ភីលីព ៤
ការស្វែងរកសេចក្តីអំណរ និងសេចក្ដីសុខសាន្តនៅក្នុងព្រះយេស៊ូវគ្រីស្ទ
តើអ្វីដែលនាំសេចក្ដីសុខសាន្ត និងការលួងលោមក្នុងអំឡុងពេលនៃភាពតានតឹង និងការសាកល្បង ? នៅក្នុងសំបុត្ររបស់លោកទៅកាន់ពួកភីលីព ប៉ុលបានមានប្រសាសន៍ជាញឹកញាប់អំពីសេចក្ដីអំណរនិងសេចក្ដីសុខសាន្ត ។ នៅក្នុងសេចក្តីបញ្ចប់នៃសំបុត្ររបស់លោក ប៉ុលបានបង្រៀនថា ព្រះយេស៊ូវគ្រីស្ទជាប្រភពនៃសេចក្ដីសុខសាន្ត និងសេចក្តីរីករាយ ហើយបានគូសបញ្ជាក់ពីអ្វីដែលពួកបរិសុទ្ធអាចធ្វើដើម្បីទទួលបាននូវសេចក្ដីអំណរ និង « សេចក្ដីសុខសាន្តរបស់ព្រះ » ( ភីលីព ៤:៧ ) ។ នៅពេលអ្នកសិក្សា សូមស្វែងរកវិធីដែលអ្នកអាចទទួលបានសេចក្ដីអំណរ និងសេចក្ដីសុខសាន្តកាន់តែច្រើនតាមរយៈព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
បញ្ហាប្រឈមរបស់ប៉ុល ។
សូមពិនិត្យមើលរូបភាពខាងក្រោមដែលតំណាងឲ្យសាវកប៉ុល និងបញ្ហាប្រឈមមួយចំនួនរបស់គាត់ និងការព្រួយបារម្ភដែលកើតមាន ។ សូមចងចាំថា ទាំងនេះគឺ បន្ថែមពីលើ ប៉ុលដែលត្រូវបានគេឃុំខ្លួនក្នុងផ្ទះ ពេលកំពុងសរសេរសំបុត្ររបស់គាត់ទៅកាន់ពួកបរិសុទ្ធភីលីព ។ សូមពិចារណាអំពីរបៀបដែលបញ្ហាទាំងនេះអាចជាឧបសគ្គចំពោះអារម្មណ៍របស់ប៉ុល ក្នុងការធ្វើឲ្យគាត់មានសេចក្ដីសុខសាន្ត និងសេចក្ដីអំណរ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមបង្កើតរង្វង់មួយដែលមានរូបមនុស្សចង្កឹះ ឬគូសបន្ទាត់ដែលតំណាងឲ្យអ្នក ដូចជារូបរបស់ប៉ុល ជាដើម ។ នៅខាងក្រៅរង្វង់ ចូរសរសេរពីការព្រួយបារម្ភ ឬកង្វល់របស់អ្នកផ្ទាល់ដែលពេលខ្លះវាពិបាកនឹងធ្វើឲ្យអ្នកមានអារម្មណ៍សុខសាន្ត និងរីករាយ ។
-
តើមនុស្សសម្លឹងរកមើលសេចក្ដីសុខសាន្ត និងសេចក្តីអំណរដ៏អស្ចារ្យក្នុងជីវិតនេះនៅឯណា ? តើអ្នកស្វែងរកសេចក្ដីសុខសាន្ត និងសេចក្ដីអំណរនៅឯណា ? តើអ្នកបានជោគជ័យក្នុងការខិតខំរបស់អ្នកហើយឬនៅ ?
