គម្ពីរអេណុស
ជំពូកទី ១
អេណុសអធិស្ឋានអស់ពីសមត្ថភាព ហើយបានទទួលការផ្ដាច់បាបទាំងឡាយរបស់លោក — សំឡេងនៃព្រះអម្ចាស់ចូលមកក្នុងគំនិតលាក ដោយសន្យាថា នឹងផ្ដល់នូវសេចក្ដីសង្គ្រោះដល់ពួកសាសន៍លេមិននៅពេលអនាគត — ពួកសាសន៍នីហ្វៃបានស្វែងរកជួយពួកសាសន៍លេមិន — អេណុសអររីករាយនៅក្នុងព្រះដ៏ប្រោសលោះរបស់លោក។ ប្រមាណជាឆ្នាំ ៤២០ ម.គ.ស.។
១មើលចុះ ហេតុការណ៍បានកើតឡើងថា ខ្ញុំ អេណុស ដឹងថា ឪពុកខ្ញុំជាមនុស្សសុចរិត — ព្រោះលោកបានបង្រៀនខ្ញុំតាមភាសារបស់លោក និងតាមដំបូន្មាន និងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់ — ហើយសូមឲ្យព្រះនាមនៃព្រះរបស់ខ្ញុំបានប្រកបដោយព្រះពរចំពោះរឿងនេះចុះ —
២ហើយខ្ញុំនឹងប្រាប់អ្នករាល់គ្នា អំពីការពុះពារដែលខ្ញុំបានធ្វើទៅចំពោះព្រះ នៅមុនពេលខ្ញុំបានទទួលការផ្ដាច់បាបទាំងឡាយរបស់ខ្ញុំ។
៣មើលចុះ ខ្ញុំបានទៅបរបាញ់សត្វនៅក្នុងព្រៃ ហើយពាក្យទាំងឡាយដែលខ្ញុំតែងបានឮឪពុកខ្ញុំនិយាយជាញឹកញាប់អំពីជីវិតដ៏នៅអស់កល្បជានិច្ច និងសេចក្ដីអំណរនៃពួកបរិសុទ្ធ បានជ្រួតជ្រាបទៅក្នុងដួងចិត្តខ្ញុំ។
៤ហើយព្រលឹងខ្ញុំស្រេកឃ្លាន ហើយខ្ញុំបានលុតជង្គង់ចុះនៅចំពោះព្រះដែលបង្កើតខ្ញុំ ហើយខ្ញុំបានអំពាវនាវដល់ព្រះអង្គដោយការអធិស្ឋាន និងការទូលអង្វរដ៏ខ្លាំងសម្រាប់ព្រលឹងខ្ញុំផ្ទាល់ ហើយខ្ញុំបានអំពាវនាវដល់ព្រះអង្គអស់ពេញមួយថ្ងៃ មែនហើយ ហើយដល់ ពេលយប់ ខ្ញុំបានស្រែកអំពាវនាវយ៉ាងខ្លាំង លុះត្រាបានឮដល់ស្ថានសួគ៌។
៥ហើយស្រាប់តែមានសំឡេងបន្លឺមកខ្ញុំថា ៖ អេណុស បាបទាំងឡាយរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ ហើយអ្នកនឹងបានពរ។
៦ហើយខ្ញុំ អេណុស ដឹងថា ព្រះពុំកុហកឡើយ ហេតុដូច្នោះហើយ ទោសរបស់ខ្ញុំបានបំបាត់ចោលទៅ។
៧ហើយខ្ញុំបានទូលថា ៖ ឱព្រះអម្ចាស់អើយ ចុះតើការណ៍នេះបានធ្វើយ៉ាងណាទៅ?
