ហេតុអ្វីបានជាក្រុមគ្រួសារមានសារៈសំខាន់ខ្លាំងម្ល៉េះ ?
អ្នកគឺជាចំណែកមួយក្នុងក្រុមគ្រួសារ តាំងពីមុនអ្នកកើតមកម៉្លេះ ។ អ្នកបានរស់នៅជាមួយព្រះមុនជីវិតលើផែនដីនេះ ។ អ្នកគឺជាបុត្រម្នាក់របស់ព្រះមាតាបិតាសួគ៌ និង ជាចំណែកមួយដ៏សំខាន់ក្នុងក្រុមគ្រួសារដ៏អស់កល្បជានិច្ចរបស់ទ្រង់ទាំងពីរអង្គ ។ ទ្រង់ទាំងពីរស្រឡាញ់អ្នក ហើយសព្វព្រះទ័យឲ្យអ្នកមានភាពរីករាយ ។ នៅពេលអ្នកបញ្ចប់ជីវិតលើផែនដីនេះទៅ ទ្រង់ទាំងពីរសព្វព្រះទ័យឲ្យអ្នក ព្រមទាំងមនុស្សជាទីស្រឡាញ់របស់អ្នក ត្រឡប់ទៅរស់នៅជាមួយទ្រង់វិញជារៀងរហូត ។ ឱកាសដើម្បីត្រឡប់ទៅរស់នៅជាមួយព្រះវិញ អាចកើតមានតាមរយៈពលិកម្មធួនរបស់ព្រះរាជបុត្រារបស់ទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ។
ក្រុមគ្រួសារត្រូវបានតែងតាំងដោយព្រះ និងជាកត្តាសំខាន់ក្នុងផែនការរបស់ទ្រង់ ដើម្បីឲ្យមានសុភមង្គលដ៏អស់កល្បជានិច្ចរបស់យើង ។ ក្រុមគ្រួសារត្រូវបានបង្កើតឡើងដើម្បីជួយបុត្រាបុត្រីរបស់ព្រះ ឲ្យរៀន ហើយរីកចម្រើនក្នុងសេចក្តីសុចរិត ។ អាពាហ៍ពិពាហ៍រវាងបុរស និង ស្ត្រីក៏ត្រូវបានតែងតាំងឡើងដោយព្រះដែរ ។ ស្វាមី និង ភរិយាមានការទទួលខុសត្រូវដ៏ពិសិដ្ឋដើម្បីស្រឡាញ់ និងថែរក្សាគ្នាទៅវិញទៅមក ព្រមទាំងកូនចៅរបស់ខ្លួនផងដែរ ។ នៅពេលអ្នកធ្វើតាមសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ព្រះនឹងប្រទានពរដល់អ្នក ព្រមទាំងក្រុមគ្រួសាររបស់អ្នក ។