ព្រះគម្ពីរ
នីហ្វៃ ទី ២ 6


ជំពូក​ទី ៦

យ៉ាកុប​តំណាល​ប្រាប់​អំពី​ប្រវត្តិ​នៃ​សាសន៍​យូដា គឺ ៖ ការ​ដែល​ពួក​គេ​ជាប់​ឃុំ​ឃាំង​នៅ​ក្រុង​បាប៊ីឡូន និង​ការ​វិលត្រឡប់​វិញ, ការងារ​បម្រើ និង​ការ​ឆ្កាង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល, ជំនួយ​ដែល​បាន​ទទួល​មក​ពី​ពួក​សាសន៍​ដទៃ និង​ការ​សាង​ឡើងវិញ​នៅ​ថ្ងៃ​ចុង​ក្រោយ កាល​ពួក​គេ​ជឿ​ដល់​ព្រះ​មែស៊ី។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

ពាក្យ​សម្ដី​របស់​យ៉ាកុប ដែល​ជា​ប្អូន​របស់​នីហ្វៃ បាន​និយាយ​ទៅ​កាន់​ប្រជាជន​នីហ្វៃ​ថា ៖

មើល​ចុះ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ យ៉ាកុប ដោយ​ត្រូវ​បាន​ហៅ​ពី​ព្រះ ហើយ​បាន​តែងតាំង​ឡើង​តាម​របៀប​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ហើយ​ដោយ​បាន​ញែក​ចេញ​ដោយ​បង​ប្រុស​ខ្ញុំ គឺ​នីហ្វៃ ជា​អ្នក​ដែល​បងប្អូន​រាល់​គ្នា​ចាត់​ទុក​ថា​ជា​ស្ដេច ឬ​ជា​អ្នក​ការពារ​ម្នាក់ ហើយ​ដែល​បងប្អូន​រាល់​គ្នា​ពឹងផ្អែក​ទៅ​លើ​ដើម្បី​សន្តិសុខ នោះ​មើល​ចុះ បងប្អូន​រាល់​គ្នា​ដឹង​ថា ខ្ញុំ​បាន​និយាយ​ទៅ​បងប្អូន​ពី​សេចក្ដី​ដ៏​ច្រើន​ហួស​ប្រមាណ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​និយាយ​ទៅ​បងប្អូន​ម្ដង​ទៀត ត្បិត​ខ្ញុំ​ប្រាថ្នា​នូវ​សុខុមាលភាព​ដល់​ព្រលឹង​ទាំង​ឡាយ​នៃ​បងប្អូន។ មែន​ហើយ ខ្ញុំ​បារម្ភ​ដ៏​ខ្លាំង​ចំពោះ​បងប្អូន ហើយ​បងប្អូន​រាល់​គ្នា​ផ្ទាល់​ក៏​ដឹង​ថា​ការណ៍​នោះ​ពិតមែន។ ព្រោះ​ខ្ញុំ​បាន​ទូន្មាន​បងប្អូន​ជា​ញយៗ​ដោយ​អស់​ពី​សមត្ថភាព ហើយ​ខ្ញុំ​បាន​បង្រៀន​បងប្អូន​អំពី​ពាក្យ​សម្ដី​របស់​ឪពុក​ខ្ញុំ ហើយ​ខ្ញុំ​បាន​និយាយ​ប្រាប់​បងប្អូន​អំពី​ការណ៍​ទាំង​អស់ ដែល​បាន​កត់ត្រា​ទុក​ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ។

ហើយ​ឥឡូវ​នេះ មើល​ចុះ ខ្ញុំ​ចង់​និយាយ​ប្រាប់​បងប្អូន​អំពី​ការណ៍​ទាំង​ឡាយ ដែល​កំពុង​កើត​ឡើង និង​អំពី​ការណ៍​ទាំង​ឡាយ​ដែល​នឹង​កើត​ឡើង ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​នឹង​អាន​ឲ្យ​បងប្អូន​ស្ដាប់​នូវ​ពាក្យ​ពេចន៍​របស់​លោក​អេសាយ។ ហើយ​ទាំង​នេះ​គឺជា​ពាក្យ​ដែល​បង​ប្រុស​ខ្ញុំ មាន​ប្រាថ្នា​ចង់​ឲ្យ​ខ្ញុំ​និយាយ​ប្រាប់​បងប្អូន។ ហើយ​ខ្ញុំ​និយាយ​ទៅ​បងប្អូន​នេះ​ដោយ​យល់​ដល់​បងប្អូន​រាល់​គ្នា ដើម្បី​ឲ្យ​បងប្អូន​រាល់​គ្នា​អាច​ចេះ​ដឹង ហើយ​សរសើរ​តម្កើង​ដល់​ព្រះ​នាម នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា។