៨ហើយទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ ពីព្រោះមកពីសេចក្ដីជំនឿដែលអ្នកមានដល់ព្រះគ្រីស្ទ ដែលអ្នកពុំដែលបានឮ ឬឃើញពីមុនមកឡើយ។ ហើយច្រើនឆ្នាំនឹងកន្លងផុតទៅ មុនទ្រង់នឹងសម្ដែងរូបអង្គទ្រង់នៅក្នុងសាច់ឈាម ហេតុដូច្នោះហើយ ចូរអ្នកទៅចុះ សេចក្ដីជំនឿរបស់អ្នកបានជួយសង្គ្រោះអ្នកហើយ។
៩ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលខ្ញុំឮពាក្យទាំងនេះហើយ នោះខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ប្រាថ្នាចង់បានសុខុមាលភាពដល់បងប្អូនខ្ញុំ ជាពួកសាសន៍នីហ្វៃ ហេតុដូច្នោះហើយ ខ្ញុំបានប្លុងព្រលឹងខ្ញុំទាំងមូលទៅព្រះដើម្បីពួកគេ។
១០ហើយនៅពេលខ្ញុំកំពុងសញ្ជឹងក្នុងវិញ្ញាណ មើលចុះ សំឡេងនៃព្រះអម្ចាស់បានចូលមកក្នុងគំនិតខ្ញុំទៀតថា ៖ យើងនឹងពិនិត្យពិច័យបងប្អូនអ្នក ស្របតាមសេចក្ដីព្យាយាមរបស់ពួកគេក្នុងការកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង។ យើងបានប្រទានដែនដីនេះដល់ពួកគេ ហើយគឺជាដែនដីបរិសុទ្ធ ហើយយើងនឹងពុំដាក់បណ្ដាសាទេ លើកលែងតែមកពីអំពើទុច្ចរិត ហេតុដូច្នោះហើយ យើងនឹងពិនិត្យពិច័យដល់បងប្អូនអ្នក ដូចដែលយើងបានពោលមកហើយនោះ ឯការរំលងទាំងឡាយរបស់ពួកគេ យើងនឹងទម្លាក់ចុះដោយនូវសេចក្ដីសោកសៅ ទៅលើក្បាលពួកគេ។
១១ហើយបន្ទាប់ពីខ្ញុំ អេណុស បានឮពាក្យទាំងនេះរួចហើយ នោះសេចក្ដីជំនឿរបស់ខ្ញុំ ក៏ខ្ជាប់ខ្ជួនទៅលើព្រះអម្ចាស់ ហើយខ្ញុំបានអធិស្ឋានដល់ព្រះអង្គយ៉ាងយូរ ដើម្បីបងប្អូនរបស់ខ្ញុំ គឺពួកសាសន៍លេមិន។
១២ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីខ្ញុំបានអធិស្ឋាន ហើយធ្វើការដោយអស់ពីចិត្ត នោះព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ យើងនឹងប្រទានដល់អ្នក ស្របតាមសេចក្ដីប៉ងប្រាថ្នាទាំងឡាយរបស់អ្នក ដោយសារសេចក្ដីជំនឿរបស់អ្នក។
១៣ហើយឥឡូវនេះ មើលចុះ នេះគឺជាសេចក្ដីប៉ងប្រាថ្នាដែលខ្ញុំបានប្រាថ្នាពីព្រះអង្គ — ថាប្រសិនបើប្រជាជនរបស់ខ្ញុំ គឺសាសន៍នីហ្វៃ ត្រូវធ្លាក់ទៅក្នុងការរំលង ហើយត្រូវបំផ្លាញចោលដោយមធ្យោបាយណាមួយ រីឯពួកសាសន៍លេមិនបែរជាពុំត្រូវបានបំផ្លាញទៅវិញ នោះសូមឲ្យព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់រក្សាបញ្ជីនៃប្រជាជនខ្ញុំ គឺសាសន៍នីហ្វៃ គឺប្រសិនបើដោយព្រះចេស្ដានៃព្រះពាហុដ៏បរិសុទ្ធរបស់ព្រះអង្គក៏ដោយ ក៏សូមឲ្យបញ្ជីនោះបានយកចេញមកផ្សាយក្នុងពេលអនាគតដល់ពួកសាសន៍លេមិន ដើម្បីក្រែងពួកគេអាចបាននាំមកឯសេចក្ដីសង្គ្រោះ —
