ចូរ​មក​តាម​ខ្ញុំ
ឧបសម្ព័ន្ធ ក ៖ សម្រាប់​ឪពុកម្តាយ—ការរៀបចំ​កូនៗ​របស់​បងប្អូន​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត


« ឧបសម្ព័ន្ធ ក ៖ សម្រាប់​ឪពុកម្តាយ—ការរៀបចំ​កូនៗ​របស់​បងប្អូន​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« ឧបសម្ព័ន្ធ ក » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

ម្ដាយ និង​កូន

ឧបសម្ព័ន្ធ ក

សម្រាប់​ឪពុកម្តាយ—ការរៀបចំ​កូនៗ​របស់​បងប្អូន​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត

ដោយសារ​ទ្រង់​ស្រឡាញ់​បងប្អូន ទុកចិត្ត​បងប្អូន ហើយ​ជ្រាប​ពី​សក្ដានុពល​របស់​បងប្អូន នោះ​ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ឱកាស​ឲ្យ​បងប្អូន​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ចូល និង​រីកចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ដែល​ជាផ្លូវ​នាំ​ទៅរក​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៨:២៥–២៨ ) ។ ការណ៍​នេះ​រួមមាន​ការជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ដូចជា​សេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​សេចក្ដី​សញ្ញា​ដែល​បាន​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ តាមរយៈ​សេចក្ដី​សញ្ញា​ទាំងនេះ នោះ​កូនៗ​របស់​បងប្អូន​នឹង​អាច​រីករាយ​ភ្ជាប់​ខ្លួនគេ​ទៅនឹង​ព្រះអង្គ​សង្រ្គោះ ព្រះយេស៊ូវ​គ្រីស្ទ ។

មាន​របៀប​ជាច្រើន​ដើម្បី​រៀបចំ​កូនៗ​របស់​បងប្អូន​សម្រាប់​ដំណើរ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នេះ ហើយ​ព្រះវរបិតាសួគ៌​នឹង​ជួយ​បងប្អូន​ឲ្យ​រកឃើញ​របៀប​ដ៏ល្អ​បំផុត​ដើម្បី​ជួយ​ដល់​ពួកគេ ។ នៅពេល​បងប្អូន​ស្វែងរក​ការបំផុស​គំនិត សូម​ចាំ​ក្នុង​ចិត្ត​ថា មិនមែន​ការរៀនសូត្រ​ទាំងអស់​កើតឡើង​នៅពេល​បង្រៀន​មេរៀន​តាម​កាលវិភាគ​នោះ​ទេ ។ តាមពិត​ទៅ ផ្នែក​មួយ​ដែល​ធ្វើឲ្យ​ការរៀនសូត្រ​នៅ​គេហដ្ឋាន​មាន​អានុភាព​យ៉ាងខ្លាំង គឺជា​ឱកាស​ដើម្បី​រៀនសូត្រ​តាមរយៈ​គំរូ និង​តាមរយៈ​ពេលវេលា​បង្រៀន​ដ៏​តូចតាច​សាមញ្ញៗ—ជា​ឱកាស​ដែល​កើតឡើង​តាម​ធម្មតា​តាម​លំហូរ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ។ គឺ​ដូចជា​ការធ្វើតាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ដែរ ការរៀន​សូត្រ​អំពី​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​គឺជា​ដំណើរការ​មួយ​ដ៏​ខ្ជាប់ខ្ជួន និង​ពេញ​មួយ​ជីវិត ។ ( សូមមើល « គេហដ្ឋាន និង​គ្រួសារ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ ២០២២ ] ទំព័រ ៣០–៣១ ) ។

ខាងក្រោម​នេះ​គឺជា​គំនិត​មួយ​ចំនួន ដែល​អាច​នាំ​ទៅរក​ការបំផុស​គំនិត​បន្ថែម​ទៀត ។ បងប្អូន​អាច​រកឃើញ​គំនិត​បន្ថែម​ទៀត​ដើម្បី​បង្រៀន​កុមារ​អាយុ​ក្នុង​អង្គការ​បឋមសិក្សា​បាន​នៅក្នុង « ឧបសម្ព័ន្ធ ខ ៖ សម្រាប់​អង្គការ​បឋម​សិក្សា—ការរៀបចំ​កុមារ​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត » ។

ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់

នីហ្វៃ​បាន​បង្រៀន​ថា « ទ្វារ​ណា​ដែល [ យើង ] ត្រូវ​ចូល » ទៅក្នុង​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នោះ « គឺជា​ការប្រែចិត្ត និង​បុណ្យ​ជ្រមុជ​ដោយ​ទឹក » ( នីហ្វៃទី២ ៣១:១៧ ) ។ ការខិតខំ​របស់​បងប្អូន​ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ អាច​ចាក់​គ្រឹះ​ពួកគេ​យ៉ាង​រឹងមាំ​នៅលើ​ផ្លូវ​នោះ ។ ការខិតខំ​ទាំងនេះ​ចាប់ផ្ដើម​ដោយ​ការបង្រៀន​អំពី​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការប្រែចិត្ត ។ វា​ក៏​រួមមាន​ការបង្រៀន​អំពី​របៀប​ដែល​យើង​រំឭក​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង តាមរយៈ​ការទទួល​ទាន​សាក្រាម៉ង់​រាល់​សប្ដាហ៍​ផងដែរ ។

ពិធីបុណ្យ​ជ្រមុជទឹក

នីហ្វៃ​បាន​បង្រៀន​ថា « ទ្វារ​ណា​ដែល [ យើង ] ត្រូវ​ចូល » ទៅក្នុង​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នោះ « គឺជា​ការប្រែចិត្ត និង​បុណ្យ​ជ្រមុជ​ដោយ​ទឹក » ( នីហ្វៃទី២ ៣១:១៧ ) ។

នេះ​គឺជា​ធនធាន​មួយ​ចំនួន​ដែល​អាច​ជួយ​បងប្អូន​បាន ៖ នីហ្វៃទី២ ៣១; ច្បាប់​ពិសេស​នៃ​ទស្សនាវដ្ដី ប្រិយមិត្ត អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក; ប្រធានបទ និង សំណួរ « Baptism » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  • នៅពេល​ណា​ដែល​បងប្អូន​មាន​បទពិសោធន៍​មួយ ដែល​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​បងប្អូន​ទៅលើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ សូម​ចែកចាយ​វា​ជាមួយ​កូន​របស់​បងប្អូន ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា សេចក្ដី​ជំនឿ​គឺជា​អ្វីមួយ​ដែល​អាច​ដុះដាល​កាន់តែ​រឹងមាំ​ឡើង​ពេញ​មួយ​ជីវិត ។ តើ​មាន​អ្វីខ្លះ​ដែល​កូន​របស់​បងប្អូន​អាច​ធ្វើ​បាន ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ​ឲ្យបាន​កាន់តែ​រឹងមាំ មុនពេល​ពួកគេ​ជ្រមុជ​ទឹក​នោះ ?

