កណ្ឌទី ៥៧
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងស៊ីយ៉ូន ស្រុកចាកសុន រដ្ឋមិសសួរី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៨៣១ (History of the Church, ១:១៨៩–១៩០)។ ក្នុងការធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ (កណ្ឌទី ៥២) ពួកអែលឌើរបានធ្វើដំណើរពីក្រុងខឺតឡង់ទៅរដ្ឋមិសសួរី ដោយមានការពិសោធន៍ផ្សេងៗពីគ្នា និងការបៀតបៀនខ្លះៗ។ ក្នុងការពិចារណាគិតពីស្ថានភាពរបស់ពួកសាសន៍លេមិន និងការខ្វះខាងអារ្យធម៌ ភាពថ្លៃថ្នូរ និងសាសនាក្នុងចំណោមប្រជាជនទូទៅ នោះព្យាការីបានថ្លែងថា ៖ « តើពេលណាទៅដែលទីរហោស្ថាន នឹងបានរីកឡើងដូចជាកូឡាប? តើពេលណាទៅដែលក្រុងស៊ីយ៉ូននឹងបានសង់ ឡើងក្នុងភាពរុងរឿងរបស់នាង ហើយតើកន្លែងណាទៅ ដែលព្រះវិហាររបស់ព្រះអង្គនឹងឈរឡើង ដែលអស់ទាំងសាសន៍នឹងមករកនៅថ្ងៃចុងក្រោយបង្អស់? » (History of the Church, ១:១៨៩)។ បន្ទាប់មក លោកបានទទួលវិវរណៈនេះ។
១–៣, ក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី គឺជាកន្លែងសម្រាប់ទីក្រុងស៊ីយ៉ូន និងព្រះវិហារ; ៤–៧, ពួកបរិសុទ្ធត្រូវទិញដីធ្លី ហើយទទួលកេរ្តិ៍អាករនៅទីនោះ; ៨–១៦, ស៊ីឌនី គិលបឺត ត្រូវតាំងផ្សារមួយ, វិលលាម ដ័បបុលយូ ហ្វែប្ស ត្រូវធ្វើជាអ្នកបោះពុម្ព ហើយអូលីវើរ ខៅឌើរី ត្រូវពិនិត្យផ្ទៀងផ្ទាត់សម្ភារៈសម្រាប់បោះពុម្ពផ្សាយ។
១ព្រះអម្ចាស់ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថា ឱអ្នករាល់គ្នាជាពួកអែលឌើរនៃសាសនាចក្ររបស់យើង ជាពួកអ្នកដែលបានជួបជុំគ្នាអើយ ចូរប្រុងស្ដាប់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើងនៅក្នុងដែនដីនេះចុះ ដែលជាដែនដីមិសសួរី គឺជាដែនដីដែលយើងបាន តាំង និងចាត់ទុកសម្រាប់ការជួបជុំគ្នានៃពួកបរិសុទ្ធ។
២ហេតុដូច្នោះហើយ នេះជាដែនដីសន្យា ហើយជាកន្លែងសម្រាប់ទីក្រុងស៊ីយ៉ូន។
៣ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា បើសិនជាអ្នកព្រមទទួលប្រាជ្ញា នេះហើយជាប្រាជ្ញា។ មើលចុះ កន្លែងដែលហៅថា អ៊ិនឌីប៉ែនដែនស៍ឥឡូវនេះ គឺជាកន្លែងកណ្ដាល ហើយជាកន្លែងសម្រាប់ព្រះវិហារនោះនៅខាងលិច នៅលើកន្លែងដែលមិនសូវឆ្ងាយប៉ុន្មានពីសាលាកាត់ក្ដីទេ។
៤ហេតុដូច្នោះហើយ គឺជាប្រាជ្ញា ដែលពួកបរិសុទ្ធត្រូវទិញដី ព្រមទាំងគ្រប់តំបន់នៅទិសខាងលិចផង រហូតដល់ចំខ្សែខណ្ឌរវាងសាសន៍យូដា និងសាសន៍ដទៃ
៥ហើយព្រមទាំងតំបន់ជាប់ព្រំដែននឹងវាលស្មៅ ដរាបណាពួកសិស្សរបស់យើងអាចទិញដីធ្លីបាន។ មើលចុះ នេះហើយជាប្រាជ្ញា ប្រយោជន៍ឲ្យពួកគេអាចបានដីទុកជាកេរ្តិ៍អាករដ៏អស់កល្ប។
៦ហើយចូរឲ្យស៊ីឌនី គិលបឺត ជាអ្នកបម្រើរបស់យើង បំពេញតំណែងដែលយើងបានតាំងដល់គាត់ដើម្បីទទួលប្រាក់កាស ដើម្បីធ្វើជាភ្នាក់ងារចំពោះសាសនាចក្រ ដើម្បីទិញដីនៅគ្រប់ភូមិភាគជុំវិញ ដរាបណាដែលអាចធ្វើទៅបានក្នុងសេចក្ដីសុចរិត ហើយតាមដែលប្រាជ្ញានឹងដឹកនាំ។
