ភីលីព ៣
« គ្រប់ទាំងអស់ទុកដូចជាខាតដែរ … ប្រយោជន៍ឲ្យបានព្រះគ្រីស្ទ »
តើអ្នកសុខចិត្តលះបង់អ្វីខ្លះ ដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ហើយក្លាយជាសិស្សរបស់ទ្រង់ ? សាវកប៉ុលបានលះបង់ជាច្រើនពេលលោកជ្រើសរើសដើរតាមព្រះអង្គសង្គ្រោះ រួមទាំងតំណែងដ៏មានឥទ្ធិពលរបស់លោកក្នុងសង្គមសាសន៍យូដាក្នុងនាមជាពួកផារិស៊ី ( សូមមើល ភីលីព ៣:៥ ) ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីសារៈសំខាន់នៃការលះបង់ដើម្បីចូលមកស្គាល់ព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកនឹងផ្ដល់ឲ្យអ្វីខ្លះ ?
សូមអានឬមើលដំណើររឿងខាងក្រោមនេះដោយប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយអំពីយុវជនម្នាក់ដែលបានចែកចាយជាមួយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ១៩១០–២០០៨ ) ការលះបង់ដែលគាត់មានឆន្ទៈធ្វើដើម្បីក្លាយជាសមាជិកនៃសាសនាចក្រ ។
ជាច្រើនឆ្នាំកន្លងមកហើយ នៅក្នុងសន្និសីទនេះ យើងបានឮពីយុវជនម្នាក់ដែលបានរកឃើញដំណឹងល្អដែលបានស្ដារឡើងវិញពេលគាត់កំពុងសិក្សានៅសហរដ្ឋអាមេរិក ។ នៅពេលបុរសនេះហៀបនឹងត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានសួរគាត់ថាតើនឹងមានអ្វីកើតឡើងចំពោះគាត់នៅពេលគាត់ត្រលប់មកផ្ទះវិញក្នុងនាមជាគ្រីស្ទាន ។ យុវជននោះឆ្លើយថា ៖ « គ្រួសារខ្ញុំនឹងខកចិត្ត » ។ « ពួកគេអាចនឹងបណ្ដេញខ្ញុំចេញពីផ្ទះ ហើយចាត់ទុកថាខ្ញុំបានស្លាប់ហើយ ។ សម្រាប់អនាគត និងការងាររបស់ខ្ញុំ គ្រប់ឱកាសទាំងអស់ប្រហែលជាគ្មានទេសម្រាប់ខ្ញុំ » ។« តើអ្នកសុខចិត្តធ្វើការលះបង់ដ៏មហិមាចំពោះដំណឹងល្អឬទេ ? » ប្រធាន ហ៊ីងគ្លី បានសួរ ។
( ដាល្លិន អេក អូក « Sacrifice » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ២១ )
-
តើអ្នកគិតថាយុវជននោះឆ្លើយតបយ៉ាងណា ? ហេតុអ្វី ?
-
តើអ្វីអាចជំរុញចិត្តមនុស្សម្នាក់ឲ្យលះបង់គ្រប់យ៉ាងដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ?
