ចម្បាំងប្រចាំថ្ងៃរបស់ខ្ញុំ ទាស់នឹងភាពឯកោ
អ្នកនិពន្ធរស់នៅទីក្រុងប្រាក សាធារណៈរដ្ឋឆែក ។
ខ្ញុំបានទទួលអារម្មណ៍ឯកោតាំងពីពេលឪពុកម្តាយខ្ញុំលែងលះគ្នា ហើយការចូលរួមព្រះវិហារបានបង្កើនភាពឯកោនោះកាន់តែខ្លាំងឡើង ។ ប៉ុន្តែវាក៏បានជួយខ្ញុំឲ្យស្វែងរករបៀបមួយគេចចេញពីភាពឯកោដែរ ។
អស់ពេលជាយូរមកហើយក្នុងជីវិតខ្ញុំ ខ្ញុំបានមានអារម្មណ៍ថា ខ្ញុំនៅឯកោ ។ ពេលដំបូង ភាពឯកោគឺជាអារម្មណ៍ថ្មីមួយសម្រាប់ខ្ញុំ ដោយសារខ្ញុំបានជាសមាជិកក្នុងគ្រួសារដែលមានគ្នាប្រាំនាក់ ដូច្នេះកាលនៅតូច ខ្ញុំចូលចិត្តភាពអ៊ូអរ និងមនុស្សច្រើននៅផ្ទះជានិច្ច ។ ខ្ញុំបានដឹងថា ខ្ញុំពុំនៅឯកោទេ ។
ជាអកុសល ពេលខ្ញុំកំពុងពេញវ័យ ឪពុកម្ដាយខ្ញុំបានលះលែងគ្នា ។ ចាប់តាំងពីពេលនោះមក ខ្ញុំចាប់ផ្តើមមានអារម្មណ៍ឯកោម្តងទៀត ។ ខ្ញុំបានព្យាយាមស្វែងយល់ពីអ្វីដែលត្រូវធ្វើ ធ្វើអ្វីដែលខ្ញុំពុំធ្លាប់ធ្វើដើម្បីរាប់អានមិត្តនៅឯសាលារៀន ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចរីករាយនឹងការស្គាល់មនុស្សច្រើននៅសាលារៀន ដូចខ្ញុំស្គាល់មនុស្សនៅផ្ទះដែរ ។ ប៉ុន្តែទោះបីខ្ញុំមានមនុស្សនៅជុំវិញខ្ញុំក្តី ខ្ញុំនៅតែមានអារម្មណ៍ថាឯកោ ។ អារម្មណ៍នេះបានរសាត់រសាយទៅពីរបីឆ្នាំបន្ទាប់ពេលខ្ញុំបានជួបនឹងសាសនាចក្រ ។
ថ្ងៃមួយស៊ីស្ទើរដែលជាពួកអ្នកផ្សព្វផ្សាយសាសនាបានគោះទ្វារផ្ទះខ្ញុំ ហើយម្តាយខ្ញុំបានបើកទ្វារ ។ ខ្ញុំចាំថា ម្តាយខ្ញុំបានប្រាប់ពួកគេថា « ខ្ញុំមិនចាប់អារម្មណ៍ទេ ប៉ុន្តែកូនស្រីខ្ញុំចាប់អារម្មណ៍ ។ សូមរង់ចាំសិន ខ្ញុំនឹងហៅនាងមក » ។
នៅពេលខ្ញុំចាប់ផ្ដើមនិយាយជាមួយពួកគេ ខ្ញុំអាចទទួលអារម្មណ៍ពីព្រះវិញ្ញាណប្រាប់ខ្ញុំឲ្យស្តាប់ ។ បន្ទាប់ពីបានស្តាប់ និងរៀនអស់រយៈពេលពីរបីខែមក ខ្ញុំបានដឹងថា នោះគឺជាអ្វីដែលខ្ញុំកំពុងស្វែងរក ។ ទោះបីខ្ញុំគ្មានអារម្មណ៍ថា គួរតែចាប់ផ្តើមជាមួយដំណឹងល្អក្តី នោះការសម្រេចចិត្តរបស់ខ្ញុំដើម្បីទទួលបុណ្យជ្រមុជទឹក ពុំគ្រាន់តែបានជួយខ្ញុំឲ្យខិតកាន់តែជិតព្រះអម្ចាស់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យខ្ញុំខិតទៅរកការបញ្ចប់ចម្បាំងទាស់នឹងភាពឯកោរបស់ខ្ញុំផងដែរ ។
