ប៉ុន្ដែ​គាត់​មិន​ដែល​បាន​ពាក់​ម៉ាស​របស់​គាត់​វិញ​ឡើយ—មិត្ត​របស់​គាត់​បាន​ពាក់​ឲ្យ​គាត់ ។

បន្ទាប់ពី​ការហ្វឹកហាត់​នោះ មិត្ត​របស់​គាត់​បាន​ពន្យល់​ថា ពួកគេ​បាន​មើល​គាត់​រងទុក្ខ​នឹង​សញ្ញា​ទាំងអស់​នៃ​ការខ្វះ​អុកស៊ីសែន​—​ការសម្រេច​ចិត្ត​មិន​ល្អ ការនិយាយ​មិន​ត្រូវ​គ្នា និង​ការភាន់​ច្រឡំ ។ គាត់​បាន​និយាយ​ថា គាត់​មិន​បាន​មាន​អារម្មណ៍​ពី​រោគសញ្ញា​ទាំងនោះ​សោះ​ឡើយ ហើយ​គិត​ថា គាត់​បាន​ប្រព្រឹត្ត​តាម​ធម្មតា ទោះជា​មិត្ត​របស់​គាត់​អាច​ឃើញ​ថា គាត់​ស្ថិត​ក្នុង​គ្រោះថ្នាក់​ក្ដី ។

ពេលខ្លះ​នៅក្នុង​ជីវិត យើង​អាច​ឃើញ​ថា ខ្លួន​យើង​ដើរ​ចុះ​លើ​ផ្លូវ​ខុស​ដោយ​មិន​បាន​ដឹង​ជានិច្ច​ថា យើង​កំពុង​ធ្វើ​អ្វី​ដែល​មិន​ត្រឹមត្រូវ​នោះ​ទេ ។ យើង​អាច​សម្រេច​ចិត្ត​ខុស ប្រព្រឹត្ត​ខុស​ពី​មុន ហើយ​ភាន់ច្រឡំ​យ៉ាង​ខ្លាំង​នឹង​ជីវិត—គឺ​ដូចជា​ការខ្វះ​អុកស៊ីសែន​អញ្ចឹង​ដែរ ។ ផ្លូវ​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺជា​ផ្លូវ​ដែល​អ្នក​អាច​វង្វេង​ចេញ​ដោយ​ងាយ ប្រសិនបើ​មនុស្ស​គ្រប់គ្នា​ជុំវិញ​ខ្លួន​អ្នក​មិន​តាំងចិត្ត​ដើរ​តាម​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នោះ ( សូមមើល នីហ្វៃ​ទី​១ ៨:២៣; នីហ្វៃទី​២៣ ១៤:១៣–១៤ ) ។ នេះ​គឺជា​ពេល​ដែល​ការមាន​មិត្តភក្ដិ​មិន​ល្អ អាច​ដាក់​គ្រោះថ្នាក់​លើ​សភាព​ដែល​ខ្វះ​អុកស៊ីសែន​រួច​ទៅ​ហើយ​របស់​អ្នក​នោះ ។ ពិត​ណាស់ មិត្តភក្ដិ​មិន​ល្អ​មិន​ចាំបាច់​ជា​មនុស្ស​អាក្រក់​នោះ​ទេ—ខ្ញុំ​និយាយ​អំពី​មិត្ត​ដែល​មិន​ពាក់​ម៉ាស​អុកស៊ីសែន​ឲ្យ​អ្នក​វិញ និង​មិត្ត​ដែល​អាច​ដឹកនាំ​អ្នក​ទៅកាន់​គ្រោះថ្នាក់​ខាង​វិញ្ញាណ ។

ដោយ​ធំ​ឡើង​នៅក្នុង​ប្រទេស​អូស្ដ្រាលី ខ្ញុំ​មាន​មិត្តភក្ដិ​ជាច្រើន​ទាំង​ក្នុង និង​ក្រៅ​ព្រះវិហារ​—​មិត្ត​ខ្លះ​មិន​មាន​ឥទ្ធិពល​វិជ្ជមាន​ឡើយ ។ ខ្ញុំ​បាន​ដកពិសោធន៍​នូវ​ស្ថានភាព ដែល​ខ្ញុំ​មាន​អារម្មណ៍​ជាក់ច្បាស់​ថា ខ្ញុំ​អាច​បន្ដ​នៅលើ​ផ្លូវ​តូច​ហើយ​ចង្អៀត​នេះ​បាន ប៉ុន្ដែ​ដោយសារ​តែ​ឥទ្ធិពល​នៃ​មិត្តភក្ដិ​មិន​ល្អ​ពីរ​បី​នាក់ សកម្មភាព​របស់​ពួកគេ​បាន​ក្លាយជា​ធម្មតា​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ចាប់ផ្ដើម​ធ្វើតាម​ពួកគេ ។