១៤ព្រោះនៅបច្ចុប្បន្នកាលនេះ ការប្រឹងប្រែងរបស់យើងបានទៅជាអសារឥតការក្នុងការនាំពួកគេមករកសេចក្ដីជំនឿដ៏ត្រឹមត្រូវវិញ។ ហើយពួកគេបានស្បថនៅក្នុងកំហឹងថា បើមានលទ្ធភាព ពួកគេនឹងបំផ្លាញបញ្ជីរបស់ពួកយើង និងពួកយើងចោលព្រមទាំងទំនៀមទម្លាប់ទាំងឡាយរបស់ពួកអយ្យកោយើងចោលផង។
១៥ហេតុដូច្នោះហើយ ខ្ញុំ ដោយដឹងថា ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់អាចថែរក្សាបញ្ជីរបស់ពួកយើងបាន នោះខ្ញុំអំពាវនាវដល់ព្រះអង្គឥតឈប់ឈរ ព្រោះព្រះអង្គទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ អ្វីក៏ដោយ ដែលអ្នកសូមដោយសេចក្ដីជំនឿ ដោយជឿថា អ្នកនឹងបានទទួលដោយនូវព្រះនាមនៃព្រះគ្រីស្ទ អ្នកនឹងបានទទួលជាមិនខានឡើយ។
១៦នោះខ្ញុំមានសេចក្ដីជំនឿ ហើយខ្ញុំបានអំពាវនាវដល់ព្រះ សូមឲ្យព្រះអង្គថែរក្សាបញ្ជីទាំងឡាយ ហើយទ្រង់បានធ្វើសេចក្ដីសញ្ញានឹងខ្ញុំថា ព្រះអង្គនឹងនាំយកបញ្ជីទាំងនោះទៅផ្សាយដល់ពួកសាសន៍លេមិន នៅពេលកំណត់របស់ទ្រង់។
១៧ហើយខ្ញុំ អេណុស បានដឹងថា រឿងនេះនឹងកើតឡើង ស្របតាមសេចក្ដីសញ្ញាដែលទ្រង់បានធ្វើ ហេតុដូច្នោះហើយ ព្រលឹងខ្ញុំក៏បានស្ងប់ស្ងៀមទៅ។
១៨ហើយព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ ពួកអយ្យកោរបស់អ្នកក៏បានសូមដល់យើងអំពីរឿងនេះដែរ ហើយសំណូមពររបស់ពួកគេ នឹងបានសម្រេចដោយសេចក្ដីជំនឿរបស់ពួកគេ ត្បិតសេចក្ដីជំនឿរបស់ពួកគេ ក៏ដូចជាសេចក្ដីជំនឿរបស់អ្នកដែរ។
១៩ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ខ្ញុំ អេណុស បានធ្វើដំណើរនៅក្នុងចំណោមប្រជាជននីហ្វៃព្យាករអំពីរឿងដែលនឹងមកដល់ ហើយធ្វើបន្ទាល់អំពីរឿងទាំងឡាយ ដែលខ្ញុំបានឮ ហើយបានឃើញមក។
២០ហើយខ្ញុំធ្វើបន្ទាល់ថា ប្រជាជននីហ្វៃបានព្យាយាមស្វែងរកផ្លូវ ដើម្បីតម្រែតម្រង់ពួកសាសន៍លេមិនឡើងវិញឲ្យទៅតាមសេចក្ដីជំនឿដ៏ពិតដល់ព្រះ។ ប៉ុន្តែការខំប្រឹងប្រែងរបស់ពួកយើង បែរជាឥតប្រយោជន៍ទៅវិញ សេចក្ដីស្អប់របស់ពួកគេពុំប្រែប្រួលសោះឡើយ ហើយពួកគេត្រូវបានដឹកនាំដោយចរិតអាក្រក់របស់ពួកគេឲ្យក្លាយទៅជាព្រៃផ្សៃ ហើយកាចសាហាវ ហើយជាជនជាតិ ដែលស្រេកឈាម ពោរពេញទៅដោយការគោរពរូបព្រះ និងអំពើស្មោកគ្រោក ចិញ្ចឹមជីវិតដោយសត្វព្រៃ អាស្រ័យរស់នៅក្នុងត្រសាល ហើយដើររសាត់ព្រាត់នៅក្នុងទីរហោស្ថានដោយស្លៀកប៉ឹងស្បែកដ៏ខ្លីមួយនៅចង្កេះ ហើយក្បាលត្រងោល ឯថ្វីដៃរបស់គេ គឺនៅលើការប្រើធ្នូ និងដាវ និងពូថៅ។ ហើយពួកគេច្រើន ពុំបរិភោគអ្វីក្រៅពីសាច់ឆៅនោះទេ ហើយពួកគេស្វែងរកបំផ្លាញពួកយើងពុំមានឈប់ឈរសោះ។