៧ហើយចូរឲ្យអែតវឺត ប៉ាទ្រិច ជាអ្នកបម្រើរបស់យើង បំពេញតំណែងដែលយើងបានតាំងដល់គាត់ ហើយចែកដល់ពួកបរិសុទ្ធនូវកេរ្តិ៍អាកររបស់ពួកគេ ដូចជាយើងបានបញ្ជា ហើយព្រមទាំងពួកអ្នកទាំងនោះ ដែលគាត់បានតាំងឲ្យជួយគាត់ផង។
៨ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា ចូរឲ្យស៊ីឌនី គិលបឺត ជាអ្នកបម្រើរបស់យើង តាំងខ្លួននៅកន្លែងនេះ ហើយធ្វើផ្សារមួយ ប្រយោជន៍ឲ្យគាត់អាចទិញរបស់របរដោយឥតទោស ប្រយោជន៍ឲ្យគាត់អាចបានប្រាក់ដើម្បីទិញដីធ្លីសម្រាប់សេចក្ដីល្អដល់ពួកបរិសុទ្ធ ហើយប្រយោជន៍ឲ្យគាត់អាចបានអ្វីៗនានា ដែលពួកសិស្សអាចត្រូវការ ដើម្បីតាំងខ្លួននៅក្នុងទីកេរ្តិ៍អាកររបស់ពួកគេ។
៩ហើយព្រមទាំងឲ្យ ស៊ីឌនី គិលបឺត ជាអ្នកបម្រើរបស់យើង ទទួលច្បាប់ — មើលចុះ នេះហើយជាប្រាជ្ញា ហើយអស់អ្នកណាដែលអាន ចូរឲ្យអ្នកនោះយល់ចុះ — ដើម្បីឲ្យគាត់អាចផ្ញើរបស់របរទៅដល់ប្រជាជនផងដែរ គឺតាមពួកអ្នកណាដែលគាត់ជួលឲ្យធ្វើជាស្មៀន ឲ្យគាត់ តាមដែលគាត់ប្រាថ្នា
១០ហើយទើបផ្ដល់ដល់ពួកបរិសុទ្ធរបស់យើងយ៉ាងដូច្នោះហើយ ប្រយោជន៍ឲ្យដំណឹងល្អរបស់យើង អាចបានផ្សាយដល់ពួកអ្នកទាំងនោះ ដែលអង្គុយនៅក្នុងសេចក្ដីងងឹត ហើយនៅក្នុងភូមិភាគ និងម្លប់នៃសេចក្ដីស្លាប់។
១១ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា ចូរឲ្យវិលលាម ដ័បបុលយូ ហ្វែប្ស ជាអ្នកបម្រើរបស់យើងតាំងនៅក្នុងកន្លែងនេះ ហើយស្ថាបនាជាអ្នកបោះពុម្ពចំពោះសាសនាចក្រចុះ។
១២ហើយមើលន៏ បើសិនជាពិភពលោកទទួលការសរសេរទាំងឡាយរបស់គាត់ — មើលចុះ នេះហើយជាប្រាជ្ញា — ចូរឲ្យគាត់បានអ្វីៗដែលគាត់យកបានក្នុងសេចក្ដីសុចរិតសម្រាប់សេចក្ដីល្អដល់ពួកបរិសុទ្ធចុះ។
១៣ហើយចូរឲ្យអូលីវើរ ខៅឌើរី ជាអ្នកបម្រើរបស់យើងជួយគាត់ គឺតាមដែលយើងបានបញ្ជា នៅកន្លែងណាក៏ដោយដែលយើងនឹងតាំងដល់គាត់ ដើម្បីចម្លង និងដើម្បីកែប្រែ និងជ្រើសរើស ប្រយោជន៍ឲ្យគ្រប់ការណ៍ទាំងអស់អាចបានត្រឹមត្រូវនៅចំពោះយើង ដូចជាត្រូវបានបញ្ជាក់ដោយព្រះវិញ្ញាណ តាមរយៈគាត់នោះឯង។
១៤ម្ល៉ោះហើយ ចូរឲ្យពួកអ្នកទាំងនោះ ដែលយើងបានពោលដល់ ត្រូវបានតាំងនៅក្នុងដែនដីស៊ីយ៉ូនយ៉ាងឆាប់ៗដូចដែលអាចធ្វើទៅបាន ជាមួយនឹងគ្រួសាររបស់ពួកគេ ដើម្បីធ្វើអ្វីៗទាំងនោះដូចដែលយើងបានមានបន្ទូលមក។
១៥ហើយឥឡូវនេះ ស្ដីអំពីការជួបជុំគ្នា — ចូរឲ្យប៊ីស្សព និងភ្នាក់ងារធ្វើការរៀបចំសម្រាប់គ្រួសារទាំងនោះ ដែលត្រូវបានបញ្ជាឲ្យមកឯដែនដីនេះយ៉ាងលឿនដូចដែលអាចធ្វើទៅបាន ហើយតាំងពួកគេនៅក្នុងទីនៃកេរ្តិ៍អាកររបស់ពួកគេចុះ។
១៦ហើយចំណែកពួកអ្នកដែលនៅសល់ទាំងប៉ុន្មាន ទាំងពួកអែលឌើរ និងសមាជិក នោះការដឹកនាំនឹងត្រូវបានប្រាប់តទៅទៀតនៅពេលក្រោយ។ គឺដូច្នោះមែន។ អាម៉ែន៕