នៅពេលអ្នកសិក្សា ភីលីព ៣ សូមពិចារណាអំពីអ្វីដែលអ្នកបានលះបង់សម្រាប់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលអ្នកត្រូវបានប្រទានពរសម្រាប់ការធ្វើដូច្នេះ ។ ម្យ៉ាងវិញទៀត ការលះបង់ដើម្បីនៅកាន់តែជិតព្រះអង្គសង្គ្រោះ អាចជាគំនិតដែលមិនអាចទទួលយកបានសម្រាប់អ្នក ។ មិនថាអ្នកស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ព្រះអង្គសង្គ្រោះមានព្រះទ័យចង់ជួយអ្នកឲ្យរីកចម្រើន ។ ពេញមួយមេរៀននេះ សូមយកចិត្តទុកដាក់លើគំនិត និងអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ដែលអាចជួយអ្នកឲ្យយល់អំពីតួនាទីដែលការលះបង់គួរតែដើរតួក្នុងជីវិតរបស់អ្នក ។
ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទមានតម្លៃគ្រប់ការលះបង់ ។
សូមចាំថា មុនពេលដែលប៉ុលបានប្រែចិត្តជឿទៅលើព្រះយេស៊ូវគ្រីស្ទនៅលើផ្លូវទៅកាន់ទីក្រុងដាម៉ាស( សូមមើល កិច្ចការ ៩ ) គាត់គឺជាសាសន៍ផារិស៊ី ជាបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់ក្នុងសាសនា និងសង្គមក្នុងចំណោមសាសន៍យូដា ( សូមមើល ភីលីព ៣:៥ ) ។ ដោយសារគាត់ជ្រើសរើសដើរតាមព្រះយេស៊ូវគ្រីស្ទ ហើយចំណាយពេលក្នុងជីវិតដើម្បីផ្សព្វផ្សាយដំណឹងល្អ ប៉ុលបានជួបប្រទះនឹងការបៀតបៀនដ៏ធ្ងន់ធ្ងរ ទុក្ខវេទនា ការឈឺចាប់ខាងរាងកាយ និងភាពតានតឹងផ្លូវចិត្ត ( សូមមើល កូរិនថូស ទី២ ១១:២៣–២៨ ) ។ យើងអាននៅក្នុង ភីលីព ៣:៧–១៧ ពីអារម្មណ៍ដែលប៉ុលមានអំពីការលះបង់ជីវិតកាលពីអតីតរបស់លោកដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ និងលទ្ធផលនៃពរជ័យទាំងឡាយដែលលោកទទួលបាន ។
សូមអាន ភីលីព ៣:៧–១៤ ដោយរកមើលអ្វីដែលប៉ុលសុខចិត្តលះបង់ដើម្បីស្គាល់ ហើយដើរតាមព្រះយេស៊ូវគ្រីស្ទ ។ សូមកត់ចំណាំថា ពាក្យដែលអាច ត្រឡប់ទៅដូច តាម ខទី ១០ មានន័យថាអាចយល់ស្រប ឃ្លា « ដេញតាម » នៅក្នុង ខទី ១២ មានន័យថាត្រូវទៅមុខ ហើយពាក្យ ចាប់ឲ្យបាននៅក្នុង ខទី ១២ មានន័យថាទទួលបាន ។
សូមជ្រើសរើសវគ្គបទគម្ពីរ ឬឃ្លាពីរពី ភីលីព ៣:៧–១៤ ហើយសរសេរសាររបស់ប៉ុលឡើងវិញតាមពាក្យសម្ដីរបស់អ្នកផ្ទាល់ ។ ឧទាហរណ៍ វិធីមួយដើម្បីរំឭកឡើងវិញពីសាររបស់ ភីលីព ៣:៧ គឺ « សេចក្តីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ » ។ នៅពេលអ្នកបញ្ចប់ សូមឆ្លើយសំណួរខាងក្រោម ។
-
តើប៉ុលបានទទួលពរជ័យអ្វីខ្លះ ដោយព្រោះលោកបានលះបង់សម្រាប់ព្រះអម្ចាស់ ?
-
តើពរជ័យអ្វីខ្លះដែលលោកនៅតែព្យាយាមទទួលបានតាមរយៈការលះបង់របស់លោក ?
-
តើគោលការណ៍អ្វីខ្លះដែលយើងអាចរៀនពីគំរូនៃការលះបង់របស់ប៉ុល ?
គោលការណ៍មួយដែលយើងអាចរៀនពីគំរូរបស់ប៉ុលគឺថា ប្រសិនបើយើងលះបង់អ្វីៗទាំងអស់ដែលតម្រូវឲ្យយើងលះបង់ដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ហើយបន្តទៅមុខដោយសេចក្ដីជំនឿ នោះយើងអាចមកស្គាល់ទ្រង់ ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ សូមគិតអំពីការសរសេរគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់អ្នក ឬ ក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
សូមចំណាយពេលមួយភ្លែតដើម្បីសញ្ជឹងគិតអំពីរបៀបដែលគោលការណ៍នេះអាចទាក់ទងនឹងអ្នក ។
-
តើគំនិត សំណួរ ឬអារម្មណ៍អ្វីខ្លះដែលអ្នកមាន ?
