ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 54


កណ្ឌ​ទី ៥៤

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​នូវល ណៃត៍ នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ខែ​មិថុនា ឆ្នាំ​១៨៣១ (History of the Church, ១:១៨០–១៨១)។ សមាជិក​ទាំង​ឡាយ​នៃ​សាសនាចក្រ​ក្នុង​សាខា​ប្រចាំ​ភូមិ​ថមសុន រដ្ឋ​អូហៃអូ ត្រូវ​បាន​បែកបាក់​គ្នា​ចំពោះ​ករណី​មួយ​អំពី​ការ​ថ្វាយ​ទ្រព្យសម្បត្តិ​ទាំង​ឡាយ។ ការ​កំណាញ់ និង​ការ​លោភលន់​ត្រូវ​បាន​សម្ដែង ហើយ លីម៉ាន ខូព្លី បាន​បំបាក់​សេចក្ដី​សញ្ញា​របស់​គាត់ ដើម្បី​ថ្វាយ​ស្រែ​ដ៏​ធំ​របស់​គាត់ ទុកជា​កន្លែង​សម្រាប់​ពួក​បរិសុទ្ធ ដែល​កំពុង​មក​ពី​ភូមិ​ខូលស្វិល រដ្ឋ​ញូវយ៉ក។ អែសរ៉ា ធេយ័រ បាន​ចូល​រួម​ក្នុង​រឿង​នេះ​ដែរ។ ម្ល៉ោះ​ហើយ នូវល ណៃត៍ (ប្រធាន​នៃ​សាខា​ប្រចាំ​ភូមិ ថមសុន) និង​ពួក​អែលឌើរ​ផ្សេងៗ​ទៀត បាន​មក​រក​ព្យាការី សូម​ចង់​ដឹង​ថា ត្រូវ​ធ្វើ​ដូច​ម្ដេច។ ព្យាការី​បាន​សូម​ដល់​ព្រះ​អម្ចាស់ ហើយ​បាន​ទទួល​វិវរណៈ​នេះ។ (សូម​មើល​កណ្ឌ​ទី ៥៦ ដែល​ជា​ការ​បន្ត​រឿង​នេះ)។

១–៦, ពួក​បរិសុទ្ធ​ត្រូវ​កាន់​តាម​សេចក្ដី​សញ្ញា​នៃ​ដំណឹង​ល្អ ដើម្បី​ឲ្យ​បាន​សេចក្ដី​មេត្តាករុណា; ៧–១០, ពួក​គេ​ត្រូវ​មាន​ចិត្ត​អត់ធន់​ក្នុង​សេចក្ដី​ទុក្ខ​លំបាក។

មើល​ចុះ ព្រះ​អម្ចាស់ គឺ​អាលផា និង​អូមេកា ជាដើម ហើយ​ជា​ចុង គឺ​ទ្រង់​ដែល​ត្រូវ​គេ​ឆ្កាង​ជំនួស​អំពើ​បាប​នៃ​មនុស្ស​លោក ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា —

មើល​ចុះ នូវល ណៃត៍ ជា​អ្នក​បម្រើ​របស់​យើង​អើយ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​ត្រូវ​ឈរ​ឲ្យ​មាំមួន​ក្នុង​តំណែង​ដែល​យើង​បាន​តែងតាំង​ដល់​អ្នក​ចុះ។

ហើយ​បើ​សិន​ជា​បង​ប្អូន​របស់​អ្នក​មាន​បំណង​ចង់​ចៀស​រួច​ពី​ពួក​ខ្មាំងសត្រូវ​របស់​ពួក​គេ នោះ​ចូរ​ឲ្យ​ពួក​គេ​ប្រែ​ចិត្ត​ពី​អស់​ទាំង​អំពើ​បាប​របស់​ពួក​គេ ហើយ​ចូរ​ត្រឡប់​ទៅ​ជា​អ្នក​រាបសា​ដ៏​ពិត​នៅ​ចំពោះ​យើង ហើយ​មាន​ចិត្ត​ទន់​ទាប​ចុះ។

