កូន​សៀវភៅ​សម្រាប់​បង្រៀន
តើ​ការ​ត្រូវ​បាន​តែងតាំង​ឲ្យ​មាន​បព្វជិតភាព​មាន​ន័យ​ដូចម្ដេច ?


តើ​ការ​ត្រូវ​បាន​តែងតាំង​ឲ្យ​មាន​បព្វជិតភាព​មាន​ន័យ​ដូចម្ដេច ?

បព្វជិតភាព គឺ​ជា​ព្រះចេស្ដា និង សិទ្ធិអំណាច​នៃ​ព្រះ ដែល​ទ្រង់​ប្រទាន​ឲ្យ​បុត្រ​ទាំងឡាយ​របស់​ទ្រង់​ធ្វើ​កិច្ចការ​នៅ​ក្នុង​ព្រះ​នាម​ទ្រង់ ។ តាមរយៈ​បព្វជិតភាព យើង​ទទួល​បាន​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្រ្គោះ ។ បុរស​ត្រូវបាន​តែងតាំង​ឲ្យ​កាន់​តំណែង​ក្នុង​បព្វជិតភាព ហើយ​ទាំង​បុរស ទាំង​ស្ត្រី អាច​ស្គាល់​អំណាច និង ពរជ័យ​នៃ​បព្វជិតភាព​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​បាន ។ ស្ត្រី​អាច​រួមចំណែក​ជាមួយ​អំណាច​នៃ​បព្វជិតភាព​ក្នុង​ការទទួលខុសត្រូវ​របស់​ពួកគេ នៅ​ក្នុង​សាសនាចក្រ និង ក្នុង​ផែនការ​របស់​ព្រះ ។

ការត្រូវបាន​តែងតាំង ឲ្យ​មាន​បព្វជិតភាព មាន​ន័យ​ថា ការទទួល​សិទ្ធិអំណាច​ដើម្បី​កាន់​តំណែង​បព្វជិតភាព​ជាក់លាក់​មួយ ។ ដើម្បី​តែងតាំង​បុគ្គល​ម្នាក់ បុរស​ម្នាក់​ដែល​មាន​សិទ្ធិអំណាច​ត្រឹមត្រូវ​ដាក់​ដៃ​របស់​គាត់​នៅ​លើ​ក្បាល​របស់​បុគ្គល​នោះ​ដើម្បី​ផ្ដល់​ការតែងតាំង ហើយ​ពោល​សេចក្ដី​អធិស្ឋាន​ពិសេស​មួយ ដែល​ប្រគល់​សិទ្ធិអំណាច​ឲ្យ​ធ្វើ​កិច្ចការ​នៅ​ក្នុង​តំណែង​នោះ ។

បុរស និង ស្ត្រី ជាមួយ​នឹង​ថាស​នំប៉័ង

ពិធីបរិសុទ្ធ​សាក្រាម៉ង់ ត្រូវបាន​ធ្វើ​ឡើង​ដោយ​សិទ្ធិអំណាច​បព្វជិតភាព ។

មិនយូរប៉ុន្មាន​បន្ទាប់​ពី​ពិធីបុណ្យជ្រមុជទឹក និង ពីធីបញ្ជាក់ ក្មេងប្រុស និង បុរស​សក្ដិសម​ដែល​មាន​អាយុ ១២ឆ្នាំ​ឡើង​ទៅ អាច​ទទួល​បព្វជិតភាព​បាន ។ បព្វជិតភាព​ដំបូង ឬ បព្វជិតភាព​ដែល​រៀបចំ​ខ្លួន ត្រូវបាន​ហៅ​ថា បព្វជិតភាព​អើរ៉ុន ។ បុរស​ទាំងឡាយ​ដែល​ត្រូវបាន​តែងតាំង​ឲ្យ​មាន​បព្វជិតភាព​អើរ៉ុន អាច​រៀបចំ ប្រសិទ្ធពរ ហើយ​ចែក​សាក្រាម៉ង់ ព្រមទាំង​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​ឲ្យ​មនុស្សដទៃ ។ បព្វជិតភាព​អើរ៉ុន​រៀបចំខ្លួន​បុរស ឲ្យ​ទទួល​បព្វជិតភាព​មិលគីស្សាដែក ។ បុរស​ទាំងឡាយ​ដែល​ត្រូវបាន​តែងតាំង​ឲ្យ​មាន បព្វជិតភាព​មិលគីស្សាដែក ឬ​បព្វជិតភាព​ខ្ពស់​ជាង​នេះ អាច​ផ្ដល់​ការប្រសិទ្ធពរ​បព្វជិតភាព ហើយ​ធ្វើ​ពិធីបរិសុទ្ធ​នានា​បាន​ដូចជា បញ្ជាក់​សមាជិក​ថ្មី​នៃ​សាសនាចក្រ និង តែងតាំង​មនុស្សដទៃ​ទៀត​ឲ្យ​ទទួល​បព្វជិតភាព​មិលគីស្សាដែក ។

នៅ​ពេល​បុរស​ម្នាក់​ត្រូវបាន​តែងតាំង​ឲ្យ​មាន​បព្វជិតភាព គាត់​ចុះ​សេចក្ដីសញ្ញា​ថា​នឹង​បំពេញ​ករណីយកិច្ច​ដ៏​ពិសិដ្ឋ​របស់​គាត់ បម្រើ​មនុស្សដទៃ ហើយ​ជួយ​ស្ថាបនា​សាសនាចក្រ ។ អំណាច​បព្វជិតភាព​គឺ​សម្រាប់​ការប្រើប្រាស់​ដើម្បី​ផ្ដល់ពរ ហើយ​បម្រើ​មនុស្សដទៃ ហើយ​អាច​ប្រើប្រាស់​បាន​តែ​តាមរយៈ​សេចក្តីសុចរិត និង សេចក្ដីស្រឡាញ់​ប៉ុណ្ណោះ ។

យុវជន​ត្រូវបាន​តែងតាំង

យុវជន​ម្នាក់​ត្រូវបាន​តែងតាំង​ឲ្យ​មាន​បព្វជិតភាព ។

បន្ទាប់​ពី​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក ( ហើយ​ប្រសិនបើ​អ្នក​ជា​បុរស បន្ទាប់​ពី​ត្រូវបាន​តែងតាំង​ឲ្យ​មាន​បព្វជិតភាព ) អ្នក​អាច​រៀចចំខ្លួន​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ ។ នៅ​ទី​នោះ អ្នក​នឹង​មាន​ឱកាស​ទទួល​ពិធីបរិសុទ្ធ និង ពរជ័យ​នៃ​ដំណឹងល្អ​បន្ថែម​ទៀត នៅ​ពេល​អ្នក​បន្ត​ដើរ​នៅ​លើ​មាគ៌ា​ត្រឡប់​ទៅ​ឯ​ព្រះ​វិញ ។