« ថ្ងៃទី ៣១ ខែ មីនា–ថ្ងៃទី ៦ ខែ មេសា ៖ ‹ ព្រះយេស៊ូវគ្រីស្ទនឹងប្រមូលរាស្រ្តរបស់ទ្រង់ › ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ២៩ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
ថ្ងៃទី ៣១ ខែ មីនា–ថ្ងៃទី ៦ ខែ មេសា ៖ « ព្រះយេស៊ូវគ្រីស្ទនឹងប្រមូលរាស្ត្ររបស់ទ្រង់ »
គោលលទ្ធិ និងសេចក្តីសញ្ញា ២៩
ទោះបីជាសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទបានរៀបចំឡើងនៅក្នុង ឆ្នាំ ១៨៣០ ក្ដីក៏មានសេចក្ដីពិតនៃដំណឹងល្អជាច្រើននៅតែបន្ដបើកសម្ដែង ហើយសមាជិកសាសនាចក្រជំនាន់ដើមមួយចំនួនបានមានសំណួរ ។ ពួកគេបានអានការព្យាករនៅក្នុងព្រះគម្ពីរមរមនអំពីការប្រមូលផ្ដុំនៃអ៊ីស្រាអែល និងការកសាងក្រុងស៊ីយ៉ូន ( សូមមើល នីហ្វៃទី៣ ២១ ) ។ តើរឿងនោះបានកើតឡើងដោយរបៀបណា ? វិវរណៈដែល ហៃរាំ ភេច បានអះអាងបានទទួលបានធ្វើឲ្យមានការសង្ស័យនៅលើប្រធានបទនោះ ដែលវានាំឲ្យសមាជិករឹតតែឆ្ងល់ខ្លាំងឡើង ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២៨ ) ។ មនុស្សផ្សេងទៀតបានឆ្ងល់អំពីការធ្លាក់របស់ លោកអ័ដាម និងនាងអេវ៉ា និងការស្លាប់ខាងវិញ្ញាណ ។ ព្រះជាម្ចាស់បានស្វាគមន៍សំណួរទាំងនេះនៅ ឆ្នាំ ១៨៣០ ហើយទ្រង់ស្វាគមន៍សំណួររបស់យើងនៅថ្ងៃនេះ ។ ទ្រង់បានមានបន្ទូលទៅពួកបរិសុទ្ធថា « អ្វីក៏ដោយដែលអ្នកសូមដោយនូវសេចក្ដីជំនឿដោយរួមប្រជុំគ្នាអធិស្ឋាន ស្របតាមបញ្ញត្តិរបស់យើង នោះអ្នករាល់គ្នានឹងបានទទួល » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៦ ) ។ តាមពិតដូចជាវិវរណៈដ៏សម្បូរបែបនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩ បង្ហាញថាព្រះជាម្ចាស់ជួនកាលឆ្លើយតបទៅនឹងសំណួររបស់យើងដោយផ្ដល់សេចក្ដីពិត និងចំណេះដឹងដល់យើងហួសពីអ្វីដែលយើងសួរទៅទៀត ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅព្រះវិហារ
ព្រះវរបិតាសួគ៌មានផែនការមួយសម្រាប់សេចក្តីសង្រ្គោះដល់បុត្រាបុត្រីរបស់ទ្រង់ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ២៩ បង្រៀនសេចក្ដីពិតជាច្រើនអំពីផែនការរបស់ព្រះសម្រាប់បងប្អូន ។ នៅពេលបងប្អូនអាន សូមស្វែងរកសេចក្ដីពិត ដែលបងប្អូនបានរៀនអំពីផ្នែកនីមួយៗនៃផែនការរបស់ទ្រង់ដូចតទៅនេះ ៖
-
ជីវិតមុនផែនដី ( សូមមើល ខទី ៣៦–៣៧ )
-
ការបង្កបង្កើត ( សូមមើល ខទី ៣១–៣៣ )
-
ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា ( សូមមើល ខទី ៤០–៤១ )
-
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ខទី ១, ៤២–៤៣, ៤៦–៥០ )
តើបងប្អូនបានកើនការយល់ដឹងអ្វីខ្លះ ? ប្រសិនបើវាមានប្រយោជន៍ដល់បងប្អូន បងប្អូនអាចសរសេរវានៅក្នុងកន្លែងដែលបានផ្តល់ឲ្យដោយមានរូបភាពនៅចុងបញ្ចប់នៃគម្រោងមេរៀននេះ ។ តើសេចក្ដីពិតទាំងនេះមានឥទ្ធិពលលើជីវិតរបស់បងប្អូនដោយរបៀបណា ?
