ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 117


កណ្ឌ​ទី ១១៧

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ហ្វា​វែស្ទ រដ្ឋ​មិសសួរី ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ​១៨៣៨ អំពី ភារកិច្ច​ជាបន្ទាន់​របស់​វិលលាម ម៉ាក្ស, នូវល ខេ វិតនី, និង អូលីវើរ គ្រែនជើរ (History of the Church, ៣:៤៥–៤៦)។

១–៩, ពួក​អ្នក​បម្រើ​របស់​ព្រះ​អម្ចាស់​មិន​ត្រូវ​លោភ​ចង់​បាន​របស់​របរ​ខាង​សាច់​ឈាម​ឡើយ ត្បិត « តើ​អ្វី​ទៅ​ជា​របស់​របរ​ដល់​ព្រះ​អម្ចាស់? »; ១០–១៦, ពួក​គេ​ត្រូវ​លះបង់​ចោល​ព្រលឹង​តូច​តាច ហើយ​ការ​បូជា​ទាំង​ឡាយ​របស់​ពួក​គេ​នឹង​បាន​ទៅ​ជា​ពិសិដ្ឋ​ចំពោះ​ព្រះ​អម្ចាស់។

ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់ វិលលាម ម៉ាក្ស ជា​អ្នក​បម្រើ​របស់​យើង ហើយ​ព្រម​ទាំង​ដល់ នូវល ខេ វិតនី ជា​អ្នក​បម្រើ​របស់​យើង​ដូច្នេះ​ថា ចូរ​ឲ្យ​ពួក​គេ​ចាត់ចែង​ធុរកិច្ច​របស់​ពួក​គេ​ជាបន្ទាន់ ហើយ​ធ្វើ​ដំណើរ​ពី​ដែនដី​ខឺតឡង់ មុន​យើង​ដ៏​ជា​ព្រះ​អម្ចាស់​ចាត់​ឲ្យ​ទឹកកក​ធ្លាក់​នៅ​លើ​ផែនដី​ម្ដង​ទៀត។

ចូរ​ឲ្យ​ពួក​គេ​ភ្ញាក់ ហើយ​ក្រោក​ឡើង ហើយ​ចេញ​មក ហើយ​កុំ​នៅ​ឡើយ ត្បិត​យើង​ជា​ព្រះ​អម្ចាស់ បញ្ជា​ហើយ។

ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​ពួក​គេ​នៅ នោះ​នឹង​ពុំ​បាន​ស្រួល​ដល់​ពួក​គេ​ទេ។

ចូរ​ឲ្យ​ពួក​គេ​ប្រែ​ចិត្ត​ពី​អស់​ទាំង​អំពើ​បាប​របស់​ពួក​គេ និង​អស់​ទាំង​សេចក្ដី​ប៉ងប្រាថ្នា​ដ៏​លោភលន់​របស់​ពួក​គេ​នៅ​ចំពោះ​យើង​ចុះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ត្បិត​តើ​អ្វី​ទៅ​ជា​របស់​របរ​ដល់​យើង? ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

ចូរ​ឲ្យ​របស់​របរ​ទាំង​ឡាយ​នៃ​ក្រុង​ខឺតឡង់​បាន​ចេញ​មក​បង់​បំណុល ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ចូរ​ឲ្យ​ពួក​គេ​ទៅ​ចុះ ហើយ​អ្វី​ក៏​ដោយ​ដែល​នៅ​សល់ ចូរ​ឲ្យ​របស់​ទាំង​នោះ​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

ត្បិត​តើ​យើង​មិន​មាន​សត្វ​ហើរ​លើ​អាកាស ព្រម​ទាំង​ត្រី​នៅ​សមុទ្រ ហើយ​និង​សត្វ​ជើង​បួន​នៅ​លើ​ភ្នំ​ទាំង​ឡាយ​ទេ​ឫ​អី? តើ​យើង​មិន​បាន​បង្កើត​ផែនដី​ទេ​ឫ​អី? តើ​យើង​មិន​មាន​អំណាច​លើ​វាសនា​នៃ​អស់​ទាំង​ពល​ទ័ព​របស់​សាសន៍​ទាំង​ឡាយ​នៅ​លើ​ផែនដី​ទេ​ឫ​អី?

ហេតុ​ដូច្នេះ​ហើយ តើ​យើង​នឹង​មិន​ធ្វើ​ឲ្យ​កន្លែង​ស្ងាត់ឈឹង​លាស់​ទង ហើយ​រីក ហើយ​ឲ្យ​ផលិត​បាន​ផល​ជា​បរិបូរ​ទេ​ឫ​អី? ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

តើ​មិន​មាន​កន្លែង​គ្រប់​គ្រាន់​ទេ​ឬ​អី នៅ​លើ​ភ្នំ​ទាំង​ឡាយ​នៅ​អ័ដាម​អុនដៃ​អា​ម៉ាន និង​នៅ​លើ​ច្រក​ភ្នំ​ទាំង​ឡាយ​នៅ អូឡាហា ស៊ីនេហា ឬ​ក៏​ដែនដី​ដែល​លោក​អ័ដាម បាន​អាស្រ័យ​នៅ ដែល​គួរ​ឲ្យ​អ្នក​លោភ​ចង់​បាន​គ្រាន់​តែ​មួយ​តំណក់ ហើយ​ចោល​សេចក្ដី​ដែល​មាន​ទម្ងន់​ជាង​ឬ?

