កណ្ឌទី ៩៦
វិវរណៈដែលបានប្រទានដល់ យ៉ូសែប ស៊្មីធ ជាព្យាការី ដោយបង្ហាញនូវរបៀបរៀបចំទីក្រុង ឬស្តេកនៃស៊ីយ៉ូននៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៨៣៣ ទុកជាគំរូដល់ពួកបរិសុទ្ធនៅក្រុងខឺតឡង់ (History of the Church, ១:៣៥២–៣៥៣)។ ជាពេលវេលានៅឯសន្និសីទនៃពួកសង្ឃជាន់ខ្ពស់ ហើយកម្មវត្ថុដ៏សំខាន់នៃការពិចារណានោះ គឺអំពីការចែកដីធ្លីនានា ដែលស្គាល់ថាជា ស្រែអ្នកហ្វ្រែញ ដែលជាកម្មសិទ្ធិរបស់សាសនាចក្រ នៅក្បែរក្រុងខឺតឡង់។ ចាប់តាំងពីសន្និសីទមក នោះពុំអាចយល់ព្រមគ្នាថានរណាត្រូវថែរក្សាស្រែនោះឡើយ គ្រប់មនុស្សទាំងអស់បានយល់ព្រមគ្នាថា ត្រូវសូមដល់ព្រះអម្ចាស់អំពីរឿងនេះ។
១, ស្តេកខឺតឡង់នៃក្រុងស៊ីយ៉ូនត្រូវធ្វើឲ្យបានមាំមួន; ២–៥, ប៊ីស្សពត្រូវចែកកេរមរតកដល់ពួកបរិសុទ្ធ; ៦–៩, យ៉ូហាន ចនសុន ត្រូវធ្វើជាសមាជិកនៃសហសមាគម។
១មើលចុះ យើងប្រាប់អ្នកថា នេះហើយជាប្រាជ្ញា ដែលអ្នករាល់គ្នាអាចចេះប្រព្រឹត្តអំពីរឿងនេះ ត្បិតជាការចាំបាច់ដល់យើងថាស្តេកនេះ ដែលយើងបានតាំងឡើង ត្បិតកម្លាំងនៃស៊ីយ៉ូនត្រូវតែធ្វើឲ្យបានមាំមួន។
២ហេតុដូច្នេះហើយ ចូរឲ្យ នូវល ខេ វិតនី ជាអ្នកបម្រើរបស់យើង កាន់កាប់កន្លែងដែលបានពោលដល់នៅក្នុងចំណោមអ្នករាល់គ្នា ដែលយើងគ្រោងនឹងកសាងដំណាក់ដ៏បរិសុទ្ធរបស់យើងនៅលើនោះ។
៣ហើយជាថ្មីទៀត ចូរចែកទីនោះចេញជាទីដីនានា ស្របតាមប្រាជ្ញា សម្រាប់ផលប្រយោជន៍ដល់អស់អ្នកណាដែលស្វែងរកកេរមរតកទាំងឡាយ ដូចជានឹងបានសម្រេចនៅក្នុងការប្រឹក្សា នៅក្នុងចំណោមអ្នករាល់គ្នាចុះ។
៤ហេតុដូច្នេះហើយ ចូរស្ដាប់ ដើម្បីឲ្យអ្នករាល់គ្នាឃើញថារឿងនេះ ហើយនិងចំណែកនោះ ដែលជាការចាំបាច់ ដើម្បីផ្ដល់ប្រយោជន៍ដល់សមាគមរបស់យើង ចំពោះគោលបំណងនៃការនាំព្រះបន្ទូលរបស់យើងទៅដល់កូនចៅមនុស្ស។
៥ត្បិតមើលចុះ យើងប្រាប់អ្នកជាប្រាកដថា នេះហើយជាការចាំបាច់បំផុតដល់យើង គឺថាព្រះបន្ទូលរបស់យើងនឹងត្រូវបានចេញទៅដល់កូនចៅមនុស្សចំពោះគោលបំណងនៃការបន្ទន់ចិត្តនៃកូនចៅមនុស្សសម្រាប់ការល្អរបស់អ្នក។ គឺដូច្នោះមែន។ អាម៉ែន។
៦ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា គឺជាប្រាជ្ញា ហើយជាការចាំបាច់បំផុតដល់យើងថា យ៉ូហាន ចនសុន ជាអ្នកបម្រើរបស់យើង ដែលយើងបានទទួលដង្វាយរបស់គាត់ ហើយដែលយើងបានឮការអធិស្ឋានរបស់គាត់ ជាអ្នកនោះហើយ ដែលយើងប្រទាននូវសេចក្ដីសន្យានៃជីវិតដ៏អស់កល្បជានិច្ច ដរាបណាគាត់កាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើងចាប់ពីពេលនេះតទៅ —
៧ត្បិតគាត់ជាពូជពង្សនៃយ៉ូសែប ហើយជាអ្នកទទួលនូវព្រះពរទាំងឡាយនៃសេចក្ដីសន្យា ដែលបានធ្វើដល់ពួកអយ្យកោរបស់គាត់ —
៨យើងប្រាប់អ្នកជាប្រាកដថា ជាការចាំបាច់បំផុតដល់យើង ដែលគាត់ត្រូវក្លាយជាសមាជិកនៃសមាគម ប្រយោជន៍ឲ្យគាត់អាចជួយក្នុងការនាំព្រះបន្ទូលរបស់យើងទៅដល់កូនចៅមនុស្ស។
៩ហេតុដូច្នេះហើយ អ្នករាល់គ្នានឹងត្រូវតែងតាំងគាត់ចំពោះព្រះពរនេះចុះ ហើយគាត់ត្រូវព្យាយាមស្វែងរកដើម្បីដកបំណុលដែលមានមកលើគេហដ្ឋាន ដែលបានពោលដល់នៅក្នុងចំណោមអ្នករាល់គ្នា ប្រយោជន៍ឲ្យគាត់អាចរស់នៅទីនោះបាន។ គឺដូច្នោះមែន។ អាម៉ែន៕