ព្រះគម្ពីរ
ម៉ូសាយ 15


ជំពូក​ទី ១៥

ពី​របៀប​ដែល​ព្រះ​គ្រីស្ទ​ជា​ព្រះ​វរបិតា និង​ជា​ព្រះ​រាជ​បុត្រា — ទ្រង់​នឹង​ជួយ​អង្វរ ហើយ​ទទួល​រង​ទោស​នៃ​អំពើ​រំលង​ទាំង​ឡាយ នៃ​រាស្ត្រ​ទ្រង់ — ពួក​គេ និង​អស់​ទាំង​ពួក​ព្យាការី​ដ៏​បរិសុទ្ធ គឺជា​ពូជ​របស់​ទ្រង់ — ទ្រង់​នឹង​នាំ​មក​នូវ​ដំណើរ​រស់​ឡើង​វិញ — កូន​ក្មេង​តូច​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ ប្រមាណ​ជា​ឆ្នាំ ១៤៨ ម.គ.ស.។

ហើយ​ឥឡូវ​នេះ អ័ប៊ីណាដៃ​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា ៖ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​យល់​ថា ព្រះ​អង្គ​ទ្រង់​ផ្ទាល់​នឹង​យាង​ចុះ​មក​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ហើយ​ទ្រង់​នឹង​ប្រោស​លោះ​រាស្ត្រ​ទ្រង់។

ហើយ​ពី​ព្រោះ​ទ្រង់​គង់នៅ​ក្នុង​សាច់ឈាម នោះ​ទ្រង់​នឹង​ត្រូវ​ឲ្យ​ព្រះ​នាម​ថា ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ហើយ​ដោយ​ចាត់​សាច់​ឈាម​ទុក​នៅ​ក្រោម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា នោះ​គឺជា​ព្រះ​វរបិតា ហើយ​ជា​ព្រះ​រាជ​បុត្រា —

ជា​ព្រះ​វរបិតា ពី​ព្រោះ​ទ្រង់​ចាប់​កំណើត​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ ហើយ​ជា​ព្រះ​រាជ​បុត្រា ដោយ​មក​ពី​សាច់ឈាម ម្ល៉ោះ​ហើយ ទើប​ក្លាយ​ទៅ​ជា​ព្រះ​វរបិតា ហើយ​ជា​ព្រះ​រាជ​បុត្រា​ដែរ —

ហើយ​ទាំង​ពីរ គឺជា​ព្រះ​តែមួយ មែន​ហើយ គឺ​ព្រះ​វរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច នៃ​ផ្ទៃ​មេឃ និង​ផែនដី។

ម្ល៉ោះ​ហើយ សាច់ឈាម​នឹង​នៅ​ក្រោម​អំណាច​នៃ​ព្រះ​វិញ្ញាណ ឬ​ព្រះ​រាជ​បុត្រា​នៅ​ក្រោម​អំណាច​ព្រះ​វរបិតា ជា​ព្រះ​តែមួយ ទ្រង់​ទ្រាំទ្រ​ការ​ល្បួង ហើយ​ពុំ​ចុះ​ចាញ់​ការ​ល្បួង​ឡើយ តែ​ទ្រង់​ស៊ូទ្រាំ​ឲ្យ​រាស្ត្រ​ទ្រង់​ចំអកឡកឡឺយ និង​វាយ ហើយ​បណ្ដេញ​ចេញ ព្រម​ទាំង​មិន​ទទួល​ស្គាល់​ទៀត។

ហើយ​បន្ទាប់​ពី​ការណ៍​អស់​ទាំង​នេះ បន្ទាប់​ពី​បាន​សម្ដែង​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស នោះ​ទ្រង់​នឹង​ត្រូវ​ដឹក មែន​ហើយ ដូច​ជា​លោក​អេសាយ​បាន​និយាយ​ថា ដូច​ជា​ចៀម​ដែល​គ​នៅ​ខាង​មុខ​អ្នក​កាត់​រោម ដោយ​ពុំ​ហើប​មាត់​ឡើយ។

