ជំពូកទី ២០
ព្រះយេស៊ូវទ្រង់ប្រទាននំប៉័ង និងស្រាទំពាំងបាយជូរយ៉ាងប្លែកអស្ចារ្យ ហើយធ្វើពិធីសាក្រាម៉ង់ម្ដងទៀតដល់ពួកគេ — សំណល់នៃយ៉ាកុបនឹងស្គាល់ព្រះអម្ចាស់ ជាព្រះរបស់គេ ហើយនឹងគ្រងទ្វីបអាមេរិកទុកជាមរតក — ព្រះយេស៊ូវគឺជាព្យាការីដូចជាម៉ូសេ ហើយពួកសាសន៍នីហ្វៃ គឺជាកូនចៅរបស់ពួកព្យាការី — រាស្ត្រឯទៀតរបស់ព្រះអម្ចាស់ នឹងបានប្រមូលមកឯក្រុងយេរូសាឡិម។ ប្រមាណជាឆ្នាំ ៣៤ គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានបញ្ជាឲ្យហ្វូងមនុស្សឈប់អធិស្ឋាន ព្រមទាំងពួកសិស្សរបស់ទ្រង់ផង។ ហើយទ្រង់បានបញ្ជាដល់ពួកគេថា ពួកគេមិនត្រូវឈប់អធិស្ឋាននៅក្នុងចិត្តរបស់គេឡើយ។
២ហើយទ្រង់បានបញ្ជាឲ្យពួកគេក្រោកឈរឡើង។ ហើយពួកគេក៏ក្រោកឈរឡើង។
៣ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានកាច់នំប៉័ងជាថ្មី ហើយប្រទានពរដល់នំប៉័ង ហើយក៏ប្រទានឲ្យពួកសិស្សបរិភោគ។
៤ហើយកាលពួកគេបានបរិភោគរួចហើយ នោះទ្រង់បានបញ្ជាឲ្យពួកគេកាច់នំប៉័ង ហើយចែកទៅហ្វូងមនុស្ស។
៥ហើយកាលពួកគេឲ្យនំប៉័ងទៅបណ្ដាជនហើយ នោះទ្រង់ប្រទានស្រាទំពាំងបាយជូរឲ្យពួកគេផឹក ហើយក៏បញ្ជាដល់ពួកគេឲ្យចែកដល់ហ្វូងមនុស្ស។
៦ឥឡូវនេះ គ្មាននំប៉័ង ឬក៏ស្រាទំពាំងបាយជូរដែលពួកសិស្ស ឬហ្វូងមនុស្សបានយកមកឡើយ
៧ប៉ុន្តែ ទ្រង់បានប្រទាននំប៉័ងទៅឲ្យពួកគេបរិភោគ និងស្រាទំពាំងបាយជូរ ទៅឲ្យពួកគេផឹកជាពិតប្រាកដ។
៨ហើយទ្រង់មានព្រះបន្ទូលទៅពួកគេថា ៖ អ្នកណាទទួលទាននំប៉័ងនេះ គឺទទួលទានរូបកាយយើងទៅក្នុងព្រលឹងអ្នកនោះ ហើយអ្នកណាផឹកស្រាទំពាំងបាយជូរនេះ គឺផឹកលោហិតយើងទៅក្នុងព្រលឹងអ្នកនោះ ហើយព្រលឹងអ្នកនោះ នឹងពុំចេះស្រេកឃ្លានឡើយ តែបានឆ្អែតជានិច្ច។
៩ឥឡូវនេះ កាលបណ្ដាជនគ្រប់គ្នាបានបរិភោគ និងផឹករួចហើយ មើលចុះ ពួកគេបានពោរពេញទៅដោយព្រះវិញ្ញាណ ហើយពួកគេបានបន្លឺសំឡេងព្រមគ្នា ហើយសរសើរតម្កើងដល់ព្រះយេស៊ូវ គឺជាព្រះដែលពួកគេបានឃើញ ហើយបានឮ។
១០ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេបានសរសើរតម្កើងដល់ព្រះយេស៊ូវហើយ នោះទ្រង់មានព្រះបន្ទូលទៅពួកគេថា ៖ មើលចុះ ឥឡូវនេះ យើងបានបង្ហើយនូវបញ្ញត្តិដែលព្រះវរបិតា ទ្រង់បានបញ្ជាដល់យើងអំពីប្រជាជននេះ ដែលជាសំណល់នៃវង្សអ៊ីស្រាអែល។
