តើក្រុមគ្រួសាររបស់ខ្ញុំអាចត្រឡប់ទៅរស់នៅជាមួយព្រះវិញតាមរបៀបណា ?
ព្រះបានប្រទានផែនការដ៏ច្បាស់លាស់មួយ ដើម្បីឲ្យអ្នក ព្រមទាំងក្រុមគ្រួសាររបស់អ្នក ត្រឡប់ទៅរស់នៅជាមួយទ្រង់វិញ ។ ផែនការនេះគឺជាដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ដោយសារព្រះស្រឡាញ់បុត្រាបុត្រីទ្រង់ទាំងអស់ ទើបមនុស្សគ្រប់រូបនឹងមានឱកាសស្ដាប់ឮ ហើយទទួលយកដំណឹងល្អនៅទីបំផុត ទោះជាក្នុងជីវិតនេះ ឬ ជីវិតបន្ទាប់នេះក្ដី ។ អ្នកទទួលយកដំណឹងល្អតាមរយៈការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត និង ការទទួលពិធីបរិសុទ្ធពិសិដ្ឋនានា ដូចជាពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ជាដើម ។ ពិធីបរិសុទ្ធ* គឺជាពិធីខាងសាសនា ដែលត្រូវបានធ្វើឡើងដោយបុគ្គលម្នាក់ដែលមានសិទ្ធិអំណាចពីព្រះ ។ នៅពេលអ្នកទទួលពិធីបរិសុទ្ធមួយ នោះអ្នកបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ ព្រោះអ្នកធ្វើការសន្យាដ៏ពិសិដ្ឋជាមួយទ្រង់ ហើយទ្រង់ធ្វើការសន្យាដ៏ពិសិដ្ឋជាមួយអ្នក ។ ការសន្យាទាំងឡាយដែលអ្នកធ្វើ នៅពេលអ្នកទទួលពិធីបរិសុទ្ធ ត្រូវបានហៅថា សេចក្តីសញ្ញា ។ ការទទួលពិធីបរិសុទ្ធ និង ការរក្សាសេចក្ដីសញ្ញាទាំងឡាយ មានភាពចាំបាច់ដើម្បីអាចត្រឡប់ទៅក្នុងវត្តមានរបស់ព្រះវិញ ។
ពិធីបុណជ្រមុជទឹក និង ពិធីបញ្ជាក់ គឺជាពិធីបរិសុទ្ធដំបូង ដែលអ្នកទទួលនៅពេលអ្នកក្លាយជាសមាជិកនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ នៅពេលអ្នកបានទទួលពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ដោយបុគ្គលម្នាក់ដែលមានសិទ្ធិអំណាចត្រឹមត្រូវ នោះអ្នកសន្យាថានឹងរស់នៅឲ្យដូចជីវិតរបស់ព្រះគ្រីស្ទ គោរពតាមព្រះបញ្ញត្តិ ហើយចងចាំដល់ព្រះគ្រីស្ទក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ ។ ប្រសិនបើអ្នករក្សាសេចក្ដីសញ្ញាទាំងនេះដោយស្មោះត្រង់ ព្រះសន្យាថានឹងអត់ទោសដល់អំពើបាបទាំងឡាយរបស់អ្នក ហើយព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើជាដៃគូអ្នក ។ ពីធីបុណ្យជ្រមុជទឹក និង ពីធីបញ្ជាក់ គឺជាពិធីបរិសុទ្ធដំបូងនៅលើមាគ៌ាឆ្ពោះទៅរក ជីវិតដ៏នៅអស់កល្បជានិច្ច ជាមួយព្រះ ។
ពិធីបរិសុទ្ធមួយចំនួន មានដូចជា ពិធីបុណជ្រមុជទឹក និង ពិធីបញ្ជាក់ មានភាពចាំបាច់ដើម្បីអ្នកអាចត្រឡប់ទៅរស់នៅជាមួយព្រះវិញ ។ ពិធីបរិសុទ្ធចាំបាច់ៗដទៃទៀតរួមមាន ការទទួលបុព្វជិតភាពមិលគីស្សាដែក ( សម្រាប់បុរស ) ការទទួលអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ និង ការផ្សារភ្ជាប់ឲ្យបានជាចំណែកក្នុងក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ចនៅក្នុងព្រះវិហារបរិសុទ្ធ ។ តាមរយៈពិធីបរិសុទ្ធ និង សេចក្ដីសញ្ញាទាំងនេះ អ្នកនឹងអាចរៀនបន្ថែមអំពីផែនការរបស់ព្រះ និងស្គាល់ព្រះចេស្ដាទ្រង់កាន់តែច្បាស់នៅក្នុងជីវិតរបស់អ្នក ( សូមមើល គ. និង ស. ៨៤:២០ ) ។ ពិធីបរិសុទ្ធ និង សេចក្តីសញ្ញាទាំងនេះ គឺជាការបោះជំហានទៅមុខផ្ទាល់ខ្លួន ដែលគូសចំណាំនៅលើមាគ៌ាឆ្ពោះទៅរកជីវិតដ៏នៅអស់កល្បជានិច្ច ។ អ្នកកាន់ខ្ជាប់ដរាបដល់ចុងបំផុត នៅលើមាគ៌ានេះ តាមរយៈការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ការធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ និង ការរក្សាសេចក្ដីសញ្ញាទាំងឡាយរបស់អ្នកដោយឥតឈប់ឈរ ។ សេចក្ដីសញ្ញាជាមួយព្រះនឹងផ្ដល់ឲ្យអ្នកនូវភាពរឹងមាំ និង ការយល់ដឹងអំពីគោលបំណង ។ អ្នកក៏នឹងរីករាយផងដែរជាមួយសុភមង្គលកាន់តែមហិមានៅក្នុងជីវិតនេះ ទទួលអារម្មណ៍នៃភាពរឹងមាំខាងវិញ្ញាណកាន់តែខ្លាំង ទទួលបានការការពារ និង ការដឹកនាំ និងត្រៀមខ្លួនជាស្រេចដើម្បីនៅទីបំផុតបានទៅរស់នៅជាមួយព្រះ និង ក្រុមគ្រួសាររបស់អ្នកជារៀងរហូត ។