សារលិខិតនៃសេចក្ដីអំណរនិង សេចក្ដីសុខសាន្ត
ថ្វីបើស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ និងប្រឈមមុខនឹងបញ្ហាផ្សេងៗក៏ដោយ ក៏ប៉ុលបាននិយាយអំពីសេចក្តីអំណរ និងសេចក្ដីសុខសាន្តជាញឹកញាប់នៅក្នុងសំបុត្ររបស់លោកទៅកាន់សាសន៍ភីលីព ។ ខណៈដែលប៉ុលបានប្រាប់សាសន៍ភីលីពថា លោកបានរកឃើញសេចក្តីអំណរក្នុងសេចក្តីសប្បុរស និងការយកចិត្តទុកដាក់ដ៏អស្ចារ្យ ចំពោះរូបលោក ( សូមមើល ភីលីព ៤:១, ១០, ១៤–១៦ ) លោកបានរំឭកពួកគេជាប់ជានិច្ចអំពីប្រភពនៃសេចក្តីអំណរដ៏គ្មានទីបញ្ចប់របស់លោក ។
សូមអាន ភីលីព ៤:៤, ១០, ១៣ ហើយពិចារណាគូសចំណាំថាតើនរណាដែលប៉ុលបានចាត់ទុកថាជាគុណលក្ខណៈនៃសេចក្ដីអំណរ និងកម្លាំងរបស់លោក ។
-
ហេតុអ្វីបានជាអ្នកគិតថា អ្វីដែលប៉ុលបាននិយាយញឹកញាប់នោះគឺសំដៅលើ ព្រះយេស៊ូវគ្រីស្ទថាជាប្រភពនៃភាពរឹងមាំ នៃសេចក្ដីអំណរ និងនៃសេចក្ដីសុខសាន្តរបស់លោក ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទគឺជាប្រភពនៃសេចក្ដីសុខសាន្ត និងសេចក្តីអំណរ ។
បងប្អូនប្រុសស្រី អំណរដែលយើងមាន នោះវាមានឥទ្ធិពលតិចតួចចំពោះកាលៈទេសៈនៃជីវិតយើង ប៉ុន្តែវាមានឥទ្ធិពលខ្លាំងលើអ្វីដែលជីវិតយើងផ្តោតទៅលើ ។
នៅពេលជីវិតរបស់យើងផ្តោតលើផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះ … ព្រមទាំងព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ នោះយើងអាចមានអំណរ មិនថាមានអ្វីកំពុងកើតឡើង—ឬ មិនកើតឡើង—នៅក្នុងជីវិតយើងនោះទេ ។ អំណរកើតមានឡើង ហើយដោយសារតែទ្រង់ ។ ទ្រង់គឺជាប្រភពនៃអំណរទាំងអស់ ។ …
ដូចជាព្រះអង្គសង្គ្រោះប្រទានភាពសុខសាន្តដែល « ហួសលើសពីអស់ទាំងគំនិត » ដែរ [ ភិលីព ៤:៧ ] នោះទ្រង់ក៏ប្រទានអំណរដ៏ខ្លាំងក្លា ជ្រាលជ្រៅ និង ច្រើនអនេក ដែលផ្ទុយពីហេតុផល ឬ ការយល់ដឹងរបស់មនុស្ស ។ ឧទាហរណ៍ វាទំនងជាមិនអាចមានអំណរបានឡើយ ពេលកូនរបស់បងប្អូនរងទុក្ខដោយសារជំងឺដែលពុំអាចព្យាបាលបាន ឬ ពេលបងប្អូនបាត់បង់ការងារ ឬ ពេលស្វាមី ឬ ភរិយាបងប្អូនក្បត់ចិត្តបងប្អូននោះ ។ ប៉ុន្តែនោះគឺជាអំណរពិតប្រាកដដែលព្រះអង្គសង្គ្រោះប្រទានឲ្យ ។ សេចក្តីអំណររបស់ទ្រង់គឺស្ថិតស្ថេរ ដោយធានាដល់យើងថា « សេចក្ដីទុក្ខលំបាករបស់យើងនោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៧ ] ហើយត្រូវបានញែកជាប្រយោជន៍ដល់យើង [ សូមមើល នីហ្វៃទី២ ២:២ ] ។
( រ័សុល អិម ណិលសុន « Joy and Spiritual Survival » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ )
-
តើប្រធាន ណិលសុន បង្រៀនអ្វីដែលមានអត្ថន័យបំផុតចំពោះអ្នក ? ហេតុអ្វី ?
-
តើអ្នកគិតថា ការយល់ដឹងពិតប្រាកដ និងការអនុវត្តតាមការបង្រៀនរបស់ប្រធាន ណិលសុន អាចមានឥទ្ធិពលដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
-
តើព្រះយេស៊ូវគ្រីស្ទបាននាំមកនូវសេចក្ដីសុខសាន្ត និងសេចក្តីអំណរនៅក្នុងជីវិតរបស់អ្នកដោយរបៀបណា ?