១១អ្នករាល់គ្នាចាំថា យើងបាននិយាយជាមួយនឹងអ្នករាល់គ្នា ហើយប្រាប់អ្នករាល់គ្នាថា កាលណាពាក្យពេចន៍របស់អេសាយបានបំពេញ — មើលចុះ ពាក្យទាំងនោះបានកត់ទុកហើយ ហើយអ្នករាល់គ្នាមានពាក្យទាំងនោះនៅខាងមុខអ្នក ដូច្នេះចូរពិចារណាមើលចុះ —
១២ហើយប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា កាលណាពាក្យទាំងនោះនឹងត្រូវបានបំពេញ នោះសេចក្ដីសញ្ញាដែលព្រះវរបិតា ទ្រង់បានធ្វើជាមួយនឹងប្រជាជននេះ ក៏នឹងត្រូវបានបំពេញដែរ ឱវង្សអ៊ីស្រាអែលអើយ។
១៣ហើយដល់ពេលនោះ សំណល់ទាំងឡាយដែលនឹងត្រូវបានខ្ចាត់ព្រាត់ពាសពេញលើផ្ទៃផែនដី នោះនឹងត្រូវបានប្រមូលមកពីទិសខាងកើត និងពីខាងលិច និងពីខាងត្បូង និងពីខាងជើង ហើយពួកគេនឹងត្រូវបាននាំមកឲ្យស្គាល់ព្រះអម្ចាស់ ជាព្រះរបស់គេ ដែលបានប្រោសលោះពួកគេ។
១៤ហើយព្រះវរបិតាទ្រង់បានបញ្ជាដល់យើងថា យើងត្រូវប្រទានដែនដីនេះដល់អ្នករាល់គ្នាទុកជាមរតក។
១៥ហើយយើងប្រាប់អ្នករាល់គ្នាថា បើសិនជាពួកសាសន៍ដទៃពុំប្រែចិត្តទេ បន្ទាប់ពីគេបានទទួលព្រះពរ គឺបន្ទាប់ពីគេបានធ្វើរាស្ត្រយើងឲ្យខ្ចាត់ព្រាត់ —
១៦ពេលនោះ អ្នករាល់គ្នាដែលជាសំណល់នៃវង្សយ៉ាកុបនឹងទៅក្នុងចំណោមពួកគេ ហើយអ្នករាល់គ្នានឹងនៅកណ្ដាលពួកគេដែលមានចំនួនច្រើន ហើយអ្នករាល់គ្នានឹងនៅក្នុងចំណោមពួកគេ បីដូចជាសត្វសិង្ហមួយនៅកណ្ដាលសត្វព្រៃទាំងឡាយ ហើយបីដូចជាកូនសត្វសិង្ហមួយនៅក្នុងហ្វូងចៀម បើសិនជាវាដើរឆ្លងកាត់ វានឹងជាន់ឈ្លីនៅក្រោមជើង ហើយហែកឲ្យទៅជាដុំៗ ហើយគ្មានអ្នកណាអាចដោះលែងបានឡើយ។
១៧ដៃរបស់អ្នករាល់គ្នានឹងត្រូវបានលើកឡើងវាយមារសត្រូវទាំងឡាយរបស់អ្នក ហើយពួកខ្មាំងសត្រូវរបស់អ្នកទាំងអស់នឹងត្រូវកាត់កាល់ចេញ។
១៨ហើយយើងនឹងប្រមូលរាស្ត្រយើង បីដូចជាមនុស្សម្នាក់ប្រមូលកណ្ដាប់ស្រូវដាក់ក្នុងជង្រុក។
១៩ត្បិតយើងនឹងធ្វើឲ្យរាស្ត្រយើង ដែលព្រះវរបិតាទ្រង់បានធ្វើសេចក្ដីសញ្ញាជាមួយ មែនហើយ យើងនឹងធ្វើឲ្យស្នែងអ្នករាល់គ្នាបានទៅជាដែក ហើយយើងនឹងធ្វើឲ្យក្រចកអ្នករាល់គ្នាបានទៅជាលង្ហិន។ ហើយអ្នករាល់គ្នានឹងវាយរាស្ត្រឯទៀតឲ្យខ្ទេចខ្ទីជាកំណាត់ ហើយយើងនឹងថ្វាយផលប្រយោជន៍របស់គេដល់ព្រះអម្ចាស់ និងទ្រព្យសម្បត្តិរបស់គេដល់ព្រះអម្ចាស់នៃផែនដីទាំងមូល។ ហើយមើលចុះ គឺយើងនេះហើយដែលធ្វើការនេះ។
