« ថ្ងៃទី ២៨ ខែ ធ្នូ–ថ្ងៃទី ៣ ខែ មករា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១ ៖ ‹ ចូរប្រុងស្ដាប់ចុះ ឱប្រជារាស្ត្រ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៨ ខែ ធ្នូ–ថ្ងៃទី ៣ ខែ មករា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ថ្ងៃទី ២៨ ខែ ធ្នូ–ថ្ងៃទី ៣ ខែ មករា
គោលលទ្ធិ និង សេចក្តីសញ្ញា ១
« ចូរប្រុងស្ដាប់ចុះ ឱប្រជារាស្ត្រ »
នៅពេលអ្នកអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១ សូមគិតពីខគម្ពីរដែលអ្នកអាចផ្ដោតនៅក្នុងថ្នាក់ និងរបៀបដែលអ្នកអាចជួយសិស្សរៀនមកពីខគម្ពីរទាំងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
អ្នកអាចចាប់ផ្ដើមថ្នាក់របស់អ្នកដើម្បីសិក្សាអំពីគោលលទ្ធិ និង សេចក្តីសញ្ញា ដោយសួរសិស្សថាតើពួកគេមានអារម្មណ៍បែបណាអំពីការសិក្សាគម្ពីរនេះនៅឆ្នាំនេះ ។ តើវគ្គបទគម្ពីរអ្វីខ្លះនៅក្នុង កណ្ឌទី ១ ដែលជួយពួកគេឲ្យមានអារម្មណ៍រំភើបដើម្បីអានគោលលទ្ធិ និង សេចក្តីសញ្ញា ? ប្រហែលជាអ្នកអាចសុំឲ្យពួកគេស្រាវជ្រាវ កណ្ឌទី ១ រកខគម្ពីរមួយដែលពួកគេចង់ចែកចាយ ប្រសិនបើពួកគេកំពុងព្យាយាមជួយមនុស្សម្នាក់ឲ្យអានគម្ពីរពិសិដ្ឋនេះ ។
បង្រៀនគោលលទ្ធិ
ព្រះអម្ចាស់អញ្ជើញយើងឲ្យ « ពិចារណាមើលព្រះបញ្ញត្តិទាំងនេះ » ។
-
នៅពេលអ្នកពិភាក្សាពី « អារម្ភកថា » របស់ព្រះអម្ចាស់ចំពោះគោលលទ្ធិ និង សេចក្តីសញ្ញា ( ខទី ៦ ) វាអាចជួយដល់សិស្សម្នាក់ឲ្យពន្យល់ពីអត្ថន័យនៃអារម្ភកថាមួយ និងគោលបំណងរបស់វានៅក្នុងសៀវភៅមួយ ។ បន្ទាប់មក សិស្សអាចពិភាក្សាពីរបៀបដែល កណ្ឌទី ១ បម្រើដល់គោលបំណងនោះសម្រាប់គោលលទ្ធិ និង សេចក្តីសញ្ញា ។ ឧទាហរណ៍ តើប្រធានបទអ្វីខ្លះសម្រាប់គម្ពីរនេះដែល កណ្ឌទី ១បានណែនាំឲ្យស្គាល់ ? តើគម្ពីរនេះមានគោលបំណងអ្វីខ្លះ ? តើយើងរកឃើញអ្វីខ្លះនៅក្នុងកណ្ឌនេះដែលអាចជះឥទ្ធិពលដល់វិធីដែលយើងអានគោលលទ្ធិ និង សេចក្តីសញ្ញានៅឆ្នាំនេះ ?
