កណ្ឌទី ៨៥
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៨៣២ (History of the Church, ១:២៩៨–២៩៩)។ កណ្ឌនេះជាសេចក្ដីដកស្រង់ពីសំបុត្រនៃព្យាការីទៅរក ដ័បបុលយូ ដ័បបុលយូ ហ្វែប្ស ជាអ្នកដែលរស់នៅក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី។ សំបុត្រនោះត្រូវជាចម្លើយឆ្លើយនូវសំនួរទាំងឡាយអំពីពួកបរិសុទ្ធ ដែលបានផ្លាស់ទៅឯក្រុងស៊ីយ៉ូន ប៉ុន្តែមិនទាន់បានទទួលកេរមរតករបស់ពួកគេនៅឡើយទេ តាមរបៀបរៀបរយដែលបានតាំងឡើងនៅក្នុងសាសនាចក្រ។
១–៥, កេរមរតកទាំងឡាយនៅក្រុងស៊ីយ៉ូន ត្រូវបានទទួលតាមរយៈការថ្វាយ; ៦–១២, អ្នកខ្លាំងពូកែ និងមានឫទ្ធិម្នាក់នឹងប្រទានដល់ពួកបរិសុទ្ធនូវកេរមរតកទាំងឡាយរបស់ពួកគេនៅក្រុងស៊ីយ៉ូន។
១គឺជាភារកិច្ចនៃស្មៀនរបស់ព្រះអម្ចាស់ ដែលទ្រង់បានតាំងឡើងដើម្បីឲ្យកត់ប្រវត្តិ និងបញ្ជីទូទៅនៃសាសនាចក្រ អំពីគ្រប់ទាំងអស់ដែលបានកើតឡើងនៅក្រុងស៊ីយ៉ូន និងអំពីគ្រប់មនុស្សទាំងអស់ដែលថ្វាយទ្រព្យសម្បត្តិទាំងឡាយ ហើយទទួលកេរមរតកទាំងឡាយពីប៊ីស្សពតាមច្បាប់។
២ហើយអំពីរបៀបរស់នៅរបស់ពួកគេ សេចក្ដីជំនឿ និងកិច្ចការទាំងឡាយរបស់ពួកគេ ហើយអំពីពួកក្បត់សាសនាដែលបានក្បត់សាសនា បន្ទាប់ពីបានទទួលកេរមរតករបស់ខ្លួន។
៣គឺជាការផ្ទុយទៅនឹងព្រះហឫទ័យ និងព្រះបញ្ញត្តិនៃព្រះថា ពួកអ្នកទាំងនោះដែលពុំបានទទួលកេរមរតករបស់ខ្លួនដោយសារការថ្វាយ ដោយព្រមព្រៀងតាមច្បាប់របស់ទ្រង់ ដែលទ្រង់បានប្រទាន ប្រយោជន៍ឲ្យទ្រង់អាចយកដង្វាយ១ភាគ១០ពីរាស្ត្ររបស់ទ្រង់ ដើម្បីរៀបចំពួកគេសម្រាប់ថ្ងៃនៃការសងសឹក និងការឆេះឆួល គួរមានឈ្មោះរបស់ខ្លួនចូលរួមជាមួយនឹងរាស្ត្រនៃព្រះ។
៤សូម្បីតែពង្សាវលីរបស់ពួកគេក៏មិនត្រូវកត់ទុក ឬមានទុកនៅក្នុងកន្លែងណាដែលអាចរកឃើញនៅក្នុងបញ្ជីទាំងឡាយ ឬនៅក្នុងប្រវត្តិនៃសាសនាចក្រឡើយ។
៥ឈ្មោះរបស់ពួកគេក៏មិនត្រូវរកឃើញ ព្រមទាំងឈ្មោះទាំងឡាយនៃពួកដូនតា ឬក៏ឈ្មោះទាំងឡាយនៃកូនចៅ ត្រូវបានសរសេរទុកនៅក្នុងសៀវភៅច្បាប់នៃព្រះឡើយ ព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៦មែនហើយ សំឡេងតូចរហៀងៗដែលខ្សឹប ហើយទំលុះគ្រប់ទាំងអស់ ហើយជួនកាល ទ្រង់ធ្វើឲ្យឆ្អឹងរបស់ខ្ញុំញ័រ នៅពេលទ្រង់សម្ដែងប្រាប់ដោយមានព្រះបន្ទូលដូច្នេះថា ៖