ហើយ​ដូច​ជា​សេចក្ដី​សញ្ញា​ដែល​ពួក​គេ​បាន​ធ្វើ​ដល់​យើង​បាន​បាក់​បែក​យ៉ាង​ណា សេចក្ដី​សញ្ញា​នោះ​ក៏​បាន​ក្លាយ​ទៅ​ជា​សោះសូន្យ និង​ឥត​ប្រយោជន៍​យ៉ាង​នោះ​ដែរ។

ហើយ​វេទនា​ដល់​អ្នក​ណា​ដែល​បង្កើត​ហេតុ​ឲ្យ​រវាត​ចិត្ត​នេះ ត្បិត​វា​ជា​ការ​ប្រសើរ​ជាង ប្រសិន​បើ​អ្នក​នោះ​ត្រូវ​បាន​ពន្លង់​ទៅ​ក្នុង​សមុទ្រ​ទី​ជ្រៅ​វិញ។

ប៉ុន្តែ​មាន​ពរ​ហើយ ដល់​អស់​អ្នក​ណា​ដែល​បាន​កាន់​តាម​សេចក្ដី​សញ្ញា ហើយ​គោរព​តាម​ព្រះ​បញ្ញត្តិ ត្បិត​ពួក​គេ​បាន​ទទួល​សេចក្ដី​មេត្តា​ករុណា​ហើយ។

ហេតុ​ដូច្នោះ​ហើយ ឥឡូវ​ចូរ​ទៅ ហើយ​រត់​ចេញ​ពី​ដែនដី​ទៅ​ចុះ ក្រែង​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​មក​លើ​អ្នក ហើយ​ចូរ​ចេញ​ដំណើរ​របស់​អ្នក​ចុះ ហើយ​ចូរ​តាំង​អ្នក​ណាមួយ ដែល​អ្នក​ចង់​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​របស់​អ្នក និង​ដើម្បី​បង់​ប្រាក់​ឲ្យ​អ្នក​ចុះ។

ហើយ​អ្នក​ត្រូវ​ចេញ​ដំណើរ​របស់​អ្នក​ទៅ​ក្នុង​ភូមិ​ភាគ​ទាំង​ឡាយ​នៅ​ទិស​ខាង​លិច ទៅ​ដល់​ដែនដី​មិសសួរី ទៅ​ដល់​ព្រំដែន​ទាំង​ឡាយ​នៃ​ពួក​សាសន៍​លេមិន។

ហើយ​បន្ទាប់​ពី​អ្នក​បាន​ធ្វើ​ដំណើរ​រួច​ហើយ មើល​ចុះ យើង​ប្រាប់​អ្នក​ថា ចូរ​អ្នក​រាល់​គ្នា​ស្វែងរក​របរ​រកស៊ី​ដូច​មនុស្ស​ផ្សេងៗ​ចុះ លុះ​ត្រា​យើង​រៀបចំ​កន្លែង​មួយ​សម្រាប់​អ្នក។

១០ហើយ​ជា​ថ្មី​ទៀត ចូរ​មាន​ចិត្ត​អត់ធន់​ក្នុង​សេចក្ដី​ទុក្ខ​លំបាក រហូត​ដល់​យើង​នឹង​យាង​មក ហើយ​មើល​ចុះ យើង​យាង​មក​ជា​ឆាប់ ទាំង​នាំ​យក​រង្វាន់​មក​ជា​មួយ​ផង ហើយ​ពួក​អ្នក​ណា​ដែល​ស្វែងរក​យើង​ពី​មុនៗ នោះ​នឹង​ត្រូវ​រក​ឃើញ​សេចក្ដី​សម្រាក​ដល់​ព្រលឹង​របស់​ពួក​គេ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