ចាក់សោចោល !
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
ដំណើររឿងនេះបានកើតឡើងនៅហុងគ្រី ហុងគ្រី កណ្តាល ។
ប្រហែលជា អិមម៉ា អាចជួយបាន !
« ចូរដាក់ទីទុកចិត្តរបស់អ្នកទៅនឹងព្រះវិញ្ញាណនោះដែលនាំឲ្យធ្វើល្អ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២ ) ។
អិមម៉ា បានលោតនៅលើថ្មប្រះៗនៅលើចិញ្ចើមផ្លូវ ។ វាជាថ្ងៃមួយដែលព្រះអាទិត្យបើកថ្ងៃចែស ។ នាង និងម៉ាក់ កំពុងដើរទៅហាងលក់គ្រឿងទេស ។
នាងបានសួរថា « ម៉ាក់ តើព្រះអាទិត្យមានចម្ងាយប៉ុណ្ណា ? »
ម៉ាក់ បានឆ្លើយថា « ម៉ាក់មិនប្រាកដទេ » ។
អិមម៉ា បានបើកភ្នែកព្រឹមៗមើលទៅលើមេឃ ។ « តើម៉ាក់គិតថារ៉ុកកែតអាចទៅដល់ព្រះអាទិត្យឬទេ ? តើម៉ាក់គិតថាវាក្តៅជាងរន្ទះដែរឬទេ ? តើម៉ាក់គិតថា … »
ម៉ាក់បានអស់សំណើច ។ « សំណួររបស់កូនកាន់តែពិបាកឡើងៗ ! »
អិមម៉ា ក៏អស់សំណើចដែរ ។ នាងមានសំណួរច្រើនណាស់ ។ ម៉ាក់តែងតែខិតខំអស់ពីសមត្ថភាពដើម្បីឆ្លើយសំណួរទាំងនោះ ។ នោះជាមូលហេតុមួយដែលអិមម៉ា ចូលចិត្តដើរជាមួយម៉ាក់ ។
អិមម៉ា បានមើលជុំវិញតំបន់ជិតខាងនាង ។ ឡានតាក់ស៊ីបានបើកចុះតាមផ្លូវថ្ម ។ មនុស្សម្នាបាននាំគ្នាជិះកង់ ។ មនុស្សមា្នជាច្រើនក៏បានចេញក្រៅដើរផងដែរ ។
បន្ទាប់មកអិមម៉ា បានមើលទៅផ្លូវម្ខាងទៀត ។ មានក្មេងស្រីម្នាក់កំពុងអង្គុយលើកាំជណ្តើរខាងក្រៅអគារជួលមួយ ។ នាងហាក់ដូចជាកំពុងយំ ។
អិមម៉ា បន្ថយល្បឿនដើរ ។ តើនាងគួរតែឈប់ដើម្បីជួយដែរឬទេ ? ប្រហែលជាក្មេងស្រី ម្នាក់នេះចង់នៅតែម្នាក់ឯងទេដឹង ។ នៅពេលខ្លះ អិមម៉ា ក៏ចង់នៅតែម្នាក់ឯងដែរ នៅពេលនាងមិនសប្បាយចិត្ត ។
អិមម៉ា បានឈប់ដើរ ។ ភាគច្រើន អិមម៉ា ចង់ឲ្យមាននរណាមា្នក់ដែលនាងអាចនិយាយជាមួយ នៅពេលនាងត្រូវការជំនួយ ។ ហើយប្រហែលជានាងអាចជួយបាន !
