ថ្នាក់​សិក្ខាសាលា
ភីលីព និង កូល៉ុស


ភីលីព និង កូល៉ុស

ស្វែងរក​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ

សកម្មភាព​ម៉្ញូតឆល យុវនារី​នៅ​វួដ​របស់​យើង​បាន​ធ្វើការ​ជាមួយគ្នា​ដើម្បី​ទៅ​ដល់​កំពូល​ភ្នំ​ដែល​មើល​ពី​លើ​ជ្រលងភ្នំ​យូថាហ៍ ។

តើ​អ្នក និង​អ្នក​ជុំវិញ​ខ្លួន​ជួប​បញ្ហា ឬ​ឧបសគ្គ​អ្វី​ខ្លះ ? តើ​អ្វី​ដែល​ធ្វើ​ឲ្យ​បញ្ហា​ប្រឈម​ទាំង​នេះ​ពិបាក ? តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា តើ​អ្នក​អាច​ទទួល​បាន​ជំនួយ​ដែល​អ្នក​ត្រូវការ​ដើម្បី​យកឈ្នះ​ឧបសគ្គ​របស់​អ្នក​ដែរ​ឬ​ទេ ? ប៉ុល​បាន​ប្រឈម​នឹង​បញ្ហា​លំបាក​ជា​ច្រើន​ក្នុង​ជីវិត​របស់​លោក រួម​ទាំង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ជា​ច្រើន​ឆ្នាំ​នៅ​ក្រុងរ៉ូម​ផងដែរ ។ ខណៈ​ស្ថិតក្នុង​កាលៈទេសៈ​ទាំងនេះ​លោក​បាន​សរសេរ​សំបុត្រ​ទៅ​ពួក​បរិសុទ្ធ​នៅ​ក្រុង​ភីលីព និង​ក្រុង​កូល៉ុស ហើយ​បាន​បង្រៀន​ពួកគេ​ឲ្យ​ងាក​មក​រក​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ទទួលបាន​ភាព​រឹងមាំ ។ មេរៀន​នេះអាច​ជួយ​អ្នក​ឲ្យ​ដឹង​ថា តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ពួកគេ​អាច​ទទួល​បាន​កម្លាំង​ដើម្បី​ប្រឈមមុខ​នឹង​បញ្ហា​របស់​ពួកគេ ។

ការជួយ​សិស្សឲ្យបង្រៀន ។ ការផ្តល់​ឱកាស​ឲ្យ​សិស្ស​បង្រៀន​គ្នា​ទៅវិញ​ទៅមក​អាច​ជួយ​ពួកគេ​ឲ្យ​យល់ពី​សេចក្ដីពិត​បាន​កាន់តែ​ច្បាស់ និង​អនុវត្ត​សេចក្ដីពិត​ដែល​ពួកគេ​បាន​រៀន​នោះ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ទន្ទេញ ភីលីព ៤:១៣ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ឧបសគ្គ និង​បញ្ហា​នានា​ដែល​យុវវ័យ​ប្រឈម

សូម​ពិចារណា​ឲ្យ​សិស្ស​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ទីមួយ​ដែល​មាន​នៅ​ខាងក្រោម សម្រាប់​ជា​ឯកសារ​យោង​នៅក្នុង​មេរៀន​ទាំងមូល ។

  • តើ​បញ្ហា​ទូទៅ ឬ​ឧបសគ្គ​អ្វីខ្លះ​ដែល​យុវជន​នៅក្នុង​តំបន់​របស់​អ្នក​ជួបប្រទះ ?

  • តើ​បញ្ហា​ឬ​ឧបគ្គ​មួយ​ណា​ខ្លះ​ដែល​អ្នក​គិត​ថា យុវជន​មិន​អាច​យកឈ្នះ​ដោយ​ខ្លួនឯង​បាន ? ហេតុអ្វី ?