-
គម្រោងមេរៀនសម្រាប់សប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អញ្ជើញយើងឲ្យពិចារណាពីរបៀបដែលយើងនឹងធ្វើតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ដើម្បី « ពិចារណាមើលព្រះបញ្ញត្តិទាំងនេះ » ( ខទី ៣៧ ) ។ ប្រហែលជាសិស្សអាចចែកចាយអ្វីដែលពួកគេគ្រោងធ្វើនៅឆ្នាំនេះ ដើម្បីធ្វើឲ្យការសិក្សារបស់ពួកគេអំពីគោលលទ្ធិ និង សេចក្តីសញ្ញាកាន់តែមានន័យ ។ តើពួកគេនឹងស្រាវជ្រាវរកអ្វីខ្លះ ? តើការពិចារណាខុសពីការគ្រាន់តែអានយ៉ាងដូចម្ដេច? តើវិធីសាស្ត្រសិក្សាអ្វីខ្លះដែលពួកគេបានរកឃើញថាមានប្រយោជន៍បំផុត ?
គោលលទ្ធិ និង សេចក្តីសញ្ញា ១:១-៦, ២៣-២៤, ៣៧-៣៩
ព្រះមានបន្ទូលតាមរយៈពួកអ្នកបម្រើរបស់ទ្រង់ ហើយបន្ទូលរបស់ទ្រង់នឹងត្រូវបានបំពេញ ។
-
ភាគច្រើន យើងមានសមាជិកគ្រួសារ មិត្តភក្ដិ និងមនុស្សដែលស្គាល់ ដែលពុំមានជំនឿដូចយើងអំពីព្យាការីនៅរស់ ។ ប្រហែលជាសិស្សអាចចែកចាយសេចក្ដីពិតដែលពួកគេរកឃើញនៅក្នុង កណ្ឌទី ១ ដែលពួកគេអាចប្រើដើម្បីឆ្លើយតបដល់មនុស្សម្នាក់ដែលសួរពីជំនឿរបស់ពួកគេអំពីពួកព្យាការី ។ អ្នកអាចណែនាំឲ្យពួកគេរកមើលជាក់លាក់នៅក្នុង ខទី ១-៦ និង ៣៧-៣៩ ។ តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីព្រះអម្ចាស់ និងពួកព្យាការីរបស់ទ្រង់ ?
-
សិស្សអាចមានចំណាប់អារម្មណ៍ចង់រៀនពីរឿងនោះ នៅពេលក្រុមប្រឹក្សាមួយដែលបានហៅដោយយ៉ូសែប ស្ម៊ីធ បានពិភាក្សាពីការបោះពុម្ពវិវរណៈរបស់ព្យាការី នោះសមាជិកមួយចំនួនក្នុងក្រុមប្រឹក្សានោះបានបដិសេធចំពោះគំនិតនេះ ។ ពួកគេខ្មាស់អៀនដោយសារ តែភាពទន់ខ្សោយនៅក្នុងការសរសេររបស់យ៉ូសែប ហើយពួកគេបារម្ភថា ការបោះពុម្ពវិវរណៈទាំងនោះអាចបង្កឲ្យមានបញ្ហាកាន់តែច្រើនចំពោះពួកបរិសុទ្ធ ( សូមមើល ពួកបរិសុទ្ធ, ១:១៤០-៤៣ ) ។ តើ កណ្ឌទី ១លើកឡើងពីកង្វល់ទាំងនេះយ៉ាងដូចម្ដេចខ្លះ ? ( ឧទាហរណ៍ សូមមើល ខទី ៦, ២៤, ៣៨ ) ។
-
ទំនុកច្រៀងនៃទំនុកតម្កើង « ចូរមកស្ដាប់សំឡេងព្យាការី » ( ទំនុកតម្កើង ល.រ. ១២ ) បង្រៀនពីគោលការណ៍ដូចគ្នាមួយចំនួនដែលបង្រៀននៅក្នុង កណ្ឌទី ១ ។ ប្រហែលជាអ្នកអាចច្រៀង ឬអានទំនុកតម្កើងនេះរួមគ្នា រួចហើយអញ្ជើញសិស្សឲ្យស្វែងរកឃ្លានៅក្នុងទំនុកតម្កើងនេះ និងខគម្ពីរនៅក្នុង កណ្ឌទី ១ ដែលបង្រៀនពីគោលការណ៍ដូចគ្នា ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១:១២-៣០, ៣៥-៣៦