២០ហើយហេតុការណ៍នឹងកើតឡើងថា ព្រះវរបិតាទ្រង់មានព្រះបន្ទូលថា ដាវយុត្តិធម៌របស់យើងនឹងព្យួរនៅលើពួកគេនៅថ្ងៃនោះ ហើយលើកលែងពួកគេប្រែចិត្ត បើពុំនោះសោតទេ ដាវនោះនឹងធ្លាក់មកលើពួកគេ ព្រះវរបិតាទ្រង់មានព្រះបន្ទូលថា មែនហើយ ទាំងធ្លាក់មកលើសាសន៍ទាំងអស់នៃពួកសាសន៍ដទៃ។
២១ហើយហេតុការណ៍បានកើតឡើងថា ឱវង្សអ៊ីស្រាអែលអើយ គឺយើងនឹងតាំងរាស្ត្រយើងឡើង។
២២ហើយមើលចុះ ប្រជាជននេះហើយដែលយើងនឹងតាំងឡើងនៅលើដែនដីនេះ ចំពោះការបំពេញនូវសេចក្ដីសញ្ញាដែលយើងបានធ្វើជាមួយនឹងពួកអយ្យកោអ្នក គឺយ៉ាកុប ហើយដែនដីនេះនឹងទៅជាក្រុងយេរូសាឡិមថ្មីមួយ។ ហើយអំណាចទាំងឡាយនៃស្ថានសួគ៌ នឹងមាននៅកណ្ដាលប្រជាជននេះ មែនហើយ សូម្បីតែយើងក៏នឹងនៅកណ្ដាលអ្នករាល់គ្នាដែរ។
២៣មើលចុះ គឺយើងនេះហើយដែលលោកម៉ូសេមានប្រសាសន៍ថា ៖ មានព្យាការីម្នាក់ដែលព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នានឹងបង្កើតឡើងដល់អ្នករាល់គ្នា ពីពួកបងប្អូនរាល់គ្នាមក ឲ្យដូចខ្ញុំ លោកនោះហើយដែលអ្នករាល់គ្នាត្រូវស្ដាប់តាមគ្រប់ការណ៍ទាំងអស់ ដែលលោកនឹងប្រាប់ដល់អ្នក។ ហើយហេតុការណ៍បានកើតឡើងថា អ្នកណាដែលមិនព្រមស្ដាប់តាមព្យាការីនោះទេ នោះនឹងត្រូវកាត់កាលចេញពីចំណោមប្រជាជន។
២៤យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា មែនហើយ អស់ទាំងព្យាការី ចាប់តាំងពីសាំយូអែល និងពួកដែលមកតាមក្រោយទាំងប៉ុន្មាន ដូចដែលបាននិយាយ គឺបានធ្វើបន្ទាល់អំពីយើង។
២៥ហើយមើលចុះ អ្នករាល់គ្នាគឺជាកូនចៅនៃពួកព្យាការី ហើយអ្នករាល់គ្នាគឺជាវង្សអ៊ីស្រាអែល ហើយអ្នករាល់គ្នានៅក្នុងសេចក្ដីសញ្ញា ដែលព្រះវរបិតាទ្រង់បានធ្វើជាមួយនឹងពួកអយ្យកោអ្នក ដោយព្រះបន្ទូលទៅលោកអ័ប្រាហាំថា ៖ ដោយសារពូជអ្នក នោះគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងបានពរ។
២៦ព្រះវរបិតា ដោយបានប្រោសយើងឲ្យរស់ឡើងវិញដល់អ្នករាល់គ្នាមុនគេបង្អស់ ហើយបានចាត់ឲ្យយើងមកប្រទានពរដល់អ្នករាល់គ្នា ក្នុងការនាំអ្នករាល់គ្នាគ្រប់រូបចេញពីអំពើទុច្ចរិតរបស់ខ្លួន ការនេះគឺមកពីអ្នករាល់គ្នាជាកូនចៅក្នុងសេចក្ដីសញ្ញា —
២៧ហើយបន្ទាប់ពីអ្នករាល់គ្នាបានពរហើយ នោះព្រះវរបិតានឹងបំពេញសេចក្ដីសញ្ញា ដែលទ្រង់បានធ្វើជាមួយនឹងលោកអ័ប្រាហាំដែលថា ៖ ដោយសារពូជអ្នក នោះគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងបានពរ — គឺដោយចាក់ស្រោចព្រះវិញ្ញាណបរិសុទ្ធ តាមរយៈយើងទៅលើពួកសាសន៍ដទៃ គឺជាព្រះពរទៅលើពួកសាសន៍ដទៃ ដែលនឹងធ្វើឲ្យគេខ្លាំងពូកែជាងរាស្ត្រឯទៀតចំពោះការកម្ចាត់រាស្ត្រយើង ឱវង្សអ៊ីស្រាអែលអើយ។
