កណ្ឌទី ៣៦
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះអែតវឺត ប៉ាទ្រិច នៅក្បែរភូមិហ្វាយែត រដ្ឋញូវយ៉ក ខែធ្នូ ឆ្នាំ១៨៣០ (History of the Church, ១:១៣១)។ (សូមមើលចំណងជើងនៃកណ្ឌទី ៣៥)។ ព្យាការីបានប្រាប់ថា អែតវឺត ប៉ាទ្រិច « ជាគំរូអំពីបរិសុទ្ធភាព ហើយជាបុរសដ៏សម្បើមម្នាក់របស់ព្រះអម្ចាស់ » (History of the Church, ១:១២៨)។
១–៣, ព្រះអម្ចាស់ទ្រង់ដាក់ព្រះហស្តរបស់ទ្រង់លើ អែតវឺត ប៉ាទ្រិច ដោយដៃ ស៊ីឌនី រិកដុន; ៤–៨, បុរសរាល់គ្នាណាដែលទទួលដំណឹងល្អ និងបព្វជិតភាព គឺត្រូវបានហៅដើម្បីឲ្យចេញទៅផ្សាយសាសនា។
១ព្រះអម្ចាស់ដ៏ជាព្រះ ជាព្រះដ៏មហិទ្ធិឫទ្ធិនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ មើលចុះ អែតវឺត ជាអ្នកបម្រើរបស់យើងអើយ យើងប្រាប់អ្នកថា អ្នកមានពរហើយ ហើយអំពើបាបទាំងឡាយរបស់អ្នក ត្រូវបានអត់ទោសដល់អ្នកហើយ ហើយអ្នកត្រូវបានហៅ ដើម្បីឲ្យទៅផ្សាយដំណឹងល្អរបស់យើង ហាក់ដូចជាដោយសំឡេងត្រែ
២ហើយយើងនឹងដាក់ដៃលើអ្នកដោយដៃ ស៊ីឌនី រិកដុន ជាអ្នកបម្រើរបស់យើង ហើយអ្នកនឹងបានទទួលព្រះវិញ្ញាណរបស់យើង គឺព្រះវិញ្ញាណបរិសុទ្ធជាព្រះដ៏ជាជំនួយ ដែលនឹងបង្រៀនអ្នកអំពីការណ៍ទាំងឡាយដ៏ប្រកបដោយសេចក្ដីសុខសាន្តនៃនគរ
៣ហើយអ្នកនឹងត្រូវប្រកាសប្រាប់ដំណឹងល្អដោយសំឡេងខ្លាំង គឺនិយាយថា ៖ ហូសាណា សូមឲ្យព្រះនាមនៃព្រះដ៏ខ្ពស់បំផុត បានប្រកបដោយព្រះពរ។
៤ហើយឥឡូវនេះ តំណែង និងបញ្ញត្តិនេះ យើងបានប្រទានដល់អ្នកស្ដីអំពីមនុស្សគ្រប់រូប —
៥ថាអស់មនុស្សជាច្រើនណាដែលនឹងមកខាងមុខ ស៊ីឌនី រិកដុន និង យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាពួកអ្នកបម្រើរបស់យើង ដោយឱបក្រសោបតំណែង និងព្រះបញ្ញត្តិនេះ ឈ្មោះថាបានតែងតាំង ហើយបានចាត់ឲ្យចេញទៅដើម្បីផ្សាយដំណឹងល្អដ៏អស់កល្បអស់កាល ក្នុងចំណោមសាសន៍ទាំងឡាយ —
៦ដោយស្រែកប្រាប់ពីការប្រែចិត្ត គឺនិយាយថា ៖ ចូរជួយសង្គ្រោះខ្លួនឲ្យរួចពីពូជតំណវៀចនេះ ហើយចេញមកពីភ្លើង ដោយស្អប់ដល់ទាំងអាវ ដែលត្រូវស្មោកគ្រោក ដោយសាច់ឈាមផង។
៧ហើយព្រះបញ្ញត្តិនេះ នឹងត្រូវបានប្រទានដល់ពួកអែលឌើរនៃសាសនាចក្ររបស់យើង ប្រយោជន៍ឲ្យបុរសរាល់គ្នាណាដែលបានឱបក្រសោបបញ្ញត្តិនេះ ដោយមានចិត្តព្រមព្រៀងគ្នា អាចបានតែងតាំង ហើយចាត់ចេញទៅ គឺដូចជាយើងបានមានព្រះបន្ទូលមក។
៨យើងជាព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ហេតុដូច្នោះហើយ ចូរក្រវាត់ចង្កេះអ្នកចុះ ហើយយើងនឹងមកឯព្រះវិហាររបស់យើងភ្លាម។ គឺដូច្នោះមែន។ អាម៉ែន៕