មែន​ហើយ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គង់តែ​ទ្រង់​ត្រូវ​គេ​ដឹក ត្រូវ​គេ​ឆ្កាង ហើយ​ត្រូវ​គេ​ធ្វើ​គ​ត ឯ​សាច់ឈាម​ត្រូវ​នៅ​ក្រោម អំណាច​នៃ​សេចក្ដី​ស្លាប់ គឺ​ព្រះ​ហឫទ័យ​នៃ​ព្រះ​រាជ​បុត្រា ត្រូវ​លេប​ដណ្ដប់​នៅ​ក្នុង​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា។

ម្ល៉ោះ​ហើយ ព្រះ​ទ្រង់​បាន​ផ្ដាច់​ចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់ ដោយ​បាន​ឈ្នះ​លើ​សេចក្ដី​ស្លាប់ ដោយ​បាន​ប្រទាន​ព្រះ​ចេស្ដា​ដល់​ព្រះ​រាជ​បុត្រា​សម្រាប់​អង្វរ​ជំនួស​កូន​ចៅ​មនុស្ស —

ដោយ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌ ដោយ​មាន​ចិត្ត​ក្ដួល​មេត្តា ពោរ​ពេញ​ទៅ​ដោយ​ចិត្ត​ប្រោសប្រណី​ដល់​កូន​ចៅ​មនុស្ស ឈរ​នៅ​ចន្លោះ​ពួក​គេ​នឹង​សេចក្ដី​យុត្តិធម៌ ដោយ​បាន​ផ្ដាច់​ចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់ បាន​ទទួល​មក​លើ​អង្គ​ទ្រង់​នូវ​អំពើ​ទុច្ចរិត​របស់​គេ និង​អំពើ​រំលង​ទាំង​ឡាយ​របស់​គេ បាន​ប្រោស​លោះ​ពួក​គេ ហើយ​បាន​បំពេញ​ការ​ទាមទារ​ទាំង​ឡាយ​នៃ​សេចក្ដី​យុត្តិធម៌។

១០ហើយ​ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា តើ​អ្នក​ណា​នឹង​ប្រកាស​ប្រាប់​សម័យ​ជំនាន់​ទ្រង់? មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា កាល​ព្រលឹង​ទ្រង់​ត្រូវ​បាន​យក​ទៅ​ថ្វាយ​ជា​យញ្ញ​បូជា​ជំនួស​អំពើ​បាប នោះ​ទ្រង់​នឹង​ទត​ឃើញ​ពូជ​ទ្រង់​ហើយ។ ហើយ​ឥឡូវ​នេះ តើ​អ្នក​រាល់​គ្នា​ថា​ដូច​ម្ដេច? ហើយ​តើ​អ្នក​ណា​នឹង​បាន​ទៅ​ជា​ពូជ​ទ្រង់?

១១មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អស់​អ្នក​ណា​ដែល​បាន​ស្ដាប់​តាម​ពាក្យ​សម្ដី​នៃ​ពួក​ព្យាការី មែន​ហើយ គឺ​អស់​ទាំង​ពួក​ព្យាការី​ដ៏​បរិសុទ្ធ ដែល​បាន​ព្យាករ​អំពី​ការ​យាង​មក​នៃ​ព្រះ​អម្ចាស់ — ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អស់​អ្នក​ណា​ដែល​បាន​ប្រុង​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ពួក​គេ ហើយ​ជឿ​ថា ព្រះ​អម្ចាស់​ទ្រង់​នឹង​ប្រោស​លោះ​រាស្ត្រ​ទ្រង់ ហើយ​ទន្ទឹង​ចាំ​ថ្ងៃ​នោះ ដែល​នឹង​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​គេ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​ទាំង​នេះ​ហើយ​ជា​ពូជ​របស់​ទ្រង់ ឬ​ពួក​គេ​ជា​អ្នក​គ្រង​នគរ​នៃ​ព្រះ​ទុកជា​មរតក។

