កណ្ឌទី ៧០
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៨៣១ (History of the Church, ១:២៣៥–២៣៧)។ ប្រវត្តិដែលបានសរសេរដោយព្យាការី ថ្លែងប្រាប់ថាសន្និសីទដ៏ពិសេសៗទាំងបួន ត្រូវបានធ្វើឡើងពីថ្ងៃទី១ទៅថ្ងៃទី១២ ក្នុងខែវិច្ឆិកាទាំងស្រុង។ នៅក្នុងការប្រជុំចុងក្រោយបង្អស់ទាំងនេះ ការសំខាន់ដ៏ធំនៃ A Book of Commandments (ព្រះគម្ពីរនៃព្រះបញ្ញត្តិ) ក្រោយមកហៅថា គោលលទ្ធិ និងសេចក្ដីសញ្ញា ត្រូវបានយកមកពិចារណា ហើយព្យាការីហៅព្រះគម្ពីរនៃព្រះបញ្ញត្តិថាជា « មូលដ្ឋាននៃសាសនាចក្រនៅគ្រាចុងក្រោយបង្អស់នេះ ហើយជាផលប្រយោជន៍ដល់ពិភពលោក ដោយបង្ហាញថាកូនសោនៃសេចក្ដីអាថ៌កំបាំងទាំងឡាយក្នុងនគររបស់ព្រះអង្គសង្គ្រោះរបស់យើង ត្រូវបានផ្ទុកផ្ដាក់ដល់មនុស្សទៀតហើយ » (History of the Church, ១:២៣៥)។
១–៥, ពួកអ្នកកាន់កាប់ត្រួតត្រាត្រូវបានចាត់ឲ្យបោះពុម្ពផ្សាយវិវរណៈទាំងឡាយ; ៦–១៣, ពួកអ្នកទាំងនោះដែលធ្វើការនូវអ្វីៗខាងវិញ្ញាណសមនឹងបានឈ្នួលរបស់ខ្លួន; ១៤–១៨, ពួកបរិសុទ្ធគួរបានស្មើគ្នាក្នុងអ្វីៗខាងសាច់ឈាម។
១មើលចុះ ហើយចូរប្រុងស្ដាប់ ឱអ្នករាល់គ្នាជាបណ្ដាជននៅក្រុងស៊ីយ៉ូន និងអស់អ្នករាល់គ្នា ជារាស្ត្រនៃសាសនាចក្ររបស់យើងដែលនៅឆ្ងាយអើយ ហើយចូរឮព្រះបន្ទូលនៃព្រះអម្ចាស់ ដែលយើងនឹងប្រទានដល់ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង និងដល់ ម៉ាទិន ហារិស ជាអ្នកបម្រើរបស់យើងផង និងដល់ អូលីវើរ ខៅឌើរី ជាអ្នកបម្រើរបស់យើងផង និងដល់ យ៉ូហាន វិតមើរ ជាអ្នកបម្រើរបស់យើងផង និងដល់ ស៊ីឌនី រិកដុន ជាអ្នកបម្រើរបស់យើងផង និងដល់ វិលលាម ដ័បបុលយូ ហ្វែប្ស ជាអ្នកបម្រើរបស់យើងផង តាមបញ្ញត្តិដល់ពួកគេ។
២ត្បិតយើងប្រទានព្រះបញ្ញត្តិមួយដល់ពួកគេ ហេតុដូច្នោះហើយ ចូរប្រុងស្ដាប់ ហើយឮចុះ ត្បិតព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដល់ពួកគេដូច្នោះថា —
៣យើងជាព្រះអម្ចាស់បានចាត់ពួកគេ ហើយបានតែងតាំងពួកគេឲ្យធ្វើជាអ្នកកាន់កាប់ត្រួតត្រាលើវិវរណៈ និងព្រះបញ្ញត្តិទាំងឡាយ ដែលយើងបានប្រទានដល់ពួកគេ ហើយដែលយើងនឹងប្រទានដល់ពួកគេពីពេលនេះតទៅ
៤ហើយដំណើររឿងអំពីការកាន់កាប់ត្រួតត្រានេះ យើងនឹងតម្រូវពីពួកគេនៅក្នុងថ្ងៃជំនុំជំរះ។
៥ហេតុដូច្នោះហើយ យើងបានចាត់ដល់ពួកគេ ហើយនេះគឺជាមុខងាររបស់ពួកគេ នៅក្នុងសាសនាចក្រនៃព្រះ គឺដើម្បីចាត់ចែងការណ៍ទាំងនោះ និងរឿងរ៉ាវទាំងនោះ មែនហើយ គឺផលប្រយោជន៍ដែលបានមកពីការណ៍ទាំងនោះ។