ហើយ​ឥឡូវ​នេះ ឯ​ពាក្យ​ពេចន៍​ដែល​ខ្ញុំ​នឹង​អាន គឺ​ជា​ពាក្យ​ដែល​លោក​អេសាយ​បាន​និយាយ អំពី​វង្ស​អ៊ីស្រាអែល​ទាំង​អស់ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​ក៏​អាច​ប្រៀប​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ ព្រោះ​អ្នក​រាល់​គ្នា​គឺ​ជា​វង្ស​អ៊ីស្រាអែល ហើយ​មាន​ការណ៍​ជាច្រើន​ដែល​លោក​អេសាយ​បាន​និយាយ ដែល​អាច​ប្រៀប​ដូច​ទៅ​នឹង​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​ជា​វង្ស​អ៊ីស្រាអែល។

ហើយ​ឥឡូវ​នេះ ពាក្យ​ទាំង​នោះ​មាន​ដូច​ត​ទៅ​គឺ ៖ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ មើល​ចុះ យើង​នឹង​បោយ​ដៃ​ហៅ​អស់​ទាំង​ពួក​សាសន៍​ដទៃ ហើយ​លើក​ទង់ជ័យ​យើង​ឡើង​សម្រាប់​ប្រជាជាតិ​ទាំង​ឡាយ រួច​ពួក​គេ​នឹង​បី​យក​កូន​ប្រុស​អ្នក​មក ហើយ​នឹង​បញ្ជិះ​កូន​ស្រីៗ​របស់​អ្នក​នៅ​លើ​ស្មា​គេ។

ហើយ​ពួក​មហាក្សត្រ​នឹង​ធ្វើជា​ឪពុក​ចិញ្ចឹម​អ្នក ហើយ​ពួក​អគ្គមហេសី​នឹង​ធ្វើជា​ម្ដាយ​បំបៅ​អ្នក ពួក​គេ​នឹង​ក្រាប​ផ្កាប់មុខ​ដល់​ដី​នៅ​ចំពោះ​មុខ​អ្នក ហើយ​នឹង​លិឍ​ធូលី​ដី​ដែល​ជាប់​ជើង​អ្នក នោះ​អ្នក​នឹង​ដឹង​ថា យើង​ជា​ព្រះ​អម្ចាស់ ត្បិត​អស់​អ្នក​ណា​ដែល​រង់ចាំ​យើង​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។

ហើយ​ឥឡូវ​នេះ ខ្ញុំ យ៉ាកុប ចង់​និយាយ​អ្វី​ខ្លះ​ពី​ពាក្យ​ទាំង​នេះ។ ត្បិត​មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​បាន​បង្ហាញ​ដល់​ខ្ញុំ​ថា អស់​អ្នក​ណា​ដែល​នៅ​ឯ​ក្រុង​យេរូសាឡិម ពី​កន្លែង​ដែល​ពួក​យើង​ចេញ​មក នោះ​ត្រូវ​បាន​ស្លាប់ ហើយ​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​អស់​ហើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ព្រះ​អម្ចាស់​ទ្រង់​បាន​បង្ហាញ​ខ្ញុំ​ថា ពួក​គេ​នឹង​បាន​ត្រឡប់​មក​វិញ​ម្ដង​ទៀត។ ហើយ​ទ្រង់​ក៏​បាន​បង្ហាញ​ខ្ញុំ​ដែរ​ថា ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ គឺជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល នឹង​សម្ដែង​រូបអង្គ​ទ្រង់​ឲ្យ​ពួក​គេ​ឃើញ​នៅ​ក្នុង​សាច់​ឈាម ហើយ​បន្ទាប់ពី​បាន​សម្ដែង​រូបអង្គ​ទ្រង់​មក នោះ​ពួក​គេ​នឹង​វាយ​ទ្រង់ ហើយ​ឆ្កាង​ទ្រង់ ស្រប​តាម​ពាក្យ​សម្ដី​របស់​ទេវតា​ដែល​បាន​និយាយ​ប្រាប់​ខ្ញុំ។

