បាល់ទាត់ និងថ្ងៃឈប់សម្រាក
ដំណើររឿងនេះបានកើតឡើងនៅ ហុនឌូរ៉ាស ។
« ថ្ងៃសៅរ៍គឺជាថ្ងៃ ដ៏ពិសេស ។ ជាថ្ងៃយើងរៀបចំសម្រាប់ថ្ងៃ អាទិត្យ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១០៥ ) ។
ថ្ងៃសៅរ៍របស់សាំយ៉ូអែលបានរារាំងដល់ថ្ងៃអាទិត្យរបស់គាត់ ។
សាំយ៉ូអែលចូលចិត្តមើលទូរទស្សន៍ជាមួយនឹងប៉ា ជាពិសេសនៅថ្ងៃសៅរ៍ ។ ប៉ារវល់ខ្លាំងណាស់រាល់សប្ដាហ៍ ។ តែនៅថ្ងៃសៅរ៍ ម៉ាក់បានចម្អិន pastelitos de piña ( នំនានា ដែលមានស្នូលម្នាស់ ) ហើយពួកគេមើលទូរទស្សន៍ជុំគ្នា ។
នៅថ្ងៃសៅរ៍មួយ ពួកគេបានសម្រេចចិត្តមើល partido de fútbol ( ការប្រកួតបាល់ទាត់ ) ។ តែការប្រកួតនោះបានចាប់ផ្ដើមនៅយប់ជ្រៅ ហើយមានរយៈពេលវែង ។ ពេលការប្រកួតតង់ទីមួយបានបញ្ចប់ លទ្ធផលគឺ ០-០ ។ សាំយ៉ូអែលចង់បន្តមើលទៀត ។ តែគាត់ស្ងាបមិនឈប់សោះ ។
ម៉ាក់បានប្រាប់ដោយសម្ដីទន់ភ្លន់ថា « ដល់ពេលចូលគេងហើយ សាំយ៉ូអែល » ។ « កូនត្រូវចូលគេងដើម្បីកូនមានកម្លាំងទៅព្រះវិហារនៅថ្ងៃស្អែក » ។
សាំយ៉ូអែលបានតបថា « តែកូនចង់មើលទៀត » ។ « នេះជាក្រុមពីរដ៏ល្អបំផុតនៅហុនឌូរ៉ាស ! »
ប៉ាបានមើលទៅនាឡិកា ។ « មិនអីទេ ។ កូនអាចបន្តមើលបាន ។ តែថ្ងៃស្អែកកូនត្រូវក្រោកឡើងឲ្យទាន់ម៉ោង » ។
ការប្រកួតនេះតែមានភាពរំភើបចិត្តនៅតង់ទីពីរ ។ ពេលនេះសាំយ៉ូអែលលែងងងុយគេងទៀតហើយ ! គាត់ និងប៉ាបានស្រែកហោទាំងពីរនាក់ ។ ដំបូងមានការទាត់បាល់ពីជ្រុង ។ បន្ទាប់មកអ្នកចាំទីបានសង្គ្រោះបាល់មួយយ៉ាងអស្ចារ្យ ។ ក្រុមម្ខាងបានទាត់បញ្ចូលទី ហើយបន្ទាប់មកក្រុមម្ខាងទៀត ។ ទម្រាំសាំយ៉ូអែលបានដឹង នោះការប្រកួតនោះបានបញ្ចប់ ។ វាបានបញ្ចប់ដោយពិន្ទុស្មើគ្នា ១-១ ។
លុះព្រឹកស្អែក សាំយ៉ូអែលអស់កម្លាំងយ៉ាងខ្លាំងរហូតដល់គាត់មិនចង់ក្រោកចេញពីគ្រែឡើយ ។ តែគាត់បានដឹងថា ការទៅព្រះវិហារគឺជារឿងសំខាន់ ។
អំឡុងការប្រជុំសាក្រាម៉ង់ សាំយ៉ូអែលបានចាប់ផ្ដើមគេងលក់ ។ គាត់បានងោក ។ ម៉ាក់ជួយកេះគាត់ កុំឲ្យគាត់គេង ។ តែគាត់អស់កម្លាំងខ្លាំងណាស់រហូតដល់គាត់មិនបានផ្ដោតអារម្មណ៍ទៅលើអ្នកឡើងនិយាយឡើយ ។ ប៉ាបាននិយាយថា « ប៉ាគិតថាថ្ងៃសៅរ៍របស់កូនបានរារាំងដល់ថ្ងៃអាទិត្យរបស់កូនហើយ » ។
ក្នុងថ្នាក់កុមារ គ្រូបង្រៀនរបស់សាំយ៉ូអែលបាននិយាយអំពីការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។ គាត់បានសួរថា តើកុមារអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យថ្ងៃអាទិត្យពិសេស ។ សាំយ៉ូអែលបានគិតមួយសន្ទុះ ។ រួចបានឆ្លើយថា « ចូលគេងនៅថ្ងៃសៅរ៍ឲ្យទាន់ម៉ោង »!
ពេលពួកគេទៅដល់ផ្ទះវិញ សាំយ៉ូអែលបានប្រាប់ម៉ាក់ និងប៉ា ។ សាំយ៉ូអែលបាននិយាយថា « កូនសប្បាយចិត្តដោយបានមើលការប្រកួតកាលពីយប់មិញ » ។ « តែកូនគួរចូលគេងឲ្យបានលឿនជាងនោះ ។ កូនគិតថា យើងគួរប្រើពេលមួយផ្នែកនៃថ្ងៃសៅរ៍ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃអាទិត្យ » ។
ប៉ាបានតបថា « ប៉ាយល់ស្រប » ។
ម៉ាក់បានងក់ក្បាល ។ « ម៉ាក់ក៏យល់ស្របដែរ »
ថ្ងៃសៅរ៍ បន្ទាប់មានការប្រកួតមួយទៀតនៅតាមទូរទស្សន៍ ។
« តើយើងគួរធ្វើយ៉ាងម៉េចនៅយប់នេះ ? » ប៉ាបានសួរ ។ « ការប្រកួតលេងដល់យប់ជ្រៅទៀតហើយ » ។
ម៉ាក់បានតបថា « យើងអាចមើលភាពយន្តវិញ » ។
សាំយ៉ូអែលបាននិយាយថា « ឬយើងអាចចេញទៅ ដើរនៅខាងក្រៅ » ។
« តើប៉ាម៉ាក់ចេញទៅដើរនៅខាងក្រៅបានទេ ? » ប៉ាបានសួរម៉ាក់ ។
ម៉ាក់បានតបថា « ពិតជាបាន » ។ « វាកាន់តែល្អដើម្បីដើរជុំគ្នាជាគ្រួសារ » ។
សាំយ៉ូអែលតបថា « ហើយពេលយើងមកផ្ទះវិញ យើងអាចគេងលក់យ៉ាងស្រួល ។ រួចយើងនឹងត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃអាទិត្យ! »