កណ្ឌទី ១១៩
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងហ្វាវែស្ទ រដ្ឋមិសសួរី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៨៣៨ ជាចម្លើយចំពោះពាក្យអំពាវនាវរបស់លោកដែលថា « ឱព្រះអម្ចាស់អើយ សូមបង្ហាញដល់អ្នកបម្រើរបស់ទ្រង់ ថាព្រះអង្គតម្រូវដង្វាយ១ភាគ១០ប៉ុណ្ណាពីទ្រព្យសម្បត្តិនៃរាស្ត្ររបស់ទ្រង់ » (History of the Church, ៣:៤៤)។ ក្រឹត្យវិន័យនៃដង្វាយ ១ភាគ១០ តាមដែលយល់នៅសព្វថ្ងៃនេះ ពុំបានប្រទានដល់សាសនាចក្រមុនវិវរណៈនេះឡើយ។ ពាក្យថា ដង្វាយ១ភាគ១០ នៅក្នុងបទអធិស្ឋានដែលទើបស្រង់មកនេះ ហើយនៅក្នុងវិវរណៈដែលបានប្រទានមុនវិវរណៈនេះ (៦៤:២៣; ៨៥:៣; ៩៧:១១) ពុំមែនមានន័យថា ១ភាគ១០ ប៉ុណ្ណោះទេ ប៉ុន្តែជាដង្វាយ ឬវិភាគទានតាមចិត្តដល់មូលនិធិនៃសាសនាចក្រ។ លើកមុន ព្រះអម្ចាស់ទ្រង់បានប្រទានដល់សាសនាចក្រនូវក្រឹត្យវិន័យនៃការថ្វាយ និងការត្រួតត្រាទ្រព្យសម្បត្តិដែលសមាជិក (ជាពិសេស ពួកអែលឌើរដឹកនាំ) បានចូលក្នុងសេចក្ដីសញ្ញាដែលត្រូវជាអស់កល្បអស់កាលជានិច្ច។ មកពីមនុស្សជាច្រើនមិនបានកាន់តាមសេចក្ដីសញ្ញានេះ ទើបព្រះអម្ចាស់ទ្រង់ដកក្រឹត្យវិន័យនេះចេញមួយរយៈសិន ហើយបានប្រទានក្រឹត្យវិន័យនៃដង្វាយ ១ភាគ១០ ដល់សាសនាចក្រទាំងមូលជំនួសវិញ។ ព្យាការីបានសូមដល់ព្រះអម្ចាស់ ថាតើទ្រង់តម្រូវទ្រព្យសម្បត្តិប៉ុណ្ណា សម្រាប់គោលបំណងពិសិដ្ឋៗ។ ចម្លើយនោះគឺជាវិវរណៈនេះ។
១–៥, ពួកបរិសុទ្ធត្រូវថ្វាយទ្រព្យសម្បត្តិដែលមានលើសច្រើន ហើយថ្វាយជាដង្វាយ១ភាគ១០ គឺ ១ភាគ១០នូវប្រាក់ប្រចាំឆ្នាំ; ៦–៧, ដំណើរបែបនេះនឹងញែកដែនដីស៊ីយ៉ូនចេញជាបរិសុទ្ធ។
១ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា យើងតម្រូវទ្រព្យសម្បត្តិទាំងអស់ ដែលពួកគេមានលើស ដើម្បីដាក់នៅក្នុងដៃរបស់ប៊ីស្សពនៃសាសនាចក្ររបស់យើងនៅក្រុងស៊ីយ៉ូន។
២សម្រាប់ការកសាងដំណាក់របស់យើង និងសម្រាប់ការសង់គ្រឹះនៃស៊ីយ៉ូន និងសម្រាប់បព្វជិតភាព និងសម្រាប់បំណុលទាំងឡាយរបស់គណៈប្រធាននៃសាសនាចក្ររបស់យើង។
៣ហើយនេះនឹងទៅជាការចាប់ផ្ដើមដង្វាយ១ភាគ១០នៃរាស្ត្ររបស់យើង។
៤ហើយបន្ទាប់មក អស់អ្នកណាដែលថ្វាយដង្វាយ១ភាគ១០ ត្រូវថ្វាយ១ភាគ១០នូវធនធានក្នុងមួយឆ្នាំដែលគេបាន ហើយនេះនឹងត្រូវទៅជាក្រឹត្យវិន័យដែលនៅអចិន្ត្រៃយ៍ចំពោះពួកគេជារៀងដរាបតទៅ សម្រាប់បព្វជិតភាពដ៏បរិសុទ្ធរបស់យើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៥យើងប្រាប់អ្នកជាប្រាកដថា ហេតុការណ៍នឹងបានកើតឡើងថា អស់អ្នកណាដែលប្រមូលគ្នាមកឯដែនដីស៊ីយ៉ូន នឹងត្រូវថ្វាយដង្វាយ១ភាគ១០នូវទ្រព្យសម្បត្តិដែលគេមានលើស ហើយត្រូវគោរពតាមក្រឹត្យវិន័យនេះ បើពុំនោះសោតទេ ពួកគេនឹងមិនត្រូវបានឃើញថាសមនឹងនៅជាប់ក្នុងចំណោមអ្នករាល់គ្នាឡើយ។
៦ហើយយើងប្រាប់អ្នកថា បើសិនជារាស្ត្ររបស់យើងមិនគោរពតាមក្រឹត្យវិន័យនេះ ដើម្បីញែកក្រឹត្យវិន័យនេះទុកជាបរិសុទ្ធ ហើយដោយសារក្រឹត្យវិន័យនេះ ញែកដែនដីស៊ីយ៉ូនចេញជាបរិសុទ្ធដល់យើង ប្រយោជន៍ឲ្យក្រឹត្យក្រមទាំងឡាយរបស់យើង និងសេចក្ដីជំនុំជំរះទាំងឡាយរបស់យើង អាចបានរក្សាទុកនៅទីនោះ គឺដើម្បីឲ្យដែនដីនេះបានទៅជាទីដ៏បរិសុទ្ធបំផុត មើលចុះ យើងប្រាប់អ្នកជាប្រាកដថា ទីនោះនឹងមិនត្រូវបានទៅជាស៊ីយ៉ូនដល់អ្នកឡើយ។
៧ហើយនេះនឹងត្រូវទៅជាគំរូដល់គ្រប់ស្តេកនៃស៊ីយ៉ូន។ គឺដូច្នោះមែន។ អាម៉ែន៕