  • នៅពេល​កូន​របស់​បងប្អូន​ជ្រើសរើស​ខុស សូម​និយាយ​ដោយ​មាន​ចិត្ត​រីករាយ​អំពី​អំណោយទាន​នៃ​ការប្រែចិត្ត ។ ហើយ​នៅពេល​បងប្អូន​ជ្រើសរើស​ជម្រើស​មួយ​ខុស សូម​ចែកចាយ​អំណរ​ដែល​កើតមាន នៅពេល​បងប្អូន​ប្រែចិត្ត ។ សូម​ថ្លែង​ទីបន្ទាល់​ថា ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ និង​បាន​សុគត​សម្រាប់​អំពើបាប​របស់​ពួកយើង នោះ​យើង​អាច​ប្រែចិត្ត​ជា​ប្រចាំ ទទួល​ការអភ័យទោស និង​ទទួល​អានុភាព​ដើម្បី​ផ្លាស់ប្តូរ ។ នៅពេល​កូន​របស់​បងប្អូន​ស្វែងរក​ការអភ័យទោស សូម​អភ័យទោស​ឲ្យ​ពួកគេ​ដោយ​ឥត​ស្ទាក់ស្ទើរ និង​ដោយ​ក្ដី​រីករាយ ។

  • សូម​ប្រាប់​កូន​របស់​បងប្អូន​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​បងប្អូន ។ សូម​បង្ហាញ​រូបភាព និង​ចែកចាយ​អនុស្សាវរីយ៍​នានា ។ សូម​និយាយ​អំពី​អារម្មណ៍​របស់​បងប្អូន របៀប​ដែល​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​របស់​បងប្អូន​បាន​ជួយ​បងប្អូន​ឲ្យ​មក​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ច្បាស់ និង​របៀប​ដែល​សេចក្ដី​សញ្ញា​របស់​បងប្អូន​បន្ដ​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​បងប្អូន ។ សូម​លើក​ទឹកចិត្ត​កូនរបស់​បងប្អូន​ឲ្យ​សួរ​សំណួរ ។

  • នៅពេល​មាន​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នៅក្នុង​គ្រួសារ ឬ​ក្នុង​វួដ​របស់​បងប្អូន សូម​នាំ​កូន​របស់​បងប្អូន​ឲ្យ​ទៅ​មើល​ពិធី​នោះ ។ សូម​និយាយ​ជាមួយ​គ្នា​អំពី​អ្វី​ដែល​បងប្អូន និង​កូន​របស់​បងប្អូន​បាន​ឃើញ និង​មាន​អារម្មណ៍ ។ ប្រសិនបើ​អាច​ធ្វើបាន សូម​និយាយ​ជាមួយ​បុគ្គល​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ ហើយ​សួរ​សំណួរ​ដូច​តទៅ​នេះ ៖ « តើ​អ្នក​ធ្វើ​ការសម្រេច​ចិត្ត​នេះ​ដោយ​របៀប​ណា ? តើ​អ្នក​បាន​រៀបចំ​ខ្លួន​យ៉ាង​ដូចម្ដេច ? »

  • នៅពេល​ណា​បងប្អូន​សម្គាល់​ឃើញ​ថា​កូន​របស់​បងប្អូន​ធ្វើ​អ្វីមួយ​ដែល​ពួកគេ​បាន​សន្យា​ថា​នឹង​ធ្វើ សូម​ផ្ដល់​ការសរសើរ​ដោយ​ស្មោះសរ ។ សូម​ចង្អុល​បង្ហាញ​ថា ការរក្សា​ការតាំងចិត្ត​ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​កាន់តាម​សេចក្ដីសញ្ញា​ដែល​យើង​បាន​ធ្វើ នៅពេល​យើង​ទទួល​បុណ្យ​ជ្រមុជទឹក ។ តើ​យើង​សន្យា​អ្វីខ្លះ​ជាមួយនឹង​ព្រះ នៅពេល​យើង​ជ្រមុជ​ទឹក ? តើ​ទ្រង់​សន្យា​អ្វី​ខ្លះ​ឲ្យ​យើង ? ( សូមមើល ម៉ូសាយ ១៨:៨–១០, ១៣ ) ។

  • សូម​និយាយ​អំពី​របៀប​នៃ​ការទទួល​ពិធីបញ្ជាក់ និង​ការក្លាយជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​ផ្ដល់​ពរជ័យ​ដល់​បងប្អូន ។ ឧទាហរណ៍ តើ​បងប្អូន​បាន​មក​កាន់តែ​ជិត​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា​នៅ​ពេល​ដែល​បងប្អូន​បម្រើ​ដល់​មនុស្ស​ដទៃ និង​ពេល​អ្នក​ដទៃ​បម្រើ​ដល់​បងប្អូន​នោះ ? សូម​ជួយ​កូន​របស់​បងប្អូន​ឲ្យ​គិត​អំពី​វិធី​បម្រើ និង​ពង្រឹង​មនុស្ស​ដទៃ ក្នុងនាម​ជា​សមាជិក​ម្នាក់​នៃ​សាសនាចក្រ ។ សូម​ជួយ​ពួកគេ​ដកពិសោធន៍ និង​ស្គាល់​អំណរ​ដែល​បាន​មកពី​ការបម្រើ​ផងដែរ ។

  • នៅពេល​បងប្អូន និង​កូន​របស់​បងប្អូន​មាន​បទពិសោធន៍​ដ៏ពិសិដ្ឋ​មួយ​ជាមួយ​គ្នា ( ដូចជា​នៅ​ព្រះវិហារ ពេល​អាន​ព្រះគម្ពីរ ឬ​ពេល​បម្រើ​នរណាម្នាក់ ) សូម​ប្រាប់​ពួកគេ​អំពី​អារម្មណ៍ ឬ​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​បងប្អូន ។ សូម​អញ្ជើញ​ឲ្យ​កូន​របស់​បងប្អូន​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ ។ សូម​កត់ចំណាំ​របៀប​ជាច្រើន​ដែល​ព្រះវិញ្ញាណ​អាច​មាន​បន្ទូល​ទៅកាន់​មនុស្ស រួមមាន​របៀប​ដែល​ទ្រង់​មាន​បន្ទូល​ទៅកាន់​បងប្អូន​ផ្ទាល់​ផងដែរ ។ សូម​ជួយ​កូន​របស់​បងប្អូន​ឲ្យ​ស្គាល់ និង​ចែកចាយ​ជាមួយ​បងប្អូន​នូវ​គ្រា​ដែល​ពួកគេ​អាច​ដក​ពិសោធន៍​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន ។

  • សូម​មើល​វីដេអូ​ពីរបី​រួមគ្នា​នៅក្នុង​កម្រង​បណ្ណាល័យ​ដំណឹងល្អ ដែល​មាន​ចំណងជើង​ថា « ស្ដាប់​ទ្រង់ ! » សូម​និយាយ​ជាមួយគ្នា​អំពី​វិធី​ខុសៗ​គ្នា ដែល​អ្នកបម្រើ​របស់​ព្រះអម្ចាស់​អាច​ស្ដាប់ឮ​ព្រះសូរសៀង​របស់​ទ្រង់ ។ សូម​អញ្ជើញ​កូន​របស់​បងប្អូន​ឲ្យ​គូរ​រូបភាព ឬ​ធ្វើ​វីដេអូ​មួយ​អំពី​របៀប​ដែល​ពួកគេ​ស្ដាប់​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ ។

