ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 70


កណ្ឌ​ទី ៧០

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​១៨៣១ (History of the Church, ១:២៣៥–២៣៧)។ ប្រវត្តិ​ដែល​បាន​សរសេរ​ដោយ​ព្យាការី ថ្លែង​ប្រាប់​ថា​សន្និសីទ​ដ៏​ពិសេសៗ​ទាំង​បួន ត្រូវ​បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១​ទៅ​ថ្ងៃ​ទី​១២ ក្នុង​ខែ​វិច្ឆិកា​ទាំង​ស្រុង។ នៅ​ក្នុង​ការ​ប្រជុំ​ចុង​ក្រោយ​បង្អស់​ទាំង​នេះ ការ​សំខាន់​ដ៏​ធំ​នៃ A Book of Commandments (ព្រះ​គម្ពីរ​នៃ​ព្រះ​បញ្ញត្តិ) ក្រោយ​មក​ហៅថា គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ត្រូវ​បាន​យក​មក​ពិចារណា ហើយ​ព្យាការី​ហៅ​ព្រះ​គម្ពីរ​នៃ​ព្រះ​បញ្ញត្តិ​ថា​ជា « មូលដ្ឋាន​នៃ​សាសនាចក្រ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ ហើយ​ជា​ផល​ប្រយោជន៍​ដល់​ពិភពលោក ដោយ​បង្ហាញ​ថា​កូន​សោ​នៃ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​ក្នុង​នគរ​របស់​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង ត្រូវ​បាន​ផ្ទុក​ផ្ដាក់​ដល់​មនុស្ស​ទៀត​ហើយ » (History of the Church, ១:២៣៥)។

១–៥, ពួក​អ្នក​កាន់កាប់​ត្រួតត្រា​ត្រូវ​បាន​ចាត់​ឲ្យ​បោះពុម្ពផ្សាយ​វិវរណៈ​ទាំង​ឡាយ; ៦–១៣, ពួក​អ្នក​ទាំង​នោះ​ដែល​ធ្វើ​ការ​នូវ​អ្វីៗ​ខាង​វិញ្ញាណ​សម​នឹង​បាន​ឈ្នួល​របស់​ខ្លួន; ១៤–១៨, ពួក​បរិសុទ្ធ​គួរ​បាន​ស្មើ​គ្នា​ក្នុង​អ្វីៗ​ខាង​សាច់​ឈាម។

មើល​ចុះ ហើយ​ចូរ​ប្រុង​ស្ដាប់ ឱ​អ្នក​រាល់​គ្នា​ជា​បណ្ដាជន​នៅ​ក្រុង​ស៊ីយ៉ូន និង​អស់​អ្នក​រាល់​គ្នា ជា​រាស្ត្រ​នៃ​សាសនាចក្រ​របស់​យើង​ដែល​នៅ​ឆ្ងាយ​អើយ ហើយ​ចូរ​ឮ​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ ដែល​យើង​នឹង​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង និង​ដល់ ម៉ាទិន ហារិស ជា​អ្នក​បម្រើ​របស់​យើង​ផង និង​ដល់ អូលីវើរ ខៅឌើរី ជា​អ្នក​បម្រើ​របស់​យើង​ផង និង​ដល់ យ៉ូហាន វិតមើរ ជា​អ្នក​បម្រើ​របស់​យើង​ផង និង​ដល់ ស៊ីឌនី រិកដុន ជា​អ្នក​បម្រើ​របស់​យើង​ផង និង​ដល់ វិលលាម ដ័បបុលយូ ហ្វែប្ស ជា​អ្នក​បម្រើ​របស់​យើង​ផង តាម​បញ្ញត្តិ​ដល់​ពួក​គេ។

ត្បិត​យើង​ប្រទាន​ព្រះ​បញ្ញត្តិ​មួយ​ដល់​ពួក​គេ ហេតុ​ដូច្នោះ​ហើយ ចូរ​ប្រុង​ស្ដាប់ ហើយ​ឮ​ចុះ ត្បិត​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​ពួក​គេ​ដូច្នោះ​ថា —