អារម្មណ៍ឯកោក្នុងនាមជាអ្នកប្រែចិត្តជឿ
ពេលខ្ញុំបានសម្រេចចិត្តថា ខ្ញុំចង់ទទួលបុណ្យជ្រមុជទឹក គ្រួសារខ្ញុំពុំសូវរំភើបនឹងរឿងនោះទេ ។ ទោះជាយ៉ាងណាក្តី ម្តាយខ្ញុំ និងបងប្រុសខ្ញុំម្នាក់បានចូលរួមពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ សមាជិកផ្សេងទៀតក្នុងគ្រួសារខ្ញុំបានបដិសេធខ្ញុំ ដោយសារយើងពុំមានសាសនាដូចគ្នាទៀតទេ ។
នៅគ្រាដំបូងវាពិបាកណាស់ ហើយខ្ញុំមានអារម្មណ៍កាន់តែឯកោខ្លាំងជាងមុនទៅទៀត ។ ប៉ុន្តែមួយរយៈពេលក្រោយមក បងជីដូនមួយរបស់ខ្ញុំម្នាក់បានសម្រេចចិត្តគោរពសាសនាហិនឌូ ដែលជាសាសនាខុសពីការអនុវត្តផ្សេងពីគ្រួសាររបស់យើង ។ គាត់បានគោរពដល់ជម្រើសរបស់ខ្ញុំដើម្បីចូលសាសនាចក្រ ដោយសារគាត់បានធ្វើការសម្រេចចិត្តស្រដៀងគ្នាដែរ ។ ដោយសារតែគំរូនៃសេចក្តីស្រឡាញ់ដែលគាត់មានចំពោះខ្ញុំ សមាជិកផ្សេងទៀតក្នុងគ្រួសារខ្ញុំឈប់ប្រកាន់នឹងខ្ញុំទៀត ។
នៅសាលារៀនវិញ ខ្ញុំបានដឹងថា ខ្ញុំពុំចុះចំណោមនឹងពួកគេទៀតទេ ។ នៅកន្លែងការងារវិញ គេបានមើលខ្ញុំក្នុងរបៀបចម្លែកមួយ ពេលខ្ញុំបានប្រាប់ពួកគេថា ខ្ញុំបានទទួលបុណ្យជ្រមុជទឹក ។ ខ្ញុំគ្មានអារម្មណ៍អៀនខ្មាសទេ—ការសម្រេចចិត្តរបស់ខ្ញុំពុំខុសទេ ហើយខ្ញុំបានដឹងរឿងនោះដោយអស់ពីចិត្តខ្ញុំ—ប៉ុន្តែមិត្តភក្តិខ្ញុំពុំយល់ពីការផ្លាស់ប្តូរបែបផែននៃជីវិតខ្ញុំទេ ហើយភាគច្រើនពួកគេសម្រេចចិត្តឈប់រាប់អានខ្ញុំ ។
ការបង្កើតមិត្តភក្តិថ្មី