១០ហើយ​បន្ទាប់ពី​ពួក​គេ​ធ្វើ​ចិត្ត​រឹងរូស ហើយ​ពង្រឹង​ក​របស់​ពួក​គេ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល មើល​ចុះ សេចក្ដី​ជំនុំ​ជំរះ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល នឹង​ធ្លាក់​មក​លើ​ពួក​គេ។ ហើយ​ថ្ងៃ​នោះ​នឹង​មក​ដល់ ដែល​ពួក​គេ​នឹង​ត្រូវ​វាយ​ដំ ហើយ​មាន​ទុក្ខ​វេទនា។

១១ហេតុ​ដូច្នោះ​ហើយ បន្ទាប់ពី​ពួក​គេ​ត្រូវ​បាន​ដេញ​ទៅ​មក ត្បិត​ទេវតា​មាន​បន្ទូល​ដូច្នេះ​ថា នោះ​មនុស្ស​ជាច្រើន​នឹង​ត្រូវ​ឈឺ​ចាប់​ខាង​សាច់ឈាម តែ​មិន​ត្រូវ​រងទុក្ខ​ដល់​វិនាស​ឡើយ ដោយ​សារ​ការ​អធិស្ឋាន​ទាំង​ឡាយ​របស់​ពួក​ស្មោះត្រង់ ពួក​គេ​នឹង​ត្រូវ​បាន​ខ្ចាត់ខ្ចាយ ហើយ​ត្រូវ​គេ​វាយ​ដំ ហើយ​ត្រូវ​គេ​ស្អប់ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ព្រះ​អម្ចាស់ ទ្រង់​នឹង​មាន​សេចក្ដី​មេត្តាករុណា​ដល់​ពួក​គេ គឺ​កាលណា​ពួក​គេ​នឹង​បាន​ការ​ចេះ​ដឹង​អំពី​ព្រះ​ដ៏​ប្រោស​លោះ​របស់​ពួក​គេ នោះ​ពួក​គេ​នឹង​ប្រមូល​រួម​គ្នា​ម្ដង​ទៀត​នៅ​លើ​ដែនដី​នៃ​កេរ្តិ៍​អាករ​របស់​គេ។

១២នោះ​មាន​ពរ​ហើយ​ពួក​សាសន៍​ដទៃ ជា​ពួក​អ្នក​ដែល​ពួក​ព្យាការី​បាន​សរសេរ​ទុក ត្បិត​មើល​ចុះ ប្រសិនបើ​ពួក​គេ​ប្រែចិត្ត ហើយ​មិន​ច្បាំង​នឹង​ក្រុង​ស៊ីយ៉ូន​ទេ ហើយ​មិន​ចូលរួម​ជាមួយ​នឹង​សាសនាចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើម​ឆ្អើម​នោះ​ទេ នោះ​ពួក​គេ​នឹង​បាន​សង្គ្រោះ ត្បិត​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​បំពេញ​សេចក្ដី​សញ្ញា​ទាំង​ឡាយ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​កូន​ចៅ​ព្រះ​អង្គ ហើយ​ដោយ​ហេតុ​នេះ បាន​ជា​ពួក​ព្យាការី​សរសេរ​ការណ៍​ទាំង​នេះ​ទុក។

