ប្រេដិន នាំ ផ្លូវ
អ្នកនិពន្ធរស់នៅរដ្ឋកាលីហ្វូញ៉ា ស.រ.អា. ។
ដំណើររឿងនេះបានកើតឡើងនៅក្នុងរដ្ឋ លូវីស្សីអាណា ស.រ.អា. ។
ជីវិតនៅក្នុងកសិដ្ឋានចិញ្ចឹមក្រពើគឺសប្បាយរីករាយណាស់ ។ ប៉ុន្តែមានរឿងមួយដែលខ្វះខាត ។
« ចូរធ្វើជាគំរូដល់ពួកអ្នកជឿ » ( ធីម៉ូថេ ទី១ ៤:១២ ) ។
ប្រេដិន និងប៉ា បានយួរធុងចំណីក្រពើដ៏ធ្ងន់ដើម្បីទៅកន្លែងឲ្យចំណីក្រពើ ។ ក្បាលរបស់សត្វក្រពើបានងើបចេញពីផ្ទៃទឹក ហើយបណ្តែតខ្លួនមករកពួកគេ ។ នៅពេលដែលប្រេដិន និងប៉ា បានទៅដល់កន្លែងឲ្យចំណី សត្វក្រពើមួយចំនួនបានហាមាត់របស់ពួកវា ។
ប៉ុន្តែ ប្រេដិន មិនខ្លាចឡើយ ។ ការធ្វើការជាមួយប៉ា នៅឯកសិដ្ឋានចិញ្ចឹមក្រពើគឺ ល្អខ្លាំងណាស់ ។
« ដល់ម៉ោងឲ្យចំណីហើយ ! » ។ ប្រេដិន បាននិយាយ ។ គាត់បានចូកចំណីមួយប៉ែល ហើយបោះនៅក្នុងទឹក ។
ត្របាក់ ។ ត្របាក់ ។ ខ្ចាយទឹក !
សត្វក្រពើខ្លះហក់ត្របាក់ស៊ីចំណីតាំងពីមិនទាន់ធ្លាក់ដល់ទឹកម្ល៉េះ ។ សត្វក្រពើខ្លះទៀត ត្របាក់ចំណីពេលដែលចំណីធ្លាក់លើទឹក ។ ប្រេដិន និងប៉ាបន្តបោះចំណីរហូតដល់អស់ចំណីពីធុង ។
ប៉ាបាននិយាយថា « អរគុណកូនដែលជួយប៉ា » ។ « តោះយើងទៅវិញ ។ ពួកអ្នកផ្សព្វផ្សាយសាសនាជិតមកដល់ហើយ » ។
ប្រេដិន និងគ្រួសាររបស់គាត់ បានចាប់ផ្តើមជួបជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនាពីរបីខែមុន ។ គាត់ចូលចិត្តពួកអ្នកផ្សព្វផ្សាយសាសនាណាស់ ! ហើយគាត់ចូលចិត្តរៀនអំពីសាសនាចក្រ ។ ប៉ាជាសមាជិកនៃសាសនាចក្រ ប៉ុន្តែ គាត់មិនបានទៅព្រះវិហារញឹកញាប់ទេ ។ ម៉ាក់ និងប្រេដិន ពុំដែលទទួលបុណ្យជ្រមុជទឹកឡើយ ។
នៅល្ងាចនោះ ស៊ិស្ទើរ ខក បាននិយាយថា « នៅសប្តាហ៍មុន បងទាំងពីរបានដាក់គោលដៅថាអាន ម៉ូសាយ ១៨ » ។ « តើវាយ៉ាងម៉េចដែរ ? »
ម៉ាក់ និងប៉ាបានមើលមុខគ្នា ហើយបាននៅស្ងៀមមួយស្របក់ ។ ម៉ាក់បាននិយាយថា « ពួកយើងរវល់ណាស់នៅសប្តាហ៍នេះ » ។
« ខ្ញុំបានអានតើ ! » ប្រេដិន បាននិយាយ ។
« ល្អណាស់ ! » ស៊ិស្ទើរ ប្លដ បាននិយាយបណ្តើរ លើកដៃទះអបអរបណ្តើរ ។ « តើប្អូនបានមានអារម្មណ៍យ៉ាងណា បន្ទាប់ពីប្អូនបានអានវាហើយនោះ ? »
ប្រេដិន បានញញឹមពព្រាយ ។ « ពិតជាល្អណាស់ ។ ហើយខ្ញុំបានអធិស្ឋានអំពីការទទួលបុណ្យជ្រមុជទឹក ។ ខ្ញុំពិតជាចង់ទទួលបុណ្យជ្រមុជទឹកណាស់ » ។
ស៊ិស្ទើរ ខក បាននិយាយថា « ល្អណាស់ ! ខ្ញុំដឹងថា វាធ្វើឲ្យព្រះវរបិតាសួគ៌សប្បាយព្រះទ័យណាស់ » ។ គាត់បានងាកទៅរកម៉ាក់របស់ ប្រេដិន ។ « តើបងស្រីមានអារម្មណ៍យ៉ាងណាអំពីរឿងនេះ ? »
ម៉ាក់បានមានប្រសាសន៍ថា « ខ្ញុំមិនទាន់ប្រាកដចិត្តទេ ។ ខ្ញុំគិតថា ខ្ញុំត្រូវការពេលវេលាបន្តិចទៀត ។
ប្រេដិន មានអារម្មណ៍មិនសូវសប្បាយចិត្តទេក្នុងអំឡុងចុងបញ្ចប់មេរៀន។ គាត់ចង់ឲ្យឪពុកម្តាយរបស់គាត់ទាំងពីរនាក់ក្លាយជាសមាជិកនៃសាសនាចក្រ ។ ហើយគាត់ក៏ចង់ក្លាយជាសមាជិកសាសនាចក្រដែរ !