ការអះអាងពីសេចក្តីអំណរដែលបានប្រទានឲ្យដោយព្រះយេស៊ូវគ្រីស្ទ
ទាំងប្រធាន ណិលសុន និងសាវកប៉ុល បានផ្តល់ដំបូន្មានជាក់លាក់អំពីអ្វីដែលយើងអាចធ្វើ ដើម្បីទាមទារសេចក្ដីសុខសាន្ត និងសេចក្តីអំណរដែលអាចធ្វើទៅបានដោយព្រះយេស៊ូវគ្រីស្ទ ។
សូមអាន ភីលីព ៤:៦–៩, ១១ និងសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ណិលសុន ដោយរកមើលរបៀបដែលយើងអាចស្វែងរកសេចក្ដីសុខសាន្តនិងសេចក្ដីអំណរនៅក្នុងព្រះយេស៊ូវគ្រីស្ទ ។ ( អ្នកអាចនឹងចង់គូសចំណាំនៅក្នុងព្រះគម្ពីររបស់អ្នក ឬសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវអ្វីដែលអ្នករកឃើញ ) ។ សូមកំណត់ចំណាំថា យ៉ូសែប ស្ម៊ីធ បានយោងទៅ ភីលីព ៤:៨ ថាជា « សេចក្ដីដាស់តឿនរបស់ប៉ុល » ហើយបានបញ្ចូលវាជាផ្នែកមួយក្នុងមាត្រាទីដប់បីនៃសេចក្ដីជំនឿ ។
អញ្ចឹងតើយើងអាចទទួលអំណរនោះដោយរបៀបណា ? យើងអាចចាប់ផ្តើមដោយ « រំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសម្រេចសេចក្តីជំនឿរបស់យើង » [ ហេព្រើរ ១២:២ ] « នូវគ្រប់ទាំងគំនិតរបស់យើង » [ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៦ ] ។ យើងអាចថ្លែងអំណរគុណដល់ទ្រង់ក្នុងការអធិស្ឋានរបស់យើង និង ដោយការរក្សាសេចក្តីសញ្ញា ដែលយើងបានចុះជាមួយទ្រង់ និង ព្រះវរបិតាសួគ៌យើង ។ នៅពេលព្រះអង្គសង្គ្រោះប្រែកាន់តែពិតខ្លាំងឡើងចំពោះយើង ហើយនៅពេលយើងទូលអង្វរសូមឲ្យទ្រង់ប្រទានសេចក្ដីអំណរដល់យើង នោះសេចក្ដីអំណរយើងនឹងកើនឡើង ។
( រ័សុល អិម ណិលសុន « Joy and Spiritual Survival » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ )
សូមពិនិត្យមើលបញ្ជី ឬកំណត់ចំណាំពីការសិក្សារបស់អ្នកអំពី ភីលីព និងប្រសាសន៍របស់ប្រធាន ណិលសុន ដោយការពិចារណាអំពីអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេសម្រាប់អ្នក និងមូលហេតុអ្វី ។ សូមស្វែងយល់ពីគោលការណ៍ ហើយសរសេរវានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក រួមជាមួយនឹងសេចក្ដីយោងបទគម្ពីរដែលនៅក្នុងនោះ ។ សេចក្ដីពិតដ៏ក្លាហានរបស់អ្នកអាចចាប់ផ្តើមដូចនេះ ៖
ខ្ញុំអាចរីករាយ និងទទួលបានសេចក្ដីសុខសាន្តរបស់ព្រះកាន់តែច្រើននៅពេលខ្ញុំ…
សូមស្វែងរកការ បំផុស គំនិត ពីព្រះវិញ្ញាណ ដើម្បីពង្រឹងការយល់ ដឹងរបស់អ្នកអំពីសេចក្តីពិតដែលអ្នកបាន រកឃើញតាមរយៈការសិក្សា បន្ថែម ។ វិធីខ្លះៗដែលអ្នកអាចធ្វើបានរួមមាន ៖
-
សូមរកមើលពាក្យគន្លឹះពីគោលការណ៍ដែលអ្នកបានរកឃើញនៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ Topical Guide ឬ Gospel Topics នៅគេហទំព័រChurchofJesusChrist.org ។
-
សូមស្វែងរកសេចក្តីយោងបទគម្ពីរដែលពាក់ព័ន្ធនឹងព្រះគម្ពីរ ។ ទាំងនេះអាចជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ឬបទគម្ពីរដែលមាននៅក្នុងលេខយោង ។ សូមពិចារណាសរសេរសេចក្ដីយោងបទគម្ពីរទាំងនេះនៅជិតខគម្ពីរដែលអ្នកបានរកឃើញគោលការណ៍នេះ ។
-
ការរំឭក ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅ ឆ្នាំ ២០១១ ) ឡើងវិញ ដោយផ្តោតលើ « ការដឹងគុណ » « ភាពស្មោះត្រង់ និងសុចរិតភាព » ឬបទដ្ឋានផ្សេងទៀតដែលទាក់ទងនឹងគោលការណ៍ដែលអ្នកបានរកឃើញ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើខ្ញុំអាចធ្វើអ្វី នៅពេលដែលពិបាកក្នុងការស្វែងរកសេចក្ដីសុខសាន្ត និងសេចក្តីសង្ឃឹមនោះ ?