ការលះបង់ផ្ទាល់ខ្លួន
សូមនឹកចាំពីសំណួរដែលចោទឡើងដោយប្រធាន ហ៊ិងគ្លី នៅដើមមេរៀនអំពីឆន្ទៈរបស់យុវជនម្នាក់ក្នុងការលះបង់គ្រប់យ៉ាងដើម្បីដំណឹងល្អ ។ សូមអានដំណើររឿងដែលនៅសល់ដែលចែកចាយដោយប្រធាន ដាល្លិន អេក អូក
យុវជននោះឆ្លើយទាំងទឹកភ្នែកថា « តើវាជាការពិតមែនទេ ? » ។ នៅពេលគ្រាប់យ៉ាងត្រូវបានបញ្ជាក់ហើយ គាត់ក៏ឆ្លើយថា « ចុះមានបញ្ហាអីទៀត ? » នោះគឺជាស្មារតីនៃការលះបង់ក្នុងចំណោមសមាជិកថ្មីជាច្រើនរបស់យើង ។
( ដាល្លិន អេក អូក « Sacrifice » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ២១ )
-
តើមានអ្វីខ្លះដែលធ្វើឲ្យអ្នកចាប់អារម្មណ៍អំពីយុវជននេះ ?
-
តើជីវិត ការបម្រើ និង ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះជាគំរូដ៏គ្មានទីបញ្ចប់នៃការលះបង់យ៉ាងដូចម្ដេច ?
-
តើអ្នកមានគំនិត ឬអារម្មណ៍បែបណា ពេលអ្នកសញ្ជឹងគិតអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទមានព្រះទ័យលះបង់សម្រាប់អ្នក ?
សូមគិតអំពីរយៈពេលប្រាំឆ្នាំខាងមុខនៃជីវិតរបស់អ្នក ហើយសរសេរសំបុត្រទៅកាន់អនាគតខ្លួនឯង ។ សូមបញ្ចូលព័ត៌មានលម្អិតខាងក្រោមនេះនៅក្នុងសំបុត្ររបស់អ្នក ៖
-
អ្វីដែលអ្នកប្រហែលជាត្រូវលះបង់ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដើម្បីស្គាល់ព្រះអម្ចាស់កាន់តែច្បាស់ និងរៀបចំសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ។
-
ឧបសគ្គដែលអ្នកអាចនឹងជួបប្រទះនៅពេលអ្នកធ្វើការលះបង់ ហើយ « រត់ដំរង់ទៅ… រង្វាន់ » ( ភីលីព ៣:១៤ ) ។
-
អ្វីដែលអ្នកបានរៀនអំពីសារៈសំខាន់នៃការលះបង់ ហើយជាលទ្វផលអ្នកក៏ទទួលបានពរជ័យ ។
-
តើការលះបង់អាចជួយអ្នកឲ្យក្លាយដូចជាព្រះអង្គសង្គ្រោះកាន់តែខ្លាំងបានដោយរបៀបណា ។
វិចារណកថា និង ព័ត៌មានសាច់រឿង
ភីលីព ៣:១៤ ។ តើប៉ុលចង់មានន័យយ៉ាងណា ពេលលោកនិយាយថា ៖ « ខ្ញុំរត់តម្រង់ទៅឯទី » ?