យើង​ជា​ព្រះ​អម្ចាស់​បាន​ចាត់​ពួក​គេ ហើយ​បាន​តែងតាំង​ពួក​គេ​ឲ្យ​ធ្វើ​ជា​អ្នក​កាន់កាប់​ត្រួតត្រា​លើ​វិវរណៈ និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​យើង​បាន​ប្រទាន​ដល់​ពួក​គេ ហើយ​ដែល​យើង​នឹង​ប្រទាន​ដល់​ពួក​គេ​ពី​ពេល​នេះ​ត​ទៅ

ហើយ​ដំណើរ​រឿង​អំពី​ការ​កាន់កាប់​ត្រួតត្រា​នេះ យើង​នឹង​តម្រូវ​ពី​ពួក​គេ​នៅ​ក្នុង​ថ្ងៃ​ជំនុំ​ជំរះ។

ហេតុ​ដូច្នោះ​ហើយ យើង​បាន​ចាត់​ដល់​ពួក​គេ ហើយ​នេះ​គឺជា​មុខងារ​របស់​ពួក​គេ នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ គឺ​ដើម្បី​ចាត់ចែង​ការណ៍​ទាំង​នោះ និង​រឿងរ៉ាវ​ទាំង​នោះ មែន​ហើយ គឺ​ផល​ប្រយោជន៍​ដែល​បាន​មក​ពី​ការណ៍​ទាំង​នោះ។

ហេតុ​ដូច្នោះ​ហើយ យើង​ប្រទាន​ព្រះ​បញ្ញត្តិ​មួយ​ដល់​ពួក​គេ ប្រយោជន៍​កុំ​ឲ្យ​ពួក​គេ​ឲ្យ​ការណ៍​ទាំង​នេះ​ដល់​សាសនាចក្រ ឬ​ដល់​ពិភព​លោក​ឡើយ;

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដរាបណា​ពួក​គេ​ទទួល​បាន​អ្វី​ច្រើន​ជាង​ដែល​ចាំ​បាច់ ដើម្បី​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ និង​ចំណង់​របស់​ពួក​គេ នោះ​ត្រូវ​ឲ្យ​ទៅ​ឃ្លាំង​របស់​យើង

ហើយ​ផល​ទាំង​ប៉ុន្មាន​ត្រូវ​ថ្វាយ​ដល់​បណ្ដាជន​នៅ​ក្រុង​ស៊ីយ៉ូន និង​ដល់​តំណ​ទាំង​ឡាយ​របស់​ពួក​គេ ដរាបណា​ពួក​គេ​ត្រឡប់​ជា​អ្នក​គ្រង​មរតក​តាម​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​នគរ។

មើល​ចុះ នេះ​ហើយ​ជា​អ្វី​ដែល​ព្រះ​អម្ចាស់​ទ្រង់​តម្រូវ​ពី​មនុស្ស​រាល់​គ្នា​នៅ​ក្នុង​ការ​កាន់កាប់​ត្រួតត្រា​របស់​ខ្លួន គឺ​ដូច​ជា​យើង ជា​ព្រះ​អម្ចាស់​បាន​ចាត់ ឬ​នឹង​ចាត់​ដល់​មនុស្ស​ណា​មួយ​ពី​ពេល​នេះ​ត​ទៅ។

១០ហើយ​មើល​ចុះ គ្មាន​នរណា​មួយ​រួច​ពី​ក្រឹត្យ​វិន័យ​នេះ​ឡើយ ដែល​ជា​សមាជិក​ក្នុង​សាសនាចក្រ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ

១១មែន​ហើយ ទោះ​បី​ជា​ប៊ីស្សព ឬ​ភ្នាក់​ងារ​ដែល​រក្សា​ឃ្លាំង​របស់​ព្រះ​អម្ចាស់ ឬ​អ្នក​ណា​ដែល​ត្រូវ​បាន​តែងតាំង​ឡើង​ក្នុង​ការ​កាន់កាប់​ត្រួតត្រា​លើ​ការណ៍​ខាង​សាច់​ឈាម​ក្ដី។