  • សូម​ធ្វើ​ឲ្យ​ពិធី​សាក្រាម៉ង់​ជា​ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ និង​ពេញ​ដោយ​អំណរ​មួយ​នៅក្នុង​គ្រួសារ​របស់​បងប្អូន ។ សូម​ចែកចាយ​ជាមួយ​កូន​របស់​បងប្អូន​អំពី​របៀប​ដែល​បងប្អូន​ផ្ដោត​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​អំឡុងពេល​សាក្រាម៉ង់ ។ សូម​ជួយ​កូន​បងប្អូន​ដាក់​ផែនការ​ដើម្បី​បង្ហាញ​ថា ពិធីសាក្រាម៉ង់​គឺ​ពិសិដ្ឋ​ចំពោះ​ពួកគេ ។ ឧទាហរណ៍ ស្ដាប់​ពាក្យពេចន៍​នៃ​ការអធិស្ឋាន​នៃ​ពិធី​សាក្រាម៉ង់​អាច​រំឭក​យើង​អំពី​សេចក្តីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​យើង ។

  • ច្បាប់​ទស្សនាវដ្ដី ប្រិយមិត្ត ជាច្រើន​មាន​នូវ​អត្ថបទ ដំណើររឿង និង​សកម្មភាព​នានា ដើម្បី​ជួយ​កុមារ​ឲ្យ​រៀបចំ​ខ្លួន​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ។ សូម​ឲ្យ​កូន​របស់​បងប្អូន​ជ្រើសរើស​ផ្នែក​មួយ​ចំនួន​យក​មក​អាន និង​រីករាយ​ជាមួយ​បងប្អូន ។ ( សូមមើល​ផងដែរ​ការចងក្រង « Preparing for Baptism » នៅក្នុង​ផ្នែក​កុមារ​នៃ​បណ្ណាល័យ​ដំណឹងល្អ ) ។

អំណាច​បព្វជិតភាព សិទ្ធិ​អំណាច​បព្វជិតភាព និង​កូនសោ​ទាំងឡាយ

បព្វជិតភាព​គឺជា​សិទ្ធិ​អំណាច និង​ព្រះចេស្តា​របស់​ព្រះ ដែល​តាមរយៈ​បព្វជិតភាព​នេះ​ទ្រង់​បាន​ប្រទានពរ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ។ បព្វជិតភាព​របស់​ព្រះ​មាន​នៅលើ​ផែនដី​នា​សព្វថ្ងៃ​នេះ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ សមាជិក​សាសនាចក្រ​ទាំងអស់​ដែល​រក្សា​សេចក្តីសញ្ញា​របស់​ពួកគេ—ស្រ្តី បុរស កុមារ​ផងដែរ—ត្រូវ​បាន​ប្រទាន​ពរជ័យ​ឲ្យ​មាន​អំណាច​បព្វជិតភាព​របស់​ព្រះ​នៅក្នុង​គេហដ្ឋាន​របស់​ពួកគេ ដើម្បី​ពង្រឹង​ខ្លួន​របស់​ពួកគេ និង​ក្រុមគ្រួសារ​របស់​ពួកគេ » ( ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៣.៦ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ អំណាច​នេះ​នឹង​ជួយ​សមាជិក​នៅក្នុង​ការធ្វើ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​របស់​ពួកគេ ( សូមមើល ក្បួនខ្នាត​ទូទៅ ២.២ ) ។

នៅពេល​បុរស និង​ស្ដ្រី​បម្រើ​នៅក្នុង​ការហៅ​នានា​នៅក្នុង​សាសនាចក្រ ពួកគាត់​ធ្វើ​ដូច្នោះ​បាន​ដោយ​មាន​សិទ្ធិ​អំណាច​បព្វជិតភាព ដែល​អនុវត្ត​នៅក្រោម​ការដឹកនាំ​របស់​អ្នក​ទាំងឡាយ​ណា ដែល​កាន់​កូនសោ​នៃ​បព្វជិតភាព ។ បុត្រ​របស់​ព្រះវរបិតា​សួគ៌​គ្រប់រូប—បុត្រា និង​បុត្រី​ទាំងឡាយ​របស់​ទ្រង់—នឹង​ទទួល​បាន​ពរជ័យ កាលពួកគេ​យល់​អំពី​បព្វជិតភាព​កាន់តែ​ច្បាស់ ។

យើង​ទទួល​បាន​ពិធីបរិសុទ្ធ​តាមរយៈ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព ។ « បុរស​ជា​សមាជិក​នៃ​សាសនាចក្រ​ដែល​មាន​ភាពស័ក្តិសម​ទទួល​សិទ្ធិ​អំណាច​បព្វជិតភាព តាមរយៈ​ការប្រគល់ និង​ការតែងតាំង​បព្វជិតភាព​ទៅ​ក្នុង​តំណែង​បព្វជិតភាព » ( ក្បួនខ្នាត​ទូទៅ ៣.៤ ) ។ អស់អ្នក​ដែល​កាន់​តំណែង​បព្វជិតភាព​អាច​ត្រូវ​បាន​អនុញ្ញាត​ដោយ​នរណា​ម្នាក់​ដែល​កាន់​កូនសោ​បព្វជិតភាព​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​បព្វជិតភាព ។

ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​បព្វជិតភាព សូមមើល រ័សុល អិម ណិលសុន « Spiritual Treasures » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៦–៧៩; រ័សុល អិម ណិលសុន « The Price of Priesthood Power » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦៦–៦៩; « គោលការណ៍​ទាំងឡាយ​នៃ​បព្វជិតភាព » ជំពូក​ទី ៣ នៅក្នុង ក្បួនខ្នាត​ទូទៅ ។

  • សូម​ធ្វើ​ឲ្យ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ក្លាយ​ទៅជា​ផ្នែក​ដ៏​ខ្ជាប់ខ្ជួន​មួយ​នៅក្នុង​ជីវិត​គ្រួសារ​របស់​បងប្អូន ។ ឧទាហរណ៍ សូម​ជួយ​កូន​របស់​បងប្អូន​ឲ្យ​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ​ដើម្បី​ទទួល​ទាន​សាក្រាម៉ង់​រៀងរាល់​សប្ដាហ៍ ។ សូម​លើក​ទឹកចិត្ត​កូន​របស់​បងប្អូន​ឲ្យ​ស្វែងរក​ពរជ័យ​នៃ​បព្វជិតភាព នៅពេល​ពួកគេ​ឈឺ ឬ​ត្រូវការ​ការលួងលោម ឬ​ការណែនាំ ។ សូម​ធ្វើឲ្យ​វា​ក្លាយជា​ទម្លាប់​មួយ ដើម្បី​បង្ហាញ​អំពី​របៀប​ដែល​ព្រះអម្ចាស់​កំពុង​ប្រទាន​ពរជ័យ​ដល់​គ្រួសារ​របស់បងប្អូន​តាមរយៈ​អំណាច​បព្វជិតភាព ។