៧ហើយហេតុការណ៍នឹងកើតឡើងថា យើងជាព្រះអម្ចាស់ដ៏ជាព្រះ នឹងចាត់អ្នកខ្លាំងពូកែ និងមានឫទ្ធិម្នាក់ឲ្យកាន់នូវដំបងដែកនៃព្រះចេស្ដានៅក្នុងដៃរបស់លោក ហ៊ុមដោយពន្លឺទុកជាសំលៀកបំពាក់ ឯមាត់របស់លោកនឹងបន្លឺព្រះបន្ទូលទាំងឡាយ ជាព្រះបន្ទូលទាំងឡាយដ៏នៅអស់កល្បជានិច្ច រីឯដួងចិត្តរបស់លោកនឹងទៅជាប្រភពទឹកនៃសេចក្ដីពិត ដើម្បីតាំងដំណាក់នៃព្រះឲ្យមានរបៀបរៀបរយ និងដើម្បីរៀបចំតាមប្លង់នូវកេរមរតកនៃពួកបរិសុទ្ធ ដែលរកឃើញឈ្មោះរបស់ពួកគេ និងឈ្មោះទាំងឡាយនៃពួកដូនតារបស់ពួកគេ និងនៃកូនចៅរបស់ពួកគេ ដែលបានបញ្ចូលនៅក្នុងសៀវភៅច្បាប់នៃព្រះ
៨ប៉ុន្តែមនុស្សនោះដែលត្រូវបានហៅពីព្រះ ហើយបានតែងតាំងឡើង ដែលដាក់ដៃទៅទប់ទូកធំនៃព្រះ នោះនឹងត្រូវដួលដោយសារព្រួញនៃសេចក្ដីស្លាប់ ដូចជាដើមឈើដែលត្រូវកម្ទេចដោយរន្ទះបាញ់។
៩ហើយពួកគេទាំងអស់គ្នាណាដែលពុំបានសរសេរទុកនៅក្នុងសៀវភៅរំឭក នោះនឹងពុំរកឃើញកេរមរតកនៅថ្ងៃនោះឡើយ ប៉ុន្តែពួកគេនឹងត្រូវកាត់ចោលល្អិតល្អោច ហើយចំណែករបស់ពួកគេនឹងមាននៅក្នុងចំណោមពួកមនុស្សមិនជឿ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។
១០ការណ៍ទាំងនេះ ខ្ញុំពុំបានថាដោយសារខ្លួនខ្ញុំទេ ហេតុដូច្នេះហើយ ដូចជាព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលយ៉ាងណា នោះទ្រង់ក៏នឹងសម្រេចយ៉ាងនោះដែរ។
១១ហើយពួកអ្នកដែលជាសមាជិកនៃបព្វជិតភាពជាន់ខ្ពស់ ដែលពុំឃើញមានឈ្មោះសរសេរទុកនៅក្នុងសៀវភៅច្បាប់ ឬដែលឃើញថាបានក្បត់សាសនា ឬដែលបានកាត់កាល់ចេញពីសាសនាចក្រ ព្រមទាំងចេញពីបព្វជិតភាពដ៏តូចជាងផង ឬចេញពីសមាជិកទាំងឡាយ គឺនៅថ្ងៃនោះនឹងពុំមានកេរមរតកនៅក្នុងចំណោមពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុតឡើយ។
១២ហេតុដូច្នេះហើយ នឹងត្រូវបានធ្វើដល់ពួកគេ ដូចជាធ្វើដល់កូនចៅនៃសង្ឃ ដូចជាឃើញនៅក្នុងបញ្ជីដែលបានកត់ទុកនៅក្នុងជំពូកទីពីរ និងខ ហុកសិបមួយ និងហុកសិបពីរ នៅក្នុងគម្ពីរអែសរ៉ាដែរ៕