តើគោលបំណងនៃព្រះវិហារបរិសុទ្ធគឺជាអ្វី ?
ពិធីបរិសុទ្ធ និង សេចក្តីសញ្ញាមួយចំនួននៃដំណឹងល្អមានភាពពិសិដ្ឋ ទើបព្រះអនុញ្ញាតឲ្យយើងទទួលពិធីបរិសុទ្ធទាំងនោះតែនៅក្នុងទីកន្លែងពិសេស ដែលត្រូវបានហៅថា ព្រះវិហារបរិសុទ្ធ ប៉ុណ្ណោះ ។ ព្រះវិហារបរិសុទ្ធគឺពិតជាព្រះដំណាក់របស់ព្រះអម្ចាស់—ជាទីបរិសុទ្ធដែលត្រូវបានញែកចេញពីលោកិយ ។ នៅក្នុងព្រះវិហារបរិសុទ្ធ អ្នករៀនបន្ថែមអំពីផែនការនៃសេចក្ដីសង្គ្រោះ និង របៀបដើរតាមគំរូដ៏ឥតខ្ចោះរបស់ព្រះគ្រីស្ទ ។ ពរជ័យដ៏មហិមារបស់ព្រះ មាននៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។
បទគម្ពីរបង្រៀនយើងថា ព្រះបានត្រាស់បង្គាប់រាស្ត្ររបស់ទ្រង់ឲ្យថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ចាប់តាំងពីជំនាន់បុរាណមកម៉្លេះ ។ នៅពេលព្រះអម្ចាស់បានស្ដារសាសនាចក្រទ្រង់ឡើងវិញតាមរយៈព្យាការី យ៉ូសែប ស៊្មីធ ទ្រង់បានត្រាស់បង្គាប់ឲ្យសាងសង់ព្រះវិហារបរិសុទ្ធជាថ្មីម្ដងទៀត ។ ការមានព្រះវិហារបរិសុទ្ធនៅលើផែនដី គឺជាសាក្សីចំពោះសេចក្ដីស្រឡាញ់របស់ព្រះមានសម្រាប់យើង ។ កិច្ចការគ្រប់យ៉ាងនៅក្នុងព្រះវិហារបរិសុទ្ធថ្លែងទីបន្ទាល់ថា ព្រះគឺជាព្រះវរបិតារបស់យើង ហើយព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រារបស់ទ្រង់ និង ជាព្រះអង្គសង្គ្រោះនៃពិភពលោក ។
ចំពោះសមាជិកសាសនាចក្រ ព្រះវិហារបរិសុទ្ធគឺជាទីបរិសុទ្ធបំផុតនៃការថ្វាយបង្គំនៅលើផែនដី ។ វាមានសភាពប្លែកពីទីថ្វាយបង្គំដទៃទៀតទាំងអស់ ។ វាត្រូវបានកំណត់ឲ្យជាទីកន្លែងតែមួយគត់ ដែលក្រុមគ្រួសារអាចរួមរស់ជាមួយគ្នារៀងរហូត ជាទីដែលពិធីបរិសុទ្ធពិសិដ្ឋៗបំផុតនៃដំណឹងល្អត្រូវបានធ្វើឡើង ។ វាក៏ជាទីកន្លែងដែលអ្នកអាចមានអារម្មណ៍កាន់តែជិតព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ជាទីកន្លែងនៃភាពសុខសាន្ត និង វិវរណៈ ជាទីកន្លែងដែលទំនាក់ទំនងក្រុមគ្រួសារត្រូវបានពង្រឹង ជាទីកន្លែងដើម្បីស្វែងរកការដឹកនាំស្ដីពីឧបសគ្គនានានៅក្នុងជីវិត ។
ទោះជាមនុស្សគ្រប់គ្នាត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីផ្សេងៗនៅឯសាលាប្រជុំសាសនាចក្រក្ដី ព្រះវិហារបរិសុទ្ធមានសភាពខុសពីនេះ ។ បន្ទាប់ពីព្រះវិហារបរិសុទ្ធត្រូវបានឧទ្ទិសហើយ ភ្ញៀវទស្សនាត្រូវបានស្វាគមន៍ឲ្យមករីករាយនឹងបរិវេណព្រះវិហារបរិសុទ្ធដ៏ស្រស់ត្រកាល និង ដ៏សុខសាន្ត ប៉ុន្តែមានតែសមាជិកសាសនាចក្រដែលមានភាពស្មោះត្រង់ប៉ុណ្ណោះ ទើបអាចចូលក្នុងព្រះវិហារបរិសុទ្ធបាន—ជាអ្នកដែលមានឆន្ទៈ ហើយរៀបចំខ្លួនទទួលពិធីបរិសុទ្ធ សេចក្តីសញ្ញា និង ពរជ័យពិសេសៗទាំងនេះ ។
ដោយសារព្រះវិហារបរិសុទ្ធគឺជាព្រះដំណាក់របស់ព្រះអម្ចាស់ និង ជាទីដែលពិធីបរិសុទ្ធពិសិដ្ឋៗភាគច្រើនរបស់ទ្រង់ត្រូវបានធ្វើឡើង ទើបព្រះបានស្ថាបនាបទដ្ឋានមួយ ដែលបុត្រាបុត្រីទ្រង់ត្រូវតែធ្វើតាមពីមុនអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធបាន ។ នៅពេលអ្នករៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ អ្នកនឹងទទួលការសម្ភាសស្រដៀងទៅនឹងការសម្ភាសពិធីបុណ្យជ្រមុជទឹកដែរ ។ ការសម្ភាសនេះត្រូវបានហៅថា ការសម្ភាសដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ នៅក្នុងការសម្ភាសនេះ ប៊ីស្សព ឬ ប្រធានសាខារបស់អ្នក នឹងសួរអ្នកនូវសំណួរមួយចំនួន ដើម្បីបញ្ជាក់ថា អ្នកកំពុងធ្វើតាមព្រះបញ្ញត្តិទាំងឡាយ ។ ប្រសិនបើអ្នកមានភាពសក្ដិសម ហើយរៀបចំខ្លួនរួចរាល់ អ្នកនឹងទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធមួយ ដែលនឹងអនុញ្ញាតឲ្យអ្នកចូលទៅក្នុងព្រះវិហារបរិសុទ្ធបាន ។
បន្ថែមពីលើការទទួលបានពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធសម្រាប់ខ្លួនអ្នកផ្ទាល់ នៅក្នុងព្រះវិហារបរិសុទ្ធ អ្នកអាចទទួលពិធីបរិសុទ្ធជំនួសឲ្យជីដូនជីតារបស់អ្នក និង មនុស្សដទៃទៀត ដែលបានចែកឋានទៅដោយគ្មានឱកាសទទួលបានពិធីបរិសុទ្ធទាំងនោះ ។ ពិធីបរិសុទ្ធទាំងនេះរួមមាន ពិធីបុណជ្រមុជទឹក ពីធីបញ្ជាក់ និង រាល់ពិធីបរិសុទ្ធដទៃទៀត ដែលចាំបាច់ដើម្បីបានសេចក្ដីសង្គ្រោះ ។