១៣ហេតុ​ដូច្នោះ​ហើយ អ្នក​ណា​ដែល​ច្បាំង​នឹង​ក្រុង​ស៊ីយ៉ូន ហើយ​នឹង​រាស្ត្រ​ដែល​នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះ​អម្ចាស់ នោះ​នឹង​លិឍ​ធូលី​ដី​ដែល​ជាប់​ជើង​ពួក​គេ ហើយ​រាស្ត្រ​របស់​ព្រះ​អម្ចាស់​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។ ព្រោះ​រាស្ត្រ​នៃ​ព្រះ​អម្ចាស់ គឺជា​ពួក​អ្នក​ដែល​នឹង​នៅ​រង់ចាំ​ទ្រង់ ត្បិត​ពួក​គេ​នៅ​តែ​រង់ចាំ​ការ​យាង​មក​នៃ​ព្រះ​មែស៊ី។

១៤ហើយ​មើល​ចុះ ស្រប​តាម​ពាក្យ​សម្ដី​របស់​ព្យាការី ព្រះ​មែស៊ី​នឹង​ប្រុង​ចាំ​ជួយ​ពួក​គេ​ជា​លើក​ទី​ពីរ ហេតុ​ដូច្នោះ​ហើយ ទ្រង់​នឹង​សម្ដែង​រូបអង្គ​ទ្រង់​ឲ្យ​ពួក​គេ​ឃើញ​ដោយ​ព្រះ​ចេស្ដា និង​ដោយ​សិរី​ល្អ​ដ៏​អស្ចារ្យ រហូត​ដល់​សេចក្ដី​បំផ្លិចបំផ្លាញ​ពួក​ខ្មាំងសត្រូវ​របស់​ពួក​គេ កាល​ថ្ងៃ​មក​ដល់ នៅ​ពេល​ពួក​គេ​នឹង​ជឿ​ដល់​ទ្រង់ ហើយ​ទ្រង់​នឹង​មិន​បំផ្លាញ​អ្នក​ណា ដែល​ជឿ​ដល់​ទ្រង់​ឡើយ។

១៥ហើយ​អ្នក​ណា​ដែល​មិន​ជឿ​ដល់​ទ្រង់​ទេ នោះ​នឹង​ត្រូវ​បំផ្លាញ​ចោល ទាំង​ដោយ​ភ្លើង និង​ដោយ​ព្យុះ និង​ដោយ​ផែនដី​រញ្ជួយ និង​ដោយ​ការ​ខ្ចាយ​ឈាម និង​ដោយ​ជំងឺ​អាសន្នរោគ និង​ដោយ​អំណត់​អត់។ ហើយ​ពួក​គេ​នឹង​ដឹង​ថា ព្រះ​អម្ចាស់​គឺជា​ព្រះ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល។

១៦ត្បិត​តើ​របឹប​នឹង​ត្រូវ​ឆក់​យក​ពី​អ្នក​ខ្លាំងពូកែ ឬ​ពួក​ឈ្លើយ​ដែល​ចាប់​មក​តាម​ច្បាប់​នឹង​ត្រូវ​ដោះ​ចេញ​បាន​ទេ​ឬ?

១៧តែ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ សូម្បីតែ​ពួក​ឈ្លើយ​របស់​មនុស្ស​ខ្លាំងពូកែ ក៏​នឹង​ត្រូវ​យក​ចេញ​ទៅ ហើយ​របឹប​របស់​ពួក​អ្នក​គួរ​ស្ញែង​ខ្លាច​នឹង​បាន​រំដោះ​ចេញ​ផង ត្បិត​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ នឹង​ដោះលែង​ពួក​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់។ ត្បិត​ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ យើង​នឹង​តតាំង​ចំពោះ​អ្នក​ដែល​តតាំង​នឹង​អ្នក —

១៨ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​សង្កត់សង្កិន​អ្នក​ត្រូវ​ស៊ីសាច់​របស់​គេ​វិញ ហើយ​ពួក​គេ​នឹង​ត្រូវ​ស្រវឹង​ដោយ​ឈាម​របស់​ខ្លួន ដូច​ជា​ស្រវឹង​ដោយ​ស្រា​ទំពាំងបាយជូរ​ថ្មី នោះ​គ្រប់​ទាំង​មនុស្ស​នឹង​ដឹង​ថា យើង​គឺជា​ព្រះ​អម្ចាស់ គឺជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​អ្នក ហើយ​ជា​ព្រះ​ដ៏​ប្រោសលោះ​អ្នក គឺជា​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ​នៃ​យ៉ាកុប ៕