ហេតុ​ដូច្នេះ​ហើយ ចូរ​ឡើង​មក​ទី​នេះ មក​ឯ​ដែនដី​នៃ​រាស្ត្រ​របស់​យើង គឺ​ស៊ីយ៉ូន។

១០ចូរ​ឲ្យ វិលលាម ម៉ាក្ស ជា​អ្នក​បម្រើ​របស់​យើង មាន​ចិត្ត​ស្មោះ​លើ​របស់​របរ​បន្តិចបន្តួច ហើយ​គាត់​នឹង​បាន​ធ្វើ​ជា​អ្នក​ត្រួតត្រា​លើ​របស់​ជា​ច្រើន។ ចូរ​ឲ្យ​គាត់​ត្រួតត្រា​នៅ​កណ្ដាល​រាស្ត្រ​របស់​យើង​នៅ​ទី​ក្រុង​ហ្វា​វែស្ទ ហើយ​ចូរ​ឲ្យ​គាត់​បាន​ពរ​ដោយ​ព្រះ​ពរ​ទាំង​ឡាយ​នៃ​រាស្ត្រ​របស់​យើង។

១១ចូរ​ឲ្យ នូវល ខេ វិតនី ជា​អ្នក​បម្រើ​របស់​យើង មាន​ចិត្ត​អាម៉ាស់​ខ្មាស​អំពី​ពួក​នីកូឡា និង​អំពី​គ្រប់​ទាំង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ដ៏​សម្ងាត់​របស់​ពួក​គេ និង​អំពី​គ្រប់​ទាំង​ព្រលឹង​តូច​តាច​របស់​គាត់ នៅ​ចំពោះ​យើង​ចុះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ហើយ​ចូរ​ឡើង​មក​ឯ​ដែន ដី​អ័ដាម​អុនដៃ​អា​ម៉ាន ហើយ​ធ្វើ​ជា​ប៊ីស្សព​ដល់​រាស្ត្រ​របស់​យើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ គឺ​ពុំ​មែន​នៅ​ក្នុង​នាម​ទេ ប៉ុន្តែ​នៅ​ក្នុង​ការ​ប្រព្រឹត្ត​វិញ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

១២ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​ដល់​អ្នក​ថា យើង​នឹក​ចាំ​ដល់ អូលីវើរ គ្រែនជើរ ជា​អ្នក​បម្រើ​របស់​យើង មើល​ចុះ យើង​ប្រាប់​គាត់​ជា​ប្រាកដ​ថា ឈ្មោះ​គាត់​នឹង​ត្រូវ​បាន​រំឭក​ថា​ពិសិដ្ឋ​ពី​តំណ​មួយ​ទៅ​តំណ​មួយ​ទៀត ជា​រៀង​ដរាប​រហូត​ត​ទៅ ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

១៣ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ​គាត់​ឧស្សាហ៍​ធ្វើ​ការ ដើម្បី​សេចក្ដី​ប្រោស​លោះ​នៃ​គណៈប្រធាន​ទី​មួយ​ក្នុង​សាសនាចក្រ​របស់​យើង​ចុះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ហើយ​កាលណា​គាត់​ដួល នោះ​គាត់​នឹង​ក្រោក​ឡើង​វិញ ត្បិត​ការ​បូជា​របស់​គាត់​នឹង​បាន​រាប់​ថា​ពិសិដ្ឋ​ដល់​យើង ជាង​ការ​ដំឡើង​របស់​គាត់​ទៅ​ទៀត ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

១៤ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ​គាត់​ឡើង​មក​ទី​នេះ​ជា​ប្រញាប់ គឺ​មក​ឯ​ដែនដី​ស៊ីយ៉ូន ហើយ​នៅ​ពេល​កំណត់ នោះ​គាត់​នឹង​បាន​ធ្វើ​ជា​អ្នក​ជំនួញ​នៅ​ក្នុង​នាម​របស់​យើង សម្រាប់​ផល​ប្រយោជន៍​ដល់​រាស្ត្រ​របស់​យើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

១៥ហេតុ​ដូច្នេះ​ហើយ ចូរ​កុំ​ឲ្យ​នរណា​មើល​ងាយ អូលីវើរ គ្រែនជើរ ជា​អ្នក​បម្រើ​របស់​យើង​ឡើយ ប៉ុន្តែ​ចូរ​ឲ្យ​ព្រះ​ពរ​ទាំង​ឡាយ​នៃ​រាស្ត្រ​របស់​យើង​បាន​មក​លើ​គាត់​ជា​រៀង​ដរាប​រហូត​ត​ទៅ។

១៦ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ឲ្យ​ពួក​អ្នក​បម្រើ​របស់​យើង​ទាំង​អស់ នៅ​ដែនដី​ខឺតឡង់ នឹក​ចាំ​ដល់​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ ព្រម​ទាំង​ដំណាក់​របស់​យើង​ផង ដើម្បី​ថែរក្សា​ទី​នោះ​ទុកជា​បរិសុទ្ធ ហើយ​ដើម្បី​គ្រវែង​ចោល​ពួក​អ្នក​ដូរ​ប្រាក់ នៅ​ពេល​កំណត់​របស់​យើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