  • នៅពេល​បងប្អូន​អាន​ព្រះគម្ពីរ​រួមគ្នា សូម​រកមើល​ឱកាស​ដើម្បី​ពិភាក្សា​អំពី​របៀប​ដែល​ព្រះ​ប្រទាន​ពរ​ដល់​មនុស្ស​ទូទៅ​តាមរយៈ​ព្រះចេស្ដា​របស់​ទ្រង់ ។ សូម​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​បងប្អូន នៅពេល​ព្រះ​បាន​ប្រទាន​ពរ​ដល់​បងប្អូន​តាមរយៈ​បព្វជិតភាព​របស់​ទ្រង់ ។ សម្រាប់​ឧទាហរណ៍​អំពី​ពរជ័យ​ដែល​យើង​ទទួល​បាន​មកពី​ព្រះ​តាមរយៈ​បព្វជិតភាព សូមមើល ក្បួនខ្នាត​ទូទៅ ៣.២, ៣.៥ ។

  • សូម​បង្រៀន​កូន​របស់​បងប្អូន​ថា ក្រោយពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក ពួកគេ​អាច​ទទួល​បានអំណាច​បព្វជិតភាព​តាមរយៈ​ការរក្សា​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក ។ សូម​រំឭក​រួមគ្នា​នៅក្នុង​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន « Spiritual Treasures » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៦–៧៩ ) ។ សូម​ប្រាប់​កូន​របស់​បងប្អូន​អំពី​របៀប​ដែល​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​បាន​នាំមក​នូវ​ព្រះចេស្ដា​របស់​ព្រះ​ក្នុង​ជីវិត​របស់​បងប្អូន ។ សម្រាប់​បញ្ជី​នៃ​របៀប​មួយ​ចំនួន​ដែល​យើង​មាន​ពរជ័យ​ដោយសារ​អំណាច​បព្វជិតភាព សូមមើល ក្បួនខ្នាត​ទូទៅ ៣.៥ ។

  • សូម​ពិភាក្សា​អំពី​សំណួរ​នេះ « តើ​អ្នកបម្រើ​របស់​ព្រះអម្ចាស់​មាន​លក្ខណៈ​ដូចម្ដេច ? » សូម​អាន​រួមគ្នា​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៣៦–៤២ ហើយ​រកមើល​ចម្លើយ ។ នៅពេល​ណា​ដែល​បងប្អូន​សម្គាល់​ឃើញ​ថា កូន​របស់​បងប្អូន ( ឬ​នរណាម្នាក់​ទៀត ) កំពុង​អនុវត្ត​តាម​គោលការណ៍​មួយ ឬ​គុណលក្ខណៈ​មួយ​នៅក្នុង​ខគម្ពីរ​ទាំងនេះ សូម​ចង្អុល​បង្ហាញ​វា ។

  • នៅពេល​បងប្អូន ឬ​កូន​របស់​បងប្អូន​ប្រើ​សោ​ដើម្បី​ចាក់​បើក​ទ្វារ ឬ​បញ្ឆេះ​ឡាន សូម​ឆ្លៀត​ពេល​ប្រៀបធៀប​សោ​ទាំងនោះ​ទៅនឹង​កូនសោ​ទាំងឡាយ​ដែល​ថ្នាក់ដឹកនាំ​បព្វជិតភាព​កាន់ ។ ( សម្រាប់​និយមន័យ​នៃ​កូនសោ​បព្វជិតភាព សូមមើល ក្បួនខ្នាត​ទូទៅ ៣.៤.១ ) ។ តើ​កូនសោ​បព្វជិតភាព « ចាក់​សោ​បើក » ឬ « បញ្ឆេះ » អ្វី​ឲ្យ​យើង ? សូមមើល​ផងដែរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Where Are the Keys and Authority of the Priesthood ? » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ២៩–៣២; « Where Are the Keys? » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

    2:51

    Where Are the Keys?

  • នៅពេល​បងប្អូន​ត្រូវបាន​ញែកចេញ​សម្រាប់​ការហៅបម្រើ​មួយ សូម​អញ្ជើញ​កូន​របស់​បងប្អូន​ឲ្យ​ចូលរួម បើ​អាច​ធ្វើ​ទៅបាន ។ សូម​ឲ្យ​កូន​របស់​បងប្អូន​មើលឃើញ​បងប្អូន​បំពេញ​ការហៅ​របស់​បងប្អូន ។ បងប្អូន​ថែមទាំង​អាច​រក​មើល​របៀប​សមរម្យ​ផ្សេងៗទៀត​ដែល​ពួកគេ​អាច​ជួយ​បងប្អូន​បាន​ផងដែរ ។ សូម​ពិពណ៌នា​ពី​អារម្មណ៍​របស់​បងប្អូន​អំពី​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​នៅក្នុង​ការហៅ​បម្រើ​របស់​បងប្អូន ។

ទទួល​បុណ្យ​ជ្រមុជទឹក និង​ទទួល​ពិធី​បញ្ជាក់​សម្រាប់​បុព្វការីជន

ព្រះវិហារ​បរិសុទ្ធ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌​យើង​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។ នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ យើង​ចុះ​សេចក្ដី​សញ្ញា​ដ៏ពិសិដ្ឋ​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ កាល​យើង​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ ដែល​ពិធី​ទាំងអស់​នេះ​ចង្អុល​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះវរបិតា​សួគ៌​បាន​ប្រទាន​របៀប​មួយ​ដើម្បី​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់​ទាំងអស់​ចុះ​សេចក្ដី​សញ្ញា និង​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​បាន រួមទាំង​បុគ្គល​ដែល​មិន​បាន​ទទួល​ពិធីបរិសុទ្ធ​នៅក្នុង​ជីវិត​នេះ​ផងដែរ ។ នៅ​ដើមឆ្នាំ​ដែល​កូន​របស់​បងប្អូន​ឈាន​ចូល​អាយុ ១២ ឆ្នាំ នោះ​ពួកគេ​ធំ​ល្មម​ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​បុព្វការីជន​ដែល​បាន​ស្លាប់​ទៅ​ហើយ ( សូមមើល​ផងដែរ កូរិនថូស ទី១ ១៥:២៩ ) ។

  • សូម​ទៅ​ដំណាក់​របស់​ព្រះអម្ចាស់​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​កាលៈទេសៈ​របស់​បងប្អូន​អនុញ្ញាត ។ សូម​និយាយ​ជាមួយ​កូន​របស់​បងប្អូន​អំពី​មូលហេតុ​ដែល​បងប្អូន​ទៅ​ព្រះវិហារ​បរិសុទ្ធ និង​របៀប​ដែល​ព្រះវិហារ​បរិសុទ្ធ​ជួយ​បងប្អូន​ឲ្យ​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយនឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​ពិនិត្យ​មើល និង​ពិភាក្សា​អំពី សំណួរ​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធជាមួយ​គ្នា ។ បងប្អូន​អាច​ស្វែងរក​វា​នៅ ទំព័រ ៣៦–៣៧ នៃ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើ​ការជ្រើសរើស ( ឆ្នាំ ២០២២ ) ។ សូម​និយាយ​ជាមួយ​កូន​របស់​បងប្អូន​អំពី​អ្វី​ដែល​កើតឡើង​នៅក្នុង​ការសម្ភាសន៍​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ សូម​ចែកចាយ​អំពី​មូលហតុ​ដែល​ការមាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​មាន​សារៈសំខាន់​ចំពោះ​បងប្អូន ។