ឆ្លងកាត់បទពិសោធន៍លំបាកទាំងអស់នេះ ខ្ញុំបានបន្តអធិស្ឋាន ហើយខ្ញុំអាចមានអារម្មណ៍សុខស្រួល ដែលព្រះវិញ្ញាណបានសន្យាដល់ខ្ញុំក្នុងការប្រសិទ្ធពរបព្វជិតភាពដែលខ្ញុំបានទទួល ។ ថ្ងៃមួយខ្ញុំបានហ៊ានសួរសំណួរមួយក្នុងការអធិស្ឋានថា « ហេតុអ្វីខ្ញុំមានអារម្មណ៍ឯកោម៉្លេះ ? » ហើយខ្ញុំបានទទួលចម្លើយ ឬការសន្យាមួយ—ថា ខ្ញុំនឹងរាប់អានមិត្តភក្តិថ្មី ជាមិត្តដែលនឹងយល់ចិត្តខ្ញុំ ។
ហើយខ្ញុំបានធ្វើដូច្នោះមែន ។ ខ្ញុំបានរាប់អានមិត្តភក្តិថ្មី ពួកគេមួយចំនួនពុំមែនជាសមាជិកសាសនាចក្រទេ ប៉ុន្តែពួកគេនៅតែគោរព និងស្រឡាញ់ខ្ញុំ ។ ខ្ញុំក៏បានរាប់អានមិត្តភក្តិនៅព្រះវិហារដែលបានក្លាយដូចជាគ្រួសារខ្ញុំ ។
ក្នុងនាមជាមនុស្សអៀនខ្មាសម្នាក់ ហើយត្រូវនិយាយជាមួយមនុស្សពុំមែនជារឿងងាយស្រួលបំផុតសម្រាប់ខ្ញុំទេ ។ ភាគច្រើនខ្ញុំទុកឲ្យគេមករកខ្ញុំសិន ប៉ុន្តែនៅវិទ្យាល័យពុំសូវមានមនុស្សច្រើនចង់និយាយជាមួយខ្ញុំទេ ។ ដូច្នេះខ្ញុំរីករាយដែលខ្ញុំបានចងចាំពីល្បិចចាស់កម្រិលនេះ ដែលខ្ញុំបានរៀន—គឺខ្ញុំបានញញឹម ។ កាលណាមនុស្សញញឹមច្រើន នោះនឹងមានគេនិយាយយកកាន់តែច្រើន ។ ខ្ញុំបានដឹងថា កាលណាខ្ញុំកាន់តែញញឹមដាក់គេ នោះគេចាប់ផ្តើមនិយាយរកខ្ញុំ ហើយវាធ្វើឲ្យខ្ញុំក្លាយជាមិត្តនឹងពួកគេបានងាយស្រួលជាង ។
ការឈរជាមួយព្រះវរបិតាសួគ៌
ចម្លើយដ៏ប្រសើរចំពោះការអធិស្ឋានរបស់ខ្ញុំគឺសុន្ទរកថារបស់ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) ដែលមានចំណងជើងថា « ក្លាហាននឹងឈរម្នាក់ឯង » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦០–៦៧ ) ។ យូរៗទៅ សុន្ទរកថានេះបានបង្រៀនខ្ញុំរឿងដ៏សំខាន់មួយអំពីភាពឯកោ ៖ អ្នកពុំឈរនៅតែឯងទេ ពេលអ្នកធ្វើតាមព្រះអម្ចាស់ ។
នៅតែមានគ្រាលំបាកសម្រាប់ខ្ញុំដើម្បីធ្វើតាមទ្រង់ ។ ភាពភ័យខ្លាចមនុស្សដទៃសើចចំអកឲ្យខ្ញុំ និងជំនឿរបស់ខ្ញុំគឺវាខ្លាំងណាស់ ។ មានគេបានប្រាប់ខ្ញុំថា សាសនាណាក៏ដោយគឺអត់បានការទាំងអស់ ហើយគេថា ខ្ញុំកំពុងត្រូវបានគេដឹងដូចជាចៀមដែលគ ។ បន្ទាប់ពីដឹងអំពីសាសនារបស់ខ្ញុំរួច