យ៉ូហាន ទី១ ២–៤; យ៉ូហាន ទី២
ការបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ
នៅពេលដែលនរណាម្នាក់មាន អារម្មណ៍ថា ទទួលបានក្តីស្រឡាញ់ ឬ ស្រឡាញ់អ្នកផ្សេង នោះសកម្មភាពរបស់ពួកគេផ្លាស់ប្តូរជានិច្ច ។ យ៉ូហានបានបង្រៀនថា សេចក្តីស្រឡាញ់របស់យើងចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អាចជំរុញចិត្តយើងឲ្យកាន់តាមបទបញ្ញត្តិរបស់ទ្រង់ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យយល់ពីរបៀបដែលអ្នកអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយការកាន់តាមបទបញ្ញត្តិ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការការពារដោយក្ដីស្រឡាញ់របស់ព្រះ
ខណៈពេលនៅលើឆ្នេរខ្សាច់ក្នុងប្រទេសអូស្ត្រាលី អែលឌើរ វ៉ន ជី ខីតឆ៍ ( ឆ្នាំ ១៩៦០–២០១៨ ) នៃពួកចិតសិបនាក់បានជួបនឹងអ្នកជិះស្គីលើទឹកមួយចំនួនដែលបានធ្វើដំណើរទៅទីនោះក្នុងដំណើរកម្សាន្តដ៏គួរឲ្យចងចាំមួយ ។ ពួកគេត្អូញត្អែរអំពីរបងការពារសំណាញ់ដ៏ធ្ងន់នៅក្នុងទឹក ដែលរារាំងពួកគេមិនឲ្យជិះស្គីលើរលកធំៗបាន ។
ដើម្បីស្វែងយល់ពីអ្វីដែលបានកើតឡើង សូមមើលវីដេអូ « Blessed and Happy Are Those Who Keep the Commandments of God » ( ៥:៤១ ) ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ២:៣៤ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ ឬអានដំណើររឿងខាងក្រោម ។
កាលអ្នកជិះស្គីលើរលកជនជាតិអាមេរិកាំងទាំងនោះរអ៊ូរទាំកាន់តែខ្លាំង ខ្ញុំបានមើលទៅមនុស្សម្នាក់ទៀតក្បែរនោះ—ជាបុរសចំណាស់ម្នាក់ ហើយជាម្ចាស់ស្រុក ។ គាត់ទំនងដូចជាទប់ចិត្តលែងបាន កាលគាត់ស្ដាប់ការត្អូញត្អែរកាន់តែខ្លាំងឡើងៗអំពីរបងការពារនោះ ។
នៅទីបំផុត គាត់បានក្រោកឈរឡើង ហើយដើរទៅរកក្រុមនោះ ។ គាត់បានដកកែវយឺតចេញពីកាបូបស្ពាយគាត់ ហើយហុចវាទៅឲ្យអ្នកជិះម្នាក់ដោយមិនស្ដីអ្វីទាំងអស់ រួចចង្អុលទៅរបងការពារនោះ ។ ពួកគេម្នាក់ៗបានយកកែវយឺតនោះមកឆ្លុះមើល ។ ដោយមានជំនួយពីកែវពង្រីកនោះ ពេលដល់វេនខ្ញុំ ខ្ញុំអាចមើលឃើញអ្វីមួយដែលខ្ញុំមិនអាចមើលឃើញពីមុន ៖ គឺត្រីឆ្លាមធំៗ—កំពុងស៊ីចំណីនៅជិតថ្មប៉ប្រះទឹកនៅម្ខាងទៀតនៃរបងការពារនោះ ។
រំពេចនោះក្រុមនេះបានស្ងាត់មាត់ ។ បុរសចំណាស់នោះទៅយកកែវយឺតគាត់វិញ រួចដើរចេញទៅ ។ ពេលគាត់ដើរចេញទៅ ខ្ញុំនៅចាំពាក្យមួយឃ្លា ដែលគាត់បានពោល ៖ គាត់បាននិយាយថា « កុំរិះគន់របងការពារនោះខ្លាំងពេក វាគ្រាន់តែជាវត្ថុមួយដែលការពារអ្នកពីការត្របាក់ស៊ីតែប៉ុណ្ណោះ » ។
នៅពេលយើងឈរ នៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនោះ ទស្សនវិស័យរបស់យើងបានផ្លាស់ប្ដូរមួយរំពេច ។ របងការពារមួយដែលទំនងដូចជា ការតឹងរឹង និងការរឹតបណ្តឹង—ដែលកាត់បន្ថយភាពសប្បាយ និងភាពរីករាយនៃការជិះក្ដារលើរលកដ៏ធំៗ—បានក្លាយទៅជាអ្វីមួយផ្សេងទៅវិញ ។ ឥឡូវរបងការពារនេះបានផ្ដល់ការការពារ សុវត្ថិភាព និងភាពសុខសាន្ត ពេលយើងយល់ដឹងជាថ្មីអំពីគ្រោះថ្នាក់ដែលលាក់ខ្លួននោះ ។
( វ៉ន ជី ឃីតឆ៍ « Blessed and Happy Are Those Who Keep the Commandments of God » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១៥–១១៦ )
-
តើអាកប្បកិរិយាអ្វីខ្លះដែលមនុស្សអាចមានចំពោះការកាន់តាមបទបញ្ញត្តិរបស់ព្រះ ?