២៨ហើយពួកគេនឹងទៅជារំពាត់ដល់ប្រជាជននៅដែនដីនេះ។ ទោះជាយ៉ាងណាក៏ដោយ គង់តែកាលណាពួកគេបានទទួលនូវភាពពោរពេញនៃដំណឹងល្អរបស់យើងហើយ ពេលនោះ បើសិនជាពួកគេធ្វើចិត្តរឹងរូសទាស់នឹងយើង នោះយើងនឹងបង្វិលអំពើទុច្ចរិតរបស់គេមកលើក្បាលគេវិញ គឺព្រះវរបិតាទ្រង់មានព្រះបន្ទូលថាដូច្នោះ។
២៩ហើយយើងនឹងនឹកចាំដល់សេចក្ដីសញ្ញា ដែលយើងបានធ្វើជាមួយនឹងរាស្ត្រយើង ហើយយើងបានធ្វើសេចក្ដីសញ្ញាជាមួយនឹងពួកគេ ថាយើងនឹងប្រមូលពួកគេ តាមពេលដែលយើងកំណត់ថា យើងនឹងប្រគល់ដល់គេវិញនូវដែនដីនៃពួកអយ្យកោគេទុកជាមរតក គឺជាដែនដីយេរូសាឡិម ដែលជាដែនដីសន្យាសម្រាប់គេរៀងរហូត គឺព្រះវរបិតាទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៣០ហើយហេតុការណ៍នឹងកើតឡើងថា ពេលនោះនឹងមកដល់ កាលភាពពោរពេញនៃដំណឹងល្អរបស់យើង នឹងត្រូវបានផ្សាយដល់ពួកគេ
៣១ហើយពួកគេនឹងជឿដល់យើង ថាយើងជាព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ ហើយនឹងអធិស្ឋានដល់ព្រះវរបិតាដោយនូវនាមយើង។
៣២នៅពេលនោះ ពួកអ្នកយាមរបស់ពួកគេនឹងបន្លឺសំឡេងឡើង ហើយគេនឹងច្រៀងព្រមគ្នា ត្បិតពួកគេនឹងយល់ឃើញព្រមព្រៀងគ្នា។
៣៣នៅពេលនោះ ព្រះវរបិតាទ្រង់នឹងប្រមូលពួកគេមកវិញ ហើយនឹងប្រគល់ក្រុងយេរូសាឡិមដល់ពួកគេទុកជាដែនដីនៃកេរ្តិ៍អាកររបស់គេ។
៣៤នៅពេលនោះ គេនឹងធ្លាយទៅក្នុងសេចក្ដីអំណរ — ឱទីស្ងាត់ជ្រងំនៃក្រុងយេរូសាឡិមអើយ ចូរច្រៀងព្រមគ្នាឡើង ត្បិតព្រះវរបិតាទ្រង់បានកម្សាន្ដរាស្ត្រព្រះអង្គហើយ គឺទ្រង់បានប្រោសលោះក្រុងយេរូសាឡិម។
៣៥ព្រះវរបិតាទ្រង់បានលាតព្រះពាហុដ៏បរិសុទ្ធរបស់ទ្រង់ នៅភ្នែកនៃគ្រប់ទាំងសាសន៍ ហើយគ្រប់ទាំងចុងផែនដីនេះ នឹងឃើញសេចក្ដីសង្គ្រោះនៃព្រះវរបិតា ហើយព្រះវរបិតា និងយើង គឺតែមួយ។
៣៦ហើយនៅពេលនោះ អ្វីៗដែលបានកត់ត្រាទុកនឹងកើតឡើងដែលថា ៖ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ឱក្រុងស៊ីយ៉ូនអើយ ចូរពាក់កម្លាំងរបស់អ្នក ឱយេរូសាឡិមជាទីក្រុងបរិសុទ្ធអើយ ចូរប្រដាប់ដោយសំលៀកបំពាក់ដ៏រុងរឿងរបស់អ្នកចុះ ត្បិតពីនេះទៅមុខនឹងគ្មានពួកមិនកាត់ស្បែក ឬពួកស្មោកគ្រោកចូលមកក្នុងអ្នកទៀតឡើយ។