អ្វី​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​អ្វី​ឡើង​វិញ គឺ​ការស្ដាប់​តាម​ឪពុកម្ដាយ​ខ្ញុំ និង​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ ។ ខ្ញុំ​បាន​ដឹង​ថា ពួកគាត់​ចង់​ឲ្យ​ជីវិត​ខ្ញុំ​ល្អ​បំផុត ហើយ​ថា​ពួកគាត់​អាច​មើល​ឃើញ​ច្បាស់​ជាង​ខ្ញុំ​ថា ខ្ញុំ​កំពុង​ធ្លាក់​ទៅក្នុង​សភាព​នៃ​ការខ្វះ​អុកស៊ីសែន​ខាង​វិញ្ញាណ ។ ខ្ញុំ​បាន​ព្យាយាម​ឈរ​នៅក្នុង​ទី​បរិសុទ្ធ​ជានិច្ច ។ ខ្ញុំ​បាន​ចូលរួម​ក្នុង​សកម្មភាព​យុវមជ្ឈិមវ័យ និង​សកម្មភាព​ក្នុង​ព្រះវិហារ ។ ទោះបីជា​ខ្ញុំ​ចំណាយ​ពេល​ខ្ញុំ​យ៉ាង​ច្រើន​នៅឯ​សាកលវិទ្យាល័យ និង​ការងារ​ក្ដី ក៏​ខ្ញុំ​មាន​មិត្តភក្ដិ​ល្អៗ​ដែរ ។ ខ្ញុំ​បាន​រាប់​អាន​មិត្តភក្តិ​ជាច្រើន ដែល​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ​ទេ ប៉ុន្តែ​ពួកគេ​ជ្រើសរើស​ធ្វើ​អ្វី​ត្រឹមត្រូវ ហើយ​ជា​គំរូ​ដ៏​អស្ចារ្យ ។ ឧទាហរណ៍ ខ្ញុំ​បាន​ជួប​មិត្ត​ដ៏​អស្ចារ្យ​បំផុត​របស់​ខ្ញុំ​ម្នាក់​នៅឯ​វិទ្យាល័យ ។ នាង​តែងតែ​ខិតខំ​ធ្វើ​ជា​មនុស្ស​ប្រសើរ​ម្នាក់ ហើយ​ទោះបីជា​នាង​មិន​មែន​ជា​សមាជិក​ក្ដី ក៏​នាង​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា ពេលណា​ខ្ញុំ​មិន​បាន​ជ្រើសរើស​ផ្លូវ​ត្រឹមត្រូវ​សម្រាប់​ខ្លួន​ខ្ញុំ​ដែរ ។ ហើយ​នោះ​គឺ​ជា​អ្វី​ដែល​មិត្ត​ល្អ​អស្ចារ្យ​ធ្វើ ។

នៅក្នុង សុភាសិត ១៣:២០ ចែង​ថា « អ្នក​ណា​ដែល​ដើរ​ជាមួយ​នឹង​មនុស្ស​ប្រាជ្ញា នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងីល្ងើ នោះ​នឹង​ត្រូវ​ខូចបង់​វិញ » ។ ខ្ញុំ​យល់ស្រប​ទាំងស្រុង—មិត្ត​ដែល​នៅជុំវិញ​ខ្លួន​អ្នក​ជិត​បំផុត គឺជា​មនុស្ស​ដែល​អ្នក​នឹង​ធ្វើតាម​ខ្លាំង​បំផុត ។ គឺ​ដូចជា​ខ្ញុំ​មិន​បាន​ដឹង​ដែរ អ្នក​អាច​មិន​បាន​ដឹង​ថា ពេល​ណា​អ្នក​ខ្វះ​អុកស៊ីសែន​ខាង​វិញ្ញាណ ហើយ​ដើរតាម​ផ្លូវ​ខុស ឬ​មនុស្ស​ខុស​នោះ​ទេ ។ វា​សំខាន់​ដើម្បី​ស្ដាប់​តាម​មនុស្ស​ដែល​ស្រឡាញ់​អ្នក ហើយ​ដាក់​ខ្លួន​អ្នក​នៅ​កន្លែង​ណា ដែល​នឹង​នាំ​មនុស្ស​ល្អ​មក​ផង ហើយ​យាង​ព្រះវិញ្ញាណ​ផង ។ នៅពេល​ខ្ញុំ​បាន​ធ្វើ​រឿង​ទាំងនេះ ខ្ញុំ​ឃើញ​ថា ខ្លួន​ឯង​បាន​ហ៊ុមព័ទ្ធ​ទៅដោយ​មិត្ត​ល្អៗ​រាល់ថ្ងៃ​—​មិត្ត​ដែល​គាំទ្រ​ខ្ញុំ​ក្នុង​ការសម្រេច​ចិត្ត សុចរិត​របស់​ខ្ញុំ ។

មិន​ថា​អ្នក​នៅ​ទីណា​ក្នុង​ពិភពលោក​នេះ​ទេ អ្នក​អាច​រកឃើញ​មិត្ត​ដែល​នឹង​ពាក់​ម៉ាស​អុកស៊ីសែន​ឲ្យ​អ្នក​វិញ នៅពេល​អ្នក​ពិបាក​ពាក់​វា​ដោយ​ខ្លួន​ឯង​នោះ ។ អ្នក​អាច​រកឃើញ​មិត្ត ដែល​អាច​ជួយ​អ្នក​ឲ្យ​ចេញពី​សភាព​ខ្វះ​អុកស៊ីសែន​ខាង​វិញ្ញាណ ដែល​អ្នក​អាច​ឃើញ​ថា​ខ្លួន​ឯង​កំពុង​ជាប់​នៅ​នោះ ។ មិត្ត​របស់​អ្នក​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ជីវិត​របស់​អ្នក ជាង​អ្វី​ដែល​អ្នក​អាច​គិត​ដល់ ដូច្នេះ​សូម​ស្វែងរក​ដៃគូ​ដែល​កំពុង​ជ្រើសរើស​ត្រឹមត្រូវ ។ ខ្ញុំ​បាន​ធ្វើ​រួច​ហើយ វា​បាន​ផ្លាស់ប្ដូរ​ខ្ញុំ និង​អនាគត​របស់​ខ្ញុំ​ជារៀងរហូត ។