  • សូម​អាន ម៉ាឡាគី ៤:៦ ជាមួយ​គ្នា ។ សូម​និយាយ​អំពី​របៀប​ដែល​ដួងចិត្ត​របស់​បងប្អូន​អាច​បែរ​ទៅរក​បុព្វការីជន​របស់​បងប្អូន​បាន ។ សូម​រៀន​បន្ថែម​ទៀត​អំពី​បុព្វការីជន​របស់​បងប្អូន តាមរយៈ​ការស្វែងរក​ពង្ស​ប្រវត្តិ​របស់​បងប្អូន​រួមគ្នា នៅលើ​គេហទំព័រ FamilySearch.org ។ សូម​ស្វែងរក​បុព្វការីជន​ដែល​ត្រូវការ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ។ អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ក្នុង​វួដ​ម្នាក់​អាច​ជួយ​បងប្អូន​បាន ។

  • សូម​រំឭក​ធនធាន​មួយ​ចំនួន​ជាមួយ​គ្នា ដែល​មាន​នៅក្នុង​ការចងក្រង​ដែល​មាន​ចំណងជើង​ថា « ព្រះវិហារ​បរិសុទ្ធ » នៅក្នុង​ផ្នែក​កុមារ​នៃ​បណ្ណាល័យ​ដំណឹងល្អ ។ ( សូមមើល​ផងដែរ « Preparing Your Child for Temple Baptisms and Confirmations » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ការទទួល​ពរ​របស់​លោក​អយ្យកោ

ពរ​របស់​លោក​អយ្យកោ​អាច​ជា​ប្រភព​មួយ​នៃ​ការណែនាំ ការលួងលោម និង​ការបំផុស​គំនិត​បាន ។ វា​រួមមាន​នូវ​ការប្រឹក្សា​ផ្ទាល់ខ្លួន​មកកាន់​យើង​មកពី​ព្រះវរបិតា​សួគ៌ និង​ជួយ​យើង​ឲ្យ​យល់​អំពី​អត្តសញ្ញាណ និង​គោលបំណង​ដ៏អស់កល្ប​ជានិច្ច​របស់​យើង ។ សូម​ជួយ​កូន​របស់​បងប្អូន​ឲ្យ​រៀបចំ​ខ្លួន​ទទួល​ពរ​របស់​លោកអយ្យកោ ដោយ​ការបង្រៀន​ពួកគេ​អំពី​សារៈសំខាន់ និង​លក្ខណៈ​ពិសិដ្ឋ​នៃ​ពរ​របស់​លោកអយ្យកោ ។

ដើម្បី​រៀន​បន្ថែម​ទៀត សូមមើល ប្រធានបទ និង សំណួរ « Patriarchal Blessings » នៅលើ​បណ្ណាល័យ​ដំណឹងល្អ; ជូលី ប៊ី ប៊េក « You Have a Noble Birthright » Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ១០៦–១០៨ ។

  • សូម​ចែកចាយ​បទពិសោធន៍​របស់​បងប្អូន​ក្នុង​ការទទួល​ពរ​របស់​លោក​អយ្យកោ​ជាមួយ​នឹង​កូន​របស់​បងប្អូន ។ បងប្អូន​អាច​ចែកចាយ​រឿង​ដូចជា​របៀប​ដែល​បងប្អូន​បាន​រៀបចំ​ខ្លួន​ដើម្បី​ទទួល​វា របៀប​ដែល​វា​បាន​ជួយ​បងប្អូន​ឲ្យ​មក​កាន់តែ​ជិត​ព្រះ និង​របៀប​ដែល​ទ្រង់​បន្ត​ដឹកនាំ​បងប្អូន​តាមរយៈ​ពរជ័យ​នេះ ។ បងប្អូន​ក៏​អាច​អញ្ជើញ​កូន​របស់​បងប្អូន​ឲ្យ​និយាយ​ជាមួយ​សមាជិក​គ្រួសារ​ផ្សេងទៀត ដែល​បាន​ទទួល​ពរ​របស់​លោក​អយ្យកោ​របស់​ពួកគេ​រួចហើយ​ផងដែរ ។

  • សូម​មើល​ជាមួយ​គ្នា​នូវ​សារលិខិត​របស់​អែលឌើរ រែនដល ឃេ បិនណិត « ពរជ័យ​អយ្យកោ​របស់​បងប្អូន—ជាការដឹកនាំ​ដ៏​បំផុស​គំនិត​មកពី​ព្រះវរបិតាសួគ៌ » និង​សារលិខិត​របស់​អែលឌើរ កាហ្ស៊ូហ៊ីកុ យ៉ាម៉ាស៊ីតា « ពេល​ដែល​ត្រូវ​ទទួល​ពរ​ជ័យ​អយ្យកោ​របស់​បងប្អូន » ( Liahona ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៤២–៤៣, ៨៨–៩០ ) ។ សូម​ចែកចាយ​ជាមួយ​គ្នា​នូវ​អ្វី​ដែល​បងប្អូន​រៀន​មកពី​សារលិខិត​ទាំងនេះ​អំពី​មូលហេតុ​ដែល​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​យើង​ទទួល​បាន​ពរ​របស់​លោក​អយ្យកោ ។ ដើម្បី​រៀន​អំពី​ដំណើរការ​នៃ​ការទទួល​បាន​ពរ​របស់​លោក​អយ្យកោ សូមមើល ក្បួនខ្នាត​ទូទៅ ១៨.១៧ ។

  • ប្រសិនបើ​បងប្អូន​មាន​បុព្វការីជន​ដែល​បាន​ទទួល​ពរ​របស់​លោក​អយ្យកោ នោះ​វា​អាច​ជា​ការបំផុស​គំនិត​ដើម្បី​អាន​ពរជ័យ​នោះ​ខ្លះៗ​ជាមួយ​កូន​របស់​បងប្អូន ។ ដើម្បី​ស្នើសុំ​ពរជ័យ​របស់​បុព្វការីជន​ដែល​បាន​ស្លាប់​ទៅ​ហើយ សូម​ចូល​នៅក្នុង​គេហទំព័រ ChurchofJesusChrist.org សូម​ចុចលើ ឧបករណ៍ នៅ​ជ្រុង​ខាង​ស្ដាំ​ផ្នែក​ខាងលើ​នៃ​អេក្រង់​នេះ ហើយ​ជ្រើសរើស ពរ​របស់​លោក​អយ្យកោ ។

  • បន្ទាប់ពី​កូន​របស់​បងប្អូន​បាន​ទទួល​ពរ​របស់​លោក​អយ្យកោ​ហើយ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ណាម្នាក់ ដែល​មាន​វត្តមាន​ឲ្យ​កត់ត្រា​អារម្មណ៍​របស់​ពួកគាត់​ទុក ហើយ​ចែកចាយ​អារម្មណ៍​នោះ​ជាមួយ​កូន​របស់​បងប្អូន ។

