កណ្ឌទី ២
ជាសេចក្ដីដកស្រង់ពីពាក្យសម្ដីនៃទេវតាមរ៉ូណៃទៅកាន់យ៉ូសែប ស្ម៊ីធ ជាព្យាការី កាលនៅផ្ទះរបស់ឪពុកនៃព្យាការី នៅឯក្រុង ម៉ែនឆែស្ទើរ រដ្ឋញូវយ៉ក នៅរាត្រីថ្ងៃទី២១ នៃខែកញ្ញា ឆ្នាំ១៨២៣ (History of the Church, ១:១២)។ មរ៉ូណៃជាអ្នកចុងក្រោយបង្អស់ពីក្រុមប្រវត្តិសាស្ត្រដ៏យូរអង្វែង ដែលបានធ្វើបញ្ជី ដែលឥឡូវនេះគេស្គាល់ថាជាព្រះគម្ពីរមរមន នៅចំពោះពិភពលោក (ចូរប្រៀបធៀបនឹងគម្ពីរម៉ាឡាគី ៤:៥–៦; ព្រមទាំងកណ្ឌទី ២៧:៩; ១១០:១៣–១៦; និង១២៨:១៨ ដែរ)។
១, អេលីយ៉ានឹងបើកសម្ដែងបព្វជិតភាព; ២–៣, សេចក្ដីសន្យាទាំងឡាយនៃពួកឪពុក ត្រូវបានដាក់នៅក្នុងចិត្តនៃកូនចៅ។
១មើលចុះ យើងនឹងបើកសម្ដែងដល់អ្នករាល់គ្នានូវបព្វជិតភាព ដោយដៃនៃលោកអេលីយ៉ា ជាព្យាការីមុនដែលថ្ងៃដ៏ធំហើយស្ញែងខ្លាចរបស់ព្រះអម្ចាស់បានមកដល់។
២ហើយលោកនឹងដាក់នៅក្នុងចិត្តនៃកូនចៅនូវសេចក្ដីសន្យា ដែលបានធ្វើដល់ពួកឪពុក ហើយចិត្តនៃកូនចៅនឹងបានបង្វែរមករកពួកឪពុករបស់ពួកគេវិញ។
៣បើសិនជាមិនមែនដូច្នោះទេ នោះផែនដីទាំងមូល នឹងត្រូវកម្ទេចចោលសូន្យឈឹងក្នុងកាលទ្រង់យាងមក។