៦ហេតុដូច្នោះហើយ យើងប្រទានព្រះបញ្ញត្តិមួយដល់ពួកគេ ប្រយោជន៍កុំឲ្យពួកគេឲ្យការណ៍ទាំងនេះដល់សាសនាចក្រ ឬដល់ពិភពលោកឡើយ;
៧ទោះជាយ៉ាងណាក៏ដោយ ដរាបណាពួកគេទទួលបានអ្វីច្រើនជាងដែលចាំបាច់ ដើម្បីសេចក្ដីត្រូវការរបស់ពួកគេ និងចំណង់របស់ពួកគេ នោះត្រូវឲ្យទៅឃ្លាំងរបស់យើង
៨ហើយផលទាំងប៉ុន្មានត្រូវថ្វាយដល់បណ្ដាជននៅក្រុងស៊ីយ៉ូន និងដល់តំណទាំងឡាយរបស់ពួកគេ ដរាបណាពួកគេត្រឡប់ជាអ្នកគ្រងមរតកតាមក្រឹត្យវិន័យទាំងឡាយនៃនគរ។
៩មើលចុះ នេះហើយជាអ្វីដែលព្រះអម្ចាស់ទ្រង់តម្រូវពីមនុស្សរាល់គ្នានៅក្នុងការកាន់កាប់ត្រួតត្រារបស់ខ្លួន គឺដូចជាយើង ជាព្រះអម្ចាស់បានចាត់ ឬនឹងចាត់ដល់មនុស្សណាមួយពីពេលនេះតទៅ។
១០ហើយមើលចុះ គ្មាននរណាមួយរួចពីក្រឹត្យវិន័យនេះឡើយ ដែលជាសមាជិកក្នុងសាសនាចក្រនៃព្រះដ៏មានព្រះជន្មរស់នៅ
១១មែនហើយ ទោះបីជាប៊ីស្សព ឬភ្នាក់ងារដែលរក្សាឃ្លាំងរបស់ព្រះអម្ចាស់ ឬអ្នកណាដែលត្រូវបានតែងតាំងឡើងក្នុងការកាន់កាប់ត្រួតត្រាលើការណ៍ខាងសាច់ឈាមក្ដី។
១២អ្នកណាដែលត្រូវបានតែងតាំងឡើងឲ្យចាត់ចែងការណ៍ខាងវិញ្ញាណ អ្នកនោះហើយដែលសមនឹងបានឈ្នួលរបស់ខ្លួន គឺដូចជាពួកអ្នកដែលត្រូវបានតែងតាំងឡើងដល់ការកាន់កាប់ត្រួតត្រា ដើម្បីចាត់ចែងក្នុងការណ៍ខាងសាច់ឈាមដែរ
១៣មែនហើយ គឺមានជាបរិបូរឡើង ជាភាពបរិបូរណ៍ដែលបន្ថែមដល់ពួកគេ តាមរយៈការសម្ដែងនៃព្រះវិញ្ញាណ។
១៤ទោះជាយ៉ាងណាក៏ដោយ រីឯអ្វីៗរបស់អ្នកខាងសាច់ឈាម នោះអ្នកត្រូវបានស្មើគ្នា ហើយនេះពុំមែនដោយច្រណែនទេ បើពុំនោះសោតទេ ភាពបរិបូរណ៍ខាងការសម្ដែងនៃព្រះវិញ្ញាណនឹងត្រូវទុក។
១៥ឥឡូវនេះ យើងប្រទានព្រះបញ្ញត្តិនេះដល់ពួកអ្នកបម្រើរបស់យើង សម្រាប់ជាផលប្រយោជន៍ដល់ពួកគេក្នុងកាលពួកគេរស់នៅ សម្រាប់ជាការសម្ដែងអំពីព្រះពរទាំងឡាយរបស់យើង មកលើក្បាលរបស់ពួកគេ និងសម្រាប់ជារង្វាន់ចំពោះការព្យាយាមរបស់ពួកគេ និងសម្រាប់សន្តិសុខរបស់ពួកគេ
១៦សម្រាប់អាហារ និងសម្រាប់សំលៀកបំពាក់ សម្រាប់កេរមរតក សម្រាប់ផ្ទះសំបែង និងសម្រាប់ដីធ្លីទាំងឡាយ ទោះជានៅក្នុងកាលៈទេសៈណាមួយក៏ដោយ ដែលយើងជាព្រះអម្ចាស់នឹងដាក់ពួកគេ និងទោះជាទីកន្លែងណាក៏ដោយ ដែលយើងជាព្រះអម្ចាស់នឹងចាត់ឲ្យពួកគេទៅ។
១៧ត្បិតពួកគេមានចិត្តស្មោះលើរបស់ជាច្រើន ហើយបានប្រព្រឹត្តយ៉ាងល្អ ដរាបណាដែលពួកគេមិនបានធ្វើបាប។
១៨មើលចុះ យើងជាព្រះអម្ចាស់មានសេចក្ដីមេត្តាករុណា ហើយនឹងប្រទានពរដល់ពួកគេ ហើយពួកគេនឹងបានចូលក្នុងសេចក្ដីអំណរនៃរបស់ទាំងនេះ។ គឺដូច្នោះមែន។ អាម៉ែន៕