ព្រះអម្ចាស់បានស្ដារដំណឹងល្អរបស់ទ្រង់ឡើងវិញដើម្បីជួយយើងឲ្យប្រឈមនឹងឧបសគ្គនៃថ្ងៃចុងក្រោយនេះ ។
-
តើសិស្សមានគំនិតអ្វីខ្លះ នៅពេលពួកគេអានការពិពណ៌នាអំពីថ្ងៃចុងក្រោយនៅក្នុង ខទី ១៣-១៦ ? តើកំពុងមានអ្វីខ្លះកើតឡើងនៅក្នុងពិភពលោកសព្វថ្ងៃនេះដែលបំពេញតាមការពិពណ៌នាដែលបានព្យាករទាំងនេះ ? សូមលើកទឹកចិត្តសិស្សឲ្យចែកចាយអ្វីមួយដែលពួកគេបានរកឃើញនៅក្នុង កណ្ឌទី ១ ដែលបានជួយពួកគេឲ្យមានអារម្មណ៍សុខសាន្ត និងភាពជឿជាក់ ទោះជាមានឧបសគ្គនៅជំនាន់យើងក្ដី ។
-
ដើម្បីជួយសិស្សឲ្យពិចារណាពីពរជ័យដែលយើងមាន ដោយសារតែដំណឹងល្អបានស្ដារឡើងវិញ អ្នកអាចសរសេរនៅលើក្ដារខៀននូវសំណួរថា តើ ខទី ១៧-២៣ បង្រៀនអ្វីខ្លះអំពីហេតុផលដែលព្រះអម្ចាស់បានស្ដារដំណងល្អរបស់ទ្រង់ឡើងវិញ ? សិស្សអាចស្រាវជ្រាខគម្ពីរទាំងនេះ ហើយចែកចាយគំនិតរបស់ពួកគេជាមួយគ្នា ។ ឧទាហរណ៍ តើសេចក្ដីពិតដែលបានស្ដារឡើងវិញតាមរយៈព្រះយេស៊ូវគ្រីស្ទបានជួយយើងឲ្យបង្កើនសេចក្ដីជំនឿរបស់យើងតាមរបៀបណា ? ( សូមមើល ខទី ២១ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១:១៩–២៨
ព្រះអម្ចាស់ប្រើ « ពួកកម្សោយ និងពួករាបទាប » ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ។
-
ប្រធានបទដ៏សំខាន់មួយក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១ គឺជាតួនាទីរបស់ « ពួកកម្សោយ និងពួករាបទាប » នៅក្នុងកិច្ចការដ៏អស្ចារ្យនៅថ្ងៃចុងក្រោយរបស់ព្រះអម្ចាស់ ( ខទី ២៣ ) ។ សូមអញ្ជើ្ញសិស្សឲ្យស្រាវជ្រាវ ខទី ១៩-២៨ ដើម្បីរៀនពីរបៀបដែលពាក្យ « កម្សោយ » និង « រាបទាប » អនុវត្តចំពោះយើង ក្នុងនាមជាពួកអ្នកបម្រើរបស់ព្រះអម្ចាស់ ។ នៅពេលពួកគេចែកចាយពីអ្វីដែលពួកគេរកឃើញ អ្នកអាចពិភាក្សាពីសំណួរដូចតទៅនេះ ៖ តើបុគ្គលិកលក្ខណៈអ្វីខ្លះដែលព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យពួកអ្នកបម្រើរបស់ទ្រង់មាន ? តើព្រះអម្ចាស់នឹងសម្រេចអ្វីខ្លះតាមរយៈពួកអ្នកបម្រើរបស់ទ្រង់នៅថ្ងៃចុងក្រោយ ? តើការព្យាករនៅក្នុងខគម្ពីរទាំងនេះត្រូវបានបំពេញនៅទូទាំងពិភពលោក និងនៅក្នុងជីវិតរបស់យើងផ្ទាល់តាមរបៀបណា ?