ការទទួល​អំណោយទាន​ពិសិដ្ឋ

ព្រះ​សព្វ​ព្រះទ័យ​ប្រទាន​អំណោយទាន​ពិសិដ្ឋ ឬ​ប្រទាន​ពរជ័យ​ដល់​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់​ឲ្យ​មាន « ព្រះចេស្ដា​ពី​ស្ថាន​លើ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៥:៨ ) ។ យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​របស់​យើង​ផ្ទាល់​តែម្ដង​គត់ ប៉ុន្ដែ​សេចក្ដី​សញ្ញា​ដែល​យើង​ធ្វើ​ជាមួយនឹង​ព្រះ និង​អំណាច​ខាង​វិញ្ញាណ​ដែល​ទ្រង់​ប្រទាន​ដល់​យើង ដែល​ជា​ផ្នែក​មួយ​នៃ​អំណោយទាន​ពិសិដ្ឋ អាច​ផ្ដល់​ពរជ័យ​ដល់​យើង​ជារៀង​រាល់ថ្ងៃ​ពេញ​មួយ​ជីវិត​របស់​យើង​បាន ។

  • សូម​តាំង​រូបភាព​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅក្នុង​គេហដ្ឋាន​របស់​បងប្អូន ។ សូម​ប្រាប់​កូន​របស់​បងប្អូន​អំពី​អារម្មណ៍​ដែល​បងប្អូន​បាន​ដកពិសោធន៍​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។ សូម​និយាយ​ឲ្យ​បាន​ញឹកញាប់​អំពី​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន​ចំពោះ​ព្រះអម្ចាស់ និង​ព្រះដំណាក់​របស់​ទ្រង់ និង​សេចក្តីសញ្ញា​ដែល​បងប្អូន​បាន​ធ្វើ​នៅ​ទីនោះ ។ សូម​រក​មើល​ឱកាស​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​កូន​របស់​បងប្អូន ដើម្បី​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​សម្រាប់​បុព្វការីជន​របស់​ពួកគេ ។

  • សូម​ស្វែងយល់​រួមគ្នា​នៅលើ​គេហទំព័រ temples.ChurchofJesusChrist.org ។ សូម​អាន​អត្ថបទ​ដូច​តទៅនេះ​រួមគ្នា « About​the​Temple​Endowment » និង​« Prepare​for​the​House​of​the​Lord » ។ សូម​ឲ្យ​កូន​របស់​បងប្អូន​សួរ​សំណួរ​ណាមួយ​ដែល ពួកគេ​មាន​អំពី​ព្រះវិហារ​បរិសុទ្ធ ។ សម្រាប់​ការណែនាំ​អំពី​អ្វី​ដែល​បងប្អូន​អាច​និយាយ​បាន​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ សូមមើល​សារលិខិត​របស់​អែលឌើរ ដេវីឌ អេ បែដណា « Prepared to Obtain Every Needful Thing » ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១០១–៤; សូមមើល​ជាពិសេស​ផ្នែក​ដែល​មាន​ចំណងជើង​ថា « ការរៀនសូត្រ និង​ការរៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ដែល​ផ្តោត​លើ​គេហដ្ឋាន និង​ការគាំទ្រ​ពី​សាសនាចក្រ » ) ។

  • នៅពេល​បងប្អូន និង​កូន​របស់​បងប្អូន​ចូលរួម​ក្នុង ឬ​ធ្វើជា​សាក្សី​ដល់​ពិធីបរិសុទ្ធ​ផ្សេងទៀត ( ដូចជា​ពិធី​សាក្រាម៉ង់ ឬ​ការប្រសិទ្ធពរ​ព្យាបាល​ជំងឺ ) សូម​ចំណាយ​ពេល​មួយ​សន្ទុះ​ដើម្បី​ពិភាក្សា​អំពី​និមិត្តរូប​ដែល​មាន​នៅក្នុង​ពិធីបរិសុទ្ធ​នោះ ។ តើ​និមិត្តរូប​នោះ​តំណាង​ឲ្យ​អ្វី ? តើ​និមិត្តរូប​នោះ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្តេច ? ការណ៍​នេះ​អាច​ជួយ​កូន​របស់​បងប្អូន​ឲ្យ​រៀបចំ​ខ្លួន ដើម្បី​ជញ្ជឹងគិត​អំពី​អត្ថន័យ​ជា​និមិត្តរូប​នៃ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។

  • សូម​ជួយ​កូន​របស់​បងប្អូន​ឲ្យ​សម្គាល់​មើល​អំពី​របៀប​ដែល​ពួកគេ​កំពុង​កាន់តាម​សេចក្តី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ដូច​ដែល​បាន​ពិពណ៌នា​នៅក្នុង ម៉ូសាយ ១៨:៨–១០, ១៣ ។ សូម​ជួយ​កូន​របស់​បងប្អូន​ឲ្យ​សង្កេតមើល​ពី​របៀប​ដែល​ព្រះអម្ចាស់​កំពុង​ប្រទាន​ពរជ័យ​ដល់​ពួកគេ​ផងដែរ ។ សូម​ស្ថាបនា​ទំនុកចិត្ត​របស់​កូន​បងប្អូន​ទៅលើ​សមត្ថភាព​របស់​ពួកគេ​ដើម្បី​កាន់​តាម​សេចក្ដី​សញ្ញា ។

  • សូម​និយាយ​ដោយ​បើក​ចំហ និង​ជា​ញឹកញាប់​អំពី​របៀប​ដែល​សេចក្ដី​សញ្ញា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​បងប្អូន​ដឹកនាំ​ជម្រើស​របស់​បងប្អូន និង​ជួយ​បងប្អូន​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ។ បងប្អូន​អាច​ប្រើ ក្បួនខ្នាត​ទូទៅ ២៧.២ ដើម្បី​រំឭក​ពី​សេចក្ដី​សញ្ញា​ដែល​យើង​បាន​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន ។ ប្រសិនបើ​បងប្អូន​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​នោះ សូម​ប្រាប់​កូន​បងប្អូន​អំពី​របៀប​ដែល​សម្លៀកបំពាក់​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជួយ​បងប្អូន​ចងចាំ​សេចក្ដីសញ្ញា​របស់បងប្អូន​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល « Sacred Temple Clothing » [ វីដេអូ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

4:17

Sacred Temple Clothing

ការបម្រើ​បេសកកម្ម

អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន ៖ « រឿង​ដ៏​សំខាន់​តែមួយ​គត់​ដែល​ប្អូនៗ​អាច​ធ្វើ​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការហៅ​បម្រើ​មួយ​នោះ​គឺ ការប្រែក្លាយជា​អ្នកផ្សព្វផ្សាយ​សាសនា​ពីមុន​ប្អូនៗ ចេញ​ទៅបេសកកម្ម ។ … បញ្ហា​នេះ​គឺ​មិនមែន​ការទៅ​បេសកកម្ម​នោះ​ទេ ផ្ទុយ​ទៅវិញ​គឺជា​ការក្លាយ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ហើយ​បម្រើ​ពេញ​មួយ​ជីវិត​របស់​យើង​ដោយ​អស់ពី​ចិត្ត អស់ពី​ពលំ អស់ពី​គំនិត ហើយ​អស់ពី​កម្លាំង ។ … ប្អូនៗ​កំពុង​រៀបចំ​ខ្លួន​សម្រាប់​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ពេញ​មួយ​ជីវិត » ( « Becoming a Missionary » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤៥–៤៦ ) ។ បទពិសោធន៍​ដែល​កូន​របស់​បងប្អូន​មាន​ក្នុង​ការក្លាយ​ជា អ្នកផ្សព្វផ្សាយ​សាសនា​នឹង​ផ្ដល់​ពរជ័យ​ដល់​ពួកគេ​ដ៏​អស់កល្ប មិន​គ្រាន់តែ​សម្រាប់​អំឡុងពេល​ដែល​ពួកគេ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​នោះ​ទេ ។