១២ត្បិត​ពួក​គេ​ទាំង​នេះ​ហើយ​ដែល​ទ្រង់​បាន​ទទួល​រង​ទោស​នៃ​អំពើ​បាប​ទាំង​ឡាយ​របស់​គេ ពួក​គេ​នេះ​ហើយ​ដែល​ទ្រង់​បាន​សុគត​ជំនួស ដើម្បី​ប្រោស​លោះ​គេ​ឲ្យ​រួច​ផុត​ពី​អំពើ​រំលង​ទាំង​ឡាយ​របស់​គេ។ ហើយ​ឥឡូវ​នេះ តើ​ពួក​គេ​ពុំ​មែន​ជា​ពូជ​របស់​ទ្រង់​ទេ​ឬ​អី?

១៣មែន​ហើយ តើ​ពុំ​មែន​ពួក​ព្យាការី​គ្រប់​រូប​បាន​បើក​មាត់​ព្យាករ ដែល​ពុំ​ទាន់​ធ្លាក់​ទៅ​ក្នុង​អំពើ​រំលង គឺ​ខ្ញុំ​និយាយ​អំពី​អស់​ទាំង​ពួក​ព្យាការី​ដ៏​បរិសុទ្ធ ចាប់​តាំង​ពី​កំណើត​លោកិយ​នោះ​ឬ? ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ពួក​គេ​ជា​ពូជ​របស់​ទ្រង់​ហើយ។

១៤ហើយ​ពួក​គេ​នេះ​ហើយ​ដែល​បាន​ផ្សាយ​សេចក្ដី​សុខសាន្ត ជា​អ្នក​ដែល​បាន​នាំ​ដំណឹង​ល្អ​នៃ​ការ​ល្អ ជា​អ្នក​ដែល​បាន​ផ្សាយ​សេចក្ដី​សង្គ្រោះ ហើយ​បាន​និយាយ​ទៅ​ក្រុង​ស៊ីយ៉ូន​ថា ៖ ព្រះ​របស់​អ្នក ទ្រង់​សោយរាជ្យ​ហើយ!

១៥ហើយ ឱ​ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​ពួក​គេ​ដែល​ដើរ​លើ​ភ្នំ!

១៦ហើយ​មួយ​ទៀត ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​ពួក​អ្នក​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នៅ​តែ​ផ្សាយ​សេចក្ដី​សុខសាន្ត!

១៧ហើយ​មួយ​ទៀត ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​ពួក​អ្នក​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នឹង​ផ្សាយ​សេចក្ដី​សុខសាន្ត​ពី​ថ្ងៃ​នេះ​ត​ទៅ មែន​ហើយ ចាប់​ពី​ពេល​នេះ​ទៅ​មុខ ហើយ​ដរាប​ត​ទៅ!

១៨ហើយ​មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា នេះ​ពុំ​ទាន់​អស់​ទេ។ ត្បិត​ឱ​ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក នោះ​គឺ​ជា​ម្ចាស់​នៃ​សេចក្ដី​សុខសាន្ត មែន​ហើយ គឺជា​ព្រះ​អម្ចាស់​ដែល​បាន​ប្រោស​លោះ​រាស្ត្រ​ទ្រង់ មែន​ហើយ ទ្រង់​បាន​ប្រទាន​សេចក្ដី​សង្គ្រោះ​ដល់​រាស្ត្រ​ទ្រង់​ហើយ

១៩ព្រោះ​បើ​ពុំ​ដោយ​សារ​សេចក្ដី​ប្រោស​លោះ ដែល​ទ្រង់​បាន​ធ្វើ​ដើម្បី​រាស្ត្រ​ទ្រង់ ដែល​បាន​រៀបចំ​ឡើង ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ទេ នោះ​ខ្ញុំ​សូម​ប្រាប់​អ្នក​ថា បើ​ពុំ​ដោយ​សារ​ការណ៍​នោះ​ទេ នោះ​មនុស្ស​លោក​ទាំង​អស់ ច្បាស់​ជា​ត្រូវ​វិនាស​អស់​ហើយ។