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​រកមើល​ឧបសគ្គ និង​បញ្ហា​របស់​អ្នក​ផ្ទាល់ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​វា​ពិបាក​សម្រាប់​អ្នក ។ សូម​រួម​បញ្ចូល​គំនិត​អំពី​មូលហេតុ​ដែល​អ្នក​ត្រូវការ​ជំនួយ​ដើម្បី​យក​ឈ្នះ​វា ។

នៅ​ក្នុង​មេរៀន​នេះ អ្នក​នឹង​មាន​ឱកាស​ក្នុង​ការរៀបចំ និង​បង្រៀន​មេរៀន​ខ្លីៗ​ដោយ​ប្រើ​សំបុត្រ​របស់​ប៉ុល​ទៅ​កាន់​ពួក​ភីលីព និង​កូល៉ុស ។ នៅពេល​អ្នក​សិក្សា​សំបុត្រ​ទាំងនេះ សូម​រកមើល​របៀប​ដែល​ពាក្យ​របស់​ប៉ុល​អាច​ជួយ​អ្នក និង​អ្នក​ដទៃ​ទៀត​ពឹង​លើ​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ពេល​ជួប​ឧបសគ្គ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ ឬ​សង្ខេប​កថាខណ្ឌ​ខាងក្រោម ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​យល់​ពី​បរិបទ​របស់​ពួក​ភីលីព និង​ពួក​កូល៉ុស ។

សាវក​ប៉ុល​បាន​ប្រឈមមុខ​នឹង​បញ្ហា និង​ឧបសគ្គ​ជាច្រើន ។ « ទាំង​ភីលីព និង​កូល៉ុស ប្រហែលជា​បាន​សរសេរ​ខណៈ​ដែល​ប៉ុល​កំពុង​ជាប់ ឃុំឃាំង​នៅ​ឯ​ក្រុង​រ៉ូម ប៉ុន្តែ​គួរ​ឲ្យ​កត់សម្គាល់ វា​នៅ​អំឡុង​ពេល​ដ៏​លំបាក​នេះ ដែល​ប៉ុល​បាន​សរសេរ​ពី ‹ សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត › ( ភីលីព ៤:៧ ) ។ សំបុត្រ​ទាំងពីរ​នេះ​មាន​ភាពវិជ្ជមាន និង​សុទិដ្ឋិនិយម​យ៉ាងជាប់លាប់ ហើយ​វា​មាន​នូវ​ការបង្រៀន​ដ៏​ច្បាស់លាស់ និង​ស្មោះត្រង់​បំផុត​របស់​ប៉ុល​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ប៉ុល​បាន​បង្រៀន​ថា ប្រសិនបើ​យើង​រស់នៅ​ដោយ​មាន​ជំនឿ និង​អំណរគុណ នោះ​ព្រះអម្ចាស់​អាច​បន្ថែម​បុព្វហេតុ​នៃ​ដំណឹងល្អ​តាមរយៈ​យើង—មិន​ថា​យើង​អាច​ស្ថិតនៅក្នុង​កាលៈទេសៈ​ណា​នោះ​ទេ—ហើយ​ថា តាមរយៈ​ការស្ថាបនា​នៅលើ​គ្រឹះ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ យើង​អាច​ចៀសវាង​ពី​ការដែល​ត្រូវបាន​ដឹកនាំ​ឲ្យ​វង្វេង​ផ្លូវ​ដោយ​ពិភពលោក ទស្សនវិជ្ជា និង​ប្រពៃណី​បាន » ( សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាថ្មី​សម្រាប់​សិស្ស [ ឆ្នាំ ២០១៤ ] ទំព័រ ៤៣៣ សូមមើល​ផងដែរ Bible Dictionary « Pauline Epistles » និង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ភីលីព, សំបុត្រ​ដល់​ពួក » និង « កូល៉ុស, សំបុត្រ​ដល់​ពួក » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

ប្រសិនបើ​សិស្ស​ត្រូវបាន​អញ្ជើញ​ឲ្យ​ទន្ទេញ ភីលីព ៤:១៣ ជា​ការរៀបចំ​សម្រាប់​មេរៀន​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ច្រើន​នាក់​ឲ្យ​សូត្រ​ខគម្ពីរ​ឥឡូវ​នេះ ។

សូម​អាន ភីលីព ៤:១៣ ​រកមើល​អ្វី​ដែល​ប៉ុល​បាន​ចែកចាយ​អំពី​សារៈសំខាន់​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ជីវិត​របស់​លោក ។

  • ហេតុអ្វី​អ្នក​គិត​ថា​ការណ៍​នេះ​គឺជា​ការបង្រៀន​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​ដឹង ?