១២អ្នក​ណា​ដែល​ត្រូវ​បាន​តែងតាំង​ឡើង​ឲ្យ​ចាត់ចែង​ការណ៍​ខាង​វិញ្ញាណ អ្នក​នោះ​ហើយ​ដែល​សម​នឹង​បាន​ឈ្នួល​របស់​ខ្លួន គឺ​ដូច​ជា​ពួក​អ្នក​ដែល​ត្រូវ​បាន​តែងតាំង​ឡើង​ដល់​ការ​កាន់កាប់​ត្រួតត្រា ដើម្បី​ចាត់ចែង​ក្នុង​ការណ៍​ខាង​សាច់​ឈាម​ដែរ

១៣មែន​ហើយ គឺ​មាន​ជា​បរិបូរ​ឡើង ជា​ភាព​បរិបូរណ៍​ដែល​បន្ថែម​ដល់​ពួក​គេ តាម​រយៈ​ការ​សម្ដែង​នៃ​ព្រះ​វិញ្ញាណ។

១៤ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រីឯ​អ្វីៗ​របស់​អ្នក​ខាង​សាច់​ឈាម នោះ​អ្នក​ត្រូវ​បាន​ស្មើ​គ្នា ហើយ​នេះ​ពុំ​មែន​ដោយ​ច្រណែន​ទេ បើ​ពុំ​នោះ​សោត​ទេ ភាព​បរិបូរណ៍​ខាង​ការ​សម្ដែង​នៃ​ព្រះ​វិញ្ញាណ​នឹង​ត្រូវ​ទុក។

១៥ឥឡូវ​នេះ យើង​ប្រទាន​ព្រះ​បញ្ញត្តិ​នេះ​ដល់​ពួក​អ្នក​បម្រើ​របស់​យើង សម្រាប់​ជា​ផល​ប្រយោជន៍​ដល់​ពួក​គេ​ក្នុង​កាល​ពួក​គេ​រស់នៅ សម្រាប់​ជា​ការ​សម្ដែង​អំពី​ព្រះ​ពរ​ទាំង​ឡាយ​របស់​យើង មក​លើ​ក្បាល​របស់​ពួក​គេ និង​សម្រាប់​ជា​រង្វាន់​ចំពោះ​ការ​ព្យាយាម​របស់​ពួក​គេ និង​សម្រាប់​សន្តិសុខ​របស់​ពួក​គេ

១៦សម្រាប់​អាហារ និង​សម្រាប់​សំលៀកបំពាក់ សម្រាប់​កេរមរតក សម្រាប់​ផ្ទះ​សំបែង និង​សម្រាប់​ដីធ្លី​ទាំង​ឡាយ ទោះ​ជា​នៅ​ក្នុង​កាលៈទេសៈ​ណា​មួយ​ក៏​ដោយ ដែល​យើង​ជា​ព្រះ​អម្ចាស់​នឹង​ដាក់​ពួក​គេ និង​ទោះ​ជា​ទី​កន្លែង​ណា​ក៏​ដោយ ដែល​យើង​ជា​ព្រះ​អម្ចាស់​នឹង​ចាត់​ឲ្យ​ពួក​គេ​ទៅ។

១៧ត្បិត​ពួក​គេ​មាន​ចិត្ត​ស្មោះ​លើ​របស់​ជា​ច្រើន ហើយ​បាន​ប្រព្រឹត្ត​យ៉ាង​ល្អ ដរាបណា​ដែល​ពួក​គេ​មិន​បាន​ធ្វើ​បាប។

១៨មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់​មាន​សេចក្ដី​មេត្តាករុណា ហើយ​នឹង​ប្រទាន​ពរ​ដល់​ពួក​គេ ហើយ​ពួក​គេ​នឹង​បាន​ចូល​ក្នុង​សេចក្ដី​អំណរ​នៃ​របស់​ទាំង​នេះ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