នាងបានចាប់ដៃម៉ាក់ ។ « ម៉ាក់ មើលហ្ន៎ ។ កូនគិតថា ក្មេងស្រីនោះត្រូវការជំនួយហើយ » ។
ម៉ាក់បានមើលទៅផ្លូវម្ខាងទៀត ។ « ម៉ាក់គិតថា កូននិយាយត្រូវហើយ » ។
អិមម៉ា បានកាន់ដៃម៉ាក់ នៅពេលពួកគេបានដើរឆ្លងផ្លូវ ។ នាងបានឡើងកាំជណ្តើរដល់កន្លែងដែលក្មេងស្រីនោះកំពុងអង្គុយ ។ អិមម៉ា បាននិយាយថា « សួស្តី » ។ « តើឯងត្រូវការជំនួយទេ ? »
ក្មេងស្រីរូបនោះបានស្រូបដង្ហើម ចូលហើយបានមើលទៅពួកគេ ។ ដៃរបស់នាងបានឱបក្បាល ជង្គង់ទាំងពីរ ហើយភ្នែករបស់នាងឡើងពណ៌ក្រហម និងហើម ។
« ខ្ញុំ … ខ្ញុំត្រូវបានគេចាក់សោចោលក្រៅផ្ទះ » ។ នាងបានដកដង្ហើមធំ ។ សំឡេងរបស់នាងឡើងញ័រ និងតិចៗ ។ អិមម៉ា បានលុតជង្គង់ចុះនៅ ក្បែរនាង ដើម្បីស្តាប់នាងនិយាយឲ្យបានច្បាស់ ។
ក្មេងស្រីនោះបាននិយាយថា « ខ្ញុំមិនចេះអានអក្សរទេ » ។ « ខ្ញុំមិនដឹងថា បូតុងណាមួយដែលត្រូវចុចដើម្បី ចូលផ្ទះវិញបានទេ » ។
អិមម៉ា បានមើលទៅជញ្ជាំង នៅខាងក្រៅអគារជួល ។ មានបូតុងតូចៗជាច្រើន ។ នៅលើបូតុងនីមួយៗមានឈ្មោះវា ។ នៅជិតបូតុងនោះគឺ មានមេក្រូមួយ ។
អិមម៉ា បានសួរ « តើនាមត្រកូលឯងឈ្មោះអី ? » ។
ក្មេងស្រីតូចនោះបាននិយាយថា « ស្នៃដឺរ » ។
ម៉ាក់ បានអានបូតុងទាំងអស់ រហូតដល់នាងបានឃើញបូតុងមួយសរសេរថា « ស្នៃដឺរ » ។ នាងបានចុចបូតុងនោះ ។
ក្រឹងៗ!
បូតុងនោះមានសំឡេងលឺខ្លាំងណាស់ ។ បន្ទាប់មក មានសំឡេងមួយបានបន្លឺឡើងចេញពីមេក្រូនោះ ។
« នេះជាគ្រួសារស្នៃដឺរ ។ មានអ្វីខ្ញុំអាចជួយអ្នកបាន ? »
ម៉ាក់ បាននិយាយឆ្លើយមេក្រូវិញ ។ « ជម្រាបសួរ ! កូនស្រីខ្ញុំ និងខ្ញុំនៅខាងក្រៅជាមួយក្មេងស្រីម្នាក់ដែលនិយាយថា នាងត្រូវបានគេចាក់សោចោល » ។
ក្មេងស្រីនោះបានងើបយ៉ាងលឿន ហើយរត់ទៅឆ្លើយតបតាមមេក្រូវិញ ។ នាងនិយាយថា « ម៉ាក់ កូនអត់ចេះអានអក្សរលើបូតុងដើម្បីចុចចូលក្នុងផ្ទះវិញទេ ហើយពួកគាត់បានជួយកូន ! » ។
សំឡេងឆ្លើយតាមមេក្រូបានភ្ញាក់ផ្អើល ។ « លេនី! ម៉ាក់ស្មានតែកូននៅក្នុងបន្ទប់កូន ! កុំខ្លាចអី ។ ម៉ាក់ចុះក្រោមឥឡូវនេះ » ។
ពីរបីនាទីក្រោយមក មានស្រ្តី ម្នាក់រត់ចេញមកក្រៅ ។ ក្មេងស្រីនោះបានរត់ទៅជួប ហើយឱបគាត់ ។
ស្រ្តីរូបនោះបានងាកទៅអិមម៉ា ។ « អុរគុណដែលបានជួយកូនស្រី លេនីដ៏តូចរបស់ខ្ញុំ ! »
អិមម៉ា បានញញឹម ។ « ការជួយវាងាយស្រួលណាស់ » ។
ពួកគេបានលើកដៃក្រវីលាគ្នា ហើយបានដើរចុះពីជណ្តើរវិញ ។ រូបកាយទាំងមូលរបស់អិមម៉ា មានអារម្មណ៍កក់ក្តៅ ។ នាងបានចង់សួរម៉ាក់មួយសំណួរទៀត ។
« ការជួយដល់ក្មេងស្រីនោះគឺ តិចតួច ងាយស្រួលណាស់ ។ ហេតុអ្វី កូនមានអារម្មណ៍សប្បាយចិត្តអំពីរឿងនេះ ? »
ម៉ាក់បានច្របាច់ដៃអិមម៉ា ។ « នោះគឺជាព្រះវិញ្ញាណបរិសុទ្ធកំពុងមានបន្ទូលប្រាប់កូនថា កូនបានធ្វើការជ្រើសរើសត្រឹមត្រូវមួយ » ។
អិមម៉ា បានញញឹម ។ នាងសប្បាយចិត្តដែលបានឈប់ដើម្បី ជួយ ។