សូមមើល​វីដេអូ « I Can Do All Things » ( ១:១៧ ) ដើម្បី​មើល​ពី ឧទាហរណ៍​ពី​អ្វី​ដែល​ព្រះ​អង្គសង្រ្គោះ​អាច​ជួយ​អ្នក​បាន ។ វីដេអូ​នេះ​អាច​រកបាន​នៅ​លើ​គេហទំព័រ ComeUntoChrist.org ។

1:17

ព្រះយេស៊ូវគ្រីស្ទ​អាចជួយ​យើង​ឆ្លងកាត់​ឧបសគ្គ​ទាំងឡាយ

សូម​គិត​អំពី​បញ្ហា និង​ឧបសគ្គ​នានា​ដែល​យុវវ័យ​នៅក្នុង​តំបន់​របស់​អ្នក​ជួបប្រទះ ក៏​ដូចជា​បញ្ហា​ឧបសគ្គ​របស់​អ្នកផ្ទាល់​ដែរ ។ សូម​ប្រើ​ជំហាន ក, ខ និង គ ខាងក្រោម​ដើម្បី​រៀបចំ​មេរៀន​រយៈពេល​ប្រាំនាទី ។ សូម​ផ្តោតលើ​អ្វី​ដែល​អ្នក​អាច​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​អាច​ជួយ​អ្នក និង​អ្នក​ដទៃ​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គនានា ។

សូម​បង្ហាញ​គម្រោង​មេរៀន​ខាងក្រោម និង​ការណែនាំ​ដើម្បី​ជួយ​សិស្ស​រៀបចំ​មេរៀន​របស់​ពួកគេ ។ នៅពេល​សិស្ស​ធ្វើការ សូម​ដើរ​ចុះឡើង​នៅក្នុង​ថ្នាក់រៀន ហើយ​ជួយ​ពួកគេ​តាម​តម្រូវការ ។ សូម​ផ្តល់​ពេល​វេលា​គ្រប់គ្រាន់​ឲ្យ​ពួកគេ​រៀបចំ​មេរៀន​របស់​ពួកគេ ។

សិស្ស​អាច​រៀបចំ​មេរៀន​ដោយ​ខ្លួន​ពួកគេ ឬ​ធ្វើការ​ជា​គូៗ​ដើម្បី​បំពេញ​សកម្មភាព​នេះ ។ សិស្ស​ម្នាក់ៗ​នៅក្នុង​គូ​អាច​សិក្សា​វគ្គបទគម្ពីរ​ពាក់​កណ្តាល​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ បន្ទាប់មក សូម​ពិភាក្សា​វគ្គបទគម្ពីរ​របស់​ពួកគេ​ជាមួយ​ដៃគូ​របស់​ពួកគេ ។ បន្ទាប់មក​គូ​នេះ​អាច​រៀបចំ និង​បង្រៀន​មេរៀន​របស់​ពួកគេ​ជាមួយ​គ្នា ។

ក. សូម​សិក្សា​វគ្គ​បទគម្ពីរ​ដូច​តទៅ​នេះ ដោយ​រកមើល​សេចក្តីពិត​នានា​ដែល​អ្នក​ទទួល​អារម្មណ៍​ថា​នឹង​មាន​អត្ថប្រយោជន៍​ចំពោះ​អ្នក និង​អ្នក​ដទៃ ៖

ភីលីព ២:៥–៨ ; ៣:២០–២១ ; ៤:៦–៧

កូល៉ុស ១:១២–១៨ ; ៣:១–២, ១២–១៧, ២៣–២៤

ខ. សូម​ជ្រើសរើស​ខគម្ពីរ​មួយ ឬ​ក្រុម​ខគម្ពីរ និង​ស្វែងរក​សេចក្តីពិត​ដែល​អ្នក​អាច​បង្រៀន​អំពី​ដំណឹងល្អ​របស់​ព្រះ​អង្គសង្រ្គោះ ។ ឧទាហរណ៍ ៖ សេចក្តីពិត​មួយ​មាន​នៅក្នុង កូល៉ុស ១:១២–១៤ គឺថា ព្រះវរបិតាសួគ៌​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់​មក ដើម្បី​យើង​អាច​រំដោះ​រួច​ពី​ភាព​ងងឹត និង​ការអភ័យទោស​ពី​អំពើបាប ។

គ. សូម​បញ្ចូល​ធាតុ​មួយ ឬ​ច្រើន​ដូច​តទៅ​នេះ​នៅក្នុង​មេរៀន​របស់​អ្នក ៖

  • សូម​ចែកចាយ​បទពិសោធន៍​ដែល​អ្នក​មាន ឬ​អ្នក​ផ្សេងទៀត​មាន​ដែល​បង្ហាញ​ពី​សេចក្តីពិត​នេះ ។ សូម​អញ្ជើញ​អស់​អ្នក​ដែល​អ្នក​បង្រៀន​ឲ្យ​ចែកចាយ​បទពិសោធន៍​ផងដែរ ។ អ្នក​ក៏​អាច​ចែកចាយ​គំរូ ឬ​បទពិសោធន៍​នានា​មកពី​បទ​គម្ពីរ ឬ​សុន្ទរកថា​ពី​សន្និសីទ​ទូទៅ​ផងដែរ ។ ឧទាហរណ៍ ៖ បទពិសោធន៍​ទាំងឡាយ​ដែល​ទាក់ទង​នឹង​សេចក្តីពិត​ដែល​បាន​ដាក់​ដិតខ្មៅ​ខ្លាំង​ខាងលើ​អាច​ផ្តោត​លើ​ការអភ័យទោស​របស់​ព្រះអង្គ​សង្រ្គោះ ឬ​ការរំដោះ​ពួកគេ​ចេញពី​ភាព​ខ្មៅងងឹត ។

  • សូម​រក​សេចក្តី​យោង​ឆ្លង​ដែល​មាន​អត្ថប្រយោជន៍ ។ ឧទាហរណ៍ ៖ ចំពោះ​សេចក្តីពិត​ដែល​បាន​ដាក់​ដិត​ខ្មៅ​ខ្លាំង​ខាងលើ អ្នក​អាច​ចែកចាយ ម៉ូសាយ ១៦:៩ពេត្រុស​ទី២ ២:៩ ។ សូម​អញ្ជើញ​អស់​អ្នក​ដែល​អ្នក​បង្រៀន​ឲ្យ​ស្វែងរក​សេចក្តី​យោង​ឆ្លង​បន្ថែម​ដែល​ប្រើប្រាស់​ធនធាន ដូចជា សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ឬ Topical Guide ។

  • សូម​ស្វែងរក​សេចក្តីថ្លែងការណ៍​ដែល​មាន​ប្រយោជន៍​ដែល​ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​ថ្លែង ។ ឧទាហរណ៍ ៖ សេចក្តីពិត​ដែល​បាន​ដាក់​ដិតខ្មៅ​ខ្លាំង​គឺ​បាន​បង្ហាញ​ដោយ​សេចក្តី​ថ្លែងការណ៍​ដូច​តទៅ​នេះ​ដោយ​ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះទូទៅ ៖

រូបភាព​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ ស៊ីស្ទើរ​រ៉េណា អ៊ី អាប៊ើតូ ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០១៧ ។

ប្រសិនបើ​អ្នក​ហ៊ុមព័ទ្ធ​ដោយ « អ័ព្ទ​នៃ​សេចក្ដី​ងងឹត » [ នីហ្វៃទី១ ៨:២៣ ] សូម​ងាក​ទៅ​រក​ព្រះវរបិតាសួគ៌​របស់​យើង ។ គ្មាន​អ្វីដែល​បងប្អូន​បាន​ដក​ពិសោធ​អាច​ផ្លាស់ប្ដូរ​សេចក្ដី​ពិត​ដ៏អស់កល្ប ដែល​ថា បងប្អូន​ជា​បុត្រ​របស់​ទ្រង់ ហើយ​ថា​ទ្រង់​ស្រឡាញ់​បងប្អូន​នោះ​បាន​ឡើយ ។ សូម​ចាំ​ថា ព្រះគ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះ​ប្រោស​លោះ​របស់​បងប្អូន ហើយ​ព្រះ​គឺជា​ព្រះ​វរបិតា​របស់​បងប្អូន ។ ទ្រង់​ទាំងទ្វេ​យល់​ពី​បងប្អូន ។ សូម​នឹកស្រមៃ​ថា​ទ្រង់​ទាំងទ្វេ​គង់​នៅ​ក្បែរ​បងប្អូន ដោយ​ស្ដាប់ ហើយ​ប្រទាន​ការ​គាំទ្រ ។ « ទ្រង់ [ ទាំងទ្វេ ] នឹង​លួងលោម​ដល់​អ្នក ក្នុង​គ្រា​ដែល​អ្នក​មាន​ទុក្ខ​លំបាក » [ យ៉ាកុប ៣:១ ] ។ សូម​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព ហើយ​ទុក​ចិត្ត​លើ​ព្រះគុណ​ដ៏​ធួន​របស់​ព្រះអម្ចាស់ ។​

( រ៉េណា អ៊ី អាប៊ើតូ « Thru Cloud and Sunshine, Lord, Abide with Me! » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៥៨–៥៩ )

សូម​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​បង្រៀន​ដល់​សិស្ស​ផ្សេង ។ ម៉្យាងទៀត សូម​អញ្ជើញ​សិស្ស​ក្រុម​តូចៗ​ឲ្យ​បង្រៀន​គ្នា​ទៅវិញទៅមក​នូវ​មេរៀន​របស់​ពួកគេ ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​មាន​ភាពស្មោះត្រង់ និង​ខិតខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព នៅពេល​ពួកគេ​បង្រៀន និង​ទទួល​ការ​បង្រៀន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ជំនួយ​ដើម្បី​ដោះស្រាយ​ឧបសគ្គ​ផ្ទាល់​ខ្លួន​របស់​ពួកគេ នៅពេល​ពួកគេ​ស្តាប់​មេរៀន​របស់​មិត្ត​រួម​ថ្នាក់​ដោយ​យកចិត្តទុកដាក់ ។

នៅពេល​យើង​បង្រៀន និង​រៀន​ដោយ​ព្រះវិញ្ញាណ នោះ​យើង​ត្រូវបាន​ពង្រឹង ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៥០:២២–២៣ ) ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​សរសេរ​នូវ​អ្វី​ដែល​អ្នក​បានរៀន និង​ទទួល​អារម្មណ៍​ថា អាច​ជួយ​អ្នក​ទទួល​បាន​កម្លាំង​ពី​ព្រះយេស៊ូវគ្រីស្ទ ខណៈកំពុង​ប្រឈមមុខ​នឹង​ឧបសគ្គ​របស់​អ្នក ។ សូម​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌​តាមរយៈព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​កំណត់​នូវ​អ្វី​ដែល​ទ្រង់​នឹង​ឲ្យ​អ្នក​ធ្វើ ដើម្បី​ទទួល​បាន​កម្លាំង​របស់​ព្រះអង្គសង្គ្រោះ ។ សូម​អនុវត្តតាម​ការបំផុស​គំនិត​ដែល​អ្នក​ទទួលបាន ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បង្រៀន​មេរៀន​របស់​ពួកគេ​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ​នៅ​ឯ​ផ្ទះ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការផ្ញើសារ​ទៅកាន់​ឪពុកម្តាយ ដើម្បី​ឲ្យ​ពួកគាត់​ដឹង​ពី​មេរៀន​នេះ ដើម្បី​ឲ្យ​ពួកគាត់​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បង្រៀន​មេរៀន​របស់​ពួកគេ​នៅផ្ទះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ភីលីព ២:១២–១៣ ។ តើ​ប៉ុល​បាន​បង្រៀន​ថា យើង​ត្រូវ​តែ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយ​ខ្លួន​ឯង​ដែរ​ឬ​ទេ ?

ទោះបីជា​សកម្មភាព​បង្ហាញពី​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​មាន​សារៈសំខាន់​ក៏ដោយ ក៏​វា​ជា​រឿង​សំខាន់​ក្នុងការ​ដឹង​ថា វា​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​យើង​ដើម្បី « បានទទួល » សេចក្តី​សង្រ្គោះ​ឡើយ ( សូមមើល នីហ្វៃទី២ ២:៨ ; ម៉ូសាយ ២:២៤ ; អាលម៉ា ២២:១៤ ) ។ ភីលីព ២:១៣ ពន្យល់​ថា ព្រះ​ធ្វើការ​នៅក្នុង​យើង​ដើម្បី​ជួយ​យើង​ធ្វើ​អ្វីៗ ដែល​យើង​មិនអាច​ធ្វើ​ខ្លួន​យើង​បាន ( សូមមើល​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះ​គុណ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org; Bible Dictionary « Grace » ) ។ ជំនួយ និង​កម្លាំង​នេះ​ជា​រឿយៗ​ត្រូវបាន​គេហៅ​ថា ព្រះគុណ​របស់​ព្រះអង្គសង្គ្រោះ ហើយ​ជា​អំណាច​ដែល​ទ្រង់​ជួយ​សង្រ្គោះ​យើង ( សូមមើល អេភេសូរ ២:៨ ) ។

សូមមើល​អែលឌើរ ឌេល ជី រេនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​នៅក្នុង​វីដេអូ « Abound with Blessings » ចាប់ពី​នាទី​ទី ០:០០ ដល់ នាទី​ទី ៥:៣៩ ឬ​ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​នៅក្នុង​វីដេអូ « What Think Ye of Christ? » ពី​នាទីទី ៨:៥៨ ដល់​នាទី​ទី ១២:៥០ ដើម្បី​រៀនបន្ថែម​អំពី​ប្រធានបទ​នេះ ។

2:3
19:10

ភីលីព ៤:១៣ ។ តើ « ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន​ដោយ‌សារ​ព្រះ‌គ្រីស្ទ » មាន​អត្ថន័យ​យ៉ាងណា ?

ស៊ីស្ទើរ មីឆែល ឌី ក្រេហ្គ ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ​បាន​ពន្យល់​ថា ៖

រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ មីឈែល ឌី ក្រេហ្គ

ពិតណាស់ យើង​ទាំងអស់​គ្នា​នឹងពុំ​អាច​បំពេញ​នូវ​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង​បាន​ទេ ហើយ​មាន​សេចក្ដី​ពិត​ខ្លះ​នៅ​ក្នុង​ការ​យល់​ដឹង​ថា យើង តែ​ម្នាក់ឯង គឺ​ពុំ​គ្រប់​គ្រាន់​ឡើយ ។ ប៉ុន្តែ​សារ​ដ៏​ល្អ​នៃ​ដំណឹងល្អ​គឺ​ថា ដោយ​មាន​ព្រះគុណ​របស់​ព្រះ នោះ​យើង មាន ល្មម​គ្រប់​គ្រាន់ ។ ដោយ​មាន​ជំនួយ​របស់​ព្រះគ្រីស្ទ យើង​អាច​ធ្វើ​គ្រប់​ការណ៍​ទាំងអស់ [ ភីលីព ៤:១៣ ] ។ បទគម្ពីរ​សន្យា​ថា យើង​នឹង « រក​បាន​ព្រះគុណ​សម្រាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ » [ ហេព្រើរ ៤:១៦ ] ។

( មីឈែល ឌី ក្រេហ្គ « Divine Discontent » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥៤ )

ប្រធាន ដាល្លិនអេក អូក បាន​បង្រៀន ៖

រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​ប្រធាន ដាល្លិន អេក អូក ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

ដោយ​រៀបរាប់​ពី​ឧបសគ្គ​មួយចំនួន​នៃ​ជីវិត​រមែងស្លាប់​ផ្ទាល់​របស់​លោក នោះ​សាវក​ប៉ុល​បានសរសេរ​ថា « ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំងអស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់ខ្ញុំ » ( ភីលីព ៤:១៣ ) ។

ហេតុដូច្នោះហើយ យើង​ឃើញ​ថា ដោយសារ​ដង្វាយធួន​របស់​ទ្រង់ នោះ​ព្រះអង្គសង្គ្រោះ​មាន​ព្រះចេស្តា​ដើម្បី​ជួយ—ប្រទាន​ជំនួយ—ដល់​ការឈឺចាប់ និង ការរងទុក្ខ​នៃ​ជីវិត​រមែង​ស្លាប់​គ្រប់បែប​យ៉ាង ។ ពេល​ខ្លះ ព្រះចេស្តា​របស់​ទ្រង់​ប្រោស​អ្នក​ជំងឺ​ម្នាក់ ប៉ុន្តែ​ព្រះគម្ពីរ និង​បទពិសោធន៍​របស់​យើង​បង្រៀន​ថា ពេលខ្លះ​ទ្រង់​ជួយ ឬ​ប្រទាន​ជំនួយ​តាមរយៈ​ការប្រទាន​ដល់​យើង​នូវ​កម្លាំង ឬ​ការអត់ធ្មត់​ដើម្បី​ស៊ូទ្រាំ​នឹង​ជំងឺ​របស់​យើង ។

( ដាល្លិន អេក អូក « Strengthened by the Atonement of Jesus Christ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦២ )

សកម្មភាព​រៀនសូត្រ​បន្ថែម

ភីលីព ២:១២–១៣ ។ កិច្ចការ ព្រះគុណ និង​សេចក្តី​សង្រ្គោះ

ភីលីព ២:១២–១៣ អាច​ជា​វគ្គបទគម្ពីរ​ដែល​ពិបាក ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ខគម្ពីរ​នេះ​ដោយ​ប្រុងប្រយ័ត្ន និង​ស្វែងយល់​ពី​អ្វី​ដែល​ប៉ុល​បង្រៀន ។ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា​ព័ត៌មាន​នៅក្នុង​ផ្នែក « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » អំពី ភីលីព ២:១២–១៣ និង​អត្ថបទ​សម្រាប់​វគ្គបទគម្ពីរ​នេះ​នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ។ សូម​ឲ្យ​ពួកគេ​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ដែល​ជួយ​ពួកគេ​ឲ្យ​យល់កាន់​តែ​ច្បាស់​អំពី​គោលលទ្ធិ​ដ៏​សំខាន់​នៃ​កិច្ចការ ព្រះគុណ និង​សេចក្ដីសង្គ្រោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ចំណេះដឹង​នេះ​ពង្រឹង​សេចក្ដី​ជំនឿ និង​សេចក្ដីស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។

កូល៉ុស ១:៩–១៨ ។ តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ខគម្ពីរ​ទាំងនេះ​សម្រាប់​ព្រះនាម ព្រះបរមងារ និង​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សិស្ស​អាច​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចែកចាយ​ឧទាហរណ៍​ពី​ព្រះគម្ពីរ ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ ឬ​ជីវិត​របស់​អ្នក​ដែល​ពួកគេ​ស្គាល់ ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ជា​គំរូ​ពី​ព្រះនាម តួនាទី ឬ​ព្រះបរមងារ​ទាំងនេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​តួនាទី​ដែល​មាន​អត្ថន័យ​បំផុត​ចំពោះ​ពួកគេ និង​របៀប​ដែល​តួនាទី​ទាំងនេះ​មាន​ឥទ្ធិពល​លើ​អារម្មណ៍​របស់​ពួកគេ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។

កូល៉ុស ២:៦ ។ ការដើរ​ក្នុង​ព្រះគ្រីស្ទ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​គិត​ថា​ការ « ដើរ … ក្នុង [ ព្រះគ្រីស្ទ ] » មានអត្ថន័យ​យ៉ាងណា ( កូល៉ុស ២:៦ ) ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា​វគ្គបទ​គម្ពីរ​ដូច​ខាងក្រោម ដោយ​រកមើល​អត្ថន័យ​នៃ​ការ​ដើរ​ក្នុង​ព្រះគ្រីស្ទ ៖ កូល៉ុស ១:៩–១៨ ; កូល៉ុស ២:៦ ; កូល៉ុស ៣:១–១១ ។ ពួកគេ​ក៏​អាច​សិក្សា​សេចក្តីថ្លែងការណ៍​នេះ​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង ផងដែរ ៖

រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ ហិនរី ប៊ី អាវរិង ។

តើ​វា​មាន​ន័យ​យ៉ាងណា​ដើម្បីដើរ​នៅក្នុង​ព្រះអម្ចាស់ ? វា​មាន​ន័យ​ថា ធ្វើអ្វី​ដែល​ទ្រង់​ធ្វើ បម្រើ​ដូច​ដែល​ទ្រង់​បម្រើ ។ ទ្រង់​បាន​លះបង់​ភាពស្រណុក​របស់​ព្រះអង្គ​ទ្រង់ ដើម្បី​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​ខ្វះខាត នោះ​ជា​អ្វី​ដែល​យើង​ព្យាយាម​ធ្វើ ។ ទ្រង់​ហាក់​ដូចជា​កត់សម្គាល់​ជា​ពិសេស​ចំពោះ​មនុស្ស​ដែល​ត្រូវ​គេ​មើល​រំលង ហើយ​សង្គម​មិន​ទទួល​ស្គាល់ ដូច្នេះ​យើង​ព្យាយាម​ធ្វើ​ដូច​នោះ​ដែរ ។ ទ្រង់​បាន​ថ្លែង​ទីបន្ទាល់​យ៉ាង​អង់អាច ប៉ុន្តែ​ដោយ​ក្ដី​ស្រឡាញ់​អំពី​គោលលទ្ធិ​ពិត​ដែល​ទ្រង់​បាន​ទទួល​មកពី​ព្រះវរបិតា​ទ្រង់ ទោះ​ជា​វា​ពុំ​មាន​ប្រជា​ប្រិយ​ភាព​ក្ដី នោះ​ជាអ្វី​យើង​ត្រូវតែ​ធ្វើ ។ ទ្រង់​មាន​បន្ទូល​ដល់​មនុស្ស​ទាំងអស់​ថា « ចូរ​មក​ឯ​ខ្ញុំ » ( ម៉ាថាយ ១១:២៨ ) ហើយ​យើង​និយាយ​ទៅ​កាន់​មនុស្ស​ទាំង​អស់​ថា « ចូរ​មក​រក​ទ្រង់ » ។

( ហិនរី ប៊ី អាវរិង « Walk with Me » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៨៤ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ការរកឃើញ​របស់​ពួកគេ ហើយ​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ដើម្បី​ធ្វើ​ផែនការ​មួយ​អំពី​របៀប​ដែល​ពួកគេ​អាច​ដើរ​កាន់តែ​ពេញលេញ​នៅក្នុង​ព្រះគ្រីស្ទ ។