កណ្ឌទី ៩៩
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះយ៉ូហាន មើដក់ នៅខែសីហា ឆ្នាំ១៨៣២ នៅភូមិហៃរាំ រដ្ឋអូហៃអូ។ ទោះជាគោលលទ្ធិ និងសេចក្ដីសញ្ញា ដែលបានបោះពុម្ពផ្សាយចាប់ផ្ដើមពីឆ្នាំ ១៨៧៦ តមក បានកត់ថាវិវរណៈនេះ នៅក្រុងខឺតឡង់ ខែសីហា ឆ្នាំ១៨៣៣ ក៏ដោយ គង់តែការបោះពុម្ពមុន និងបញ្ជីប្រវត្តិទាំងឡាយបញ្ជាក់ប្រាប់ពីដំណឹងពិតប្រាកដដែរ។
១–៨, យ៉ូហាន មើដក់ ត្រូវបានហៅឲ្យទៅប្រកាសប្រាប់ដំណឹងល្អ ហើយអស់អ្នកណាដែលទទួលគាត់ នោះឈ្មោះថាទទួលព្រះអម្ចាស់ដែរ ហើយនឹងបានទទួលសេចក្ដីមេត្តាករុណា។
១មើលចុះ ដូច្នេះព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដល់យ៉ូហាន មើដក់ ជាអ្នកបម្រើយើងថា — អ្នកត្រូវបានហៅឲ្យទៅឯស្រុកទាំងឡាយនៅទិសខាងកើត ពីផ្ទះមួយទៅផ្ទះមួយ ពីភូមិមួយទៅភូមិមួយ និងពីទីក្រុងមួយទៅទីក្រុងមួយ ដើម្បីទៅប្រកាសប្រាប់ពីដំណឹងល្អដ៏នៅអស់កល្បអស់កាលជានិច្ចរបស់យើង ដល់បណ្ដាជននៅទីនោះ នៅកណ្ដាលសេចក្ដីបៀតបៀន និងអំពើទុច្ចរិតក្ដី។
២ហើយអ្នកណាដែលទទួលអ្នក នោះឈ្មោះថាទទួលយើងដែរ ហើយអ្នកនឹងត្រូវបានអំណាចដើម្បីប្រកាសព្រះបន្ទូលរបស់យើង ដោយការសម្ដែងនៃព្រះវិញ្ញាណបរិសុទ្ធរបស់យើង។
៣ហើយអ្នកណាដែលទទួលអ្នក ដូចជាកូនក្មេងមួយ នោះឈ្មោះថាបានទទួលនគររបស់យើងហើយ ហើយពួកគេមានពរហើយ ព្រោះពួកគេនឹងបានទទួលសេចក្ដីមេត្តាករុណា។
៤ហើយអស់អ្នកណាដែលបដិសេធអ្នក នោះនឹងត្រូវបានបដិសេធដោយព្រះវរបិតារបស់យើង និងវង្សារបស់ទ្រង់ដែរ ហើយអ្នកត្រូវលាងជើងរបស់អ្នកនៅទីសម្ងាត់ទុកជាទីបន្ទាល់ទាស់នឹងពួកគេ។
៥ហើយមើលចុះ និងមើលន៏ យើងយាងមកយ៉ាងឆាប់ ដើម្បីជំនុំជំរះ ដើម្បីបរិវត្តមនុស្សទាំងអស់អំពីអំពើអាក្រក់ទាំងឡាយ ដែលពួកគេបានប្រព្រឹត្តទាស់នឹងយើង ដូចដែលបានសរសេរទុកអំពីយើងនៅក្នុងកណ្ឌនៃព្រះគម្ពីរនេះ។
៦ហើយឥឡូវនេះ យើងប្រាប់អ្នកជាប្រាកដថា គឺមិនចាំបាច់ឲ្យអ្នកត្រូវទៅទេ ទាល់តែកូនចៅរបស់អ្នកត្រូវបានផ្គត់ផ្គង់ ហើយបញ្ជូនដោយស្រួលបួលឡើងទៅឯប៊ីស្សពនៃស៊ីយ៉ូនសិន។
៧ហើយមិនយូរឆ្នាំក្រោយមក បើសិនជាអ្នកមានចិត្តប្រាថ្នាពីយើង នោះអ្នកអាចឡើងទៅឯដែនដីដ៏ល្អ ដើម្បីទទួលកេរមរតករបស់អ្នកចុះ
៨បើពុំនោះសោតទេ អ្នកត្រូវប្រកាសប្រាប់ពីដំណឹងល្អរបស់យើងតទៅទៀត រហូតដល់អ្នកត្រូវបានដកយកទៅ។ អាម៉ែន៕