នៅពេលពួកអ្នកផ្សព្វផ្សាយសាសនាបានចេញទៅ គាត់បានប្រាប់ដល់ឪពុកម្តាយគាត់ថា អ្វីដែលគាត់បាននិយាយពីមុននោះ គឺជាការចង់បានពិតប្រាកដមែន ។ « កូនពិតជាចង់ទទួលបុណ្យជ្រមុជទឹកណាស់ ។ ហើយ … » ប្រេដិន បានដកង្ហើមធំ ។ « កូនចង់ឲ្យប៉ាធ្វើបុណ្យជ្រមុជទឹកឲ្យកូន » ។
មួយស្របក់មក ប៉ាក៏និយាយឡើង ។ « ប៉ាក៏ចង់បានដូច្នោះដែរ » ។
ម៉ាក់នៅស្ងៀម ។ « តោះ សូមយើងអធិស្ឋានអំពីរឿងនេះ » ។
ប្រេដិន បានលុតជង្គង់ចុះជាមួយក្រុមគ្រួសារគាត់ ហើយបានទូលសួរព្រះវរបិតាសួគ៌ ប្រសិនបើគាត់ និងម៉ាក់គួរតែទទួលបុណ្យជ្រមុជទឹក ។ គាត់មានអារម្មណ៍កក់ក្តៅ និងពេញដោយក្តីស្រឡាញ់ ។
ពីរបីសប្តាហ៍ក្រោយមក ប្រេដិន បានអានព្រះគម្ពីរ ហើយបានអធិស្ឋានរាល់ថ្ងៃ ។ ដំបូងឡើយ គាត់តែងតែជាអ្នកដែលសុំឲ្យឪពុកម្តាយរបស់គាត់អធិស្ឋាន និងអានជាមួយគាត់ ។ ប៉ុន្តែ មិនយូរប៉ុន្មាន ពួកគាត់ចាប់ផ្តើមសុំ ប្រេដិន វិញ ។ នៅពេលគាត់ និងប៉ាឲ្យចំណីសត្វក្រពើ ពួកគាត់នឹងនិយាយអំពីបទគម្ពីរ ឬ អ្វីដែលពួកគាត់បានរៀននៅឯព្រះវិហារ ។ គាត់ និងម៉ាក់និយាយអំពីមេរៀនដែលរៀនជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។ ជារៀងរាល់ថ្ងៃ ម៉ាក់ និងប៉ា ហាក់ដូចជាកាន់តែរីករាយឡើង ។
នៅថ្ងៃមួយ នៅពេលកំពុងរៀនជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ម៉ាក់បានមាននិយាយពីអ្វីដែល ប្រេដិន បានទន្ទឹងរង់ចាំ ៖ « ខ្ញុំចង់ទទួលបុណ្យជ្រមុជទឹក » ។
នៅពីរបីសប្តាហ៍ក្រោយមក ប្រេដិន មានអារម្មណ៍ថាដូចជា បានហោះហើរនៅលើមេឃ ។
នៅទីបំផុត ថ្ងៃបុណ្យជ្រមុជទឹករបស់ម៉ាក់ និងប្រេដិនបានមកដល់ ។ នៅពេល ប្រេដិន ងើបចេញពីទឹក គាត់ទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ពីព្រះវរបិតាសួគ៌ចំពោះគាត់ និងក្រុមគ្រួសាររបស់គាត់ ។ គាត់បានឱបប៉ាយ៉ាងណែន ។
ប៉ាឱបប្រេដិន យ៉ាងណែន ហើយបានខ្សឹបថា « អរគុណកូនដែលបានធ្វើជាគំរូល្អ ហើយជួយដល់ពួកយើង ។ ប៉ាស្រឡាញ់កូន » ។