សូមមើលផងដែរ Topics and Questions « Plan of Salvation » បណ្ណាល័យដំណឹងល្អ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:១–២៨
ព្រះយេស៊ូវគ្រីស្ទអញ្ជើញខ្ញុំឲ្យជួយប្រមូលរាស្ត្ររបស់ទ្រង់ពីមុនការយាងមកជាលើកទីពីររបស់ទ្រង់ ។
ព្រះយេស៊ូវគ្រីស្ទមានបន្ទូលអំពីការប្រមូលរាស្ដ្ររបស់ទ្រង់ « ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:២ ) ។ តើដំណើររឿងនេះបង្រៀនបងប្អូនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ? តើមានគំនិត ឬចំណាប់អារម្មណ៍បន្ថែមអ្វីខ្លះមកលើបងប្អូននៅពេលដែលបងប្អូនសិក្សាអំពីរូបភាពនៃសត្វមាន់ និងកូនមាន់នៅក្នុងគម្រោងមេរៀននេះ ? សូមគិតអំពីអារម្មណ៍របស់បងប្អូនពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានប្រមូលផ្តុំ និងការពារបងប្អូន ។
ពេលបងប្អូនអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:១–១១ សូមស្វែងរកការយល់ដឹងអំពី ៖
-
នរណានឹងត្រូវបានប្រមូលផ្ដុំ ។
-
តើវាមានន័យយ៉ាងណាក្នុងការ « ប្រមូលផ្តុំ » ទៅកាន់ព្រះគ្រីស្ទ ។
-
តើហេតុអ្វីយើងប្រមូលផ្តុំទៅកាន់ទ្រង់ ។
សូមពិចារណាអំពីមូលហេតុដែលបងប្អូនចង់ឲ្យមនុស្សដទៃប្រមូលផ្តុំទៅកាន់ព្រះយេស៊ូវគ្រីស្ទ ។ តើបងប្អូនមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះដើម្បីជួយដល់ទ្រង់ ?
បងប្អូនអាចសួរខ្លួនឯងនូវសំណួរដូចគ្នានៅពេលមើលវីដេអូ « A Witness of God » ( បណ្ណាល័យដំណឹងល្អ ) ឬការអាន ឬការស្តាប់ទំនុកតម្កើងអំពីការប្រមូលផ្តុំ ដូចជា « អ៊ីស្រាអែលអើយព្រះកំពុងហៅ » ( ទំនុកតម្កើង ល.រ.៧ ) ។ តើបងប្អូនមានអារម្មណ៍យ៉ាងណាចំពោះព្រះអម្ចាស់ដែលកំពុងព្យាយាមបង្រៀនបងប្អូនអំពីកិច្ចការនៃការប្រមូលផ្តុំរបស់ទ្រង់ ?
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា ៖ « ឥឡូវនេះ ការប្រមូលផ្ដុំធ្វើឡើងនៅក្នុងប្រទេសនីមួយៗ ។ ព្រះអម្ចាស់បានចេញព្រះរាជក្រិត្យឲ្យស្ថាបនាទីក្រុងស៊ីយ៉ូន នៅក្នុងតំបន់នីមួយៗដែលទ្រង់បានប្រទានកំណើត និងជាតិសាសន៍ដល់ពួកបរិសុទ្ធរបស់ទ្រង់ » ( « The Gathering of Scattered Israel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨១ ) ។ តើការប្រមូលផ្តុំគ្នាក្នុងនាមជាពួកបរិសុទ្ធជួយយើងឲ្យ « ប្រុងប្រៀបជាស្រេចនូវអ្វីៗគ្រប់យ៉ាង » សម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ? ( ខទី ៨ សូមមើលផងដែរ ខទី ១៤–២៨ ) ។
សូមមើលផងដែរ រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « Hope of Israel » ( ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ), បណ្ណាល័យដំណឹងល្អ; ឌី ថត គ្រីស្តូហ្វឺសិន « គោលលទ្ធិនៃការមានចំណែក » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៥៣–៥៦; Topics and Questions « Gathering of Israel » បណ្ណាល័យដំណឹងល្អ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:៣១–៣៥
« អស់ទាំងរបស់របរគ្រប់យ៉ាងគឺជាវិញ្ញាណចំពោះយើង » ។