អែលឌើរ អេដវឺដ ឌូប នៃពួកចិតសិបនាក់ បានបង្រៀនដូចខាងក្រោម ៖
ដើម្បីរត់តម្រង់ទៅឯទី គឺត្រូវបន្តស្មោះត្រង់នៅលើ « ផ្លូវតូច ហើយចង្អៀតនោះដែលនាំទៅឯជីវិតដ៏នៅអស់កល្បជានិច្ច » [ នីហ្វៃ ទី២ ៣១:១៨ ] ជាមួយព្រះអង្គសង្រ្គោះនិងព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើង ។ ប៉ុលបានចាត់ទុកសេចក្តីទុក្ខលំបាករបស់លោកថាជា « សេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើក សម្តែងមកឲ្យយើងរាល់គ្នាឃើញនោះទេ » [ រ៉ូម ៨:១៨ ; សូមមើល កូរិនថូសទី ២ ១:៣–៧ ] ផងដែរ ។ សំបុត្ររបស់ប៉ុលទៅកាន់ពួកភីលីព ដែលលោកបានសរសេរ ពេលលោកជាប់គុក គឺជាសំបុត្រនៃអំណរ និងក្តីរីករាយដ៏លើសលប់ និងជាការលើកទឹកចិត្តដល់យើងទាំងអស់គ្នា ជាពិសេសនៅក្នុងគ្រាលំបាកនៃភាពមិនច្បាស់លាស់នេះ ។…
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ប៉ុល កំពុងដាស់តឿនយើងឲ្យឈានទៅមុខ ខណៈដែលកំពុងហៅយើងឲ្យបំភ្លេចពីអ្វីដែលបានកន្លងហួសទៅ—ការភ័យខ្លាចពីអតីតកាល ការផ្តោតអារម្មណ៍ពីអតីតកាល ការបរាជ័យពីអតីតកាល និងភាពសោកសៅពីអតីតកាលរបស់យើង ។…
( អែតវើត ឌូប៊ី « Pressing toward the Mark » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៩០, ៩១ )
តើខ្ញុំអាចដឹងថាអ្វីខ្លះដែលត្រូវការលះបង់ទើបអាចចូលទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
អែលឌើរ លែរី អរ លោក ឡរិន នៃពួកចិតសិបនាក់បានបង្រៀនថា ពេលវេលាដ៏ល្អមួយដើម្បីពិចារណាដោយការគោរពនូវអ្វីដែលយើងអាចធ្វើសម្រាប់ព្រះអម្ចាស់គឺអំឡុងពេលពិធីបរិសុទ្ធនៃសាក្រាម៉ង់ ។
ក្នុងបរិយាកាសដ៏គារវភាពនេះ កាលគំនិតយើងបែរទៅរកស្ថានសួគ៌ នោះព្រះអម្ចាស់អាចមានបន្ទូលប្រាប់យើងដោយស្រទន់អំពីអ្វីយើងត្រូវធ្វើបន្ទាប់ទៀត ។ ដូចជាអ្នកដែរ ខ្ញុំបានទទួលសារលិខិតជាច្រើនពីព្រះវិញ្ញាណជាច្រើនឆ្នាំមកនេះ ដែល បង្ហាញពីរបៀបដែលខ្ញុំអាចធ្វើឲ្យរីកចម្រើន ។ …
ប្រហែលព្រះវិញ្ញាណនឹងមានបន្ទូលប្រាប់អ្នកថា អ្នកត្រូវអត់ទោសឲ្យនរណាម្នាក់ ។ ឬ អ្នកអាចទទួលសារលិខិតឲ្យសម្រាំងភាពយន្ត ដែលអ្នកមើល ឬ តន្ត្រីដែលអ្នកស្ដាប់ ។ អ្នកអាចនឹងមានអារម្មណ៍បំផុសឲ្យមានចិត្តស្មោះត្រង់ ក្នុងរបររកស៊ីរបស់អ្នក ឬ ថ្វាយដង្វាយតមអាហារកាន់តែដោយចិត្តទូលាយ ។ សក្ដានុពលគ្មានទីបញ្ចប់ឡើយ ។
( លែរី អរ ឡរិន « តើខ្ញុំនៅខ្វះអ្វីទៀត ? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៣៤–៣៥ )
តើការលះបង់អ្វីខ្លះដែលសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយធ្វើដើម្បីដើរតាមព្រះអង្គសង្គ្រោះ ?
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានរាយបញ្ជីពីការលះបង់ជាច្រើនដែលសមាជិកនៃសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់បានធ្វើ ។ អ្នកអាចអានសុន្ទរកថារបស់លោក « Sacrifice » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២, ទំព័រ ១៩–២២ ឬមើលវីដេអូ « Sacrifice » ( ១៦:៣០ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ។