ជំពូកទី ១៩
នីហ្វៃធ្វើផ្ទាំងទាំងឡាយអំពីលោហធាតុ ហើយកត់ត្រាប្រវត្តិនៃប្រជាជនលោក — ព្រះនៃសាសន៍អ៊ីស្រាអែលនឹងយាងមករវាង ៦០០ ឆ្នាំពីពេលដែលលីហៃចាកចេញពីក្រុងយេរូសាឡិមមក — នីហ្វៃរៀបរាប់អំពីសេចក្ដីទុក្ខលំបាក និងការឆ្កាងរបស់ទ្រង់ — ពួកសាសន៍យូដានឹងត្រូវគេមើលងាយ ហើយត្រូវខ្ចាត់ខ្ចាយ រហូតដល់គ្រាចុងក្រោយ ពេលនោះពួកគេនឹងត្រឡប់មករកព្រះអម្ចាស់វិញ។ ប្រមាណជាឆ្នាំ ៥៨៨–៥៧០ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់បានបញ្ជាខ្ញុំ ហេតុដូច្នោះហើយ ខ្ញុំបានធ្វើផ្ទាំងទាំងឡាយពីលោហធាតុ ដើម្បីខ្ញុំអាចឆ្លាក់នៅលើនោះនូវជីវប្រវត្តិនៃប្រជាជនខ្ញុំ។ ហើយនៅលើផ្ទាំងទាំងឡាយដែលខ្ញុំបានធ្វើ នោះខ្ញុំបានឆ្លាក់នូវបញ្ជីរបស់ឪពុកខ្ញុំ និងអំពីការធ្វើដំណើរនៅក្នុងទីរហោស្ថានរបស់យើងផង ព្រមទាំងពាក្យព្យាករណ៍ទាំងឡាយរបស់ឪពុកខ្ញុំដែរ ហើយព្រមទាំងពាក្យព្យាករណ៍ជាច្រើនរបស់ខ្ញុំផង ដែលខ្ញុំបានឆ្លាក់នៅលើផ្ទាំងទាំងនោះ។
២ហើយនៅពេលដែលខ្ញុំធ្វើផ្ទាំងនោះ ខ្ញុំមិនដឹងទេថា ខ្ញុំនឹងត្រូវព្រះអម្ចាស់បញ្ជាឲ្យធ្វើផ្ទាំងទាំងនេះ ហេតុដូច្នោះហើយ បញ្ជីរបស់ឪពុកខ្ញុំ និងពង្សាវតាររបស់ពួកអយ្យកោរបស់លោក ហើយនឹងភាគច្រើននៃអស់ទាំងដំណើរការរបស់យើងនៅក្នុងទីរហោស្ថាន នោះត្រូវបានឆ្លាក់ត្រាទុកនៅលើផ្ទាំងដំបូងទាំងនោះ ដែលខ្ញុំបានពោលដល់ ហេតុដូច្នោះហើយ រឿងទាំងឡាយដែលកើតឡើង មុនពេលខ្ញុំធ្វើផ្ទាំងទាំងនេះ គឺតាមពិត បានពោលដល់នៅលើផ្ទាំងដំបូងច្រើនជាង។
៣ហើយបន្ទាប់ពីខ្ញុំបានធ្វើផ្ទាំងទាំងនេះ តាមរយៈការបញ្ជាហើយ នោះខ្ញុំ នីហ្វៃ បានទទួលបញ្ជាមួយថា ការងារបម្រើ និងពាក្យព្យាករណ៍ទាំងឡាយនៃភាគដ៏ច្បាស់ ហើយពិសេសៗ ត្រូវយកមកសរសេរនៅលើផ្ទាំងទាំងនេះ ហើយរឿងទាំងឡាយដែលបានសរសេរទុកនោះត្រូវរក្សាទុកសម្រាប់ការបង្រៀនដល់ប្រជាជនខ្ញុំ ដែលនឹងបានទទួលដែនដីនោះ ហើយសម្រាប់ប្រយោជន៍ផ្សេងៗទៀតផង ជាប្រយោជន៍ទាំងឡាយដែលព្រះអម្ចាស់ទ្រង់ជ្រាប។
៤ហេតុដូច្នោះហើយ ខ្ញុំ នីហ្វៃ បានធ្វើបញ្ជីមួយនៅលើផ្ទាំងផ្សេងទៀត ដែលមានដំណើររឿង ឬមានដំណើររឿងជាច្រើនអំពីសង្គ្រាមទាំងឡាយ និងការទាស់ទែងគ្នាទាំងឡាយ និងសេចក្ដីបំផ្លិចបំផ្លាញទាំងឡាយនៃប្រជាជនខ្ញុំ។ ហើយការណ៍នេះហើយដែលខ្ញុំបានធ្វើ ហើយបានបញ្ជាប្រជាជនខ្ញុំថា ពួកគេត្រូវធ្វើយ៉ាងណា បន្ទាប់ពីខ្ញុំស្លាប់ទៅ ហើយថាផ្ទាំងទាំងនេះ ត្រូវប្រគល់តពីតំណមួយទៅតំណមួយទៀត ឬពីព្យាការីមួយទៅព្យាការីមួយទៀត រហូតដល់បានទទួលបញ្ជាទាំងឡាយពីព្រះអម្ចាស់ថ្មីទៀត។
៥ហើយដំណើររឿងអំពីការដែលខ្ញុំធ្វើផ្ទាំងទាំងនេះ នឹងត្រូវបានប្រាប់ពីអំណឹះតទៅ ហើយខណៈនោះ មើលចុះ ខ្ញុំនិយាយតទៅទៀតនូវអ្វីដែលខ្ញុំបាននិយាយមក ហើយការណ៍នេះហើយដែលខ្ញុំធ្វើ ដើម្បីឲ្យការណ៍ទាំងឡាយដែលពិសិដ្ឋលើសលែងទៅទៀត នឹងត្រូវបានរក្សាទុក សម្រាប់ជាដំណឹងអំពីប្រជាជនខ្ញុំ។
៦ទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំមិនសរសេររឿងអ្វីនៅលើផ្ទាំងទាំងនេះទេ លើកលែងតែរឿងណាដែលខ្ញុំគិតថាពិសិដ្ឋប៉ុណ្ណោះ។ ហើយឥឡូវនេះ បើខ្ញុំធ្វើខុស គឺសូម្បីតែមនុស្សដើមក៏បានធ្វើខុសដែរ ខ្ញុំនឹងមិនដោះសាខ្លួនឯងដោយសារអ្នកដទៃនោះទេ ប៉ុន្តែដោយសារភាពទន់ខ្សោយ ដែលនៅក្នុងខ្លួនខ្ញុំ ស្របតាមសាច់ឈាម នោះទើបខ្ញុំដោះសាខ្លួនខ្ញុំវិញ។
៧ត្បិតរឿងទាំងឡាយដែលអ្នកខ្លះរាប់ថាតម្លៃដ៏មហិមា គឺដល់ទាំងរូបកាយ និងដល់ព្រលឹងដែរ នោះមានអ្នកផ្សេងទៀតចាត់ទុកថា គ្មានតម្លៃអ្វីសោះ ហើយយកមកជាន់ឈ្លីនៅក្រោមជើងរបស់ពួកគេ។ មែនហើយ សូម្បីតែព្រះនៃសាសន៍អ៊ីស្រាអែល ក៏មនុស្សយកមក ជាន់ឈ្លីនៅក្រោមជើងរបស់ពួកគេដែរ ខ្ញុំថា ជាន់ឈ្លីនៅក្រោមជើងរបស់ពួកគេ ប៉ុន្តែខ្ញុំចង់និយាយម្យ៉ាងទៀតថា — ពួកគេចាត់ទុកទ្រង់ថាគ្មានតម្លៃអ្វីសោះ ហើយមិនប្រុងស្ដាប់តាមពាក្យទូន្មានរបស់ព្រះអង្គឡើយ។
៨ហើយមើលចុះ ទ្រង់នឹងយាងមក ស្របតាមពាក្យសម្ដីរបស់ទេវតា ក្នុង៦០០ឆ្នាំ ចាប់តាំងពីពេលដែលឪពុកខ្ញុំបានចាកចេញពីក្រុងយេរូសាឡិមមក។
៩ហើយមនុស្សលោក ដោយព្រោះសេចក្ដីទុច្ចរិតរបស់ពួកគេ នោះនឹងចាត់ទ្រង់ទុកជាគ្មានតម្លៃទៅវិញ ហេតុដូច្នោះហើយ ពួកគេវាយទ្រង់ ក៏ទ្រង់អត់ធ្មត់ ពួកគេទះទ្រង់ ក៏ទ្រង់អត់ធ្មត់។ មែនហើយ ពួកគេស្ដោះដាក់ទ្រង់ ក៏ទ្រង់អត់ធ្មត់ ពីព្រោះមកពីសេចក្ដីមេត្តាករុណា និងការអត់ធ្មត់ ដែលទ្រង់មានចំពោះកូនចៅមនុស្ស។
១០ហើយព្រះនៃពួកអយ្យកោយើង ដែលត្រូវបាននាំចេញពីស្រុកអេស៊ីព្ទឲ្យរួចផុតពីសេវកភាព ហើយត្រូវបានថែរក្សាទុកនៅក្នុងទីរហោស្ថានដោយសារទ្រង់ មែនហើយ ជាព្រះនៃអ័ប្រាហាំ និងអ៊ីសាក ហើយជាព្រះនៃយ៉ាកុប ទ្រង់ប្រគល់រូបអង្គទ្រង់ដូចជាមនុស្ស ទៅក្នុងដៃពួកទុច្ចរិត ស្របតាមពាក្យសម្ដីរបស់ទេវតា ដើម្បីឲ្យត្រូវបានលើកឡើង ស្របតាមពាក្យសម្ដីរបស់ស៊ីណុក ហើយដើម្បីឲ្យត្រូវបានឆ្កាង ស្របតាមពាក្យសម្ដីរបស់នីអ៊ុម ហើយដើម្បីឲ្យត្រូវបានបញ្ចុះទៅក្នុងផ្នូរ ស្របតាមពាក្យសម្ដីរបស់ស៊ីណូស ដែលលោកបាននិយាយអំពីភាពងងឹតបីថ្ងៃ ដែលជាទីសម្គាល់ប្រាប់អំពីការសុគតរបស់ព្រះអង្គ គឺប្រាប់ដល់ពួកអ្នកដែលនៅលើកោះទាំងឡាយក្នុងសមុទ្រ ជាពិសេសទៅទៀត គឺប្រាប់ដល់ពួកអ្នកដែលជាវង្សអ៊ីស្រាអែល។
១១ត្បិតព្យាការីនោះបាននិយាយថា ៖ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់ពិតជានឹងពិនិត្យពិច័យវង្សអ៊ីស្រាអែលទាំងអស់នៅថ្ងៃនោះ វង្សអ៊ីស្រាអែលខ្លះដោយព្រះបន្ទូលរបស់ទ្រង់ ពីព្រោះមកពីសេចក្ដីសុចរិតរបស់ពួកគេ ដើម្បីឲ្យពួកគេមានសេចក្ដីអំណរដ៏ធំ និងសេចក្ដីសង្គ្រោះ ឯខ្លះទៀត ដោយផ្គរ និងរន្ទះនៃព្រះចេស្ដារបស់ទ្រង់ ដោយព្យុះសង្ឃរា ដោយភ្លើង និងដោយផ្សែង និងចំហាយនៃសេចក្ដីងងឹត និងដោយដីបែកក្រហែង ហើយដោយភ្នំទាំងឡាយ ដែលនឹងផុសខ្ពស់ឡើងមក។
១២ហើយព្យាការីស៊ីណូសនិយាយថា ការណ៍អស់ទាំងនេះត្រូវតែមកដល់ជាពិតប្រាកដ។ ហើយថ្មនៅលើដីត្រូវប្រេះចេញពីគ្នា ហើយដោយសារសំឡេងថ្ងូររបស់ផែនដី នោះស្ដេចជាច្រើននៅលើកោះទាំងឡាយក្នុងសមុទ្រ នឹងត្រូវបានព្រះវិញ្ញាណនៃព្រះបណ្ដាលឲ្យស្រែកថា ៖ ព្រះនៃធម្មជាតិរងទុក្ខវេទនា។
១៣រីឯពួកអ្នកដែលនៅក្រុងយេរូសាឡិម នោះព្យាការីនិយាយថា ពួកគេនឹងត្រូវមនុស្សទាំងពួងវាយ ពីព្រោះពួកគេឆ្កាងព្រះនៃសាសន៍អ៊ីស្រាអែល ហើយបែរចិត្តចេញ ដោយបដិសេធនូវទីសម្គាល់ និងការណ៍អស្ចារ្យទាំងឡាយ ហើយនឹងព្រះចេស្ដា និងសិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែល។
១៤ហើយព្យាការីនិយាយថា ដោយមកពីពួកគេបែរចិត្តចេញ ហើយមើលងាយដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល នោះពួកគេនឹងដើររសាត់ព្រាត់ក្នុងសាច់ឈាម ហើយវិនាស ហើយក្លាយទៅជាទីដៀលត្មះ ជាទីដំណៀល ហើយស្អប់នៅគ្រប់អស់ទាំងសាសន៍។
១៥ទោះជាយ៉ាងណាក៏ដោយ គង់តែព្យាការីនិយាយថា កាលណាថ្ងៃនោះមកដល់ ដែលពួកគេនឹងមិនបែរចិត្តចេញពីព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទៀតទេ នោះទ្រង់នឹងនឹកឃើញសេចក្ដីសញ្ញាទាំងឡាយ ដែលទ្រង់បានធ្វើជាមួយនឹងពួកអយ្យកោរបស់ពួកគេ។
១៦មែនហើយ ខណៈនោះ ទ្រង់នឹងនឹកឃើញកោះទាំងឡាយក្នុងសមុទ្រ មែនហើយ និងអស់ទាំងប្រជាជនដែលជាវង្សអ៊ីស្រាអែល នោះព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ៖ យើងនឹងប្រមូលមកពីទិសទាំងបួននៃផែនដី ស្របតាមពាក្យរបស់ព្យាការីស៊ីណូស។
១៧ព្យាការីនិយាយថា មែនហើយ ហើយអស់ទាំងផែនដីនឹងឃើញសេចក្ដីសង្គ្រោះនៃព្រះអម្ចាស់ គឺគ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា ហើយនឹងគ្រប់ទាំងប្រជាជននឹងបានពរ។
១៨ហើយខ្ញុំ នីហ្វៃ បានសរសេររឿងទាំងនេះសម្រាប់ប្រជាជនខ្ញុំ ក្រែងខ្ញុំអាចបញ្ចុះបញ្ចូលពួកគេឲ្យចងចាំដល់ព្រះអម្ចាស់ ជាព្រះដ៏ប្រោសលោះរបស់គេ។
១៩ហេតុដូច្នោះហើយ ខ្ញុំនិយាយទៅវង្សអ៊ីស្រាអែលទាំងអស់ថា បើសិនជាដូច្នេះមែន នោះពួកគេនឹងទទួលយកការណ៍អស់ទាំងនេះ។
២០ត្បិតមើលចុះ ខ្ញុំមានការហេវហត់ខាងវិញ្ញាណ ដើម្បីពួកអ្នកដែលនៅក្នុងក្រុងយេរូសាឡិម ដែលធ្វើឲ្យខ្ញុំខ្សោះល្វើយ សូម្បីតែឆ្អឹងខ្ញុំក៏ទន់ខ្សោយ ព្រោះបើព្រះអម្ចាស់ទ្រង់មិនមេត្តាបង្ហាញខ្ញុំអំពីរឿងពួកគេ ដូចជាទ្រង់បានបង្ហាញដល់ពួកព្យាការីដើមទេ នោះខ្ញុំក៏នឹងត្រូវវិនាសទៅហើយដែរ។
២១ហើយទ្រង់បានបង្ហាញយ៉ាងពិតប្រាកដដល់ពួកព្យាការីដើមនូវរឿងទាំងអស់អំពីពួកគេ ហើយទ្រង់ក៏បានបង្ហាញដល់មនុស្សជាច្រើនអំពីរឿងយើងដែរ ហេតុដូច្នោះហើយ ជាការចាំបាច់ដែលយើងត្រូវតែដឹងពីរឿងទាំងនោះ ព្រោះរឿងទាំងនោះត្រូវបានសរសេរនៅលើផ្ទាំងលង្ហិនដែរ។
២២ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បានបង្រៀនបងៗខ្ញុំអំពីរឿងទាំងនេះ ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានអានរឿងជាច្រើនឲ្យពួកគេស្ដាប់ ដែលបានឆ្លាក់នៅលើផ្ទាំងលង្ហិន ដើម្បីឲ្យពួកគេអាចដឹងអំពីកិច្ចការទាំងឡាយនៃព្រះអម្ចាស់នៅលើដែនដីផ្សេងៗក្នុងចំណោមប្រជាជនជាន់ដើម។
២៣ហើយខ្ញុំបានអានរឿងជាច្រើនទៅឲ្យបងៗខ្ញុំស្ដាប់ ដែលមានសរសេរនៅក្នុងគម្ពីរទាំងឡាយនៃលោកម៉ូសេ ប៉ុន្តែដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យបានច្រើនថែមទៀត ឲ្យជឿដល់ព្រះអម្ចាស់ ជាព្រះដ៏ប្រោសលោះរបស់ពួកគេ នោះខ្ញុំបានអានឲ្យគេស្ដាប់នូវរឿងដែលបានសរសេរដោយព្យាការីអេសាយ ត្បិតខ្ញុំប្រៀបធៀបបទព្រះគម្ពីរទាំងអស់ទៅនឹងខ្លួនយើង ដើម្បីទុកជាប្រយោជន៍ និងការចេះដឹងដល់យើង។
២៤ហេតុដូច្នោះហើយ ខ្ញុំបាននិយាយទៅពួកគេថា ៖ ចូរបងរាល់គ្នាស្ដាប់ពាក្យសម្ដីរបស់ព្យាការីចុះ គឺបងរាល់គ្នាដែលជាសំណល់នៃវង្សអ៊ីស្រាអែល ដែលជាមែកដែលបានកាត់ចេញ ចូរបងរាល់គ្នាស្ដាប់ពាក្យសម្ដីរបស់ព្យាការី ដែលបានសរសេរសម្រាប់វង្សអ៊ីស្រាអែលទាំងអស់ ហើយប្រៀបធៀបពាក្យទាំងនោះទៅនឹងខ្លួនយើង ដើម្បីបងរាល់គ្នាអាចមានសេចក្ដីសង្ឃឹម ដូចជាបងប្អូនទាំងឡាយរបស់បង ដែលបងរាល់គ្នាបានកាត់ចេញពីពួកគេមកនោះ ព្រោះព្យាការីបានសរសេរទុកយ៉ាងនេះ ៕