សូមពិចារណា សរសេរចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើខ្ញុំមានអារម្មណ៍បែបណាចំពោះបទបញ្ញត្តិរបស់ព្រះ ? ហេតុអ្វីខ្ញុំកាន់តាម ឬមិនកាន់តាម ?
ការកាន់តាមបទបញ្ញត្តិរបស់ព្រះ
យើងទាំងអស់គ្នាមានហេតុផលផ្ទាល់ខ្លួនដែលជះឥទ្ធិពលថាតើយើងជ្រើសរើសកាន់តាមបទបញ្ញត្តិរបស់ព្រះឬអត់ ។ សូមអានខគម្ពីរខាងក្រោម រកមើលអ្វីដែលសាវកយ៉ូហានបានបង្រៀន ដែលអាចជំរុញយើងឲ្យគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការចងចាំថា យ៉ូហានបានសរសេរសំបុត្ររបស់គាត់ទៅកាន់អ្នកជឿដែលកំពុងប្រឈមមុខនឹងការបង្រៀនមិនពិត ។
( វាក៏អាចមានប្រយោជន៍ផងដែរក្នុងការអានការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង យ៉ូហាន ១៤:១៥, ២៣–២៤ ) ។
-
តើអ្នកបានរកឃើញសេចក្ដីពិតអ្វីខ្លះ ?
-
តើការដឹងពីសេចក្តីពិតទាំងនេះអាចបង្កើនបំណងប្រាថ្នារបស់នរណាម្នាក់ដើម្បីកាន់តាមបទបញ្ញត្តិដោយរបៀបណា ?
យ៉ូហានបានបង្រៀនសេចក្ដីពិតផ្សេងៗនៅក្នុងខគម្ពីរទាំងនេះ ។ មួយក្នុងចំណោមនោះ អ្នកនឹងរកឃើញថា កាលណាយើងស្គាល់ និងស្រឡាញ់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកាន់តែច្រើន នោះយើងកាន់តែមានឆន្ទៈកាន់តាមបទបញ្ញត្តិរបស់ទ្រង់ទាំងទ្វេកាន់តែច្រើន ( សូមមើល យ៉ូហាន ទី១ ១:៥–៧ ; ២:៣–៦ , យ៉ូហានទី២ ១:៦–៩ ) ។
-
ហេតុអ្វីបានជាការកាន់តាមបទបញ្ញត្តិជាវិធីមួយដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលជំរុញអ្នកឲ្យកាន់តាមបទបញ្ញត្តិរបស់ទ្រង់ទាំងទ្វេ ? ហេតុអ្វីបានជាការដឹងដូច្នោះជំរុញទឹកចិត្តអ្នក ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីទ្រង់ទាំងទ្វេនៅពេលអ្នកបានកាន់តាមបទបញ្ញត្តិរបស់ទ្រង់ទាំងទ្វេ ?
តើអ្នកនឹងបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
សូមមើលរូបភាពនេះ ហើយគិតអំពីអ្វីដែលអ្នកដឹងអំពីព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌ពីអារម្មណ៍របស់ទ្រង់ទាំងទ្វេចំពោះអ្នក ។ អ្នកក៏ប្រហែលជាចង់គិតអំពីអារម្មណ៍របស់អ្នកចំពោះទ្រង់ទាំងទ្វេផងដែរ ។
ខណៈពេលដែលវាហាក់ដូចជាពិបាកក្នុងការបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដោយសារទ្រង់ទាំងទ្វេមិនមានវត្តមានខាងរូបកាយជាមួយយើង នោះយើងអាចបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ទាំងទ្វេដោយការកាន់តាមបទបញ្ញត្តិរបស់ទ្រង់ទាំងទ្វេ ។ សូមចំណាយពេលខ្លះដើម្បីពិចារណាអំពីអ្វីដែលអ្នក ចង់ចងចាំ ឬធ្វើដោយសារតែមេរៀននេះ ។ ខាងក្រោមនេះគឺជាវិធីមួយចំនួនដែលសិស្សអាចធ្វើបាន ៖
-
សូមសរសេរវិធីមួយដែលអ្នកចង់មកស្គាល់ ហើយស្រឡាញ់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបន្ថែមទៀត ។
-
សូមគិតអំពីបទបញ្ញត្តិដែលអ្នកកំពុងគោរពតាមនាពេលបច្ចុប្បន្ននេះ និងមូលហេតុដែលអ្នកគោរពតាម ។ សូមពិចារណាថាតើអ្នកត្រូវបានលើកទឹកចិត្តដោយសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ឬថាតើអ្នកអាចធ្វើឲ្យប្រសើរឡើងនៅក្នុងផ្នែកនោះ ។
-
សូមប្រាប់ពីបទបញ្ញត្តិមួយ ឬច្រើន ដែលអ្នកអាចគោរពតាមពេញលេញ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមរៀបចំផែនការមួយអំពីរបៀបដែលអ្នកនឹងកាន់តាមបទបញ្ញត្តិទាំងនេះឲ្យបានពេញលេញ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើបទបញ្ញត្តិគឺជាការបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះយើងយ៉ាងដូចម្ដេចខ្លះ ?
ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានថ្លែង ៖
បទបញ្ញត្តិរបស់ព្រះ ពុំបានប្រទានមកដើម្បីធ្វើឲ្យយើងស្មុគស្មាញ ឬក្លាយជាឧបសគ្គចំពោះសុភមង្គលរបស់យើងនោះទេ ។ ការពិតគឺវាផ្ទុយពីនោះវិញ ។ ទ្រង់ដែលបង្កើតយើងមក ហើយស្រឡាញ់យើងដ៏ឥតខ្ចោះ បានត្រាស់ដឹងថា យើងចាំបាច់ត្រូវរស់នៅក្នុងជីវិតរបស់យើងយ៉ាងណា ដើម្បីទទួលបានសុភមង្គលដ៏ធំបំផុតនោះ ។ ទ្រង់បានប្រទានដល់យើងនូវការដឹកនាំ ប្រសិនបើយើងធ្វើតាម នោះទ្រង់នឹងដឹកនាំយើងដោយសុវត្ថិភាពឆ្លងកាត់ដំណើរជីវិតរមែងស្លាប់ដ៏គ្រោះថ្នាក់នេះ ។ …
…ទ្រង់ញាណដឹងថា នៅពេលយើងរក្សាបទបញ្ញត្តិ នោះជីវិតយើងនឹងកាន់តែរីករាយ កាន់តែពេញលេញ ហើយមិនសូវស្មុគស្មាញ ។ យើងនឹងមានភាពងាយស្រួយក្នុងការទ្រាំទ្របញ្ហា និងឧបសគ្គរបស់យើង ហើយយើងនឹងទទួលបានពរជ័យដែលបានសន្យារបស់ទ្រង់ ។
( ថូម៉ាស អេស ម៉នសុន « Keep the Commandments » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៨៣ )
តើការគោរពតាមបទបញ្ញត្តិបង្ហាញពីសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះព្រះយ៉ាងដូចម្ដេច ?
អែលឌើរ វ៉ន ជី ខីតឆ៍ ( ឆ្នាំ ១៩៦០–២០១៨ ) នៃពួកចិតសិបនាក់បានថ្លែង៖
យើងបង្ហាញក្ដីស្រឡាញ់របស់យើងចំពោះព្រះ—និងក្ដីជំនឿរបស់យើងចំពោះទ្រង់—ដោយការធ្វើឲ្យអស់ពីលទ្ធភាពរបស់យើងជារៀងរាល់ថ្ងៃក្នុងការដើរតាមផ្លូវដែលទ្រង់បានរៀបចំសម្រាប់យើង និងដោយការគោរពតាមព្រះបញ្ញត្តិដែលទ្រង់បានប្រទានដល់យើង ។ ជាពិសេស យើងបង្ហាញជំនឿ និងក្ដីស្រឡាញ់នោះនៅក្នុងស្ថានភាពដែលយើងពុំយល់ហេតុផលទាំងស្រុងចំពោះការបញ្ជារបស់ព្រះ ឬផ្លូវជាក់លាក់ដែលទ្រង់កំពុងប្រាប់យើងឲ្យដើរ ។
( វ៉ន ជី ឃីតឆ៍ «Blessed and Happy Are Those Who Keep the Commandments of God » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១៦ )
តើខ្ញុំអាចបង្កើនសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះព្រះដោយរបៀបណា ?
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានពន្យល់ ៖
យើងបង្កើនសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះវរបិតាសួគ៌របស់យើង ហើយបង្ហាញសេចក្ដីស្រឡាញ់នោះដោយសម្របគំនិត និងសកម្មភាពរបស់យើងជាមួយនឹងព្រះបន្ទូលរបស់ព្រះ ។ សេចក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ទ្រង់ដឹកនាំ និងលើកទឹកចិត្តយើងឲ្យកាន់តែជ្រះស្អាត និងបរិសុទ្ធ ។ វាបំផុសគំនិតយើងឲ្យដើរក្នុងសេចក្ដីសុចរិត—មិនមែនចេញពីការភ័យខ្លាច ឬកាតព្វកិច្ចទេ ប៉ុន្តែចេញពីបំណងប្រាថ្នាចង់ប្រែក្លាយកាន់តែដូចទ្រង់ ដោយសារយើងស្រឡាញ់ទ្រង់ ។
( ឌៀថើរ អេហ្វ អុជដូហ្វ « The Love of God » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២៣ )