មនុស្សខ្លះបានប្រព្រឹត្តនឹងខ្ញុំ ដូចជារូបខ្ញុំនេះកើតជំងឺឆ្លងដ៏កាចសាហាវមួយអញ្ចឹង ។ បទពិសោធន៍ទាំងអស់បានធ្វើឲ្យខ្ញុំមានអារម្មណ៍ពុំសូវមានសុវត្ថិភាព និងមានភាពឯកោណាស់ ។ វាគឺជាការលំបាកប្រចាំថ្ងៃ ប៉ុន្តែវាក៏ជារឿងមួយដែលខ្ញុំយកឈ្នះបានរៀងរាល់ថ្ងៃផងដែរ ម្តងហើយម្តងទៀតដោយមានជំនួយ និងការគាំទ្រទាំងស្រុងពីព្រះអម្ចាស់ ។
ខ្ញុំព្យាយាមធ្វើតាមព្រះវិញ្ញាណជាប្រចាំ ។ ពេលណាដែលខ្ញុំស្តាប់តាមព្រះវិញ្ញាណ ហើយនិយាយជាមួយមនុស្ស នោះការបំផុសគំនិតមកពីព្រះវិញ្ញាណជួយខ្ញុំឲ្យបម្រើមនុស្សដទៃ ។ វាផ្តល់ឱកាសដល់ខ្ញុំឲ្យចងចាំថា ខ្ញុំពុំនៅឯកោទេ ។ សំខាន់ខ្លាំងបំផុតនោះគឺ ការស្តាប់តាមព្រះវិញ្ញាណផ្តល់ឱកាសឲ្យខ្ញុំចែកចាយទីបន្ទាល់របស់ខ្ញុំជានិច្ច ។ ខ្ញុំបានដឹងថា ការចែកចាយជំនឿរបស់ខ្ញុំតាមរបៀបនេះជួយខ្ញុំឲ្យខ្លាចតិច ហើយឲ្យខ្ញុំយល់កាន់តែច្រើនពីមនុស្សដទៃ ។ ពីមុនខ្ញុំដឹងរឿងនេះ ខ្ញុំពុំឯកោទេ—និយាយជាមួយអ្នកណាក៏ដោយដែលខ្ញុំកំពុងនិយាយជាមួយនៅគ្រានោះ—នោះខ្ញុំកំពុងធ្វើតាមព្រះវិញ្ញាណហើយ ។ ជាមួយនឹងព្រះវិញ្ញាណនៅខាងអ្នក នោះអ្នកពុំអាចឯកោទេ ។
អស់ពេលជាច្រើនឆ្នាំ និងជាច្រើនគ្រានៃអារម្មណ៍ឯកោ ព្រះអម្ចាស់បានមានបន្ទូលប្រាប់ខ្ញុំច្រំដែលថា ខ្ញុំគឺជាបុត្រីសំណព្វរបស់ទ្រង់ ហើយទ្រង់ស្រឡាញ់ខ្ញុំ ។ តើខ្ញុំអាចមានអារម្មណ៍ឯកោដូចម្តេច បើខ្ញុំមានព្រះវរបិតាខ្ញុំគង់នៅជាមួយខ្ញុំនោះ ? តើខ្ញុំអាចមានអារម្មណ៍ឯកោដូចម្តេច បើខ្ញុំអាចទូលទៅទ្រង់តាមការអធិស្ឋាននោះ ?
នៅក្នុងចម្បាំងប្រចាំថ្ងៃរបស់ខ្ញុំទាស់នឹងភាពឯកោ ខ្ញុំបានអំពាវនាវទៅកាន់ព្រះវរបិតាសួគ៌ខ្ញុំ ដែលទ្រង់ពុំគ្រាន់តែគង់នៅក្បែរខ្ញុំទេ ទ្រង់ថែមទាំងជួយខ្ញុំជានិច្ចឲ្យឈរក្បែរទ្រង់ផងដែរ ។ ខ្ញុំដឹងថា ទ្រង់ពុំដែលទុកខ្ញុំចោលឲ្យប្រយុទ្ធក្នុងសង្គ្រាមតែឯងទេ ហើយទ្រង់គង់នៅក្បែរខ្ញុំ ស្រឡាញ់ខ្ញុំជានិច្ច ។