តើខ្ញុំអាចរកឃើញសេចក្ដីសុខសាន្តនៅក្នុងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ការស្វែងរកព្រះគ្រីស្ទនៅគ្រប់ទាំងគំនិត ហើយធ្វើតាមទ្រង់ឲ្យអស់ពី ដួងចិត្តរបស់យើងតម្រូវឲ្យយើងធ្វើឲ្យគំនិត និងបំណងប្រាថ្នារបស់យើងស្របទាំងនឹងព្រះតំរិះ និងព្រះបំណងរបស់ទ្រង់ ។ បទគម្ពីរសំដៅទៅលើការធ្វើស្របនេះថាជា ការ« [ កំពុង ] ឈរឲ្យមាំមួនក្នុងព្រះអម្ចាស់ » [ ភីលីព ៤:១ ] ។ ដំណើរនៃសកម្មភាពនេះបញ្ជាក់ថា យើងត្រូវធ្វើឲ្យជីវិតរបស់យើងមានភាពសុខដុមនឹងដំណឹងល្អរបស់ព្រះគ្រីស្ទជានិច្ចហើយផ្ដោតលើអ្វីដែលជារឿងល្អៗជាប្រចាំ ។ ធ្វើដូច្នេះយើងអាចសម្រេចបាននូវ « សេចក្តីសុខសាន្តរបស់ព្រះ ដែល ហួសលើស ពីអស់ទាំងគំនិត » ហើយដែលនឹង « ជួយ ការពារចិត្ត ហើយ និង គំនិត [ របស់យើង ] នៅក្នុងព្រះគ្រីស្ទព្រះយេស៊ូវ » [ ភីលីព ៤:៧ ] ។
( អូលីសេស សូរ៉េស « Seek Christ in Every Thought » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨២–៨៣ )
ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ប្រធានសមាគមសង្គ្រោះទូទៅ បានបង្រៀន ៖
ព្រះយេស៊ូវគ្រីស្ទក៏ជាប្រភពនៃ សេចក្ដីសុខសាន្តផងដែរ ។ ទ្រង់អញ្ជើញយើងឲ្យ « ពឹងផ្អែកលើព្រះហស្ដ[ ទ្រង់ ] » [ « Lean on My Ample Arm » ទំនុកតម្កើង ល រ ១២០ ] ហើយសន្យានូវ « សេចក្ដីសុខសាន្ត … ដែលហួសលើសពីអស់ទាំងគំនិត » [ ភីលីព ៤:៧ ] ជាអារម្មណ៍មួយដែលកើតមានពេលព្រះវិញ្ញាណទ្រង់ « មានព្រះបន្ទូលនូវសេចក្ដីសុខសាន្តដល់ព្រលឹងរបស់យើង » [ អាលម៉ា ៥៨:១១ ] មិនថាបញ្ហាជុំវិញខ្លួនយើងជាអ្វីឡើយ ។ មិនថាវាជាបញ្ហាផ្ទាល់ខ្លួន ឧបសគ្គក្នុងគ្រួសារ ឬវិបត្តិក្នុងសហគមន៍នោះទេ សេចក្ដីសុខសាន្តនឹងកើតមាន ពេលយើងទុកចិត្តថា ព្រះរាជបុត្រាស្ងួនភ្ញារបស់ព្រះមានព្រះចេស្ដាដើម្បីរម្ងាប់ព្រលឹងឈឺចាប់របស់យើងបាន ។
( ជីន ប៊ី ប៊ីងហាំ « That Your Joy Might Be Full » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨៦ )
តើពរជ័យអ្វីខ្លះនឹងកើតមាន នៅពេលខ្ញុំស្វែងរក សេចក្ដីសុខសាន្តនៅក្នុងព្រះយេស៊ូវគ្រីស្ទ ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ឥឡូវ បងប្អូនប្រុសស្រីជាទីស្រឡាញ់អើយ ខ្ញុំសូមប្រទានពរឲ្យបងប្អូនត្រូវបានពេញទៅដោយសេចក្ដីសុខសាន្ដនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ សេចក្ដីសុខសាន្ដរបស់ទ្រង់ គឺមានហួសពីការយល់ដឹងនៃជីវិតរមែងស្លាប់ទាំងអស់ ។ ខ្ញុំសូមប្រទានពរដល់បងប្អូនឲ្យមានបំណងប្រាថ្នា និងសមត្ថភាពកាន់តែខ្លាំងដើម្បីគោរពតាមព្រះបញ្ញត្តិនៃព្រះ ។ ខ្ញុំសូមសន្យាថា នៅពេលបងប្អូនធ្វើដូច្នោះ នោះបងប្អូននឹងត្រូវបានចាក់ស្រោចដោយពរជ័យទាំងឡាយ រួមទាំងការមានភាពក្លាហានកាន់តែខ្លាំង និងចម្រើនវិវរណៈផ្ទាល់ខ្លួន មានក្ដីសុខុដុមកាន់តែផ្អែមល្ហែមនៅក្នុងគេហដ្ឋាន និងមានសេចក្ដីអំណរនៅកណ្ដាលនៃភាពមិនប្រាកដប្រជា ។
( រ័សុល អិម ណិលសុន « A New Normal » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១៩ )