ដើម្បី​រៀន​បន្ថែម​ទៀត សូម​មើល រ័សុល អិម ណិលសុន « ការផ្សាយ​ដំណឹងល្អ​នៃ​ភាពសុខសាន្ដ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៦–៧; អិម រ័សុល បាឡឺដ « ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ផ្ដល់ពរ​ដល់​ជីវិត​ខ្ញុំ​ជា​រៀងរហូត » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៨–១០; « ការរៀបចំ​ខ្លួន​ចេញ​ផ្សព្វផ្សាយ​សាសនា ៖ ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  • គំរូ​ស្ដីពី​របៀប​ចែកចាយ​ដំណឹងល្អ​តាម​របៀប​ធម្មតាៗ ។ សូម​ត្រៀម​ខ្លួន​ជានិច្ច​ចំពោះ​ឱកាស​ដើម្បី​ចែកចាយ​ជាមួយ​នឹង​មនុស្ស​ដទៃទៀត​អំពី​អារម្មណ៍​របស់​បងប្អូន​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ និង​ពរជ័យ​ដែល​បងប្អូន​ទទួល​បាន​មកពី​ដំណឹងល្អ​របស់​ព្រះអង្គសង្រ្គោះ​ដែល​បាន​ស្ដារឡើងវិញ និង​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ ។ សូម​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​ចូលរួម​ជាមួយ​គ្រួសារ​របស់​បងប្អូន​នៅក្នុង​សកម្មភាព​នានា​ដែល​ទាក់ទង​ទៅនឹង​សាសនាចក្រ និង​គ្រួសារ ។

  • សូម​រកមើល​ឱកាស​ដើម្បី​ឲ្យ​គ្រួសារ​របស់​បងប្អូន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។ សូម​អញ្ជើញ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ឲ្យ​បង្រៀន​មិត្តភក្ដិ​របស់​បងប្អូន ឬ​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​បង្រៀន​មនុស្ស​ដែល​នៅក្នុង​គេហដ្ឋាន​របស់​បងប្អូន ។ សូម​សួរ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​អំពី​បទពិសោធន៍​ដែល​ពួកគេ​កំពុង​មាន និង​របៀប​ដែល​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​ជួយ​ពួកគេ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ។ ហើយ​សូម​សួរ​ពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ( ឬ​បន់​ឲ្យ​ពួកគេ​បាន​ធ្វើ ) ដើម្បី​រៀបចំ​ខ្លួន​ក្លាយជា​អ្នកផ្សព្វផ្សាយ​សាសនា​ផងដែរ ។

  • ប្រសិនបើ​បងប្អូន​បាន​បម្រើ​បេសកកម្ម សូម​និយាយ​ដោយ​បើក​ចំហ និង​ជា​ញឹកញាប់​អំពី​បទពិសោធន៍​របស់​បងប្អូន ។ ឬ​សូម​អញ្ជើញ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ដែល​បាន​បម្រើ​បេសកកម្ម​ឲ្យ​និយាយ​អំពី​បេសកកម្ម​របស់​ពួកគេ ។ បងប្អូន​ក៏​អាច​និយាយ​អំពី​របៀប​ដែល​បងប្អូន​បាន​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ​ពេញ​មួយ​ជីវិត​បងប្អូន​ផងដែរ ។ សូម​ជួយ​ឲ្យ​កូន​របស់​បងប្អូន​គិត​ពី​របៀប​ដែល​ពួកគេ​អាច​ចែកចាយ​ដំណឹងល្អ​បាន ។

  • សូម​ផ្ដល់​ឱកាស​ឲ្យ​កូន​របស់​បងប្អូន​បង្រៀន​គ្រួសារ​របស់​បងប្អូន​អំពី​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ កូន​របស់​បងប្អូន​ក៏​អាច​ហាត់​ចែកចាយ​ជំនឿ​របស់​គាត់ជាមួយ​នឹង​អ្នកដទៃ​បាន​ផងដែរ ។ ឧទាហរណ៍ បងប្អូន​អាច​ពិភាក្សា​សំណួរ​ដូច​តទៅ​នេះ​បាន « តើ​យើង​អាច​ណែនាំ​អំពី​ព្រះគម្ពីរ​មរមន​ដល់​នរណាម្នាក់ ដែល​មិន​ធ្លាប់​ឮ​វា​ពីមុន​មក​ដោយ​របៀប​ណា ? » ឬ « តើ​យើង​អាច​ពិពណ៌នា​ពី​តម្រូវការ​ដើម្បី​មាន​ព្រះអង្គ​សង្គ្រោះ ដល់​នរណាម្នាក់​ដែល​មិនមែន​ជា​គ្រីស្ទាន​តាម​របៀប​ណា ? »

  • សូម​ជួយ​កូន​របស់​បងប្អូន​ឲ្យ​មាន​ផាសុកភាព​ក្នុងការនិយាយ​ជាមួយ​មនុស្ស​ទូទៅ ។ តើ​មាន​វិធី​ល្អៗ​ណាខ្លះ​ដើម្បី​ចាប់ផ្ដើម​ការសន្ទនា​មួយ​បាន ? សូម​លើក​ទឹកចិត្ត​កូន​របស់​បងប្អូន​ឲ្យ​រៀនពី​របៀប​ស្ដាប់​អ្វី​ដែល​មនុស្ស​ដទៃ​និយាយ យល់​ពី​អ្វី​ដែល​នៅក្នុង​ចិត្ត​របស់​ពួកគេ ហើយ​ចែកចាយ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​អាច​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​ពួកគេ​បាន ។

  • សូម​រកមើល​ឱកាស​ឲ្យ​កូន​របស់​បងប្អូន​រៀន​ពី​វប្បធម៌ និង​ជំនឿ​ផ្សេងៗ​ទៀត ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់ និង​គោរព​ដល់​គោលការណ៍​ដែល​ល្អៗ និង​ពិត​នៅក្នុង​ជំនឿ​របស់​អ្នកដទៃ ។

ការទទួល​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ស្វាមី និង​ភរិយា​អាច​រៀបការ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ ការណ៍​នេះ​កើតឡើង​នៅក្នុង​ពិធីបរិសុទ្ធ​មួយ​ដែល​គេ​ហៅថា « ពិធី​ផ្សារភ្ជាប់ » ។ ទោះបីជា​ពិធីបរិសុទ្ធ​នេះ​អាច​នៅ​យូរទៀត​សម្រាប់​កូនស្រី ឬ​កូន​ប្រុស​របស់​បងប្អូន​ក្ដី ក៏​រឿង​តូចតាច សាមញ្ញ និង​ខ្ជាប់ខ្ជួន​ដែល​បងប្អូន​ធ្វើ​រួមគ្នា​អំឡុង​ពេល​ទាំងនេះ អាច​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ពរជ័យ​ដ៏អស្ចារ្យ​នេះ​បាន​ដែរ ។

  • សូម​អាន​រួមគ្នា​ក្នុង « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ( នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ តើ​ការប្រកាស​នេះ​បង្រៀន​អ្វីខ្លះ​អំពី​សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ និង​អំពី​អាពាហ៍ពិពាហ៍​ដែល​ជោគជ័យ ? សូម​ជ្រើសរើស​យក​គោលការណ៍​មួយ​ដែល​មាន​រាយ​នៅក្នុង​ការប្រកាស​នេះ យក​មក​សិក្សា​ជាមួយ​នឹង​កូន​របស់​បងប្អូន ។ បងប្អូន​អាច​បើក​មើល​ក្នុង​ព្រះគម្ពីរ ដែល​ទាក់ទង​នឹង​គោលការណ៍​នោះ​នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ បងប្អូន​ក៏អាច​ដាក់​គោលដៅ​ដើម្បី​អនុវត្ត​តាម​គោលការណ៍​នោះ ឲ្យ​បាន​កាន់តែ​ពេញលេញ​ជាងមុន​នៅក្នុង​គ្រួសារ​របស់​បងប្អូន​បាន​ផងដែរ ។ កាល​បងប្អូន​ធ្វើការ​ដើម្បី​សម្រេច​បាន​គោលដៅ​របស់​បងប្អូន សូម​ពិភាក្សា​ជាមួយ​គ្នា​អំពី​ឥទ្ធិពល​នៃ​ការរស់នៅ​តាម​គោលការណ៍​នោះ​មាន​ទៅលើ​ជីវិត​គ្រួសារ ។

  • សូម​អាន​សារលិខិត​របស់​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ « In Praise of Those Who Save » ( Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៧៧–៨០ ) ជាមួយ​កូន​របស់​បងប្អូន ។ នៅពេល​បងប្អូន​អាន​ដល់​ផ្នែក​ដែល​មាន​ចំណងជើង​ថា « សង្គម​នៃ​ការប្រើ​ហើយ​បោះចោល » នោះ​បងប្អូន​អាច​រកមើល​អ្វីៗ​នៅក្នុង​គេហដ្ឋាន​របស់​បងប្អូន ដែល​ប្រើ​ហើយ​បោះចោល និង​អ្វី​ផ្សេងទៀត​ដែល​ប្រើ​ហើយ​មិន​បោះចោល ។ សូម​និយាយ​អំពី​របៀប​ដែល​បងប្អូន​ប្រើ​របស់​ខុសៗ​គ្នា នៅពេល​បងប្អូន​ចង់​ឲ្យ​វា​នៅ​ជាប់​បាន​យូរ ។ តើ​ការណ៍​នេះ​ណែនាំ​អ្វីខ្លះ​អំពី​របៀប​ដែល​យើង​គួរ​ប្រព្រឹត្ត​ចំពោះ​ចំណង​អាពាហ៍ពិពាហ៍ និង​ទំនាក់ទំនង​គ្រួសារ ? តើ​យើង​រៀន​អ្វី​ខ្លះ​ទៀត​ចេញ​មកពី​សារលិខិត​របស់​ប្រធាន អុជដូហ្វ អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​ឲ្យ​ស្ថាបនា​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​ដ៏​រឹងមាំ​បាន ?

  • សូម​បើក​ចិត្ត​ជាមួយ​កូន​របស់​បងប្អូន​អំពី​រឿង​ដែល​បងប្អូន និង​ស្វាមី ឬ​ភរិយា​បងប្អូន​កំពុង​រៀន​អំពី​ការ​មាន​អាពាហ៍​ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​ផ្តោតលើ​ព្រះគ្រីស្ទ និង​វិធី​ដែល​បងប្អូន​កំពុង​ព្យាយាម​កែលម្អ ។ ប្រសិនបើ​បងប្អូន និង​ស្វាមី ឬ​ភរិយា​របស់​បងប្អូន​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​សូម​បង្ហាញ​កូន​របស់​បងប្អូន​តាមរយៈ​គំរូ​អំពី​របៀប​ដែល​បងប្អូន​ខិតខំ​កាន់តាម​សេចក្ដី​សញ្ញា​របស់​បងប្អូន​ជាមួយ​នឹង​ព្រះអម្ចាស់ ។ សូម​ប្រាប់​កូន​របស់​បងប្អូន​អំពី​របៀប​ដែល​បងប្អូន​ខិតខំ​ព្យាយាម​ដាក់​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​ជា​ស្នូល​នៃ​ចំណង​អាពាហ៍ពិពាហ៍​របស់​បងប្អូន និង​របៀប​ដែល​ទ្រង់​ទាំងទ្វេ​កំពុង​ជួយ​ដល់​បងប្អូន ( សូមមើល​ផងដែរ អូលីសេស សូរ៉េស « ក្នុង​ភាពជា​ដៃគូ​ជាមួយនឹង​ព្រះអម្ចាស់ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៤២–៤៥ ) ។

  • នៅពេល​គ្រួសារ​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​នានា សូម​ធ្វើ​ការប្រជុំ​ក្រុមប្រឹក្សា​គ្រួសារ និង​ពិភាក្សា​គ្នា ។ សូម​ប្រាកដ​ថា​បាន​ស្ដាប់ និង​ឲ្យ​តម្លៃ​ដល់​គំនិត​របស់​សមាជិក​គ្រួសារ​ទាំងអស់ ។ សូម​ប្រើ​ការពិភាក្សា​ទាំងនេះ​ជា​ឱកាស​ដើម្បី​ធ្វើជា​គំរូ​អំពី​ការប្រាស្រ័យ​ទាក់ទង​ល្អ និង​ការមាន​ចិត្ត​ល្អ​នៅក្នុង​ទំនាក់ទំនង​គ្រួសារ ទោះជា​គ្រប់គ្នា​មិន​មើលឃើញ​អ្វីៗ​ដូចគ្នា​ក្ដី ។ ( សូមមើល អិម រ័សុល បាឡឺដ « Family Councils » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦៣–៦៥ ) ។

  • នៅពេល​មាន​ការខ្វែង​គំនិត​គ្នា ឬ​មាន​ជម្លោះ​នៅក្នុង​គ្រួសារ សូម​បង្ហាញ​ការមាន​ចិត្ត​អំណត់ និង​ចិត្ត​អាណិត​អាសូរ ។ សូម​ជួយ​កូន​របស់​បងប្អូន​ឲ្យ​មើលឃើញ​របៀប​នៃការដោះស្រាយ​ជម្លោះ​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ អាច​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍​ដ៏រីករាយ​មួយ​បាន ។ សូម​អាន​ជាមួយ​គ្នា​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១:៤១–៤២ ហើយ​និយាយ​អំពី​របៀប​ដែល​គោលការណ៍​ទាំងឡាយ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អាច​អនុវត្ត​បាន​ចំពោះ​អាពាហ៍ពិពាហ៍ ។