ពេលបងប្អូនសិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៣១-៣៥ សូមសួរខ្លួនឯងថា « ក្នុងន័យអ្វីដែលគ្រប់បទបញ្ញត្តិទាំងអស់គឺជាខាងវិញ្ញាណ ? » បងប្អូនអាចសរសេរបទបញ្ញត្តិពីរបី ហើយពិចារណាអំពីគោលការណ៍ខាងវិញ្ញាណដែលទាក់ទងនឹងគ្នាទៅវិញទៅមក ។ ការពិនិត្យឡើងវិញ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស អាចមានប្រយោជន៍—វាបង្រៀនសេចក្ដីពិតដ៏អស់កល្បជានិច្ចមួយចំនួននៅពីក្រោយបទបញ្ញត្តិនានារបស់ព្រះជាម្ចាស់ ។
តើការដឹង « អស់ទាំងរបស់របរគ្រប់យ៉ាង … គឺជាវិញ្ញាណ » ជះឥទ្ធិពលលើអ្នកក្នុងការមើលទៅបទបញ្ញត្តិរបស់ព្រះដោយរបៀបណា ? សូមពិចារណាស្វែងរកអត្ថន័យ ឬគោលបំណងខាងវិញ្ញាណនៅក្នុងផ្នែកផ្សេងទៀតក្នុងជីវិតរបស់បងប្អូនផងដែរ ។
សូមមើលផងដែរ នីហ្វៃទី២ ៩:៣៩ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:៣៦–៥០
ព្រះយេស៊ូវគ្រីស្ទប្រោសលោះយើងពីការធ្លាក់ ។
តើបងប្អូនអាចប្រើ គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:៣៦-៥០ ដើម្បីពន្យល់អំពីមូលហេតុដែលយើងត្រូវការការប្រោសលោះតាមរយៈព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា បាននាំឲ្យមានការស្លាប់ និងអំពើបាបចូលទៅក្នុងពិភពលោក ប៉ុន្តែវាក៏បានរៀបចំផ្លូវសម្រាប់ការប្រោសលោះ និងអំណរតាមរយៈព្រះគ្រីស្ទផងដែរ ។ ដោយគិតអំពីគំនិតនោះ សូមអាន ខទី ៣៩-៤៣ ហើយកត់ពាក្យ និងឃ្លាដែលនាំឲ្យបងប្អូនមានអំណរ ។ តើអ្វីដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍អំពីអ្វីដែលលោកអ័ដាម និងនាងអេវ៉ាបាននិយាយអំពីការធ្លាក់នៅក្នុង ម៉ូសេ ៥:១០-១២ ?
សូមមើលផងដែរថា « Why We Need a Savior » ( វីដេអូ ) បណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់បង្រៀនកុមារ
ព្រះវរបិតាសួគ៌មានផែនការមួយសម្រាប់សេចក្តីសង្រ្គោះដល់បុត្រាបុត្រីរបស់ទ្រង់ ។
-
ដើម្បីចាប់ផ្ដើមការសន្ទនាអំពីផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់យើង នោះបងប្អូន និងកូនៗរបស់បងប្អូនអាចនិយាយអំពីគ្រាមួយដែលបងប្អូនបានធ្វើផែនការមួយ ដូចជាសម្រាប់ការធ្វើដំណើរ ឬសម្រាប់ការសម្រេចកិច្ចការមួយជាដើម ។ បងប្អូនក៏អាចចែកចាយឧទាហរណ៍អំពីផែនការនានាដូចជា ប្រតិទិនមួយដែលមានសរសេរសកម្មភាពនានានៅលើវា ឬការណែនាំឲ្យធ្វើអ្វីមួយ ។ ហេតុអ្វីផែនការមានអត្ថប្រយោជន៍ ? បន្ទាប់មកបងប្អូនអាចនិយាយអំពីអ្វីដែលព្រះវរបិតាសួគ៌ចង់សម្រេច និងរបៀបដែលផែនការរបស់ទ្រង់ជួយយើងឲ្យសម្រេចវាបាន ។
-
បងប្អូនអាចប្រើរូបភាពនៅចុងបញ្ចប់នៅក្នុងគម្រោងមេរៀននេះដើម្បីជួយកូនរបស់បងប្អូនស្វែងរកខគម្ពីរនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩ ដែលបង្រៀនអំពីផ្នែកផ្សេងៗនៃផែនការរបស់ព្រះវរបិតាសួគ៌ ។ បងប្អូនក៏អាចកាត់រូបភាពទាំងនោះចេញ ហើយសុំឲ្យកូនរបស់បងប្អូនដាក់រូបភាពទាំងនោះតាមលំដាប់ត្រឹមត្រូវ ។ ហេតុអ្វីយើងមានអំណរគុណដែលដឹងថាព្រះវរបិតាសួគ៌មានផែនការមួយសម្រាប់យើង ? តើការដឹងអំពីការណ៍នេះជះឥទ្ធិពលដល់ជីវិតប្រចាំថ្ងៃរបស់យើងតាមរបៀបណា ?
គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:១–២, ៧–៨
ព្រះយេស៊ូវគ្រីស្ទប្រមូលរាស្ត្ររបស់ទ្រង់ពីមុនទ្រង់យាងមកម្ដងទៀត ។
-
រូបភាពខាងក្រោមរបស់សត្វមាន់ដែលប្រមូលកូនមាន់ ឬវីដេអូ « Chicks and Hens » ( ChurchofJesusChrist.org ) អាចជួយឲ្យកូនរបស់បងប្អូនមើលឃើញនូវភាពស្រដៀងគ្នានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:១–២ ។ បន្ទាប់មកបងប្អូនអាចអានខគម្ពីរទាំងនេះជាមួយគ្នា ហើយនិយាយជាមួយគ្នាអំពីរបៀបដែលមេមាន់ការពារកូនមាន់ និងរបៀបដែលវាស្រដៀងគ្នាទៅនឹងអ្វីដែលព្រះអង្គសង្គ្រោះអាចធ្វើសម្រាប់យើង ។
-
តើអ្វីទៅជាការបំផុសគំនិតដល់កូនៗរបស់បងប្អូនឲ្យចង់ជួយព្រះអង្គសង្គ្រោះប្រមូលរាស្រ្តរបស់ទ្រង់ ? ប្រហែលពួកគេចង់ស្តាប់ពីបទពិសោធន៍របស់នរណាម្នាក់ដែល « បានប្រមូលផ្តុំ » ទៅកាន់ទ្រង់តាមរយៈការចូលរួមក្នុងសាសនាចក្ររបស់ទ្រង់ ។ ឧទាហរណ៍ តើនរណាដែលបានណែនាំគ្រួសារបងប្អូនឲ្យមកសាសនាចក្រ ? តើបងប្អូនទទួលបានពរជ័យផ្ទាល់ខ្លួនយ៉ាងណាខ្លះ តាមរយៈការទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យប្រមូលផ្តុំគ្នាមកកាន់ទ្រង់ ? តើយើងអាចជួយអ្នកដទៃឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ដោយរបៀបណា ? ( សូមមើល « សារមួយសម្រាប់កុមារមកពីប្រធាន រ័សុល អិម ណិលសុន » [ វីដេអូ ], នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:១១
ព្រះយេស៊ូវគ្រីស្ទនឹងយាងមកម្ដងទៀត ។
-
រូបភាពនៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ( ដូចជា សៀវភៅរូបភាពដំណឹងល្អ, លេខ ៦៦ ) ឬបទចម្រៀងអំពីដំណើររឿងនេះ ( ដូចជា « ពេលទ្រង់យាងមកម្តងទៀត » សៀវភៅចម្រៀងកុមារ ទំព័រ ៤៦-៤៧ ) អាចជួយបងប្អូន និងកូនបងប្អូនឲ្យពិភាក្សាអំពី គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:១១ ។ សូមជួយកូនរបស់បងប្អូនឲ្យកត់សម្គាល់ឃ្លានៅក្នុងព្រះគម្ពីរ ដែលទាក់ទងទៅនឹងអ្វីមួយក្នុងរូបភាព ឬចម្រៀង ។ សូមចែកចាយជាមួយគ្នាអំពីរបៀបដែលបងប្អូនទទួលអារម្មណ៍ អំពីការយាងមកកាន់ផែនដីម្ដងទៀតរបស់ព្រះយេស៊ូវគ្រីស្ទ ។