២១ហើយហេតុការណ៍បានកើតឡើងថា ប្រជាជននីហ្វៃ បានភ្ជួររាស់ដី ហើយដាំស្រូវ និងផ្លែឈើគ្រប់យ៉ាង ហើយចិញ្ចឹមសត្វទាំងហ្វូងៗ និងហ្វូងគោក្របីគ្រប់មុខ ព្រមទាំងពពែ និងពពែព្រៃ និងសេះជាច្រើនផង។
២២ហើយមានព្យាការីជាច្រើនណាស់នៅក្នុងចំណោមពួកយើង។ ឯប្រជាជនជាប្រជាជនរឹងចចេសកម្រយល់។
២៣ហើយគ្មានអ្វីក្រៅពីការតឹងតែង ការប្រកាសប្រដៅ និងពាក្យព្យាករណ៍អំពីសង្គ្រាមទាំងឡាយ និងការទាស់ទែងគ្នាទាំងឡាយ និងការបំផ្លិចបំផ្លាញទាំងឡាយ និងការរំឭកពួកគេជាញយៗ អំពីសេចក្ដីស្លាប់ និងដំណើរអមត និងសេចក្ដីជំនុំជំរះទាំងឡាយ និងព្រះចេស្ដានៃព្រះ និងគ្រប់ការណ៍ទាំងអស់នេះ — រំជួលដាស់ពួកគេឥតឈប់ឈរ ដើម្បីធ្វើឲ្យពួកគេកោតខ្លាចដល់ព្រះអម្ចាស់។ ខ្ញុំសូមនិយាយថា គ្មានអ្វីក្រៅពីរឿងទាំងនេះ ហើយដោយវាចាដ៏ច្បាស់លាស់ ដែលនឹងឃាឃាំងកុំឲ្យពួកគេធ្លាក់យ៉ាងលឿនទៅក្នុងសេចក្ដីបំផ្លិចបំផ្លាញ។ ហើយដោយរបៀបនេះហើយដែលខ្ញុំសរសេរអំពីពួកគេ។
២៤ហើយខ្ញុំបានឃើញសង្គ្រាមទាំងឡាយរវាងពួកសាសន៍នីហ្វៃនឹងពួកសាសន៍លេមិន នៅក្នុងដំណើរនៃជីវិតរបស់ខ្ញុំ។
២៥ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានចាប់ផ្ដើមមានវ័យចំណាស់ចាស់ ហើយរយៈពេលមួយរយចិតសិបប្រាំបួនឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីពេលដែលលីហៃ ជាអយ្យកោរបស់យើងបានចាកចេញពីក្រុងយេរូសាឡិមមក។
២៦ហើយខ្ញុំបានឃើញថា ជិតដល់ពេលខ្ញុំចុះទៅក្នុងផ្នូររបស់ខ្ញុំហើយ ដោយព្រះចេស្ដានៃព្រះបានសណ្ឋិតមកលើខ្ញុំថា ខ្ញុំត្រូវផ្សាយ ហើយព្យាករដល់ប្រជាជននេះ ហើយថ្លែងនូវពាក្យពេចន៍ស្របតាមសេចក្ដីពិតដែលមាននៅក្នុងព្រះគ្រីស្ទ។ ហើយខ្ញុំបានថ្លែងពាក្យពិតនោះអស់មួយជីវិតរបស់ខ្ញុំ ហើយបានអររីករាយក្នុងកិច្ចការនេះ លើកិច្ចការណាៗទាំងអស់នៅក្នុងលោកនេះ។
២៧ហើយនៅមិនយូរប៉ុន្មានទេ ខ្ញុំនឹងទៅរកទីសម្រាករបស់ខ្ញុំហើយ គឺជាទីជាមួយនឹងព្រះដ៏ប្រោសលោះរបស់ខ្ញុំ ព្រោះខ្ញុំដឹងថា ខ្ញុំនឹងសម្រាកនៅក្នុងព្រះអង្គ។ ហើយខ្ញុំអររីករាយនៅក្នុងថ្ងៃដែលជីវិតរបស់ខ្ញុំនេះ នឹងបានប្រដាប់ដោយអមតភាព ហើយនឹងឈរនៅចំពោះព្រះអង្គ ខណៈនោះ ខ្ញុំនឹងបានឃើញព្រះភក្ត្រទ្រង់ដោយសេចក្ដីសោមនស្ស ហើយព្រះអង្គនឹងមានព្រះបន្ទូលមកខ្ញុំថា ៖ ចូរមករកយើងចុះ អ្នកមានពរហើយ មានទីកន្លែងមួយដែលបានរៀបចំសម្រាប់អ្នក នៅក្នុងវិមានរបស់ព្រះវរបិតាយើង។ អាម៉ែន៕ :៚