៣៧ចូររលាស់ខ្លួនចេញពីធូលីដី ឱក្រុងយេរូសាឡិមអើយ ចូរក្រោកអង្គុយឡើង ឱកូនស្រីនៃក្រុងស៊ីយ៉ូន ដែលជាឈ្លើយអើយ ចូរដោះចំណងពីកអ្នកចេញ។
៣៨ត្បិតព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ អ្នករាល់គ្នាបានត្រូវលក់ខ្លួនឥតយកថ្លៃ ហើយអ្នករាល់គ្នានឹងបានលោះមកវិញឥតបង់ប្រាក់ដែរ។
៣៩ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា រាស្ត្រយើងនឹងស្គាល់នាមយើង មែនហើយ នៅថ្ងៃនោះពួកគេនឹងស្គាល់ថា គឺយើងនេះហើយដែលបាននិយាយ។
៤០ហើយនៅពេលនោះ ពួកគេនឹងនិយាយថា ៖ ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមកដល់ពួកគេ ហើយប្រកាសប្រាប់ពីសេចក្ដីសុខសាន្ត ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ ដែលជាអ្នកពោលដល់ក្រុងស៊ីយ៉ូនថា ៖ ព្រះនៃអ្នកទ្រង់សោយរាជ្យ!
៤១ហើយនៅពេលនោះ នឹងមានសម្រែកមួយស្រែកឡើងថា ៖ ចូរចេញទៅ ចូរចេញទៅ ចូរឲ្យអ្នករាល់គ្នាចេញពីទីនេះទៅចុះ ចូរកុំពាល់អ្វីដែលមិនស្អាតឡើយ ចូរចេញពីកណ្ដាលទីក្រុងនេះទៅ ឱពួកអ្នកដែលលើកយកគ្រឿងនៃព្រះអម្ចាស់អើយ ចូរញែកខ្លួនចេញជាស្អាតចុះ។
៤២ត្បិតអ្នករាល់គ្នានឹងពុំត្រូវចេញទៅដោយរួសរាន់ ឬក៏រត់គេចឡើយ ត្បិតព្រះអម្ចាស់ទ្រង់នឹងយាងទៅខាងមុខអ្នករាល់គ្នា ឯព្រះនៃសាសន៍អ៊ីស្រាអែលនឹងនៅពីខាងក្រោយអ្នក។
៤៣មើលចុះ អ្នកបម្រើរបស់យើងនឹងប្រព្រឹត្តដោយប្រុងប្រយ័ត្ន ទ្រង់នឹងបានតម្កើងឡើង និងសរសើរ ហើយនឹងបានខ្ពស់បំផុត។
៤៤មានមនុស្សជាច្រើនប៉ុណ្ណាបានត្រូវស្រឡាំងកាំងដោយឃើញទ្រង់ — ព្រះភក្ត្រទ្រង់ត្រូវខូចទៅខុសជាងមនុស្សនានា ហើយរាងកាយទ្រង់ក៏ខុសនឹងរាងកាយរបស់កូនចៅមនុស្សទាំងឡាយផង —
៤៥នោះទ្រង់នឹងព្រួសលើសាសន៍ជាច្រើនប៉ុណ្ណោះដែរ ពួកមហាក្សត្រនឹងបិទមាត់ នៅចំពោះទ្រង់ ត្បិតគេនឹងឃើញការណ៍ ដែលឥតមានអ្នកណាប្រាប់ដល់គេឡើយ ហើយសេចក្ដីដែលគេមិនបានឮថ្លែងប្រាប់មកសោះ នោះគេនឹងបានយល់ច្បាស់វិញ។
៤៦ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ការណ៍ទាំងអស់នេះនឹងកើតមានឡើងយ៉ាងពិតប្រាកដ គឺដូចដែលព្រះវរបិតា ទ្រង់បានបញ្ជាដល់យើង។ នោះសេចក្ដីសញ្ញាដែលព្រះវរបិតា ទ្រង់បានធ្វើជាមួយនឹងរាស្ត្រព្រះអង្គនឹងត្រូវបានបំពេញ ហើយនៅពេលនោះក្រុងយេរូសាឡិមនឹងមានមនុស្សនៅទៀតដោយរាស្ត្រយើង ហើយនឹងទៅជាដែនដីនៃកេរ្តិ៍អាកររបស់ពួកគេ៕