២០ប៉ុន្តែ​មើល​ចុះ ចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់​នឹង​ត្រូវ​ដាច់ ហើយ​ព្រះ​រាជ​បុត្រា​នឹង​សោយរាជ្យ ហើយ​មាន​ព្រះ​ចេស្ដា​ទៅ​លើ​អ្នក​ស្លាប់ ហេតុ​ដូច្នេះ​ហើយ ទ្រង់​នាំ​ឲ្យ​មាន​ដំណើរ​រស់​ឡើង​វិញ​ដល់​មនុស្ស​ស្លាប់​បាន។

២១ហើយ​ដំណើរ​រស់​ឡើង​វិញ​នឹង​កើត​ឡើង ជា​ដំណើរ​រស់​ឡើង​វិញ​ទី​មួយ មែន​ហើយ គឺជា​ដំណើរ​រស់​ឡើង​វិញ​នៃ​ពួក​ដែល​ធ្លាប់​រស់នៅ និង​ពួក​ដែល​កំពុង​រស់នៅ និង​ពួក​ដែល​នឹង​រស់នៅ រហូត​ដល់​ដំណើរ​រស់​ឡើង​វិញ​នៃ​ព្រះ​គ្រីស្ទ — ព្រោះ​ទ្រង់​នឹង​ត្រូវ​ឲ្យ​ព្រះ​នាម​ថា​ដូច្នោះ។

២២ហើយ​ឥឡូវ​នេះ ដំណើរ​រស់​ឡើង​វិញ​នៃ​អស់​ទាំង​ពួក​ព្យាការី និង​អស់​អ្នក​ណា​ដែល​បាន​ជឿ​តាម​ពាក្យ​សម្ដី​របស់​គេ ឬ​អស់​អ្នក​ណា​ដែល​បាន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ នឹង​រស់​ឡើង​វិញ​នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ​ទី​មួយ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ជា​ដំណើរ​រស់​ឡើង​វិញ​ទី​មួយ។

២៣ពួក​គេ​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង ដើម្បី​រស់នៅ​ជាមួយ​នឹង​ព្រះ ដែល​បាន​ប្រោស​លោះ​ពួក​គេ ម្ល៉ោះ​ហើយ ពួក​គេ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច តាម​រយៈ​ព្រះ​គ្រីស្ទ ជា​ព្រះ​ដែល​បាន​ផ្ដាច់​ចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់។

២៤ហើយ​ពួក​គេ​នេះ​ហើយ​ដែល​មាន​ចំណែក នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ​ទី​មួយ ហើយ​ពួក​គេ​នេះ​ហើយ​ដែល​បាន​ស្លាប់ មុន​ពេល​ដែល​ព្រះ​គ្រីស្ទ​ទ្រង់​យាង​មក គឺ​ស្លាប់​នៅ​ក្នុង​ការ​ល្ងឹត​ល្ងង់ ដោយ​គ្មាន​អ្នក​ណា​ប្រកាស​ប្រាប់​អំពី​សេចក្ដី​សង្គ្រោះ​ដល់​គេ​ឡើយ។ ម្ល៉ោះ​ហើយ បាន​ជា​ព្រះ​អម្ចាស់​ទ្រង់​សាង​ពួក​គេ​ឡើង​វិញ ហើយ​ពួក​គេ​មាន​ចំណែក​នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ​ទី​មួយ ឬ​ក៏​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​បាន​ប្រោស​លោះ​ដោយ​ព្រះ​អម្ចាស់។

២៥ហើយ​កូន​ក្មេង​តូច ក៏​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដែរ។

២៦ប៉ុន្តែ​មើល​ចុះ ហើយ​ចូរ​ខ្លាច និង​ញ័រ​នៅ​ចំពោះ​ព្រះ​ចុះ ត្បិត​អ្នក​រាល់​គ្នា​គួរតែ​ញ័រ ព្រោះ​ព្រះ​អម្ចាស់ ទ្រង់​ពុំ​ប្រោស​លោះ​អ្នក​ណា​មួយ ដែល​បះបោរ​ទាស់​នឹង​ទ្រង់ ហើយ​ស្លាប់​ក្នុង​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន​ឡើយ មែន​ហើយ គឺ​អស់​ទាំង​អ្នក​ណា​ដែល​បាន​វិនាស​ក្នុង​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន ចាប់​តាំង​ពី​កំណើត​លោកិយ​មក គឺ​ដែល​បាន​បះបោរ​ដោយ​ចេតនា​ទាស់​នឹង​ព្រះ ដែល​បាន​ដឹង​នូវ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ តែ​ពុំ​កាន់​តាម​បញ្ញត្តិ​ទាំង​នោះ​សោះ ពួក​គេ​នេះ​ហើយ​ដែល​នឹង​គ្មាន​ចំណែក​នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ​ទី​មួយ​ទេ។

២៧ហេតុ​ដូច្នេះ​ហើយ តើ​អ្នក​មិន​គួរ​ញ័រ​ទេ​ឬ? ព្រោះ​សេចក្ដី​សង្គ្រោះ ពុំ​មក​ដល់​ជន​ប្រភេទ​នេះ​ឡើយ ត្បិត​ព្រះ​អម្ចាស់​ទ្រង់​នឹង​ពុំ​ប្រោស​លោះ​ជន​ប្រភេទ​នេះ​ទេ មែន​ហើយ ព្រះ​អម្ចាស់​ទ្រង់​ក៏​នឹង​ពុំ​អាច​ប្រោស​លោះ​ជន​បែប​នេះ​បាន​ដែរ ត្បិត​ទ្រង់​ពុំ​អាច​បដិសេធ​អង្គ​ទ្រង់​ឡើយ ព្រោះ​ទ្រង់​ពុំ​អាច​បដិសេធ​សេចក្ដី​យុត្តិធម៌ កាល​វា​ទាមទារ​សេចក្ដី​យុត្តិធម៌​វា​នោះ។

២៨ហើយ​ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ពេល​នឹង​មក​ដល់​កាល​សេចក្ដី​សង្គ្រោះ​នៃ​ព្រះ​អម្ចាស់ នឹង​ត្រូវ​បាន​ប្រកាស​ប្រាប់​ដល់​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន។

២៩មែន​ហើយ ឱ​ព្រះ​អម្ចាស់​អើយ ពួក​អ្នក​យាម​របស់​ទ្រង់​នឹង​បន្លឺ​សំឡេង​គេ​ឡើង គេ​នឹង​បន្លឺ​សំឡេង​ច្រៀង​ព្រម​គ្នា ត្បិត​គេ​នឹង​ឃើញ​ដោយ​ភ្នែក​របស់​ខ្លួន​គេ ក្នុង​កាលដែល​ព្រះ​អម្ចាស់​ទ្រង់​ប្រគល់​ក្រុង​ស៊ីយ៉ូន​មក​វិញ។

៣០អស់​ទាំង​ដី​ឯក​ការ​នៃ​ក្រុង​យេរូសាឡិម​អើយ ចូរ​បន្លឺ​សេចក្ដី​អំណរ ចូរ​ច្រៀង​ជាមួយ​គ្នា​ចុះ ត្បិត​ព្រះ​អម្ចាស់​ទ្រង់​បាន​កម្សាន្ដ​ទុក្ខ​របស់​រាស្ត្រ​ទ្រង់ ក៏​បាន​ប្រោស​លោះ​ក្រុង​យេរូសាឡិម​ហើយ។

៣១ព្រះ​អម្ចាស់​ទ្រង់​បាន​លាត​ព្រះ​ពាហុ​បរិសុទ្ធ​របស់​ទ្រង់ នៅ​ភ្នែក​នៃ​គ្រប់​ទាំង​សាសន៍ ហើយ​អស់​ទាំង​ចុង​ផែនដី នឹង​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​នៃ​ព្រះ​របស់​យើង​រាល់​គ្នា៕